ព័ត៌មានអន្តរជាតិ

រុស្ស៊ីកំណត់បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅថ្ងៃទី៩ ខែឧសភា

Khmerpress March 26, 2022 26/03/2022

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសហើយថា នឹងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនៅក្នុងថ្ងៃទី ៩ ខែឧសភា នេះបើយោងតាមការអះអាងរបស់ក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ គួរកត់សម្គាល់ថា កាលបរិច្ឆេទនៃការបិទបញ្ចប់សង្គ្រាមរបស់រុស្ស៊ីខាងលើនេះគឺចំថ្ងៃប្រវត្តិសាស្រ្តដែលរុស្ស៊ីធ្លាប់បានកម្ចាត់ពួកណាស៊ីសរបស់អាឡឺម៉ង់ ដែលជ័យជំនះមួយនេះបាននាំឲ្យមានការបញ្ចប់សង្គ្រាមលោកលើកទី ២ ផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា នៅក្នុងថ្ងៃទី ៩ ខែឧសភា ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសរុស្ស៊ីតែងមានការរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម ដើម្បីរម្លឹកថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រនេះ។ ប្រភពដដែលនេះក៏បានបន្ថែមផងដែរថា ការប្រកាសអំពីកាលបរិច្ឆេទនៃការបិទបញ្ចប់សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ីនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលគេបានកត់សម្គាល់ឃើញថា មានទាហ៊ានរុស្ស៊ីជាច្រើនបានរងរបួសនិងត្រូវបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសរុស្ស៊ី ខណៈមានមន្ទីរពេទ្យខ្លះបានផ្ទុកជនរងគ្រោះពេញលើសចំណុះទៀតផង។ គួររម្លឹកផងដែរថា រុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយគិតត្រឹមពេលនេះគឺសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាង ១ខែមកហើយ៕ ដោយ៖ ខ្មែរណូត

ប្រទេសលោកខាងលិច រួបរួមគ្នាគាំទ្រអ៊ុយក្រែន និងស្វែងរកយុទ្ធសាស្ត្របន្ថែមដើម្បីបំផ្លាញ លោក ពូទីន

Khmerpress March 26, 2022 26/03/2022

(ប្រ៊ុចសែល)៖ មេដឹកនាំប្រទេសលោកខាងលិចបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីពង្រឹងកងកម្លាំងរបស់ពួកគេនៅលើផ្នែកខាងកើតរបស់អឺរ៉ុប បង្កើនជំនួយយោធាដល់អ៊ុយក្រែន និងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីដែលមិនធ្លាប់មានពីមុនមក អង្គការណាតូ ប្រទេសអ្នកមាន G7 និងមេដឹកនាំអឺរ៉ុប បានស្វែងរកដំណោះស្រាយជម្លោះដ៏ធំបំផុតរបស់ទ្វីបនេះ ចាប់តាំងពីសង្រ្គាមបាល់កង់នៃទសវត្សរ៍ឆ្នាំ១៩៩០។ អង្គការណាតូបានប្រកាសក្រុមប្រយុទ្ធថ្មី សម្រាប់បញ្ជូនទៅប្រទេសចំនួនបួននៅអឺរ៉ុបខាងកើត ខណៈដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានពង្រីកការដាក់ទណ្ឌកម្មដើម្បីសម្រេចគោលដៅថ្មី ក្នុងរួមទាំងស្ត្រីនៅទីក្រុងឡុងដ៍ម្នាក់ ដែលត្រូវបាននិយាយថា ជាកូនស្រីចុងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ផងដែរ។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រាប់សភាអឺរ៉ុបថា «យើងត្រូវតែធានាថា ការសម្រេចចិត្តឈ្លានពានប្រទេសឯករាជ្យអធិបតេយ្យមួយ នឹងត្រូវតែជាការបរាជ័យជាយុទ្ធសាស្ត្រ ដែលនាំមកជាមួយនូវការចំណាយដ៏អាក្រក់សម្រាប់លោក ពូទីន និងរុស្ស៊ី»។ គួរបញ្ជាក់ថា ប្រទេសជាច្រើនបានប្រកាសផ្តល់ជំនួយយោធា និងមនុស្សធម៌ថ្មីដល់ប្រទេសអ៊ុយក្រែន រួមទាំងការសន្យាទទួលយកជនភៀសខ្លួនផងដែរ។ ហើយសហភាពអឺរ៉ុប ក៏បានកំណត់គោលដៅដើម្បីផ្តាច់ខ្លួនចេញពីពឹងផ្អែកលើថាមពលរុស្ស៊ីទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងប្ដឹងទារសំណង ២៤ លានដុល្លារ ប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន និងបុគ្គលជាច្រើននាក់ទៀត

Khmerpress March 26, 2022 26/03/2022

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងដ៏ធំសម្បើមមួយ កាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន គណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងមនុស្សចំនួន ២៦ នាក់ផ្សេងទៀត ក៏ដូចជាអង្គភាពនានា ដែលរូបគាត់បានអះអាងថា បានសមគំនិតគ្នាធ្វើឱ្យខូចដល់យុទ្ធនាការឃោសនាបោះឆ្នាំ២០១៦ របស់គាត់ ជាមួយនឹងការចងភ្ជាប់រូបគាត់ទៅនឹងប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ ពាក្យបណ្តឹងនោះបានដាក់ឈ្មោះបុគ្គលជាច្រើន ដោយរួមទាំងអតីតនាយក FBI លោក James Comey និងមន្រ្តី FBI ផ្សេងទៀត, ចារកម្មអង់គ្លេសចូលនិវត្តន៍លោក Christopher Steele និងសហការីរបស់គាត់ និង​ទីប្រឹក្សា​យុទ្ធនាការ​លោកស្រី គ្លីនតុន មួយក្ដាប់តូចបន្ថែមទៀត។ លោក ដូណាល់ ត្រាំ បានចោទប្រកាន់បុគ្គល និងអង្គភាពទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយនិយាយថា ពួកគេបានសមគំនិតគ្នាប្រឆាំងនឹងរូបលោក។ នៅពាក្យបណ្តឹងដែលមានចំនួន ១០៨ទំព័រ ដែលដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋផ្លរីដាបាននិយាយថា៖«ក្រោមការដឹកនាំស្រាវជ្រាវរបស់បក្សប្រឆាំង ការវិភាគទិន្នន័យ និងយុទ្ធសាស្ត្រនយោបាយផ្សេងទៀត បានបង្ហាញថា ចុងចោទបានស្វែងរកដោយចេតនា ដើម្បីបំបាក់ទំនុកចិត្តរបស់សាធារណជន។ ពួកគេបានធ្វើការរួមគ្នាជាមួយនឹងគោលបំណងតែមួយ បម្រើខ្លួនឯង៖ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ […]

ថៃសម្រេចឲ្យអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កត្រឹម ៥ថ្ងៃប៉ុណ្ណោះ

Khmerpress March 25, 2022 25/03/2022

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់ក្រុមអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពី ១០ថ្ងៃ មកសល់ត្រឹម ៥ថ្ងៃប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនាម្សិលមិញនេះ។ ជាងនេះទៅទៀតអ្នកដំណើរទាំងអស់ក៏លែងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយម៉ាស៊ីន PCR មុនពេលឡើងយន្តហោះមកកាន់ប្រទេសថៃដែរ តែត្រូវធ្វើតេស្តម្តងមុនពេលអាជ្ញាធរថៃសម្រេចឲ្យពួកគាត់ចាកចេញពីសណ្ឋាគារដែលពួកគាត់បានសម្រាកដើម្បីធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ថ្ងៃទី ១​ ខែមេសា ខាងមុខនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរថៃ។ បើតាមអាជ្ញាធរថៃបាបញ្ជាក់ថា ការសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យក្រុមអ្នកដំណើរអន្តរជាតិមកកំសាន្តនៅក្នុងប្រទេសថៃ ជាពិសេសគឺនៅក្នុងឱកាសដែលប្រទេសថៃត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬ សង្ក្រាន្តថៃនៅពាក់កណ្តាលខែមេសាខាងមុខនេះ៕ ដោយ៖ ខ្មែរណូត

ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើអ៊ុយក្រែន មានអត្រាបរាជ័យដល់ទៅ ៦០ភាគរយ, នេះបើតាមមន្ត្រីអាមេរិក

Khmerpress March 25, 2022 25/03/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានវាយតម្លៃថាការវាយប្រហារដោយគ្រាប់មីស៊ីលកំណត់គោលដៅជាក់លាក់មួយចំនួន របស់រុស្ស៊ីលើអ៊ុយក្រែន មានអត្រាបរាជ័យដល់ទៅ ៦០ភាគរយឯណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពផ្ដាច់មុខ ដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក៣នាក់ ដែលបាន ដឹងពីការវាយតម្លៃនេះដែលអាចពន្យល់បានមួយផ្នែកថាតើហេតុអ្វីបានជារុស្ស៊ីបរាជ័យក្នុងការសម្រេចគោលបំណងយោធារបស់ខ្លួនខណៈការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី លើកងទ័ពអ៊ុយក្រែន ត្រូវបានក្រុមមន្ត្រីលោកខាងលិចសន្និដ្ឋានថាកំពុងជាប់គាំងស្ទើរគ្រប់សមរភូមិមុខ។ មន្ត្រីអាមេរិកទាំង៣នាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមិនបានបង្ហាញភស្តុតាងដើម្បីគាំទ្រការអះអាងខាងលើឡើយ ហើយក៏មិនបានបញ្ជាក់ ថាតើមកពីមូលហេតុអ្វីឱ្យប្រាកដ ធ្វើឱ្យការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមានអត្រាបរាជ័យខ្ពស់បែបនេះ។ ចំណែកឯ ខាងក្រសួងការពារជាតិ រុស្ស៊ីក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ តែវិមានក្រឹមឡាំងធ្លាប់បាននិយាយថាប្រតិបត្តិការយោធាពិសេសរបស់លោក ពូទីន ដំណើរការទៅមុខតាម ផែនការគ្រោងទុក។ គួរបញ្ជាក់ថា ក្រុមមន្ត្រីការពារជាតិអាមេរិក នៅក្នុងសប្ដាហ៍នេះបានបង្ហើបថាមន្ទីរបញ្ចកោណ បានវាយតម្លៃថារុស្ស៊ីបានបាញ់មីស៊ីលគ្រប់ប្រភេទ ច្រើនជាង ១,១០០គ្រាប់ វាយប្រហារលើអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ប៉ុន្តែមិនបានបញ្ជាក់ថាតើមានមីស៊ីល ប៉ុន្មានគ្រាប់ដែលវាយប្រហារចំគោលដៅ ហើយប៉ុន្មានគ្រាប់ខុសគោលដៅនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិក ហាមប្រជាជនមិនឱ្យទិញ ឬ ធ្វើប្រតិបត្តិការផ្សេងៗទាក់ទងនិងមាសរបស់រុស្ស៊ីឡើយ

Khmerpress March 25, 2022 25/03/2022

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបទបញ្ជាហាមឃាត់ពលរដ្ឋខ្លួន មិនឱ្យទិញ ឬ ធ្វើប្រតិបត្តិការផ្សេងៗទាក់ទងនិងមាសរបស់រុស្ស៊ីឡើយ។ ប្រតិបត្តិការមាសរវាងជនជាតិអាមេរិក និងរុស្ស៊ីត្រូវបានហាមឃាត់ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានលើកឡើងពីបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ។ នាយកដ្ឋានរតនាគារបាននិយាយថា៖ “ប្រជាជនអាមេរិកត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងប្រតិបត្តិការណាមួយ – រួមទាំងប្រតិបត្តិការទាក់ទងនឹងមាស – ពាក់ព័ន្ធនឹងធនាគារកណ្តាលនៃសហព័ន្ធរុស្ស៊ី មូលនិធិទ្រព្យសម្បត្តិជាតិនៃសហព័ន្ធរុស្ស៊ី ឬក្រសួងហិរញ្ញវត្ថុនៃសហព័ន្ធរុស្ស៊ី” ។ ការជូនដំណឹងនេះ បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សម្រាប់​រូបិយប័ណ្ណ​របស់​ប្រទេស​រុស្ស៊ី ដែល​អាច​ត្រូវ​បាន​ជំរុញ​អោយងើបឡើងវិញដោយ​ការ​លក់​មាស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ប្រទេស​នេះ។ រូបិយប័ណ្ឌ ​”រូប” បាន​ធ្លាក់​ចុះ​ខណៈ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ចេញ​បម្រាម​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើ​រុស្ស៊ី​សម្រាប់​ការ​ចាប់ផ្តើម​សង្រ្គាម​ប្រឆាំង​នឹង​អ៊ុយក្រែន​កាលពីខែមុន។ គួរឱ្យដឹងថា ប្រទេសរុស្ស៊ីកាន់កាប់ឃ្លាំងមាសដ៏ធំបំផុតទីប្រាំរបស់ពិភពលោក ដោយការកាន់កាប់លោហៈដ៏មានតម្លៃប្រហែល ២,៣០០ តោននាពេលថ្មីៗនេះមានតម្លៃជិត ១៤០ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ប្រទេស​នេះ​បាន​និង​កំពុង​ពង្រីក​ឃ្លាំង​ស្តុក​មាស​របស់​ខ្លួន​ក្នុង​គោល​បំណង​ធ្វើ​ជា​គោលនយោបាយ​ធានា​រ៉ាប់រង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស៕ ដោយ៖ ខ្មែរណូត

រដ្ឋបាលទីក្រុងបាងកកកំពុងពិចារណា លើសំណើសុំឱ្យមានការលេងជះទឹក និងប៉ាតម្ស៉ៅក្នុងអំឡុងពេលសង្ក្រាន្តឆ្នាំថ្មី

Khmerpress March 25, 2022 25/03/2022

រដ្ឋបាលទីក្រុងបាងកក (BMA) នឹងពិចារណាគ្នានៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះ ថាតើត្រូវអនុញ្ញាតឱ្យមានសកម្មភាពលេងបាញ់ទឹក នៅលើផ្លូវ Khao San ក្នុងអំឡុងពេលសង្ក្រាន្តចូលឆ្នាំថ្មី តាមការស្នើសុំរបស់ប្រតិបត្តិករអាជីវកម្មដែរ ឬទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ ប្រតិបត្តិករអាជីវកម្មនៅផ្លូវ Khao San ដែលជាតំបន់ប្រមូលផ្ដុំអ្នកទេសចរណ៍ដ៏ពេញនិយម និងកន្លែងទេសចរណ៍ក្នុងខេត្តផ្សេងទៀតដូចជា ឈៀងម៉ៃ, ភូកេត និង ប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ញត្តិរួមគ្នាមួយ ទៅកាន់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) ដើម្បីសុំឱ្យមានការបន្ធូរបន្ថយលើការហាមឃាត់នេះ។ គួររំលឹកផងដែរថា CCSA បានបើកភ្លើងបៃតងឱ្យមានការប្រារព្ធបុណ្យសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែហាមឃាត់មិនឱ្យមានការលេងជះទឹក ឬ ប៉ាតម្ស៉ៅនោះឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ COVID-19 ។ ប្រតិបត្តិករអាជីវកម្មនៅតាមបណ្តោយផ្លូវ Khao San បានត្អូញត្អែរថា វិធានការនេះនឹងធ្វើឱ្យពួកគេបាត់បង់ប្រាក់ចំណូល ខណៈដែលផ្លូវ Khao San ជាទូទៅត្រូវបានគេស្គាល់ថា ជាបណ្ដោយផ្លូវដែលមានការលេងបាញ់ទឹក និងប៉ាតម្ស៉ៅ ដ៏ធំបំផុតមួយនៅទីក្រុងបាងកក។ ស្មៀនក្រុងលោក Khachit Chatchawanit បាននិយាយថា គណៈកម្មាធិការជំងឺឆ្លងនៅទីក្រុងបាងកកនឹងជួបប្រជុំគ្នា […]

អង់គ្លេសចោទថា រុស្ស៊ីបញ្ជូនទាហានស៊ីឈ្នួល ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើឃា.តលោក ហ្សេលេនស្គី

Khmerpress March 25, 2022 25/03/2022

(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ក្រុមហ៊ុនជ្រើសរើសទាហានស៊ីឈ្នួលរុស្ស៊ីឈ្មោះថា Wagner Group ទទួលបានបញ្ជាពីទីក្រុងម៉ូស្គូ ឱ្យចូល ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងធ្វើឃាតលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Wall Street Journal នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ រដ្ឋាភិបាលអង់គ្លេស ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងពេលប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Wagner Group កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយ មិនបានបង្ហាញភស្តុតាង ឬបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ ដោយឡែក ក្រសួងការពារជាតិអង់គ្លេស ក៏បានឱ្យដឹងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដែរថា ទាហានស៊ីឈ្នួលរុស្ស៊ីមកពីក្រុមហ៊ុន Wagner បានចូលទៅក្នុងប្រទេសអ៊ុយក្រែនហើយជាមួយគោលដៅធ្វើឃាតមន្ត្រីកំពូលៗរបស់អ៊ុយក្រែន ក្នុងនោះ រួមមានទាំងលោក ហ្សេលេនស្គីផងដែរ។ ប៉ុន្តែ រុស្ស៊ីធ្លាប់បានច្រានចោលការចោទប្រកាន់បែបនេះ។ គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយសង្រ្គាមផ្ទុះឡើង, លោក ហ្សេលេនស្គីផ្ទាល់បានអះអាងថារុស្ស៊ីបានកំណត់រូបលោកជាគោលដៅទី១ ហើយក្រុមគ្រួសារ របស់លោកជាគោលដៅទី២៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មដោយមានគោលដៅលើកម្មវិធីមីស៊ីល របស់កូរ៉េខាងជើង

Khmerpress March 25, 2022 25/03/2022

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីចំនួន ២ និងអង្គភាពមួយរបស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការផ្ទេរសម្ភារៈចាំបាច់សម្រាប់កម្មវិធីមីស៊ីលកូរ៉េខាងជើង។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ី ចំនួន២ ដែលជាប់ទណ្ឌកម្ម រួមមានក្រុមហ៊ុន Ardis Group of Companies LLC និងក្រុមហ៊ុន PFK Profpodshipnik LLC។ ចំណែកឯ អង្គភាពមួយ របស់កូរ៉េខាងជើងដែលជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែរនោះ គឺការិយាល័យកិច្ចការបរទេសនៃបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិទី២ ខណៈ ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ អ៉ីហ្គ័រ អាឡិចសាន់ដ្រូវិច មីឈូរីន (Igor Aleksandrovich Michurin) និងជនជាតិកូរ៉េខាងជើងឈ្មោះ រី ស៊ុន ឈុល (Ri Sung Chol) ក៏ត្រូវជាប់ទណ្ឌកម្មនេះដែរ។ គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្នុងថ្ងៃតែមួយដែលកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក៕ […]

កូរ៉េខាងជើង អះអាងថាមីស៊ីល ICBM ដែលទើបត្រូវបានធ្វើតេស្ដ គឺជាការត្រៀមប្រឈមមុខរយៈពេលវែងជាមួយសហរដ្ឋអាមេរិក

Khmerpress March 25, 2022 25/03/2022

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី មួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណៈប្រឈមមុខរយៈពេលវែងជាមួយចក្រពត្តិអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវបានគេរាយការណ៍ថា អាចហោះនៅរយៈកម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយជាងមីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកន្លងមក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថាវាជាប្រភេទមីស៊ីលវ៉ាសុង-១៧ (Hwasong-17) ដែលត្រូវបានធ្វើតេស្ដក្រោម ការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយមីស៊ីលនេះអាចហោះបានក្នុងរយៈកម្ពស់អតិបរមា ៦,២៤៨.៥គីឡូម៉ែត្រ និងចម្ងាយ ១,០៩០គីឡូម៉ែត្រ ពីគោលដៅដែលបានកំណត់។ គួរបញ្ជាក់ថា បើតាម KCNA, Hwasong-17 គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងជើងសម្ញែងជាលើកដំបូងក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ២០២០ និងត្រូវបានអ្នកជំនាញខ្លះដាក់រហ័ស្សនាមឱ្យថា «មីស៊ីលបិសាច»៕​ ផ្តល់សិទ្ធិដោយ៖ freshnews […]