ព័ត៌មានអន្តរជាតិ

Elon Musk បិទការិយាល័យ Twitter ចំនួនពីរនៅឥណ្ឌា

Khmerpress February 18, 2023 18/02/2023

(បរទេស)៖ បន្ទាប់ពីបញ្ឈប់បុគ្គលិក Twitter ស្ទើតែពាក់កណ្តាលក្រុមហ៊ុននៅទូទាំងប្រទេសចាប់តាំងពីការចូលកាន់កាប់តំណែងជាផ្លូវរបស់ Elon Musk កាលពីខែតុលាកន្លងទៅ ពេលនេះទទួលបានដំណឹងថ្មីមកថា ការិយល័យ Twitter ចំនួន ២ទៀតក្នុងប្រទេសឥណ្ឌាក៏ត្រូវបានបិទផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពពី Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា Twitter បានបិទការិយាល័យចំនួន ២ក្នុងចំណោមការិយាល័សរុបចំនួន ៣នៅក្នុងប្រទេសឥណ្ឌា។ ដោយក្នុងនោះការិយាល័យដែលត្រូវបានបិទមានទីតាំងនៅ New Delhi និងមួយទៀតនៅ Mumbai ដូច្នេះពេលនេះ Twitter នៅសល់ការិយាល័យតែមួយទៀតប៉ុណ្ណោះនៅក្នុងប្រទេសឥណ្ឌា ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Bengaluru។ តែយ៉ាងណាជុំវិញការបិទការិយាល័យភ្លាមៗនេះនៅមិនទាន់ទទួលបានរបាយការណ៍លម្អិតនោះ ខណៈដែល Twitter មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយរបស់ Reuters។ តែប្រភពពី Bloomberg ដដែលបានគូសបញ្ជាក់ថា មុននឹងឈានដល់ការបិទការិយាល័យនេះ Elon Musk បានបញ្ឈប់បុគ្គលិកខ្ទង់ ៩០ភាគរយរួចទៅហើយ គិតជាចំនួនបុគ្គលិកមានប្រហែល ២០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Valentine’s Day ចប់ភ្លាម ថៃសម្រេចអនុវត្តបទប្បញ្ញតិ្តថ្មីមួយគឺ “មិនបណ្តេញសិស្សដែលមានផ្ទៃពោះចេញពីស្ថាប័នសិក្សា”

Khmerpress February 18, 2023 18/02/2023

ថៃ៖ អាជ្ញាធរថៃបានសម្រេចអនុវត្តបទប្បញ្ញត្តិថ្មីមួយដើម្បីការពារសិស្សស្រីដែលមានផ្ទៃពោះក្នុងអំឡុងពេលសិក្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ​នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈនេះ។ គួរបញ្ជាក់ជូនថា បទប្បញ្ញត្តិចាស់ដែលគ្រឹះស្ថានអប់រំថៃធ្លាប់បានអនុវត្តកន្លងមកនោះ គឺមិនអនុញ្ញាតឲ្យសិស្សស្រីដែលមានផ្ទៃពោះមកសិក្សាឡើយ ពោលគឺបណ្តេញពួកគេចេញពីសាលារៀនតែម្តង។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅអាជ្ញាធរថៃនឹងអនុវត្តបទប្បញ្ញត្តិថ្មី ដែលមានខ្លឹមសារថា “សិស្សដែលមានផ្ទៃពោះនឹងមិនត្រូវបានបណ្តេញចេញពីស្ថាប័នអប់រំរបស់ពួកគេឡើយ លុះត្រាតែវាស្របទៅតាមការចង់បានរបស់សិស្ស”។​ បទប្បញ្ញត្តិថ្មីនេះត្រូវបានធ្វើឡើងដោយមានការពិភាក្សាយ៉ាងល្អិតល្អន់រវាងក្រសួងអប់រំ និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ននេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

UN ផ្តល់ជំនួយទៅកាន់តួកគីនិងស៊ីរី ១,៤ពាន់លានដុល្លារ ខណៈតួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីបន្តកើនឡើងជាង ៤៣,០០០នាក់

Khmerpress February 18, 2023 18/02/2023

អង្គការសហប្រជាជាតិ បានសម្រេចផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារទៅកាន់ប្រទេសគួកគីនិងប្រទេសស៊ីរី ដែល​បានរងគ្រោះដោយបញ្ហារញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃល្ងាចថ្ងៃសុក្រ ទី១៧ ខែកុម្ភៈម្សិលមិញនេះបានបញ្ជាក់ថា នៅក្នុងជំនួយដ៏ច្រើនសម្បើមខាងលើនេះនឹងត្រូវបែងចែកជា ២កញ្ចប់ ដោយកញ្ចប់ទី ១គឺសម្រាប់ប្រទេសតួកគី ដែលមានតម្លៃ ១ពាន់លានដុល្លារ ខណៈជំនួយ ៤០០លានដុល្លារផ្សេងទៀតគឺសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសស៊ីរី។ ប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់ជំនួយនេះគឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះបានបន្តកើនឡើងជាង ៤៣,០០០នាក់ហើយ ខណៈគេជឿថា តួលេខនេះអាចនឹងបន្តកើនឡើងច្រើនជាងនេះបន្ថែមទៀតផងដែរ។ នៅក្នុងរបាយការណ៍ចុងមួយក្រោយស្តីពីផលប៉ះពាល់នៃគ្រោះរញ្ជួយដីខាងលើនេះបានបង្ហាញថា មានអគារប្រមាណជា ៨៤,០០០ខ្នង ត្រូវបានដួលរលំនិងបំផ្លាញទាំងស្រុង ខណៈពលរដ្ឋដែលត្រូវរងផលប៉ះពាល់ដោយប្រយោលវិញ គឺមានចំនួនសរុបប្រមាណជា ២៣លាននាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

FIFA បរិច្ចាគប្រាក់ ១លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ នៅទួកគី និងស៊ីរី

Khmerpress February 18, 2023 18/02/2023

(អង់ការ៉ា)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានចាត់ចែងប្រាក់១លានដុល្លារអាមេរិក ទៅកាន់មូលនិធិ FIFA Foundation ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ ទៅកាន់ប្រជាជនដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅប្រទេសទួកគី និងស៊ីរី, នេះបើតាមការប្រកាសពី FIFA ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សរុបមនុស្សស្លាប់ នៅក្នុងប្រទេសទួកគី និងស៊ីរី បានកើនឡើងជាង ៤៣,០០០នាក់ និងមនុស្សរាប់លាននាក់ទៀត កំពុងត្រូវការជំនួយមនុស្សធម៌ បន្ទាប់ពីចាកចេញពីផ្ទះ និងគ្មានសម្ភារៈមូលដ្ឋាន។ សូមជម្រាបថា លីគកំពូលអង់គ្លេស Premier League បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួននឹងបរិច្ចាគប្រាក់ ១លានផោន(១.១៩លានដុល្លារអាមេរិក), ខណៈស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងមូលនិធិ UEFA Foundation for Children របស់ខ្លួន នឹងបរិច្ចាគបឋម ជាទឹកប្រាក់ចំនួន២០០,០០០អឺរ៉ូ (២១២,៥៦០ដុល្លារអាមេរិក)៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប៉ូលិសវៀតណាម រកឃើញសត្វឆ្មាងាប់ប្រមាណ ២,០០០ក្បាល ដែលត្រៀមសម្រាប់ផលិតជាឱសថបុរាណ

Khmerpress February 18, 2023 18/02/2023

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា ប៉ូលិសវៀតណាមបានរកឃើញសត្វឆ្មាងាប់ប្រហែល ២,០០០ក្បាល ដែលត្រៀមនឹងប្រើប្រាស់សម្រាប់ផលិតឱសថបុរាណ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ឆ្មាទាំងនេះត្រូវបានរកឃើញ នៅទីសត្តឃាតមួយកន្លែងក្នុងខេត្តដុងថាប(Dong Thap) ក្នុងតំបន់ដីសណ្តទន្លេមេគង្គកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយសត្វនៅរស់ចំនួន ៤៨០ក្បាលផងដែរ។ អ្នកខ្លះនៅវៀតណាមជឿថា សារធាតុចម្រាញ់ចេញពីឆ្អឹងឆ្មាអាចជួយព្យាបាលជំងឺដូចជាជំងឺហឺត និងជំងឺពុកឆ្អឹង។ គួរបញ្ជាក់ថា យោងតាមអង្គការសុខុមាលភាពសត្វ Four Paws International បានឱ្យដឹងថា វាត្រូវបានគេប៉ាន់ប្រមាណថា សត្វឆ្មារហូតដល់ ១លានក្បាលបានរងគ្រោះ ដោយសារការជួញដូរសត្វខុសច្បាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសវៀតណាម។ ការបរិភោគសត្វឆ្កែ និងឆ្មាគឺស្របច្បាប់នៅក្នុងប្រទេស។ ភោជនីយដ្ឋានជាច្រើនបម្រើសាច់សត្វទាំងនេះ ប៉ុន្តែត្រូវការវិញ្ញាបនបត្រដែលបង្ហាញពីប្រភពដើមនៃសត្វ។ ពាក់ព័ន្ធនឹងករណីខាងលើ នៅ​មិន​ទាន់​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួននៅ​ឡើយ​ទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

ប្រធានសហព័ន្ធប្រដាល់ឡាវ លើកឡើងថា សហព័ន្ធអន្តរជាតិនៃសមាគមម៉ឺយថៃ គ្មានសិទ្ធិហាមឃាត់ប្រទេសដែលចូលរួមក្នុងការប្រកួត «គុនខ្មែរ» នោះទេ

Naren February 17, 2023 17/02/2023

ថ្មីៗនេះប្រធានសហព័ន្ធប្រដាល់ឡាវ លោក Saisamorn Chaisorn បានឆ្លើយតបយ៉ាងខ្លាំងក្លាថា សហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) គ្រាន់តែជាអ្នករៀបចំការប្រកួតប៉ុណ្ណោះ គ្មានសិទ្ធិហាមឃាត់ប្រទេសដែលចូលរួមក្នុងការប្រកួតគុនខ្មែរ នៅ​ស៊ីហ្គេម ​ឆ្នាំ​២០២៣ នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន newsdirectory3 នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រធានសហព័ន្ធប្រដាល់ឡាវ បាននិយាយថា «សហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) គឺ​គ្រាន់តែជាអ្នករៀបចំការប្រកួតប៉ុណ្ណោះ ហើយពួកគេមិនមានសិទ្ធិហាមឃាត់ប្រទេសណាដែលចូលរួមក្នុងការប្រកួតគុនខ្មែរនោះទេ ព្រោះប្រទេសដែលចូលរួមក្នុងការប្រកួត «គុនខ្មែរ» មិនមែនជា «ម៉ឺយថៃ» ហើយយើងផ្តោតលើការរួបរួមរបស់ប្រទេសទាំង ១១ មិនដូចប្រទេសថៃទេ ដែលផ្តោតលើអាជីវកម្ម និងការវិនិយោគ ដូច្នេះវាគឺជាបញ្ហា។» សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានឱ្យដឹងថាប្រទេសអាស៊ានចំនួន៧បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត«គុន​​ខ្មែរ​​»ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងខែឧសភា ដែលមានដូចជា១ កម្ពុជា, ២ ឡាវ, ៣ ឥណ្ឌូនេស៊ី, ៤ មីយ៉ាន់ម៉ា, ៥ ហ្វីលីពីន, ៦ វៀតណាម ម៉ាឡេសុីនឹងបញ្ជូនឈ្មោះមកឆាប់ៗនេះហើយ ប្រទេសទាំងអស់បានចុះឈ្មោះទាំង១៩វិញ្ញាសា។ សូមរំលឹកថាថៃសម្រេចមិនបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួតកីឡា«គុនខ្មែរ»ទេ ក្រោយសហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) បានជជែកគ្នាផ្ទៃក្នុងជាមួយគណៈកម្មាធិការអូឡាំពិកថៃ […]

បុរសម្នាក់ត្រូវប្រពន្ធប្តឹងលែងលះដើម្បីបែងចែកទ្រព្យទៅតាមច្បាប់ ក្រោយរូបគាត់បានលាក់បាំងប្រពន្ធរឿងត្រូវឆ្នោតជិត ១,៥លានដុល្លារ អស់រយៈពេល ២ឆ្នាំ

Khmerpress February 17, 2023 17/02/2023

ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវប្រពន្ធប្តឹងសុំលែងលះដល់តុលាការក្រោយរូបគាត់បានលាក់បាំងប្រពន្ធរឿងត្រូវឆ្នោតចំនួន ១០លានយន់ (ជិត ១,៥លានដុល្លារអាមេរិក)។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងជើងប្រទេសចិន ខណៈបុរសជាប្តីដែលមានចិត្តមិនស្មោះត្រង់ជាមួយប្រពន្ធរូបនេះមានឈ្មោះថា Zhou។ រូបតំណាង ប្រភពខាងលើបានបន្តថា លោក Zhou បានឈ្នះឆ្នោតរង្វាន់ធំខាងលើនេះអស់រយៈពេល ២ឆ្នាំមកហើយ​ តែរូបគាត់បានលាក់បាំងរឿងនេះមិនឲ្យប្រពន្ធរបស់គាត់ដឹងទាល់តែសោះ។ ក្រោយត្រូវឆ្នោតភ្លាមលោក Zhou បានទិញផ្ទះឲ្យប្អូនស្រីមួយកន្លែងក្នុងតម្លៃ ២លាន​យន់ (ប្រហែល ៣០ម៉ឺនដុល្លារ) និងទិញខុនដូមួយកន្លែងតម្លៃ ៧០ម៉ឺនយន់ (ប្រហែល ១០ម៉ឺនដុល្លារ) ជូនអតីតភរិយារបស់គាត់ ហើយប្រាក់ដែលនៅសល់គឺគាត់ទុកសម្រាប់ចាយវាយតែម្នាក់ឯង។ យ៉ាងណាក្តី ថ្មីៗនេះប្រពន្ធស្របច្បាប់ក្នុងពេលបច្ចុប្បន្នរបស់គាត់គឺលោកស្រី Lin បានដឹងរឿងរ៉ាវទាំងអស់នេះ ហើយគាត់ក៏សម្រេចប្តឹងលែងលះទៅតាមច្បាប់តែម្តង។ គួរបញ្ជាក់ជូនថា យោងតាមទៅតាមច្បាប់បែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធនៅក្នុងប្រទេសចិនគឺលោកស្រី Lin នឹងត្រូវទទួលបានចំណែកពាក់កណ្តាលនៃទ្រព្យសរុបដែលប្តីគាត់កំពុងមាន និងទ្រព្យ២ភាគ៣ នៃលុយ ២៧លានយន់ (ប្រហែល ៤០ម៉ឺនដុល្លារ) ដែលប្តីរបស់គាត់បានយកទៅផ្ទះនិងខុនដូជូនប្អូននិងអតីតប្រពន្ធមកវិញផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Tesla កំពុងប្រមូលរថយន្តត្រឡប់ទៅវិញជាង ៣៦ម៉ឺនគ្រឿងជុំវិញបញ្ហាមុខងារបើកបរដោយស្វ័យប្រវត្តិ

Naren February 17, 2023 17/02/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសប្រមូលរថយន្តត្រឡប់ទៅវិញសរុបប្រមាណ ៣៦២,០០០គ្រឿងដោយសារមុខងារ Full Self-Driving (FSD) ឬមុខងារបើកបរដោយស្វ័យប្រវត្តិ នៅលើរថយន្តទាំងនេះដែលបានរកឃើញថាមានបញ្ហាអាចបង្កជាគ្រោះថា្នក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមឯកសារពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានឱ្យដឹងថាការប្រមូលត្រឡប់ទៅវិញនេះនឹងប៉ះពាល់ដល់រថយន្តជាច្រើនម៉ូដែលដោយក្នុងនោះរួមមាន Model S និង Model X ស៊េរីឆ្នាំ ២០១៦ ដល់ ២០២៣ Model 3 ស៊េរីឆ្នាំ ២០១៧ ដល់ ២០២៣ និង Model Y ស៊េរីឆ្នាំ២០២០ ដល់ ២០២៣។ ប្រភពដដែលបានបន្តទៀតថា បញ្ហាដែលឈានដល់ការប្រកាសប្រមូលរថយន្តត្រឡប់ទៅវិញក្នុងចំនួនដល់ច្រើននេះ មិនមែនសុទ្ធតែជួបបញ្ហាទាំងអស់នោះទេ គឺមានតែមួយចំនួនប៉ុណ្ណោះដែលបំពាក់ដោយកម្មវិធី FSD beta ដែលមានភាពមិនប្រក្រតី ដូច្នេះទើប Tesla សម្រេចប្រកាសប្រមូលទាំងអស់តែម្តងដើម្បីប្រាកដថា Model ទាំងប៉ុន្មាននេះនឹងមិនអាចធ្វេសប្រហែសដោយការត្រួតពិនិត្យ និងបណ្តាឱ្យមានគ្រោះថ្នាក់។ គួរបញ្ជាក់ដែរថា Tesla ចាប់ផ្តើមចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធី […]

គម្ពីរអាយុជាង ១,០០០ឆ្នាំមួយក្បាលនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណជា ៥០លានដុល្លារ

Khmerpress February 17, 2023 17/02/2023

ព្រះគម្ពីរដ៏ចំណាស់មួយក្បាលនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងតម្លៃដ៏ខ្ពស់បំផុតមួយ ពោលគឺចន្លោះពី ៣០-៥០លានដុល្លារអាមេរិក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។​ ព្រះគម្ពីរមួយក្បាលនេះត្រូវបានចងក្រងឡើងដោយប្រើប្រាស់ភាសាហេព្រើរ ខណៈគម្ពីរមួយក្បាលនេះមានអាយុកាលរហូតដល់ជាង ១,០០០ឆ្នាំហើយ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេពិធីដេញថ្លៃព្រះគម្ពីរខាងលើនេះនឹងត្រូវគេរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅក្នុងអំឡុងខែឧសភាខាងមុខនេះ។ គួរកត់សម្គាល់ថា​ ព្រះគម្ពីរខាងលើនេះអាចនឹងក្លាយជាសៀវភៅដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈនាពេលបច្ចុប្បន្ននេះសៀវភៅដែលមានតម្លៃខ្ពស់ជាងគេនោះគឺសៀវភៅរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលបានព្រីនជាលើកដំបូងបំផុត ដោយសៀវភៅមានតែមួយលើលោកនេះមានតម្លៃរហូតដល់ ៤៣លានដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ចូ បៃដិន អាយុ៨០ឆ្នាំ មានសុខភាពមាំមួន ខណៈត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤, នេះបើតាមពេទ្យផ្ទាល់ខ្លួន

Khmerpress February 17, 2023 17/02/2023

(វ៉ាស៊ីនតោន)៖ លទ្ធផលត្រួតពិនិត្យសុខភាពជាប្រចាំ បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានសុខភាពល្អមាំមួន ហើយអាចដឹកនាំកិច្ចការប្រទេសជាតិដោយមិនមាន បញ្ហាអ្វីនោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាលោកត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក បៃដិន មានអាយុ៨០ឆ្នាំ បានទទួលការត្រួតពិនិត្យសុខភាពអស់រយៈពេលជាង ៣ម៉ោង នៅឯមន្ទីរពេទ្យយោធា Walter Reed National Military Medical Center ក្នុងទីក្រុង Bethesda នៃរដ្ឋ Maryland កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមលោក Kevin O’Connor ជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក បៃដិន ចាប់តាំងពីឆ្នាំ២០០៩មក ប្រធានាធិបតីចាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្រអាមេរិករូបនេះមានសុខភាពល្អរឹងមាំ ហើយអាចបំពេញភារកិច្ចក្នុងនាមជាប្រធានាធិបតីដោយគ្មានបញ្ហាអ្វីឡើយ។ គួរបញ្ជាក់ថា លោក បៃដិន មិនទាន់បានប្រកាសជាផ្លូវការថាលោកនឹងឈរជាឈ្មោះជាថ្មី ឬក៏យ៉ាងណានោះទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាច្រើនកន្លងមក លោកបានបង្ហើបខ្លះៗ ដែរពីចេតនាចង់ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews