(ភ្នំពេញ)៖ ធនាគារពិភពលោក នៅថ្ងៃទី២២ ខែមិថុនានេះ បានអនុម័តការវិនិយោគថ្មីមួយទៀត សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១១៣,០០០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របសធនាគារពិភពលោក «គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា» (Cambodia Water Security Improvement Project) នឹងធ្វើឲ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹង ហានិភ័យអាកាសធាតុ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «គម្រោងនេះនឹងជួយប្រទេសកម្ពុជា ឲ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន»។ លោកស្រីបានបន្ថែមថា «ការវិនិយោគនៅពេលនេះ ទៅលើភាពធន់ទៅនឹងអាកាសធាតុ, ការធ្វើផែនការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យកាន់តែប្រសើរឡើង មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់សេវាទឹករយៈពេលវែង ផងដែរ»។ ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេស បានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង និងនៅតាមទីជនបទ។ ព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា ទឹកជំនន់ និងភាពគ្រោះរាំងស្ងួត នឹងមានកាន់តែញឹកញាប់ និងសភាពកាន់តែធ្ងន់ធ្ងរ […]