ចក្រភពអង់គ្លេសចាប់ផ្តើមបន្ធូរបន្ថយ វិធានការរឹតត្បិតកូវីដ-១៩ ទោះបីនៅបារម្ភអំពីវីរុសបំប្លែងថ្មីក៏ដោយ
(ឡុងដ៍)៖ ដែនដីចក្រភពអង់គ្លេសមួយផ្នែកធំ បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរក ភាពប្រក្រតីវិញហើយនៅថ្ងៃចន្ទនេះ ដោយសារវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 ត្រូវបានបន្ធូរបន្ថយ បើទោះបីជាមានការព្រួយបារម្ភ អំពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
នៅទូទាំងប្រទេសអង់គ្លេស (England) ប្រទេសវែល (Wales) និងមួយផ្នែកធំនៃប្រទេសស្កុតឡែន (Scotland) ការទទួលភ្ញៀវចូលមកក្នុងហាងស្រាបៀរ ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន សារមន្ទីរ និងកន្លែងកីឡា គឺចាប់ផ្ដើមបើកទ្វារជាលើកដំបូង ក្រោយផ្អាកអស់រយៈពេលជាច្រើនខែ។ ប៉ុន្តែប្រទេសអៀរឡង់ភាគខាងជើង (Northern Ireland) នៅមិនទាន់បន្ធូរបន្ថយរឿងនេះទេ រហូតដល់ថ្ងៃទី២៤ ខែឧសភា។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានគូសបញ្ជាក់ថា «ជាមួយគ្នានេះ យើងបានឈានដល់ចំណុចសំខាន់មួយទៀត នៅក្នុងផែនទីបង្ហាញផ្លូវរបស់យើងចេញពីភាពជាប់គាំងហើយ ប៉ុន្តែយើងត្រូវតែចាត់វិធានការបន្ទាប់ ជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត»។
លោក Boris Johnson បានគូសបញ្ជាក់បន្ថែមថា «យើងកំពុងរក្សាការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងគេបង្អស់នៅក្នុងប្រទេសឥណ្ឌា ឱ្យនៅក្រោមការសង្កេតយ៉ាងដិតដល់បំផុត និងចាត់វិធានការរហ័សបន្ថែមទៅលើ ទីកន្លែងណាដែលអត្រាឆ្លងមានការកើនឡើង»។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស គឺដែនដីដែលរងគ្រោះខ្លាំងបំផុតមួយ នៅលើពិភពលោក ដោយមានអ្នកស្លាប់ដោយសារវីរុស COVID-19 ជាង ១២៧,០០០នាក់ ប៉ុន្តែក៏ជាប្រទេសដែលបានដាក់ចេញ នូវកម្មវិធីចាក់វ៉ាក់សាំងលឿនបំផុត នៅលើពិភពលោកផងដែរ ដែលឥឡូវនេះ មានប្រជាជនជាង ២០លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ពីរដូស)។ ប៉ុន្តែជាមួយគ្នានេះ វីរុស COVID-19 បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងគេបង្អស់ នៅក្នុងប្រទេសឥណ្ឌា ក៏កំពុងឆ្លងរាលដាលនៅក្នុងចក្រភពអង់គ្លេសផងដែរ ដែលមានករណីឆ្លងកើនឡើងពី ៥២០ករណី ដល់ ១,៣១៣ករណី កាលពីសប្តាហ៍មុន ហើយភាគច្រើនស្ថិតនៅក្រុងភាគខាងជើង គឺទីក្រុង Bolton និងទីក្រុង Blackburn៕ ផ្តល់សិទ្ធិដោយ៖ freshnews