ព័ត៌មានអន្តរជាតិ May 26, 2021

BREAKING: ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ ស្លាប់ច្រើនបំផុត «៤១នាក់ក្នុង១ថ្ងៃ» ខណៈមនុស្ស ២,៤៥៥នាក់ទៀតឆ្លង

Khmerpress

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,៤៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ខណៈករណីស្លាប់វិញ គឺច្រើនបំផុតមិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីតួលេខអ្នកស្លាប់ខ្ពស់បំផុតចំនួន ៤១នាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៤៧៩នាក់ជាករណីឆ្លងក្នុងពន្ធនាគារ។ ចំណែកឯអ្នកជំងឺចំនួន ២,៥៧១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៣៧,៨៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៨៧៣នាក់ និងអ្នកជាសះស្បើយ ៩១,៧៦៥នាក់។

ដោយឡែកសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.០២លានដូស ក្នុងនោះប្រជាជនជាង ២លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ២.៩% នៃចំនួនប្រជាជនសរុប) និង ០.៩៨លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews