ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជិត ៤,២០០នាក់ទៀតស្លាប់ និងមនុស្សជាង ២៥៧,០០០នាក់ឆ្លង ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ
(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅមានចំនួន ៤,១៩៤នាក់ ដែលជាតួលេខខ្ពស់ជាងគេលើកលោកដដែល ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប ២៥៧,២៩៩នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៦.៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៩៥,៥២៥នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។
គួរបញ្ជាក់ថា ទោះបីជាចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅឥណ្ឌា បានធ្លាក់ចុះមកក្រោម ៣សែនករណីក្នុងមួយថ្ងៃ អស់ជាងមួយសប្តាហ៍ទៅហើយក្តី ក៏អ្នកជំនាញអន្តរជាតិធ្លាប់បានព្រមានថា នេះមិនមែនបណ្តាលមកពីតួលេខជាក់ស្តែង មានការធ្លាក់ចុះនោះឡើយ តែអាចបណ្តាលមកពី ការធ្វើតេស្តរកជំងឺនៅតាមទីជនបទ ដែលត្រូវបានគេជឿជាក់ថា កំពុងមានការរាត្បាត COVID-19 នោះ មានការខ្វះខាត។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៨លានដូស ក្នុងនោះ ១៤៦.៦២លាននាក់បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស (១០.៧%នៃចំនួនប្រជាជនសរុប) និងជិត ៤១លាននាក់ ចាក់បានគ្រប់ដូស (៣%នៃចំនួនប្រជាជនសរុប)៕ ផ្តល់សិទ្ធិដោយ៖ freshnews