ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Warren Buffett សម្រេចចិត្តវិនិយោគនៅ Apple ក្រោយឃើញមិត្តរបស់គាត់ពិបាកចិត្តពេលបាត់ទូរស័ព្ទ iPhone

Khmerpress May 13, 2022 13/05/2022

មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ លោក ត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយជាវិនិយោគិនម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។ ហើយថ្មីៗនេះ សៀវភៅមួយបានបង្ហាញពីមូលហេតុដែលបិតាវិនិយោគមួយនេះ សម្រេចបណ្ដាក់ទុននៅ Apple ដែលជាក្រុមហ៊ុនតម្លៃទ្រីលានដុល្លារនៅលើពិភពលោកនាពេលបច្ចុប្បន្ន ទាំងដែលលោក Warren មិនចាប់អារម្មណ៍លើការវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឡើយ។ តាមសៀវភៅ លោក Warren បានសម្រេចវិនិយោគលើ Apple បន្ទាប់ពីគាត់បានដឹងថាមិត្តរបស់គាត់ឈ្មោះថា David Gottesman ពិបាកចិត្តយ៉ាងខ្លាំង ដោយសារបាត់ទូរស័ព្ទ iPhone នៅពេលជិះតាក់ស៊ី ក្នុងអំឡុងឆ្នាំ២០១៦។ ពេលនោះ David បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចបាត់បង់ព្រលឹងរបស់ខ្ញុំអញ្ចឹង!”។ ពេលនោះហើយ ទើបលោក Warren បានងាកចិត្តចង់វិនិយោគលើ Apple ព្រោះគាត់បានកត់សម្គាល់ពីរបៀបដែលមនុស្សឈ្លក់វង្វេងជាមួយនឹងស្មាតហ្វូនរបស់ពួកគេ រួមទាំងចៅៗរបស់គាត់ ក្នុងអំឡុងពេលធ្វើដំណើរប្រចាំសប្តាហ៍របស់ពួកគេទៅកាន់ហាង Dairy Queen ។ លោក​បាន​កំណត់​ថា iPhone ជា​របស់​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ជា​ច្រើន […]

ថៃ៖ ស្រ្តីម្នាក់សុខចិត្តអង្គុយយាមទូ ATM ពេញមួយយប់ ក្រោយដកប្រាក់ហើយជួបបញ្ហាមួយនេះ

Khmerpress May 13, 2022 13/05/2022

ថៃ៖ សារព័ត៌មាន Khaosod នាពេលថ្មីៗនេះ បានចុះផ្សាយពីករណីដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយស្រ្តីម្នាក់បាននៅអង្គុយយាមប្រាក់របស់ខ្លួននៅមុខទូ ATM អស់ពេលពេញមួយយប់ ដោយសារទៅដកប្រាក់ហើយ តែម៉ាស៊ីនគាំងចេញលុយមកបានតែមួយកំណាត់សន្លឹក។ តាមប្រភពដដែលបានឱ្យដឹងថា ស្រ្តីរូបនោះ មានអាយុ ៥៥ឆ្នាំ រស់នៅភូមិ​ណនផាក់វ៉ាន់ ឃុំ​បាន​តាត ស្រុក​បាន​ឌុង ខេត្ត​ឧដុង្គថានី។ ស្រ្តីរូបនោះបានឱ្យដឹងថា គាត់បានបើក​ម៉ូតូ​ទៅ​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM របស់​ធនាគារ នៅទល់មុខហាង Lotus Department Store ក្នុងក្រុង Ban Dung ប៉ុន្តែពេលធ្វើប្រតិបត្តិការរួច លុយដែលចេញមកបានតែមួយកំណាត់សន្លឹកប៉ុណ្ណោះ ដោយមួយកំណាត់ត្រូវជាប់នៅក្នុងម៉ាស៊ីន ធ្វើឱ្យគាត់មិនអាចដកលុយនោះមកបាន។ ក្រោយជួបរឿងនេះ ​បុគ្គលិក​ហាង​ម្នាក់​បាន​មក​ជួយ ហើយ​ព្យាយាម​ទាញ​វា​ចេញ ប៉ុន្តែ​លុយ​មិន​ចេញ​ទេ ដូច្នេះត្រូវ​អង្គុយ​ចាំ​លុយ​ ៥០០​បាត​នោះនៅ​មុខ​ម៉ាស៊ីន​ ​ATM ដល់ទៅ២​ម៉ោង។ នាពេលនោះគាត់បានព្យាយាមទាញក្រដាសប្រាក់នឹងចេញមក ប៉ុន្តែបើទោះជាប្រឹងទាញយ៉ាងណាក៏វាមិនរបូតចេញមកដែរ ទើបគ្មានជម្រើសហើយសម្រេចចិត្ត អង្គុយនៅពីមុខទូដកលុយដោយសង្ឃឹមថានឹងមានអ្នកមកជួយ។ លុះក្រុមការងារអ្នកកាន់ផេក (admin page) បានចុះមកជួយដកប៉ុន្តែនៅតែដកមិនចេញ ទើបក្រុមការងារបានណែនាំអោយអ្នកមីង ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសជាមុនសិន ក៏ដូចជារង់ចាំអោយខាងធនាគារដោះស្រាយបញ្ហាជូន។ ប៉ុន្តែអ្នកមីងនៅតែសម្រេច ចិត្តអង្គុយយាមលុយនៅពីមុខទូ ATM […]

ស្រីលង្កា ប្រកាសតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើនឡើង

Khmerpress May 13, 2022 13/05/2022

(កូឡុំបូ)៖ ប្រទេសស្រីលង្កា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសតែងតាំងលោក រ៉ានីល វីកគ្រេមេស៉ីងហ្កេ (Ranil Wickremesinghe) ជានាយករដ្ឋមន្ត្រីថ្មី ក្រោយពីអតីតនាយករដ្ឋមន្រ្តី លោក ម៉ាហ៉ីនដា រ៉ាចាបាកសា (Mahinda Rajapaksa) លាលែងពីតំណែង បន្ទាប់ពីផ្ទុះហិង្សាក្នុងប្រទេស ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីប្រទេសនេះ បានទទួលឯករាជ្យនៅឆ្នាំ១៩៤៨។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។ លោក Wickremesinghe ដែលជាអ្នកនយោបាយជើងចាស់ ដែលធ្លាប់បម្រើជានាយករដ្ឋមន្ត្រី នៃប្រទេសស្រីលង្កាជាច្រើនដងពីមុនមកនោះ ចាំបាច់ត្រូវតែព្យាយាមដោះស្រាយភាពវឹកវរផ្នែកហិរញ្ញវត្ថុ និងផ្សះផ្សាភាពបែកបាក់ផ្នែកនយោបាយ ដែលប្រទេសនេះកំពុងប្រឈម។ លោក Wickremesinghe បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោកថា «យើងកំពុងប្រឈមមុខនឹងវិបត្តិ យើងត្រូវតែចេញពីវា»។ នៅពេលសួរថា តើមានដំណោះស្រាយដែលអាចធ្វើទៅបានឬអត់ លោក បានឆ្លើយថា៖ «ច្បាស់ណាស់ វាពិតជាមាន»។ គួរបញ្ជាក់ថា វិបត្តិបច្ចុប្បន្ន អាចជាបញ្ហាប្រឈមដ៏ធំបំផុតរបស់អ្នកនយោបាយ វ័យ៧៣ឆ្នាំរូបនេះ។ ការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ, ការឆ្លងរាតត្បាតនៃជំងឺ COVID-19 […]

កូរ៉េខាងត្បូង មានផែនការផ្តល់វ៉ាក់សាំង ដល់កូរ៉េខាងជើង

Khmerpress May 13, 2022 13/05/2022

(សេអ៊ូល)៖ ការិយាល័យរបស់ប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk-yeol) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់វ៉ាក់សាំង កូវីដ ១៩ ដល់ប្រទេសកូរ៉េខាងជើង គឺ១ថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បញ្ជាក់ពីការផ្ទុះឡើងដំបូងនូវជំងឺនេះ ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរបស់លោក យូន បានគូសបញ្ជាក់ថា «យើងនឹងពិភាក្សាអំពីផែនការលម្អិត សម្រាប់ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់ប្រទេសកូរ៉េខាងជើង»។ គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មានករណីបាត់បង់ជីវិតមនុស្សម្នាក់ដោយសារវីរុសអូមីក្រុង និងប្រមាណ ៣៥០,០០០នាក់ មានរោគសញ្ញាគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលមនុស្សចំំនួន ១៨៧,៨០០នាក់ កំពុងធ្វើចត្តាឡីស័ក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមប្រទេស G7 ទទូចឱ្យតាលីបង់ បញ្ឈប់ការរឹតត្បិតសិទ្ធិស្រ្តីតទៅទៀត

Khmerpress May 13, 2022 13/05/2022

(ប៉ារីស)៖ ក្រុមរដ្ឋមន្រ្តីការបរទេស នៃប្រទេសសេដ្ឋកិច្ចជឿនលឿន G7 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ការរឹតត្បិតកាន់តែខ្លាំងឡើងរបស់ក្រុមតាលីបង់ ទៅលើសិទ្ធិស្រ្តីនិងក្មេងស្រីៗ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កំពុងធ្វើឱ្យប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ កាន់តែឃ្លាតឆ្ងាយពីគេឯងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រុមរដ្ឋមន្រ្តីការបរទេស G7 និងប្រមុខនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងយ៉ាងដូច្នេះថា «ជាមួយចំណាត់ការរឹតត្បិតទាំងអស់ ក្រុមតាលីបង់កំពុងធ្វើឱ្យខ្លួនពួកគេ កាន់តែឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិថែមទៀត»។ សេចក្តីថ្លែងការណ៍ដដែល បានទទូចឱ្យតាលីបង់ធ្វើសកម្មភាពជាបន្ទាន់ ដើម្បីលុបចោលការរឹតត្បិតលើ ស្រី្តនិងក្មេងស្រីៗវិញ ហើយគោរពសិទ្ធិមនុស្សរបស់ពួកគេ។ គួរបញ្ជាក់ថា ក្រុមតាលីបង់ដែលបានឡើងកាន់កាប់អំណាច នៅពេលរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលគាំទ្រដោយអាមេរិកដួលរលំ នៅខែសីហា ឆ្នាំមុន បានចេញបញ្ជាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ឱ្យស្ត្រីៗត្រូវបិទមុខរបស់ពួកគេ នៅតាមទីសាធារណៈ ខណៈវាគឺជាការបោះជំហានមួយទៀត ឆ្ពោះទៅរករបៀបរបបគ្រប់គ្រង តាមបែបជ្រុលនិយម កាលពីអតីតកាលរបស់តាលីបង់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីអាមេរិកលោក Joe Biden សន្យាផ្ដល់ថវិកាចំនួន ១៥០លានដុល្លារដល់មេដឹកនាំអាស៊ាន ជួយទៅលើរឿងទាំងនេះ

Khmerpress May 13, 2022 13/05/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA មុននេះបន្តិចបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថា នឹងផ្ដល់ថវិកាចំនួន ១៥០លានដុល្លារដល់មេដឹកនាំអាស៊ាន ដើម្បីជួយទៅលើហេដ្ឋារចនា​ សន្តិសុខ ការត្រៀមបង្ការជំងឺរាតត្បាត និងការខិតខំប្រឹងប្រែងផ្សេងទៀតក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលរបស់គូប្រជែងខ្លួន គឺប្រទេសចិន។ ការសន្យានេះត្រូវបានលើកឡើងនៅក្នុងឱកាសទទួលស្វាគមន៍មេដឹកនាំអាស៊ានទាំង ១០ នៅសេតវិមាន (White House) នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក។​ រដ្ឋបាលរបស់លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះនឹងបង្ហាញដល់ប្រទេសនានាថា ក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ហាប្រឈមរយៈពេលវែងរបស់ចិន ដែលខ្លួនចាត់ទុកជាគូប្រជែងដ៏សំខាន់ បើទោះបីជាមានសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ ទន្ទឹមនឹងនេះដែរ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា៖ “យើងមិនស្នើសុំឱ្យប្រទេសនានាធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិននោះទេ។ យើងចង់បញ្ជាក់ឱ្យច្បាស់ថា សហរដ្ឋអាមេរិកស្វែងរកទំនាក់ទំនងកាន់តែរឹងមាំ”។ យ៉ាងណាមិញ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុថ្មីនេះរួមមានការវិនិយោគចំនួន ៤០លានដុល្លារអាមេរិកនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដែលមានបំណងជួយបំបែកការផ្គត់ផ្គង់ថាមពលក្នុងតំបន់ និង ៦០លានដុល្លារក្នុងសន្តិសុខដែនសមុទ្រ ព្រមទាំងថវិកាសុខភាពប្រហែល ១៥លានដុល្លារដើម្បីជួយក្នុងការរកឃើញដំបូងនៃជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្លូវដង្ហើមផ្សេងទៀត នេះ​បើ​តាម​មន្ត្រី​ម្នាក់​បាន​និយាយ។ ការផ្តល់មូលនិធិបន្ថែមនឹងជួយប្រទេសនានាអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងច្បាប់បញ្ញាសិប្បនិម្មិត។ គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ប្រទេសចិនបានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១.៥ ពាន់លានដុល្លារដល់ប្រទេសអាស៊ានក្នុងរយៈពេល ៣ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិក មិនមានគម្រោងផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កូរ៉េខាងជើង ទេ

Khmerpress May 13, 2022 13/05/2022

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនមានផែនការ ក្នុងការចែករំលែកវ៉ាក់សាំង ឱ្យកូរ៉េខាងជើងនោះទេ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ ១៩។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។ បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន, កូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀត មិនទទួលយកជំនួយវ៉ាក់សាំងពីកម្មវិធីចែកចាយ វ៉ាក់សាំងសកល ហៅកាត់ថា កូវ៉ាក់ (COVAX)ឡើយ។ ដូច្នេះបច្ចុប្បន្ន សហរដ្ឋអាមេរិកមិនមានផែនការផ្តល់វ៉ាក់សាំងដល់កូរ៉េខាងជើងទេ ប៉ុន្តែនឹងនៅតែ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងគោលបំណងផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ ដល់ប្រជាជនកូរ៉េខាងជើងដែលងាយរងគ្រោះបំផុត»។ គួរបញ្ជាក់ថា ការទទួលស្គាល់ថាមានករណីឆ្លងរាលដាលលើកដំបូងនៃជំងឺកូវីដ ១៩ របស់ប្រទេសកូរ៉េខាងជើង បានបង្ហាញពីវិបត្តិដ៏ធំថ្មីមួយទៀត ខណៈប្រទេសនេះខ្វះខាតធនធានវេជ្ជសាស្រ្ត ដោយសារតែការបដិសេធជំនួយអន្តរជាតិនូវវ៉ាក់សាំងបង្ការជំងឺ រួមទាំងការបិទព្រំដែនរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពលរដ្ឋនៅប្រទេសឡាវត្រូវតម្រង់ជួររាប់ម៉ោងដើម្បីចាក់សាំង ហើយក្នុងម្នាក់ៗអាចចាក់សាំងត្រឹម ៤០ ដុល្លារប៉ុណ្ណោះ ដោយសារកង្វះខាតប្រេងសាំង ហើយតម្លៃកាន់តែថ្លៃជាងមុន

Khmerpress May 13, 2022 13/05/2022

វិបត្តិប្រេងសាំងនៅក្នុងប្រទេសឡាវ កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ ហើយអ្នកបើកបរយានយន្តក្នុងរដ្ឋធានីឡាវជាច្រើន ត្រូវបង្ខំចិត្តតម្រង់ជួររាប់ម៉ោងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីរង់ចាំចាក់សាំងទៅក្នុងយានជំនិះរបស់ពួកគេ។ បញ្ហានេះបានកើតឡើង នៅពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រេងឡើងថ្លៃ និងការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុករបស់ឡាវ ខណៈដែលប្រទេសឡាវ ក៏រងការខូចខាតយ៉ាងខ្លាំងដោយសារជំងឺ COVID-19 ។ កង្វះខាតប្រេងសាំង ត្រូវបានគេឃើញនៅតាមបណ្តាខេត្តជាច្រើនសប្តាហ៍មកហើយ ហើយបញ្ហាក៏បានមកដល់រដ្ឋធានីវៀងចន្ទន៍ កាលពីរសៀលថ្ងៃច័ន្ទ។ ឥឡូវនេះនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ កំពុងកំណត់ឱ្យមានការចាក់ប្រេងសាំងត្រឹម ៥០០,០០០ គីប (ប្រហែល ៤០ ដុល្លារ) ក្នុងអតិថិជនម្នាក់ៗប៉ុណ្ណោះ។ ក្រុមហ៊ុននាំចូលរបស់រដ្ឋបាននិយាយថា បច្ចុប្បន្ននេះ ពួកគេអាចនាំចូលបានត្រឹមតែ ២០ លានលីត្រប៉ុណ្ណោះ ខណៈដែលជាធម្មតាពួកគេនាំចូលប្រេងឥន្ធនៈ ១២០ លានលីត្រ ជារៀងរាល់ខែ។ ពួកគេក៏បានផ្ញើលិខិតទៅកាន់អ្នកលក់រាយក្នុងសប្តាហ៍នេះ ដោយក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋឡាវ បានជូនដំណឹងដល់អ្នកលក់បន្តរបស់ខ្លួនថា ខ្លួនបានឈានដល់ចំណុចមួយដែល «មិនអាចបំពេញតម្រូវការអតិថិជនរបស់ខ្លួនបានទៀតទេ»។ វាបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋសភារបស់ប្រទេសនេះ បានអនុម័តការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ពី ៣១% មកត្រឹមតែ ១៦% ដើម្បីព្យាយាមបញ្ចៀសវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានណែនាំឱ្យពលរដ្ឋកុំបើកបរយានជំនិះចេញក្រៅដោយមិនចាំបាច់ នៅពេលដែលប្រេងសាំងពុំមានគ្រប់គ្រាន់សម្រាប់គ្រប់គ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េខាងជើង រាយការណ៍ពីករណីបាត់បង់ជីវិតដំបូងបំផុត ដោយសារកូវីដ-១៩

Khmerpress May 13, 2022 13/05/2022

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ដោយសារមេរោគ COVID-19 អូមីក្រុង ដែល នេះជាការទទួលស្គាល់ករណីស្លាប់ដំបូងបំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះផ្ទុះឡើងមក ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺជាមួយរោគសញ្ញា គ្រុនក្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។ បើតាម KCNA មនុស្សជិត ៣៥០,០០០នាក់មានរោគសញ្ញាគ្រុនក្ដៅ ក្នុងនោះមាន ១៨,០០០នាក់ទើបចេញរោគសញ្ញាគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្របពេលមនុស្សចំនួន ១៨៧,៨០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក។ KCNA បន្ថែមទៀតថា មនុស្ស ១៦២,២០០នាក់បានទទួលការព្យាបាល តែមិនបានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលឆ្លង COVID-19 នោះទេ។ បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះក៏បានឱ្យដឹងដែរថាយ៉ាងហោចមានមនុស្ស ៦នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅបានស្លាប់ តែ ក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះត្រូវបានទទួលស្គាល់ថាស្លាប់ដោយសារមេរោគអូមីក្រុង។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងជើង ដើម្បី ត្រួតពិនិត្យស្ថានភាព និងបានបញ្ជាឱ្យដាក់ចេញវិធានការបិទខ្ទប់ប្រទេសទាំងស្រុង បន្ទាប់ពីទទួលស្គាល់ករណីឆ្លងដំបូងនៃ COVID-19 នៅក្នុងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ […]

ករណីឆ្លងជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ១សប្ដាហ៍កន្លងមកនេះ

Khmerpress May 13, 2022 13/05/2022

(ហ្សឺណែវ)៖ មនុស្សជាង ៣.៥លាននាក់បានឆ្លងជំងឺ COVID-19 ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ និងជាង ១២,០០០នាក់បានបាត់បង់ជីវិត។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ចំនួនករណីឆ្លងថ្មីៗបានធ្លាក់ចុះ ១២% បើធៀបទៅនឹងសប្តាហ៍មុន ហើយចំនួនអ្នកស្លាប់ថ្មីៗក៏បានធ្លាក់ចុះ ២៥% ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងព្រឹត្តិបត្រប្រចាំសប្តាហ៍របស់អង្គការ WHO បានកត់សម្គាល់ថា ចំនួនករណីឆ្លង និងបាត់បង់ជីវិតថ្មីៗដោយសារជំងឺ COVID-19 បានធ្លាក់ចុះចាប់តាំងពីចុងខែមីនាមកម៉្លេះ។ ដូច្នេះនៅចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភា មនុស្សចំនួន ៣,៥៤៦,០៦៩នាក់ត្រូវបានរាយការណ៍ថា បានឆ្លងជំងឺ COVID-19 ដោយមានការធ្លាក់ចុះ ១២% និងមនុស្សចំនួន ១២,០២៥នាក់បានបាត់បង់ជីវិត ដោយមានការធ្លាក់ចុះ ២៥% បើប្រៀបធៀបទៅនឹងតួលេខកាលពីសប្តាហ៍មុននោះ ដែលបានរាយការណ៍ទៅអង្គការ WHO។ ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃចំនួនករណីឆ្លង បើប្រៀបធៀបទៅនឹងសប្តាហ៍មុន (ថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា) នោះគឺនៅតំបន់អាស៊ីអាគ្នេយ៍ មានការធ្លាក់ចុះ ២៩% […]