ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនរៀបចំពិធីកាន់ទុក្ខផ្លូវការនៅថ្ងៃខួបមួយឆ្នាំនៃសង្គ្រាម ខណៈអាមេរិកប្រកាសផ្តល់ជំនួយបន្ថែម ២ពាន់លានដុល្លារ

Khmerpress February 25, 2023 25/02/2023

អ៊ុយក្រែន៖ កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈម្សិលមិញនេះ​ ប្រទេសអ៊ុយក្រែនបានរៀបចំពិធីកាន់ទុក្ខផ្លូវការមួយដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធក្រុមទាហ៊ាននិងក្រុមពលរដ្ឋជាច្រើនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិក្នុងភ្លើងសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ី។ ពិធីកាន់ទុក្ខនេះត្រូវបានរៀបចំឡើងនៅចំថ្ងៃខួបគំរប់មួយឆ្នាំពេញតែម្តងនៃការកើតមានសង្គ្រាម ព្រោះថាកងទ័ពរុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនដំបូងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time បានបញ្ជាក់ថា ពិធីកាន់ទុក្ខផ្លូវការរបស់ប្រទេសអ៊ុយក្រែនត្រូវបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល Sophia Square ក្នុងទីក្រុងគៀវ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោកប្រធានាធិបតី Volodymyr Zelensky។ ប្រភពខាងលើបានបន្តថា ស្របពេលអ៊ុយក្រែនកំពុងរៀបចំពិធីដ៏ក្រៀមក្រំនេះ សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏សំខាន់របស់អ៊ុយក្រែននោះបានប្រកាសថា នឹងផ្តល់ជំនួយតម្លៃ ២ពាន់លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈអាមេរិកនៅតែរក្សាពាក្យសន្យាថា នឹងបន្តជួយគាំទ្រអ៊ុយក្រែនរហូតដល់ភ្លើងសង្គ្រាមត្រូវបានបញ្ចប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Netflix កំពុងរៀបចំដើម្បីបើកការិយាល័យនៅប្រទេសវៀតណាម

Khmerpress February 25, 2023 25/02/2023

(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Steaming ដ៏ល្បីរបស់សហរដ្ឋអាមេរិក Netflix កំពុងរៀបចំបើកការិយាល័យនៅក្នុងប្រទេសវៀតណាមបន្ទាប់ពីការចរចារជាច្រើនឆ្នាំជាមួយអាជ្ញាអធរ និងបញ្ចប់ការវាយតម្លៃហានិភ័យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Netflix កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការសម្រាប់ការបង្កើតការិយាល័យក្នុងស្រុកក្នុងប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់ការវាយតម្លៃបានដោយជោគជ័យកាលពីចុងឆ្នាំ២០២២កន្លងទៅ ទៅលើផ្នែកសន្តិសុខ នយោបាយនៃដំណើរប្រតិបត្តិការការិយាល័យនៅក្នុងប្រទេសវៀតណាម និងការដោះស្រាយទិន្នន័យអ្នកប្រើប្រាស់ រួមជាមួយខ្លឹមសារសើបមួយចំនួន។ តាមរយៈការបង្កើតការិយាល័យក្នុងស្រុកនេះនឹងធ្វើឱ្យក្រុមហ៊ុន Netflix ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំដំបូងគេរបស់សហរដ្ឋអាមេរិកដែលមានវត្តមានដោយផ្ទាល់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ Netflix ត្រូវបានគេរំពឹងថា នឹងអាចទាញយកអ្នកប្រើប្រាស់បានកាន់តែលឿនរហូតដល់ ១០០លាននាក់ឯណោះ ខណៈបច្ចុប្បន្ននេះវៀតណាមកំពុងក្លាយជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកពីជុំវិញពិភពលោក។ តែយ៉ាងណាជុំវិញប្រតិបត្តិការរបស់ Netflix នេះនៅមិនទាន់ទទួលបានរបាយការណ៍លម្អិតនៅឡើយនោះទេថា តើត្រូវចំណាយប៉ុន្មានក្នុងការសាងសង់ការិយាល័យ។ បើយោងតាមប្រភពមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា ការិយាល័យនេះអាចនឹងរួចរាល់នៅចុងឆ្នាំ២០២៣នេះ ប៉ុន្តែ តម្រូវឱ្យមានដំណើរការបទប្បញ្ញត្តិជាមុនសិន ដូច្នេះអាចនឹងត្រូវចំណាយរយៈពេលយូរជាងនេះបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែនសម្រេចដាក់ទណ្ឌកម្មរយៈពេលរហូតដល់៥០ឆ្នាំ លើវិស័យហិរញ្ញវត្ថុរបស់រុស្ស៉ី

Khmerpress February 24, 2023 24/02/2023

(កៀវ)៖ សភាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មដែលមានសុពលភាពសរុប៥០ឆ្នាំ ទៅលើគ្រឹះស្ថានហិរញ្ញវត្ថុនានារបស់​ប្រទេសរុស្ស៉ី រួមមានទាំងធនាគារកណ្តាល ធនាគារពាណិជ្ជទាំងអស់ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាសហគ្រាសជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក អាន់ឌ្រី ពីស្នី (Andriy Pyshniy) អគ្គទេសាភិបាលធនាគារជាតិអ៊ុយក្រែន បាននិយាយដូច្នេះថា «វាគឺជាការរាំងខ្ទប់ទាំងស្រុងលើគ្រឹះស្ថានហិរញ្ញវត្ថុ​នៃសហព័ន្ធរុស្ស៉ី មិនឱ្យចូលមកក្នុងទីផ្សារឬប្រើប្រាស់ទ្រព្យសកម្មនានា នៅក្នុងប្រទេសអ៊ុយក្រែន។ យើងគួរតែធ្វើឱ្យរុស្ស៉ីចុះទន់ខ្សោយ តាមរយៈមធ្យោបាយ​ផ្សេងៗដែលអាចធ្វើបាន។ វិស័យហិរញ្ញវត្ថុនេះហើយ គឺជាប្រភពផ្គត់ផ្គង់យុទ្ធសាស្រ្តសម្រាប់សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន»។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី យូលៀ ស្វីរីដិនកូ (Yulia Svyrydenko) បានអះអាងថា ទណ្ឌកម្មខាងលើនឹងមានឥទ្ធិពលលើធនាគាររាប់រយ រួមទាំង​គ្រឹះស្ថានហិរញ្ញវត្ថុរាប់ម៉ឺន ដែលចុះបញ្ជីនៅក្នុងប្រទេសរុស្ស៉ី។ សម្រាប់ចំណាត់ការទណ្ឌកម្មគឺរួមមាន បម្រាមលើការទូទាត់ហិរញ្ញវត្ថុជាមួយទ្រព្យសកម្មនានា ដែលកាន់កាប់ដោយគ្រឹះស្ថានហិរញ្ញវត្ថុនៃសហព័ន្ធរុស្ស៉ី, បម្រាមលើការបង្កើតទំនាក់ទំនងផ្នែកធុរកិច្ចជាមួយវិស័យហិរញ្ញវត្ថុរុស្ស៉ី និងបម្រាមលើការទូទាត់ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជាការវិនិយោគពាក់ព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុរបស់រុស្ស៉ី។ គួរបញ្ជាក់ថា កន្លងមកនេះ អ៊ុយក្រែនបានដាក់ទណ្ឌកម្មរួចជាស្រេចទៅលើ មន្រ្តីនិងធុរជនរុស្ស៉ីរាប់រយនាក់, ហាមឃាត់បុគ្គលដែលជាប់ទាក់ទងជាមួយរុស្ស៉ី មិនឱ្យកាន់កាប់ដីធ្លី ឬចូលរួមពាក់ព័ន្ធក្នុងការទិញអាជីវកម្មផ្សេងៗរបស់រដ្ឋាភិបាលអ៊ុយក្រែន ក៏ដូចជាហាមឃាត់ស្ថាប័នរដ្ឋរបស់អ៊ុយក្រែនមិនឱ្យទិញទំនិញ​ឬសេវាកម្មមួយចំនួនរបស់រុស្ស៉ី ព្រមទាំងផ្អាកការផ្ទេរបច្ចេកវិទ្យាទៅកាន់បុគ្គល […]

UN ទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ

Khmerpress February 24, 2023 24/02/2023

អង្គការសហប្រជាជាតិបានបោះឆ្នោតក្នុងសំឡេងដ៏ច្រើនលើសលុបដើម្បីទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។​ គួរកត់សម្គាល់ថា ការបោះឆ្នោតដ៏មានសារៈសំខាន់ខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលភ្លើងសង្គ្រាមរវាងប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែនអូសបន្លាយដល់រយៈពេលមួយឆ្នាំពេញតែម្តង។ ប្រភពខាងលើនេះបានបន្តថា ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិខាងលើនេះគឺជាការបោះឆ្នោតនៅក្នុងចំណោមប្រទេសជាសមាជិកដែលមានចំនួនសរុប ១៩៣ប្រទេស។ លទ្ធផលនៅក្នុងការបោះឆ្នោតបានបង្ហាញថា​ មានប្រទេសភាគច្រើនបានបោះឆ្នោតគាំទ្រឲ្យរុស្ស៊ីធ្វើការដកទ័ពចេញពីប្រទេសអ៊ុយក្រែន ប្រទេសចំនួន ៧ បានបោះឆ្នោតមិនគាំទ្រ ខណៈប្រទេសចំនួន ៣២ ក្នុងនោះមានទាំងប្រទេសចិន និងប្រទេសឥណ្ឌាផងនោះ បានបោះឆ្នោតអនុប្បវាទ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រសួងពាណិជ្ជកម្មថៃ អំពាវនាវឱ្យពលរដ្ឋវ័យក្មេងៗ ញ៉ាំបាយឱ្យច្រើនៗ ក្រោយការប្រើប្រាស់អង្ករនៅក្នុងប្រទេសបានធ្លាក់ចុះ

Khmerpress February 24, 2023 24/02/2023

ក្រសួងពាណិជ្ជកម្មថៃ បានចាប់ផ្ដើមយុទ្ធការអំពាវនាវពលរដ្ឋវ័យក្មេងៗ ញ៉ាំបាយឱ្យច្រើនៗ បន្ទាប់ពីការសិក្សាថ្មីៗនេះបានបង្ហាញថា ការប្រើប្រាស់អង្ករនៅក្នុងប្រទេសថៃបានធ្លាក់ចុះ។ លោក Udom Srisomsong អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៨ អត្រានៃការប្រើប្រាស់អង្ករក្នុងចំណោមប្រជាជនថៃ ជាពិសេសក្មេងជំនាន់ក្រោយបានធ្លាក់ចុះពី ១០០ គីឡូក្រាមមក ៧២គីឡូក្រាម សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។ ជាមួយគ្នានេះ នៅទីក្រុងបាងកក អត្រានៃការប្រើប្រាស់អង្ករបានធ្លាក់ចុះមកត្រឹមតែ ៥០ គីឡូក្រាមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដើម្បីទប់ទល់នឹងបញ្ហា នាយកដ្ឋាន​បានបង្កើតកម្មវិធីមួយឈ្មោះថា “Thai Kids Enjoy Thai Rice” ផ្សព្វផ្សាយនៅតាមសាលារៀនចំនួន ១០ ក្នុងក្រុងបាងកក ព្រម​ទាំង​ទៅ​ផ្សារ Chatuchak និង Ramintra ចុង​សប្តាហ៍។ លោក Somkiat Makkayathorn ប្រធាន​កិត្តិយស​នៃ​សមាគម​សហគ្រិន​អង្ករ​ថៃ​បាន​ថ្លែង​ថា​៖ «​អង្ករ​ថៃ​ត្រូវបានទទួលស្គាល់​ជា​អន្តរជាតិ​»។ លោកបានបន្តថា វាជារឿងសំខាន់សម្រាប់យុវជនជំនាន់ក្រោយក្នុងការទទួលទានអង្ករថៃ ព្រោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាវប្បធម៌អង្ករថៃសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ុយក្រែនបញ្ចេញក្រដាសប្រាក់គំរូថ្មី សម្រាប់គម្រប់ខួប១ឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី

Khmerpress February 24, 2023 24/02/2023

(កៀវ)៖ ធនាគារកណ្តាលនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញក្រដាសប្រាក់២០រីវញៀ (hryvnia) គំរូថ្មី សម្រាប់ឱកាសគម្រប់ខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅលើក្រដាសប្រាក់អ៊ុយក្រែនគំរូថ្មីនោះ គឺម្ខាងមានបង្ហាញរូបភាពទាហាន៣នាក់ រួមគ្នាលើកទង់ជាតិរបស់អ៊ុយក្រែន ខណៈនៅចំហៀងម្ខាងទៀត គឺរួមមាន​រូបភាពដៃពីរត្រូវបានចងដោយស្កុត ដែលហាក់ចំសំដៅលើការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងកៀវបានចោទប្រកាន់ទៅលើកងកម្លាំងរុស្ស៉ី ប៉ុន្តែទីក្រុងមូស្គូបានចេញមុខបដិសេធ។ នៅថ្ងៃសុក្រនេះគឺត្រូវជាខួបរយៈពេល១ឆ្នាំគត់ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក ធនាគារកណ្តាលអ៊ុយក្រែន បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីទប់កុំឱ្យសេដ្ឋកិច្ចលិចលង់ ហើយរក្សាស្ថិរភាព។ គួរបញ្ជាក់ថា បើតាមលោក អាន់ឌ្រី ពីស្នី (Andriy Pyshniy) អគ្គទេសាភិបាលធនាគារកណ្តាលអ៊ុយក្រែន ក្រដាសប្រាក់២០រីវញៀគំរូថ្មីខាងលើ នឹងត្រូវដាក់​ឱ្យធ្វើចរាចរណ៍ ក្នុងចំនួន៣០០,០០០សន្លឹក។ ក្រុមមន្រ្តីធនាគារកណ្តាលអ៊ុយក្រែន បានប្រាប់ថា ធនាគារបានចំណាយពេលប្រហែលជា៨ខែ ដើម្បីរចនានិងបោះពុម្ព​​ក្រដាសប្រាក់នេះ ហើយធនាគារក៏គ្រោងរចនានិងផលិតក្រដាសប្រាក់គំរូថ្មីៗទៀត ដើម្បីផ្តល់នូវកំណត់ហេតុនៃទិដ្ឋភាពសង្រ្គាមផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយយោធាថ្មី «២ពាន់លានដុល្លារ» សម្រាប់អ៊ុយក្រែន

Khmerpress February 24, 2023 24/02/2023

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបញ្ជូនកញ្ចប់ជំនួយយោធាថ្មីមួយមានទំហំទឹកប្រាក់ ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានឈានចូល គម្រប់ខួបមួយឆ្នាំ នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការប្រកាសពីផ្ដល់កញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន​ លោក Jake Sullivan នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN។ ថ្លែងនាឱកាសនោះ លោក Jake Sullivan បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍, ម៉ោងនៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធា ថ្មី ទំហំ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន»។ ប៉ុន្តែ លោក Sullivan មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមពីប្រភេទអាវុធដែលស្ថិតនៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះទេ។ គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែនបានឈានចូលគម្រប់ខួបមួយឆ្នាំហើយ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ហើយមហាសន្និបាតអង្គការសហប្រជាជាតិក៏បានអនុម័តដំណោះស្រាយ ថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

គណៈកម្មការអឺរ៉ុប បញ្ជាឱ្យបុគ្គលិករបស់ខ្លួនទាំងអស់លុបចោលកម្មវិធី TikTok ជាបន្ទាន់ និងហាមមិនឱ្យប្រើប្រាស់

Naren February 24, 2023 24/02/2023

(ប៊ែកឡាំង)៖ បុគ្គលិកដែលធ្វើការឱ្យគណៈកម្មការអឺរ៉ុប ត្រូវបានបញ្ជាឱ្យលុបចោលកម្មវិធី TikTok ចេញពីទូរស័ព្ទ និងឧបករណ៍របស់ក្រុមហ៊ុនដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ គណៈកម្មការនេះបាននិយាយថា ការធ្វើបែបនេះគឺជាការអនុវត្តវិធានការដើម្បីការពារទិន្នន័យ និងបង្កើនសន្តិសុខតាមអ៊ីនធឺណិត។ កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានប្រឈមមុខនឹងការចោទប្រកាន់ថា បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយប្រគល់វាទៅរដ្ឋាភិបាលចិន ខណៈដែលក្រុមហ៊ុននេះចេញបដិសេធម្តងជាពីរដងថា កម្មវិធីរបស់ខ្លួនមិនដំណើរការខុសពីប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀតនោះទេ។ ការហាមឃាត់នេះក៏មានន័យថា បុគ្គលិកគណៈកម្មការអឺរ៉ុបមិនអាចប្រើប្រាស់ កម្មវិធី TikTok នៅលើឧបករណ៍ផ្ទាល់ខ្លួនផងដែរ។ គណៈកម្មការនេះនិយាយថា ខ្លួនមានបុគ្គលិកអចិន្ត្រៃយ៍ និងជាប់កិច្ចសន្យាប្រមាណ ៣២,០០០នាក់។ វិធានការនេះគឺតម្រូវឲ្យបុគ្គលិករបស់គណៈកម្មារអឺរ៉ុប លុបកម្មវិធី TikTok ពីទូរសព្ទដៃ ឬឧបករណ៍ផ្សេងៗឲ្យបានឆាប់តាមដែលអាចធ្វើបាន និងមិនលើសពីថ្ងៃទី១៥ ខែមីនានោះទេ។ ក្រុមហុន TikTok បាននិយាយថា ការសម្រេចចិត្តរបស់គណៈកម្មាធិការគឺផ្អែកលើការយល់ខុសអំពីវេទិការបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ស្ត្រីថៃម្នាក់ផ្ញើបាច់ផ្កាដាក់ប្រាក់ជាង១ពាន់ដុល្លារទៅ Surprise សង្សារ តែត្រូវអ្នកដឹកជញ្ជូនស៊ីដាច់បាត់

Khmerpress February 23, 2023 23/02/2023

ថៃ៖ ការបញ្ជាទិញអីវ៉ាន់តាមប្រព័ន្ធ Online បានក្លាយជាជម្រើសដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ត្បិតវាបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកទិញ និងអាចជួយសន្សំសំចៃពេលវេលាបានច្រើនផងដែរ។ អ្វីដែលជាចំណុចពិសេសមួយនេះទៀតនោះ គឺគេអាចផ្ញើអីវ៉ាន់ដែលបានបញ្ជាទិញរួចហើយនោះទៅកាន់អ្នកណាម្នាក់ផ្សេងទៀតក៏បាន ដោយគ្រាន់តែចំណាយប្រាក់លើសេវាកម្មដឹកបញ្ជូនបន្តិចបន្តួចតែប៉ុណ្ណោះ។ យ៉ាងណាក្តី ពេលខ្លះភាពងាយស្រួលខាងលើនេះ ក៏អាចធ្វើឲ្យម្ចាស់ទំនិញមួយចំនួនក្លាយជាជនរងគ្រោះផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានឲ្យដឹងថា មានអ្នកដឹកបញ្ជូនម្នាក់នៅក្នុងប្រទេសថៃបានស៊ីដាច់ទំនិញរបស់ភ្ញៀវដែលមានតម្លៃជាង ២ពាន់ដុល្លារ និងបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ប្រភពខាងបានបន្តថា ជនរងគ្រោះនៅក្នុងករណីខាងលើនេះ គឺអ្នកនាង Sunitra Boonyaem ដែលបានទិញបាច់ផ្កាអមដោយក្រដាសប្រាក់ចំនួន ៥៣,០០០បាត ប្រមាណជា ១,៥២៩ដុល្លារអាមេរិក សម្រាប់ផ្ញើទៅកាន់មិត្តប្រុសរបស់គាត់ ដើម្បីអបអរនៅក្នុងថ្ងៃបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ អ្នកនាង Sunitra Boonyaem មិនបានប្រាប់មិត្តប្រុសរបស់គាត់ឲ្យបានដឹងរឿងនេះមុនទេ ព្រោះដើម្បីទុកឲ្យមិត្តប្រុសរបស់គាត់មានអារម្មណ៍ភ្ញាក់ផ្អើលពេលបានឃើញបាច់ផ្កា។ យ៉ាងណាក្តី បាច់ផ្កានោះមិនបានទៅដល់ដៃមិត្តប្រុសរបស់ស្រ្តីរងគ្រោះឡើយ តែវាត្រូវបានអ្នកដឹកជញ្ជូនលួចយកទៅបាត់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនសម្រេចបិទសាលាជាច្រើនកន្លែងព្រោះកូវីដ-១៩ ស្របពេលជំងឺផ្តាសាយបក្សីផ្តើមរាតត្បាតជាថ្មី

Khmerpress February 23, 2023 23/02/2023

ចិន៖ អាជ្ញាធរចិនសម្រេចបិទសាលារៀនជាច្រើនកន្លែងនៅក្នុងសប្តាហ៍នេះដើម្បីឆ្លើយតបនឹងការរាតត្បាតជាថ្មីម្តងទៀតនៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានបញ្ជាក់ថា សាលារៀនជាច្រើនកន្លែងដែលត្រូវបានបិទទ្វារជាបណ្តោះអាសន្ននោះគឺភាគច្រើនស្ថិតនៅក្នុងខេត្ត Hangzhou ភាគខាងត្បូងនៃ​ប្រទេសចិន ខណៈខេត្តមួយនេះគឺជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ចិនផងដែរ។ ប្រភពខាងលើបានបន្តថា ការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសចិននៅពេលនេះគឺបានកើតឡើងនៅក្នុងចំណោមក្មេងតូចៗ ដែលមិនធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ពីមុនមកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ទេថា មានកុមារប៉ុន្មាននាក់ដែលបានឆ្លងជំងឺកូវីដ-១៩ នោះ ហើយគេក៏មិនបានដឹងដែរថា ក្មេងៗទាំងនោះបានចាក់វ៉ាក់ស៊ាំងរួចហើយឬក៏អត់នោះទេ។ សូមបញ្ជាក់ជូនថា ក្រៅតែពីត្រូវប្រឈមជាមួយនឹងកូវីដ-១៩ គឺនៅក្នុងពេលនេះជំងឺផ្តាសាយបក្សីក៏កំពុងផ្តើមរាតត្បាតនៅក្នុងប្រទេសចិនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត