ព័ត៌មានអន្តរជាតិ

BREAKING! កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថា តុលាការធម្មនុញ្ញរបស់ថៃបានបញ្ជាឱ្យផ្អាកតួនាទីលោក ប្រាយុទ្ធ ចាន់អូចា ជាបណ្តោះអាសន្ន

Khmerpress August 24, 2022 24/08/2022

យោងតាមសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតក្នុងលទ្ធផល ៥ ទល់នឹង ៤ ដើម្បីបញ្ជាឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីតួនាទីរបស់គាត់។ ដីកា​របស់​តុលាការ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បានសម្រេច​ទទួល​យក ​ញត្តិ​សុំ​សេចក្តី​សម្រេច​លើ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ៨ ឆ្នាំ​របស់​លោក។ ញត្តិ​ត្រូវ​បាន​បញ្ជូន​ពី​សភា​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទដើមសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឥណ្ឌា បណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញកំហុសបាញ់មីស៉ីល ចូលក្នុងទឹកដីប៉ាគីស្ថាន

Khmerpress August 24, 2022 24/08/2022

(ញូដេលី)៖ កងទ័ពអាកាសឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងញូដេលី បានសម្រេចបណ្តេញមន្រ្តី ៣រូប ចេញពីតំណែង ជុំវិញករណីបាញ់មីស៉ីលដោយចៃដន្យ ចូលទៅក្នុងទឹកដីនៃប្រទេសប៉ាគីស្ថាន កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ នាពេលកន្លងមក មន្រ្តីជំនាញខាងយោធាបានព្រមានពីហានិភ័យនៃគ្រោះថ្នាក់ ឬការគណនាខុសដោយប្រទេសជិតខាង ដែលធ្លាប់បានបង្កជាសង្រ្គាម ចំនួនបីលើក និងការប៉ះទង្គិចប្រដាប់អាវុធជាច្រើនសារ នៅឯតំបន់ជម្លោះកាស្មៀរ (Kashmir)។ នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា បានឲ្យដឹងថា តុលាការបានបើកស៉ើបអង្កេតលើអង្គហេតុនៃសំណុំរឿងនេះ រួមទាំងការវែកញែករកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ហើយបាន រកឃើញថា ដោយសារតែការធ្វេសប្រហែសក្នុងការអនុវត្តនីតិវិធីប្រតិបត្តិតាមស្តង់ដារនៃមន្រ្តី ៣នាក់ ទើបនាំឲ្យមានការបាញ់មីស៉ីលដោយចៃដន្យនេះ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌា បានសម្រេចបណ្តេញមន្រ្តីទាំង ៣រូបនេះចេញ នៅថ្ងៃអង្គារសប្តាហ៍នេះ។ គួរបញ្ជាក់ថា ប្រ៉ាម៉ូស (BrahMos) ជាប្រភេទមីស៉ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា ត្រូវបានបាញ់ ដោយចៃដន្យកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជំរុញឲ្យប៉ាគីស្ថាន ព្រមាន និងស្វែងរកចម្លើយតបពីទីក្រុងញូដេលី លើយន្តការសុវត្ថិភាពដើម្បី ទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងជាថ្មី […]

ការសិក្សាមួយបានបង្ហាញថា អឺរ៉ុបកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ

Khmerpress August 24, 2022 24/08/2022

អឺរ៉ុប៖ ការសិក្សាមួយបានបង្ហាញថា តំបន់អឺរ៉ុបកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុប (European Drought Observatory) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែសីហានេះ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា គិតត្រឹមពេលនេះគឺមានប្រទេសនិងតំបន់ដែលគ្របដណ្តប់លើផ្ទៃដី ២/៣ នៃផ្ទៃដីទ្វីបអឺរ៉ុបទាំងមូលកំពុងស្ថិតក្រោមការគំរាមគំហែងដោយគ្រោះរាំងស្ងួត និងការកើនឡើងនៃសីតុណ្ហភាពក្នុងកម្រិតដ៏ខ្ពស់បំផុតមួយ។ នៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលគ្រោះរាំងស្ងួតអឺរ៉ុបបានបង្ហាញថា ប្រទេសនិងតំបន់ដែលមានផ្ទៃដី ៤៧% នៅតំបន់អឺរ៉ុបកំពុងស្ថិតក្នុងលក្ខខណ្ឌត្រៀមទាញសញ្ញាអាសន្ន ខណៈ ១៧% បានសម្រេចទាញសញ្ញាអាសន្នរួចទៅហើយ។ ការសិក្សាក៏បានបង្ហាញដែរថា គ្រោះរាំងស្ងួតនិងការកើនឡើងកម្តៅអាចបន្តគំរាមគំហែងតំបន់អឺរ៉ុបរហូតដល់វិច្ឆិកា ហើយគ្រោះធម្មជាតិដ៏កម្រនេះបានបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ខូចដីកសិកម្ម ប៉ះពាល់ដល់ផលដំណាំកសិកម្មជាច្រើនប្រភេទ ប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងប៉ះពាល់ដល់ផលិតកម្មអគ្គិសនីផងដែរ ដ្បិតតម្រូវការនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឬកង្ហារមានការកើនឡើងយ៉ាងគំហុក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធាននាយកដ្ឋានឧតុនិយមរបស់ប្រទេសហុងគ្រី ត្រូវបានបណ្តេញចេញពីតំណែង ដោយសារធ្វើការព្យាករណ៍អាកាសធាតុខុស ដែលនាំអោយប៉ះពាល់ដល់កម្មវិធីបាញ់កាំជ្រួចដ៏ធំមួយ

Khmerpress August 24, 2022 24/08/2022

ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ថា រដ្ឋាភិបាលហុងគ្រី រងការរិះគន់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាហុងគ្រី លោក Lazlo Palkovic បានបញ្ជាឱ្យបណ្តេញប្រធាននាយកដ្ឋានឧតុនិយម លោកស្រី Cornelia Radiks  និងលោក Yula Horvath នាយករង ចេញពីតំណែង។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Orico បានរិះគន់នាយកដ្ឋានឧតុនិយមចំពោះកំហុសក្នុងការព្យាករណ៍ថា ព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងនឹងកើតមាន ដែលបានបង្ខំឱ្យលុបចោលកម្មវិធីបាញ់កាំជ្រួចដ៏ធំបំផុតរបស់អឺរ៉ុប ដើម្បីអបអរសាទរការបង្កើតប្រទេសហុងគ្រីនៅថ្ងៃទី ២០ ខែសីហា។ ខណៈដែរ នាយកដ្ឋានឧតុនិយមបានសុំទោស និងបាននិយាយថា ការព្យាករណ៍អាកាសធាតុគឺជាការព្យាករណ៍ ដែលអាចមានភាពមិនច្បាស់លាស់នៅពេលណាក៏បាន។ ចំណែក ពិភព​អនឡាញ​ក្នុង​ប្រទេស​ហុងគ្រី​បាន​ចោទ​សួរ​ពី​មូល​ហេតុ​នៃ​ការ​បណ្តេញ​លោកស្រី Cornelia Radiks  និងលោក Yula Horvath ដោយមនុស្សជាច្រើនបាននិយាយថា នេះមិនមែនជាប្រទេសផ្តាច់ការទេ គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​លុប​ចោល​ការ​បាញ់​កាំជ្រួច និង​ថ្កោលទោស​ថា​ ជា​ការ​ខ្ជះខ្ជាយ​ថវិកាទៅវិញទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចេះភាសាបរទេស៥ភាសា

Khmerpress August 24, 2022 24/08/2022

(ភ្នំពេញ)៖ ក្រៅតែពីភាសាខ្មែរដែលជាភាសាកំណើតរបស់ខ្លួនហើយនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាចប្រើប្រាស់ភាសាបរទេសចំនួន៥ភាសាផ្សេងទៀត។ ភាសាទាំងនោះរួមមាន៖ អង់គ្លេស, បារាំង, រុស្សី, ចិន និងថៃ។ ដោយសារតែចេះភាសាថៃ លោករដ្ឋមន្ត្រីអប់រំ ក៏មានសមត្ថភាពសន្ទនាភាសាឡាវផងដែរ។ អតីតនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញសេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានអន្តរជាតិទីក្រុងមូស្គូ ប្រទេសរុស្ស៉ីរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាអ្នកឯកទេសសេដ្ឋកិច្ចអន្តរជាតិ លោកត្រូវរៀនភាសារុស្ស៉ី ភាសាអង់គ្លេស និងភាសាបារាំង។ ក្រៅតែពីភាសាដែលតម្រូវនៅក្នុងជំនាញរបស់លោកហើយនោះ លោកក៏រៀនភាសាចិន និងថៃ រហូតអាចប្រើប្រាស់បាន។ ដោយយោងតាមការស្រាវជ្រាវ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ការចេះភាសាច្រើនធ្វើឱ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹងខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង។ បើទោះបីចេះច្រើនភាសាមានអំណោយផលល្អដូចការរៀបរាប់ខាងលើយ៉ាងណាក្តី តែលោករដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យកូនខ្មែរទាំងអស់ត្រូវសិក្សាឱ្យបានច្បាស់ពីអក្សរសាស្ត្រខ្មែរ បន្ទាប់មកចាំចាប់ផ្តើមសិក្សាភាសាបរទេសដទៃទៀត។ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់កូនខ្មែរឱ្យរៀនប្រវត្តិសាស្ត្ររបស់កម្ពុជាឱ្យបានច្បាស់ បន្ទាប់មកក៏គួរសិក្សាពីបណ្តាប្រទេសនៅតំបន់អាស៊ានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី សន្យាដណ្ដើមយកតំបន់គ្រីមៀ ពីរុស្ស៉ី មកវិញ

Khmerpress August 24, 2022 24/08/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថាទីក្រុងកៀវនឹងដណ្ដើមតំបន់គ្រីមៀ យកមកគ្រប់គ្រងវិញ បន្ទាប់ពីរុស្ស៉ីក្រសោបយក ឧបទ្វីបមួយនេះកាលពីឆ្នាំ២០១៤។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន DW នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើប្រាប់ក្រុមអ្នកចូលរួមក្នុងសន្និសីទតាមប្រព័ន្ធវីដេអូមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលអ៊ុយក្រែននឹងត្រូវ ប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី២៤ ខែសីហានេះ ខណៈសង្រ្គាមអ៊ុយក្រែនក៏បានចូលដល់ខែទី៦ផងដែរ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីយកឈ្នះលើសភាវៈអាក្រក់ វាចាំបាច់ណាស់ដែលត្រូវតែយកឈ្នះនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី…ហើយវាក៏ ចំបាច់ផងដែរក្នុងការរំដោះតំបន់គ្រីមៀ ដែលនេះនឹងក្លាយជាការស្ដារឡើងវិញនូវច្បាប់ និងសណ្ដាប់ធ្នាប់ពិភពលោក»។ គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែននឹងដណ្ដើមយកតំបន់គ្រីមៀមកវិញ តាមមធ្យោបាយដែលខ្លួនមាន ហើយថាទីក្រុងកៀវនឹងមិនពិគ្រោះយោបល់ ជាមួយប្រទេសដទៃណាមួយ មុននឹងធ្វើសកម្មភាពនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិក នឹងប្រកាសផ្ដល់ជំនួយយោធាថ្មី ៣ពាន់លានដុល្លារ ដល់អ៊ុយក្រែន

Khmerpress August 24, 2022 24/08/2022

(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក បានឱ្យដឹងថាសហរដ្ឋអាមេរិកបានត្រៀមកញ្ចប់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយកញ្ចប់ជំនួយថ្មីនេះអាចនឹងប្រកាសក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកខាងលើដដែលបានឱ្យដឹងទៀតថាកញ្ចប់យោធាថ្មីដែលសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសផ្ដល់ឱ្យអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ពោលគឺចំថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែនតែម្ដង។ កញ្ចប់ថវិកានេះទៀតសោត ត្រូវបានយកចេញពីកញ្ចប់ថវិកា ដែលសភាអាមេរិកអនុម័ត និងអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន យកទៅទិញអាវុធពីក្រុមហ៊ុនផលិតអាវុធអាមេរិក សម្រាប់ផ្ដល់ឱ្យទីក្រុងកៀវ ជាជាងដកអាវុធ ដែលមានស្រាប់ចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ១០.៦ពាន់លានដុល្លារហើយ ដល់រដ្ឋាភិបាលរបស់លោក ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសចិនបាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យអត្រាកំណើត និងអាពាហ៍ពិពាហ៍មានការថយចុះ

Khmerpress August 23, 2022 23/08/2022

គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ជំងឺរាតត្បាត COVID-19 បានរួមចំណែកដល់ការថយចុះនៃអត្រាអាពាហ៍ពិពាហ៍ និងកំណើតទារក នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការចំណាយខ្ពស់នៃការអប់រំ និងការចិញ្ចឹមកូន។ ស្ត្រីជាច្រើនកំពុងបន្តពន្យារពេលផែនការរៀបការ ឬមានកូន ដោយបន្ថែមថា ការវិវឌ្ឍន៍របស់សេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស បាននាំឱ្យស្ថានភាពមានការផ្លាស់ប្ដូរទាំងស្រុង។ យុវជនដែលផ្លាស់ទីលំនៅទៅកាន់តំបន់ទីក្រុង ការចំណាយពេលវេលាកាន់តែច្រើនលើការអប់រំ និងបរិយាកាសការងារដែលមានសម្ពាធខ្ពស់ ក៏បានដើរតួជាចំណែករបស់ពួកគេផងដែរ។ ជាមួយគ្នានេះដែរ គោលនយោបាយ «zero-COVID-19»ដែលមិនចុះញ៉មប្រទេសចិន នៅក្នុងការលុបបំបាត់ការផ្ទុះឡើងភ្លាមៗ ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើជីវិតរបស់មនុស្ស ក៏ជាកត្តាដែលធ្វើឱ្យមានការខូចខាតជ្រាលជ្រៅ និងយូរអង្វែង លើបំណងប្រាថ្នាចង់មានកូនរបស់ពលរដ្ឋផងដែរ។ អ្នកសង្កេតការណ៍បាននិយាយថា កំណើតថ្មីនៅក្នុងប្រទេសចិន ត្រូវបានកំណត់ថា នឹងអាចធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ ជាមួយនឹងការព្យាករណ៍ថា នឹងមានកំណើតថ្មីក្រោម ១០ លាននាក់ប៉ុណ្ណោះ បើប្រៀបនឹងឆ្នាំមុនដែលមានប្រមាណ ១០.៦ លាននាក់។ ចិនមានអត្រាមានកូន (fertility rate) ១.១៦ នាក់ ក្នុងឆ្នាំ២០២១ ដែលជាអត្រាទាបបំផុតក្នុងពិភពលោក និងទាបជាងអត្រាមធ្យម ២.១ នាក់ ដែលចាំបាច់បំផុតសម្រាប់ប្រជាជនដែលមានស្ថិរភាព។ ដោយសារតែការដាក់គោលនយោបាយមានកូនតែម្នាក់ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ ប្រទេសចិនបានទទួលស្គាល់ថា ចំនួនប្រជាជនរបស់ខ្លួនកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដែលវាមិនមែនប៉ះពាល់ត្រឹមតែចំនួនប្រជាជននោះទេ ប៉ុន្តែសមត្ថភាពក្នុងការរកមនុស្សជំនាន់ថ្មីមកថែរក្សាមនុស្សចាស់ជរា […]

ប្រធានាធិបតីប៉ូឡូញទៅដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយបន្ថែមទៀត ដល់អ៊ុយក្រែន

Khmerpress August 23, 2022 23/08/2022

(វ៉ាសូវី)៖ ប្រធានការិយាល័យប្រធានាធិបតីប៉ូឡូញ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) បានធ្វើដំណើរទៅដល់ទីក្រុងកៀវហើយ ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយបន្ថែមទៀត សម្រាប់អ៊ុយក្រែន ក្នុងនោះរួមទាំងជំនួយយោធាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។ លោក ផាវែល រ៉ូត (Pawel Szrot) ដែលជាប្រធានខុទ្ទកាល័យរបស់លោក ឌូដា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងវ៉ាសូវីថា «ការបំពេញទស្សនកិច្ចនេះ នឹងរួមមានជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ព្រមទាំងកិច្ចពិភាក្សាស្តីពីការគាំទ្រផ្នែកយោធា ក៏ដូចជាការការពារសម្រាប់អ៊ុយក្រែន ក្នុងន័យសេដ្ឋកិច្ច មនុស្សធម៌ នយោបាយ»។ កាលពីខែឧសភា លោកប្រធានាធិបតីប៉ូឡូញ ក៏បានទៅទស្សនកិច្ចនៅអ៊ុយក្រែន ម្តងរួចហើយផងដែរ។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ជំនួយយោធារបស់ប៉ូឡូញសម្រាប់អ៊ុយក្រែន រួមមានបរិក្ខារយោធានិងសព្វាវុធជាច្រើន ដូចជា រថក្រោះជាង២៣០គ្រឿង ព្រមទាំងកាំភ្លើងនិងប្រព័ន្ធបាញ់ផ្លោងមីស៉ីលជាង ១០០គ្រឿង ក្នុងចំណោមអាវុធចម្រុះផ្សេងៗទៀត៕ ផ្តល់សិទ្ធិដោយ៖ […]

ក្រុងសៀងហៃសម្រេចផ្អាកបើកភ្លើងលំអរនៅទីសាធារណៈដើម្បីសន្សំសំចៃអគ្គិសនី ក្រោយសីតុណ្ហភាពបានកើនឡើងដល់កម្រិតប្រកាសអាសន្ន

Khmerpress August 23, 2022 23/08/2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post បានឲ្យដឹងថា​ អាជ្ញាធរក្រុងសៀងហៃបានសម្រេចបិទភ្លើងមិនសូវចាំបាច់មួយចំនួននៅក្នុងទីក្រុងដើម្បីសន្សំសំចៃថាមពលអគ្គិសនី ក្រោយសីតុណ្ហភាពបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់ដែលជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងយ៉ាងគំហុកផងដែរ។ ភ្លើងដែលអាជ្ញាធរក្រុងសៀងហៃតម្រូវឲ្យបិទជាបណ្តោះអាសន្ននោះមានដូចជា អំពូលភ្លើងសម្រាប់លំអរនៅតាមដងផ្លូវ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈ និងភ្លើងសម្រាប់បើកលំអរនៅតាមអាគារផ្សេងៗជាដើម។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះនឹងត្រូវអនុវត្តចាប់ពីដើមសប្តាហ៍នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរដោយផ្អែកទៅលើសមត្ថភាពជាក់ស្តែងក្នុងការផ្គត់ផ្គង់អគ្គិសនី។ គួររម្លឹកជូនថា កាលពីចុងសប្តាហ៍មុននេះអាជ្ញាធរចិនបានប្រកាសទាញសញ្ញាអាសន្នពីគ្រោះរាំងស្ងួតថ្នាក់ជាតិជាលើកដំបូង ក្រោយសីតុណ្ហភាពបានកើនឡើងដល់ចន្លោះពី ៤០-៤២អង្សាសេជាច្រើនសប្តាហ៍ជាប់គ្នា និងធ្វើឲ្យទន្លេ បឹង ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមតំបន់ជាច្រើនត្រូវរីងស្ងួតជិតអស់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ក្រៅតែពីក្រុងសៀងហៃក៏មានខេត្ត-ក្រុងមួយចំនួនផ្សេងទៀតរបស់ចិនបានអនុវត្តវិធានការដូចគ្នានេះដែរ ហើយសម្រាប់នៅក្នុងខេត្តស៊ីឈាន់វិញគឺអាជ្ញាធរបានសម្រេចកំណត់​កូតាក្នុងការផ្តល់ចរន្តអគ្គិសនីតែម្តង ពោលគឺនៅតាមរោងចក្រ សហគ្រាស និងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗនឹងត្រូវឆ្លាស់វេនគ្នាក្នុងការទទួលបានចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត