ឆ្នាំនេះ រាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាពិសេស ២០លានដុល្លារ ដើម្បីទិញថ្នាំព្យាបាលជំងឺ ២ប្រភេទនេះជូនប្រជាពលរដ្ឋ
Liny Chan
February 27, 2025
27/02/2025
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលតាមរយៈ ក្រសួងសុខាភិបាល បានធ្វើកំណែទម្រង់ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលយើងមានគុណភាព ប្រសិទ្ធភាព […] ទម្លាក់ថវិកាពិសេសបន្ថែមជិត ២០លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ដូចគ្នា ដើម្បីទិញថ្នាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលជាជំងឺពេញនិយម កើតឡើងក្នុងប្រទេសកម្ពុជាយើង»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា មូលហេតុដែលរដ្ឋាភិបាលធ្វើដូច្នេះគឺ ដើម្បីបើកថ្នាំជូនប្រជាពលរដ្ឋ ដោយពីមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បន្នអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ នេះជាការកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់ប្រជាពលរដ្ឋ។ លោកគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលសម្រេចផ្ដល់ថវិកាជិត ២០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់ និងសង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ […]