ថៃ៖ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសារព័ត៌មានក្នុងស្រុកថៃជាច្រើនបានចុះផ្សាយ ករណីកញ្ញា Pinky Savika ដែលជាតារាសម្តែងស្រីដ៏ល្បីឈ្មោះលំដាប់កំពូលមួយរូប និងសមាជិកគ្រួសារចំនួន២នាក់ទៀត (បងប្រុស និងម្តាយ) ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ពីបទឆបោកលុយគេតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានបាតឯណោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឲ្យដឹងទៀតថា នៅក្នុងករណីឆបោកទឹកប្រាក់ដល់ទៅជាង២ពាន់លានបាតនោះ មានអ្នកចូលរួមដល់ទៅចំនួន ១៩នាក់ ដែលសុទ្ធតែជាតារាចម្រៀង តារាសម្តែងល្បីៗ និងក្រុមមនុស្សដែលមានឋានៈខ្ពស់ ក្រុមមនុស្សនៅសង្គមហាយសូ មានមុខមានមាត់ក្នុងសង្គម។ ជុំវិញករណីនេះផងដែរ ប្រជាជនសរុបដែលត្រូវបានរងគ្រោះដោយសារការបោកប្រាស់មានចំនួន ៩.៨២៤នាក់ ដោយគិតជាទឹកប្រាក់ដែលបានខូចខាតសរុប ២,៤៨៩,៨២០,៣២១.៥២ បាត ឬជិត៧០លានដុល្លាអាមេរិក។ តាមការរាយការណ៍ពីសារព័ត៌មានថៃដដែលបានឲ្យដឹងទៀតថា ក្រោយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កញ្ញា Pinky Savika និងក្រុមគ្រួសារ បានស្នើសុំធានានៅក្រៅឃុំដែរ ប៉ុន្តែតុលាការមិនអនុញ្ញាតនោះឡើយ ដោយសារតែទម្ងន់ទោសមានធ្ងន់ពេក ហើយមានបទចោទប្រកាន់ច្រើន ទើបតុលារសម្រេចមិនអនុញ្ញាតឲ្យធានានៅក្រៅឃុំនោះទេ។ គួរបញ្ជាក់ផងដែរថា ល្បិចនៃការឆបោកលុយខាងលើនោះ គឺជាការបញ្ចុះបញ្ចូលមហាជនឲ្យដាក់លុយវិនិយោគលុយក្នុងការរកស៊ីជួញដូររូបិយប័ណ្ណបរទេស (Foreign Exchange) តាមរយៈគេហទំព័រ (Forex-3D) ហើយរំពឹងទទួលបានប្រាក់ចំណេញមកវិញច្រើន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត