(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជាង ២២ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង១២.៩% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជិត ២០ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ របាយការណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេច២២.៣៨ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៤៦.៩៩ពាន់លានដុល្លារ កើនឡើង១៤.៨%។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ ៩.២ពាន់លានដុល្លារ កើនឡើង២២%។ បន្ទាប់មក គឺវៀតណាម មានតម្លៃ២.៩ពាន់លានដុល្លារ កើនឡើង៧.៨%, ចិនជាង ១ពាន់លានដុល្លារ, ជប៉ុនជាង ១ពាន់លានដុល្លារ, អេស្ប៉ាញជាង ៨៧៥លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលីជាដើម។ […]