ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្ស ថ្កោលទោសចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនារបស់យោធាថៃឈ្លានពានទឹកដីកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

Liny Chan July 28, 2025 28/07/2025

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់ផ្សែងពុលដោយចេតនា របស់យោធាប្រទេសថៃ ក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជានាពេលថ្មីៗនេះ។ សកម្មភាពល្មើសច្បាប់ទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា សុខភាពសាធារណៈ បរិស្ថានធម្មជាតិ និងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការប្រើប្រាស់ផ្សែងពុលដោយយោធារបស់ប្រទេសថៃ គឺជាការរំលោភច្បាប់អន្តរជាតិ និងជាការប្រមាថចំពោះគោលការណ៍មនុស្សជាតិ និងសន្តិភាពដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សក្នុងតំបន់។ សកម្មភាពបែបនេះបំពានលើលិខិតូបករណ៍អន្តរជាតិជាច្រើន រួមមាន អនុសញ្ញាអាវុធគីមី (មាត្រា១), អនុសញ្ញាអាវុធជីវសាស្ត្រ, អនុសញ្ញាទីក្រុងហ្សឺណែវ, ពិធីសារទីក្រុងហ្សឺណែវ (១៩២៥), លក្ខន្តិកៈទីក្រុងរ៉ូម នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (មាត្រា៨) និងសិទ្ធិជាមូលដ្ឋានរបស់ជនស៊ីវិលកម្ពុជា ដូចខាងក្រោម៖ * សិទ្ធិរស់រានមានជីវិត ដូចមានចែងក្នុងមាត្រា៣ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា៦ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។* សិទ្ធិទទួលបានសុខភាព ដូចមានចែងក្នុងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។* សិទ្ធិទទួលបានបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងដំណោះស្រាយលេខ ៤៨/១៣ និងមាត្រា២៨ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន។ […]

ចិន ស្វាគមន៍កិច្ចប្រឹងប្រែងបញ្ចប់ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ខណៈកិច្ចចរចាបទឈប់បា-ញ់ ចាប់ផ្តើមនៅម៉ាឡេស៉ី

Liny Chan July 28, 2025 28/07/2025

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ចិនបានចេញមុខបង្ហាញការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នានៅព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ស្របពេលដែលកិច្ចចរចាស្វែងរកបទឈប់បាញ់ រវាងមេដឹកនាំនៃប្រទេសអាស៊ានទាំងពីរ កំពុងតែប្រព្រឹត្តទៅនៅឯប្រទេសម៉ាឡេស៉ី ដែលមានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun នារសៀលថ្ងៃចន្ទនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងសង្ឃឹមថា ភាគីទាំងពីរនឹងគិតគូរអំពីផលប្រយោជន៍រួម នៃប្រជាជនប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ស្មារតីនៃការឱ្យតម្លៃសន្តិភាព និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ព្រមទាំងកុំឆេវឆាវនិងអនុវត្តភាពអត់ធ្មត់ រួចហើយផ្អាកប្រយុទ្ធគ្នា និងបញ្ចប់ជម្លោះទៅវិញ​ឱ្យបានឆាប់តាមតែអាចទៅរួច»។ គួរបញ្ជាក់ថា ខណៈជម្លោះប្រដាប់អាវុធនៅព្រំដែន ដែលបង្កឡើងដោយការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា បន្តឈានចូលថ្ងៃទី៥ ទីបំផុតមេដឹកនាំកម្ពុជានិងថៃ កំពុងជួបមុខគ្នាបើកកិច្ចចរចាជាលើកដំបូង នៅឯប្រទេសម៉ាឡេស៉ី ដើម្បីព្យាយាមសម្រេចឱ្យបានបទឈប់បាញ់ជាបន្ទាន់មួយ។ អ្នកតំណាងមកពីសហរដ្ឋអាមេរិកនិងចិន ក៏មានវត្តមានក្នុងកិច្ចពិភាក្សានេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: គិតត្រឹមម៉ោង ២៖៥០នាទី គ្រប់សមរភូមិនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបន្ដបា-ញ់ផ្លោង និងវៃកម្លាំងថ្មើរជើងយ៉ាងខ្លាំង ប៉ុន្ដែកម្ពុជាឈរជើងរឹងមាំបំផុតបា-ញ់តបត, ថ្មដូនកម្លាំងកម្ពុជាបា-ញ់ត្រូវចំគោលដៅទាហានសៀមល្អណាស់

Liny Chan July 28, 2025 28/07/2025

(ព្រំដែនកម្ពុជា-សៀម)៖ គិតត្រឹមម៉ោង ២៖៥០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៥ ដែលសៀមឈ្លានពានកម្ពុជានេះ គ្រប់សមរភូមិទាំងអស់ទាំងក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ទាហានសៀមបានបន្ដបាញ់ផ្លោង និងវៃកម្លាំងថ្មើរជើងរំលោភចូលដែនអធិបតេយ្យកម្ពុជាមិនបន្ធូរដៃឡើយ និងកាន់ទទឹងទិសគឃ្លើនមិនខ្លាចច្បាប់។ បើតាមសេចក្ដីរាយការណ៍ សម្រាប់នៅសមរភូមិថ្មដូន កម្លាំងទ័ពកម្ពុជាបានបាញ់ ត្រូវចំគោលដៅទាហានសៀមល្អខ្លាំងណាស់។ ទាហានឈ្លានពានថៃ ទំនងចង់ប្រើយុទ្ធសាស្រ្តបុកវ៉ៃយកទីតាំងឈរជើង ពេលការចរចាបទឈប់នៅម៉ាឡេស៊ី ត្រូវធ្វើឡើង តែវ៉ៃទៅមិនរួច ដោយសារកងទ័ពកម្ពុជាដ៏ក្លាហានរបស់យើងកំពុងតស៊ូប្រយុទ្ធយ៉ាងអង់អាច និងមិនឲ្យទាហានសៀមអាចវ៉ៃមកឈរជើងបានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ករណីបា-ញ់ប្រហារនៅទីក្រុងបាងកក អ្នកបាត់បង់ជីវិតកើនដល់ ៦នាក់

Liny Chan July 28, 2025 28/07/2025

(បាងកក)៖ ប៉ូលិសថៃ បានឱ្យដឹងថាចំនួនអ្នកស្លាប់ ក្នុងករណីផ្ទុះការបាញ់ប្រហារនៅឯផ្សារ Or Tor Kor Market ក្នុងតំបន់ Chatuchak នៃទីក្រុងបាងកក នៅសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានកើនដល់៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ខ្មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima ហើយជនសង្ស័យរូបនេះជាអតីតសន្តិសុខម្នាក់ ដែលធ្លាប់បម្រើការនៅក្រុមហ៊ុនតែមួយរបស់សន្តិសុខ៤នាក់ដែលត្រូវបានបាញ់សម្លាប់។ ប៉ូលិសថៃឱ្យដឹងទៀតថា ក្រោយបាញ់ប្រហាររួច ជនសង្ស័យបានអង្គុយលើបង់អង្គុយនៅផ្សារខាងលើ ហើយក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។ ប៉ូលិសថៃមិនទាន់ផ្ដល់ព័ត៌មានអ្វីលម្អិតពី មូលហេតុនៃការបាញ់ប្រហារនេះ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ យន្តហោះកងទ័ពថៃ បានបាញ់ផ្សែងពុលមកលើកងទ័ពកម្ពុជា នៅតំបន់អានសេះ

Liny Chan July 28, 2025 28/07/2025

(ភ្នំពេញ)៖ លោកស្រី ម៉ាលី​ សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នៅវេលាម៉ោង ៣៖១៧នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ ខេត្តព្រះវិហារ។ លោកស្រីបានថ្លែងបែបនេះក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «វេលាម៉ោង១៥៖១៧នាទី យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ»។ សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងមហាផ្ទៃ៖ ជនណាក្បត់ជាតិ លក់ខ្លួនឲ្យថៃដែលកំពុងឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំ ទៅ៣០ឆ្នាំ និងដកសញ្ជាតិខ្មែរ

Liny Chan July 28, 2025 28/07/2025

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា ជនណាក្បត់ជាតិ លក់ខ្លួនឲ្យប្រទេសថៃ ពេលដែលប្រទេសថៃ កំពុងឈ្លានពានទឹកដីកម្ពុជា នៅពេលដែលសមត្ថកិច្ចចាប់ខ្លួនបាន នឹងត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំ ទៅ៣០ឆ្នាំ និងដកសញ្ជាតិខ្មែរ។ តាមសេចក្ដីប្រកាសដំណឹង របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសង្កេតឃើញថា សមត្ថកិច្ចចាប់បានបុគ្គលមួយចំនួនជាបន្តបន្ទាប់ លក់ខ្លួនឱ្យប្រទេសថៃ ដែលកំពុងឈ្លានពានកម្ពុជា យើងខ្ញុំសូមប្រកាសយ៉ាងដាច់អហង្កាថា សមត្ថកិច្ចនឹងមិនអត់ឪនឱ្យបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តិអំពើក្បត់ជាតិឯង ដូចខាងក្រោម៖ ១៖ ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។២៖ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួល ធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំ ទៅ១៥ឆ្នាំ។៣៖ ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗ ផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។៤៖ ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ក្រៅពីការផ្ទន្ទាទោសដូចខាងលើ គ្រប់ជនក្បត់ជាតិ នឹងត្រូវ «ដកសញ្ជាតិខ្មែរ» ស្របតាមច្បាប់ជាធរមាន។ ក្រសួងមហាផ្ទៃ សង្ឃឹមថា បងប្អូនមួយចំនួន ដែលលង់ខ្លួនចាញ់ឧបាញកលរបស់បរទេសឈ្លានពាន ភ្ញាក់រលឹកមានមនសិការ ឡើងវិញ និងបញ្ឈប់ជាបន្ទាន់ រាល់អំពើក្បត់ជាតិ ដូចបានប្រកាសជូនខាងលើនេះ៕ […]

មុនកិច្ចចរចានៅម៉ាឡេស៊ី អាស៊ានជំរុញឱ្យកម្ពុជា និងថៃ​ អត់ធ្មត់ជាអតិបរមា អំពាវនាវឱ្យមានបទឈប់បា-ញ់ជាបន្ទាន់

Liny Chan July 28, 2025 28/07/2025

(គូឡាឡាំពួ)៖ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃចន្ទ ទី២៨ ខែកក្កដានេះបានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយរវាងកម្ពុជា និងថៃ ជាមួយការបង្ហាញពីការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការកើនឡើងចំនួនអ្នកស្លាប់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Malay Mail។ នៅក្នុងសេចក្ដីថ្លែងការណ៍រួម បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានជំរុញឱ្យប្រទេសទាំង២ បញ្ឈប់អរិភាពទាំងអស់នឹងគ្នា ហើយត្រឡប់ទៅរកកិច្ចសន្ទនាដើម្បីបង្ការឱ្យជម្លោះ និងការបំផ្លិចបំផ្លាញកើតឡើងនៅពេលអនាគត។ សេចក្ដីថ្លែងការណ៍នេះដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងកត់សម្គាល់ពីតម្រូវការចាំបាច់ពីភាគីទាំង២ ក្នុងការអនុវត្តការអត់ធ្មត់ ជាអតិបរមា និងទទួលយកបទឈប់បាញ់ជាបន្ទាន់»។ តាមសេចក្ដីថ្លែងការណ៍ខាងលើ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបង្ហាញការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន ដើម្បីសម្របសម្រួល និងនាំភាគីទាំង២មករកតុចរចា។ ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ គ្រោងជួបគ្នានៅទីក្រុងគូឡាឡាំពួ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ដើម្បីចរចាលើបទឈប់បាញ់ស្នើឡើងដោយលោក ដូណាល់ ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេស៉ីម៉ាក់កម្ពុជា៖ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ទម្លាក់គ្រាប់បែក MK-82 និងគ្រាប់ផ្លោងគ្រប់ប្រភេទជាច្រើនគ្រាប់ ក្នុងគោលដៅកម្ទេចបេតិកភណ្ឌពិភពលោកមួយនេះ

Liny Chan July 28, 2025 28/07/2025

(ភ្នំពេញ)៖ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា​ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គីឡូក្រាម)​ ជាច្រើនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង ១៥៥មីល្លីម៉ែត្រ ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ។ លោកបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ ។ រយៈពេលជាង ៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះ គ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។ លោកបានឱ្យដឹងទៀតថា​ ប្រាសាទវិហារជាទីតាំងដ៏សក្តិសិទ្ធបំផុត​ សូម្បីតែអតីតព្រះមហាក្សត្រសៀម ឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារ ដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណា ឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រមុខការទូតអាមេរិក បញ្ជាក់ថាក្រុមមន្ត្រីអាមេរិកកំពុងស្ថិតនៅម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចចរចាកម្ពុជា-ថៃ

Liny Chan July 28, 2025 28/07/2025

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាក្រុមមន្ត្រីមកពីក្រសួងការបរទេសអាមេរិកកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយ ដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ខណៈកម្ពុជា និងថៃ គ្រោងចាប់ផ្ដើមកិច្ចចរចានៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ជាមួយក្ដីរំពឹងថានឹងសម្រេចបានបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ​Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) លោក Rubio បានឱ្យដឹងថា​ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរូបលោកផ្ទាល់កំពុងទំនាក់ទំនងជាមួយសមភាគីកម្ពុជា និងថៃ ហើយកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ «យើងចង់ ឱ្យជម្លោះនេះបិទបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកដោយបន្ថែមថាក្រុមមន្ត្រីអាមេរិកកំពុងស្ថិតក្នុងប្រទេស ម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព។ គួរបញ្ជាក់ថា មេដឹកនាំកម្ពុជា និងថៃ គ្រោងនឹងចូលរួមក្នុងកិច្ចចរចាមួយសម្របសម្រួលដោយម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២ បើកកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រសៀលនេះ ទាហានសៀមបានផ្លោងគ្រាប់ចូលមកតំបន់ភ្នំស្រួច សង្កាត់អូរស្មាច់ ក្រុងសំរោង បណ្ដាលឲ្យជនស៉ីវិលរងគ្រោះថ្នាក់

Nisaiy KP July 27, 2025 27/07/2025

(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ទាហានសៀមឈ្លានពានបានបន្ដផ្លោងគ្រាប់ចូលដែនអធិបតេយ្យកម្ពុជា នៅតំបន់ភ្នំស្រួច សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបណ្ដាលឲ្យជនស៉ីវិលរងគ្រោះថ្នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ សេចក្ដីរាយការណ៍ពីតំបន់ព្រំដែន បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានសៀម បានបន្តវាយប្រហារកម្ពុជាទាំងកម្រោង និងទទឹងទិស ដោយបាញ់ផ្លោង និងទម្លាក់ គ្រាប់បែកចូលមូលដ្ឋានជនស៉ីវិលរបស់កម្ពុជានៅសង្កាត់សំរោង ក្រុងសំរោង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើន។ មួយផ្នែកទៀត បានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅឃុំគូរ ស្រុកបន្ទាយអំពិល។ បើតាមសេចក្ដីរាយការណ៍ដដែល, ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ នៅថ្ងៃនេះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយកងទ័ពកម្ពុជាបានវ៉ៃបណ្ដេញសត្រូវឈ្លានពាន និងបន្តឈរជើងគ្រប់គ្រងក្នុងសមរភូមិរបស់ខ្លួនយ៉ាងរឹងមាំ។ ដោយឡែក នៅតំបន់ថ្មដូន បានប្រែមកស្ងប់ស្ងាត់ការប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពកម្ពុជាបាញ់ផ្លោងកម្ទេចរថក្រោះរបស់កងទ័ពសៀមអស់ជាច្រើនគ្រឿង ដើម្បីបន្ដយកប្រៀបលើសមរភូមិ មិនឲ្យឈរជើងបានឡើយ។ បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាសៀមយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews