ម៉ាឡេស៊ីសម្រេចបិទខ្ទប់ប្រទេសទាំងមូល ១៤ ថ្ងៃ ក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ បន្តកើនឡើងយ៉ាងគំហុកជាងមួយសប្តាហ៍មកនេះ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ម៉ាឡេស៊ីនឹងធ្វើការបិទខ្ទប់ប្រទេសទាំងមូលចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយនេះបានបន្តកើនឡើងយ៉ាងគំហុកជាងមួយសប្តាហ៍មកហើយ។
សេចក្តីប្រកាសអំពីការបិទខ្ទប់ប្រទេសទាំងមូលនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់គាត់ កាលពីយប់ថ្ងៃសុក្រ ទី២៨ ឧសភា ម្សិលមិញនេះ ដែលជាថ្ងៃម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានចំនួនរហូតដល់ ៨,២៩០នាក់។
គួររម្លឹកជូនថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅម៉ាឡេស៊ីបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ដោយ កាលពីជាង ១សប្តាហ៍មុន ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃក្នុងចំនួនលើសពី ៦,០០០នាក់ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នា ហើយបន្ទាប់មកក៏បន្តរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនលើសពី ៧,០០០ នាក់ ក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា និងចុងក្រោយនេះគឺចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនលើសពី ៨,០០០ តែម្តង។
គួរបញ្ជាក់ថា ការសម្រេចបិទខ្ទប់ប្រទេសទាំងមូលរយៈពេល ២ សប្តាហ៍នេះគឺគ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ ហើយការរឹតបន្តឹងបន្ថែមឬបន្ធូរបន្ថយយ៉ាងណានោះ នឹងត្រូវធ្វើឡើងនៅពេលក្រោយជាបន្តទៀតអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង៕ ដោយ៖ ខ្មែរណូត