ថៃ៖ យ៉ាងហោចណាស់មានឈ្មួញចំនួន ២នាក់កំពុងប្រឈមនឹងការដាក់ទោសពីសំណាក់អាជ្ញាធរថៃ ក្រោយពួកគេបានព្យាយាមនាំយកផ្លែទុរេនគ្មានគុណភាពទៅលក់ក្នុងប្រទសចិនដោយបិទស្លាកសញ្ញាថា “ផ្លែឈើថៃ”។ បើតាមនាយកដ្ឋានកសិកម្មថៃបានបញ្ជាក់ថា ជនខិលខូចទាំង ២នាក់នោះគឺជាឈ្មួញកណ្តាលដែលបានដើរប្រមូលទិញផ្លែទុរេនពីប្រជាកសិករនៅក្នុងខេត្ត Chumphon ក្នុងតម្លៃថោកៗ ពោលគឺក្នុងតម្លៃប្រមាណជា ៤០-៥០បាត (១,១០-១,៤០ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ដើម្បីលក់បន្តទៅកាន់ទីផ្សារក្នុងប្រទេសចិនក្នុងតម្លៃដ៏ខ្ពស់ ដ្បិតពួកគេបានប្រើប្រាស់ស្លាកសញ្ញាថ្លែឈើថៃដែលជាផលិតផលមានគុណភាពខ្ពស់។ យ៉ាងណាក្តី បើតាមការពិនិត្យរបស់មន្ត្រីគយនៅច្រកព្រំដែនថៃបានរកឃើញថា ទុរេនដែលមានទម្ងន់សរុប ៣៨តោននោះគឺជាផ្លែឈើដែលគ្មានគុណភាពទាល់តែសោះ ពោលគឺជាប្រភេទផ្លែឈើមិនទាន់ទុំល្អ មានមេរោគ និងមានផ្ទុកនូវសារធាតុពុលទៀតផង។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា សកម្មភាពទុច្ចរិតរបស់ជនខិលខូចទាំង ២នេះខាងលើនេះនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្លែឈើថៃយ៉ាងខ្លាំង ដ្បិតក្រោយពេលអតិថិជនទិញទុរេនទាំងនេះយកទៅបរិភោគរួចគឺពួកគេនឹងលែងហ៊ានទិញផលិតផលផ្លែឈើថៃនៅពេលខាងមុខទៀតហើយ បើទោះជាផលិតផលថ្លែឈើនោះមានគុណភាពល្អក៏ដោយ។ យ៉ាងណាក្តី អាជ្ញាធរថៃមិនបានបញ្ជាក់ថា ជនខិលខូចទាំង ២នាក់នោះនឹងត្រូវទទួលទោសកម្រិតណានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត