ព័ត៌មានអន្តរជាតិ

រោងចក្រមួយនៅអាមេរិក ត្រូវតែដោះស្រាយបញ្ហាមួយចំនួនសិន ទើបអាចផលិតវ៉ាក់សាំង Johnson & Johnson ឡើងវិញ

BY
Khmerpress
April 22, 2021
រោងចក្រមួយនៅអាមេរិក ត្រូវតែដោះស្រាយបញ្ហាមួយចំនួនសិន ទើបអាចផលិតវ៉ាក់សាំង Johnson & Johnson ឡើងវិញ

(បាល់ធីម័រ)៖ រោងចក្រមួយនៅក្នុងសហរដ្ឋអាមេរិក ដែលទទួលបន្ទុកផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ត្រូវតែដោះស្រាយបញ្ហាមួយចំនួន ក្នុងនោះរួមមានចាប់ពីការលាបថ្នាំពណ៌លើជញ្ជាំង សម្អាតអនាម័យ និងបណ្ដុះបណ្ដាលបុគ្គលិក ដើម្បីចាប់ផ្ដើមដំណើរការផលិតឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើរបាយការណ៍របស់ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានឱ្យដឹងទៀតថា ទាំង FDA ផ្ទាល់ និងក្រុមហ៊ុន Johnson & Johnson មិនបាននិយាយថា តើនៅពេលណាទើបចាប់ផ្ដើម ដំណើរការផលិតវ៉ាក់សាំងនៅឯរោងចក្រ Baltimore ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អ៊ីមើជែនត៍ បាយអូសូលូសិន (Emergent Biosolutions) ឡើងវិញនោះទេ។ បច្ចុប្បន្ន មានតែរោងចក្រមួយនៅក្នុងប្រទេសហូឡង់តែប៉ុណ្ណោះ ដែលកំពុងដំណើរការ ផលិតសារធាតុថ្នាំសំខាន់ៗសម្រាប់វ៉ាក់សាំង Johnson & Johnson។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ត្រូវបានគេរាយការណ៍ថា នាមបង្កឲ្យមានបញ្ហាកំណកឈាម តែទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុបនៅតែអះអាងថា វ៉ាក់សាំងនេះមានគុណសម្បតិ្តច្រើនជាងគុណវិបត្តិ បើទោះជាពួកគេរកឃើញពីទំនាក់ទំនង អាចទៅរួចរវាងវ៉ាក់សាំង Johnson & Johnson និងបញ្ហាកំណកឈាមដ៏កម្រក៏ដោយ។ ក្រុមហ៊ុន Johnson & Johnson ក៏បានសន្យាដែរថា នឹងដោះស្រាយបញ្ហាជាកង្វល់របស់ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិកឱ្យបានគ្រប់ជ្រុងជ្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: