ព័ត៌មានអន្តរជាតិ April 28, 2021

រុស្ស៊ីត្រៀមដឹកជំនួយយ៉ាងច្រើនទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួយប្រយុទ្ធតស៊ូនឹងកូវីដ-១៩

Khmerpress

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសនេះបានសម្រេចផ្តល់ជំនួយយ៉ាងច្រើន ពាក់ព័ន្ធនឹងគ្រឿងបរិក្ខាវេជ្ជសាស្ត្រចាំបាច់ ទៅដល់ប្រទេសឥណ្ឌា ដែលកំពុងតែទទួលរងរលកបោកបក់យ៉ាងគំហុកនៃ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងការបរទេសរុស្ស៊ី ជំនួយខាងលើនេះរួមមានដូចជា ម៉ាស៊ីនជំរុញកំហាប់អុកស៊ីសែន (oxygen concentrator), ឧបករណ៍ជំនួយការដកដង្ហើម, ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រជាច្រើនទៀត។ ក្រសួងពាក់ព័ន្ធត្រូវបានគេអះអាងថា កំពុងរៀបចំជំនួយខាងលើនេះ ដើម្បីដឹកជញ្ជូនទៅកាន់ឥណ្ឌា នៅប៉ុន្មានថ្ងៃខាងមុខទៀត។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះគឺជាថ្ងៃទី ៧ ហើយដែលឥណ្ឌាបានរកឃើញអ្នកឆ្លង COVID-19 រហូតដល់លើស ៣០០,០០០នាក់ក្នុងមួយថ្ងៃ និងអ្នកជំងឺជាង ៣,២០០នាក់ទៀតឯណោះបានបាត់បង់ជីវិត។ ប្រការនេះនាំឲ្យចំនួនករណីឆ្លងនៅឥណ្ឌា កើនឡើងដល់ក្បែរ ១៨លានករណី ក្នុងនោះមានអ្នកស្លាប់លើស ២០០,០០០នាក់ហើយ។ អ្វីដែលឥណ្ឌាកំពុងប្រឈមមុខ និងត្រូវការខ្លាំងបំផុតពេលនេះ គឺជំនួយសម្រាប់ទ្រទ្រង់ដល់បណ្តាមន្ទីរពេទ្យ នៅទូទាំងប្រទេសដែលកំពុងកកស្ទះ និងគ្មានកន្លែងសម្រាប់ផ្ទុកអ្នកជំងឺទៀតឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews