ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ កំណត់យ៉ាងយូរ ១០ឆ្នាំ ខ្សែផ្លូវជាតិ ផ្លូវខេត្តនៅកម្ពុជាទាំងអស់ នឹងពង្រីកជា ៤គន្លង

BY
Khmerpress
January 13, 2023
រដ្ឋមន្ត្រីក្រសួងសាធារណការ កំណត់យ៉ាងយូរ ១០ឆ្នាំ ខ្សែផ្លូវជាតិ ផ្លូវខេត្តនៅកម្ពុជាទាំងអស់ នឹងពង្រីកជា ៤គន្លង

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។

ថ្លែងក្នុងជំនួបសម្តែងការគួរសមនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។

ក្រៅពីការជជែកពិភាក្សាអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការលើកកម្រិតគុណភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក។ សូមជម្រាបជូនដែរថា៖ ក្រសួងកំពុងសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែវៀតណាម ហើយប្រសិនបើគម្រោងនេះសម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: