រដ្ឋមន្ដ្រីកសិកម្ម៖ ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ក្នុងខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ
- BY
- Khmerpress
- January 25, 2023

(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងនឹងប្រែក្លាយចម្ការកៅស៊ូជប់ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅជាសារមន្ទីរ សម្រាប់សិក្សាស្រាវជ្រាវពូជកៅស៊ូ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា ចុះទស្សនកិច្ច នៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងឃុំជីរោរិ៍ទី២ ស្រុក/ខេត្ដត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មី មានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយ នូវការចំណាយផ្សេងៗក្នុងផលិតកម្ម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
លោក ឌិត ទីណា បានបញ្ជាក់ថា «ខ្ញុំនឹងឲ្យជំនាញយើង រៀបចំការពារ និងព្យាបាល ដែលមួយចំនួន វាអាចមានជំងឺអីនោះ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត […] ថ្ងៃក្រោយទៅគឺថា រាប់ជាសារៈមន្ទីរហើយ ក្នុងផ្ទៃដី១៤ហិកតា របស់ចំការកៅស៊ូជប់ ដោយនឹងរៀបចំការពារឲ្យបានល្អ ហើយទុកសម្រាប់សិក្សាស្រាវជ្រាវ សម្រាប់ពូជរបស់យើង»។
លោក ឌិត ទីណា បានលើកឡើងថា ចំការកៅស៊ូជប់ មានកៅស៊ូដែលនៅសល់តាំងពីជំនាន់មុនមក ដោយយោងតាមឯកសារ គឺឆ្នាំ១៩២៤ មកដល់បច្ចុប្បន្ន មានអាយុកាល៩៩ឆ្នាំ។
លោកបានគូសបញ្ជាក់ថា អ្វីដែលសំខាន់ យើងអាចចាត់ទុកថា ជាសារមន្ទីរកៅស៊ូ ឬអាចចាត់ទុក ជាទ្រព្យសម្បត្តិរបស់ជាតិមួយដ៏មានតម្លៃ ព្រោះគ្មាននៅកន្លែងណាផ្សេងទៀតទេ ដែលកៅស៊ូ យកមកដាំពីមុនមក នៅសល់ប្រមាណ៤៧៧ដើម។
បន្ថែមពីនោះទៀត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឲ្យជំនាញរៀបចំការពារ និងព្យាបាលកៅស៊ូ នៅក្នុងចម្ការកៅស៊ូជប់ ដែលមួយចំនួន វាអាចមានជំងឺ ព្រោះវាជាស្តុក នៃពូជសម្រាប់ការស្រាវជ្រាវ និងផលិតពូជបន្តទៅទៀត។
សូមបញ្ជាក់ថា ចម្ការកៅស៊ូជប់ មានទីតាំងស្ថិតមានទីតាំងស្ថិតនៅ ក្នុងឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលនៅសល់ដើមកៅស៊ូ អាយុកាល៩៩ឆ្នាំ ប្រមាណ៤៧៧ដើម និងមានផ្ទៃដីប្រមាណ១៤ហិកតា៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
ទីបំផុត! លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរនេះពិតជារបស់ព្រះបាទជ័យវម៌្មទី៧
- BY
- Khmerpress
- January 28, 2023

(ភ្នំពេញ)៖ ទីបំផុត ! លទ្ធផលនៃការតភ្ជាប់ដោយប្រើបច្ចេកទេស បានបង្ហាញយ៉ាងច្បាស់ថា ព្រះហស្តទាំងពីរ ដែលខាងស្តាំងរកឃើញក្នុងឆ្នាំ១៩៩០ និងខាងឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ គឺ ជារបស់ព្រះបាទជ័យវម៌្មទី៧ ហើយនេះ គឺជារឿងត្រេកអរជាពន់ពេក។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។
បំណែកព្រះហស្តស្តាំនៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បង តភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។
សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវម៌្មទី៧ ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%។
បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះ មករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។
លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រហស្ដទាំងពីរនាពេលអនាគត។
គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង។
បើតាមលោក ឆាយ វិសុទ្ធ នេះគឺជាការប្រើបច្ចេកទេសក្នុងការផ្គុំ ចំពោះការផ្គុំជាក់ស្តែង ត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹនាំ និងមតិមហាជនសិន ដើម្បីឲ្យការងារនេះរួចរាល់ និងត្រឹមត្រូវបំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post:
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន៣០០នាក់
- BY
- naren
- January 28, 2023

(ភ្នំពេញ)៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ លើមុខជំនាញ និងឯកចំនួន១២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។
ការប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាខាងលើនេះ បានធ្វើឡើងដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោ សន្ដិភាព។
លក្ខខណ្ឌជ្រើសរើស គឺគ្រប់បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ សញ្ជាតិខ្មែរ មានសុខភាព និងកាយសម្បទាមាំមួន ស្មោះត្រង់ រួសរាយរាក់ទាក់ និងមានការតាំងចិត្ដខ្ពស់ក្នុងការធ្វើការងារ គោរព និងអនុវត្ដន៍តាមការចាត់តាំងរបស់មន្ទីរពេទ្យ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS
សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖
- Share This Post:
រដ្ឋមន្ដ្រីសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការលើរថយន្ដគិលានសង្គ្រោះគ្មានការអនុញ្ញាត ឈរជើងប្រចាំការតាមដងផ្លូវ ចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅគ្លីនិកឯកជន
- BY
- Khmerpress
- January 28, 2023

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។

តាមសេក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងន័យនេះសូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។
លោករដ្ឋមន្ដ្រីក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗឱ្យបានកាត់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: