(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងមុខងារសាធារណៈ។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋលេខាប្រចាំការក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោកស្រី ជាឧត្តមភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង ដែលត្រូវទទួលប្រកាសថ្មី ព្រមទាំងលោក លោកស្រីជាច្រើនរូប។ លោក ហ៊ុន ម៉ានី បានថ្លែងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានចំនួន១០,៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩,៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រីសរុបនៅទូទាំងប្រទេសមានចំនួន៩៥,៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧,៨៥១នាក់ ពោលគឺស្មើនឹង៤២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា គិតពីឆ្នាំ២០១៩ ដល់ត្រឹម ត្រីមាសទី១ នៃឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេចក្នុងវិស័យមុខងារសាធារណៈមានការកើនឡើងជាបន្តបន្ទាប់ពី ២៥% ដល់ ២៧%។ ទន្ទឹមនេះចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនពី ៤០% ដល់ […]