ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់ ស្នេីក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) ភ្ជាប់ជើងហោះហើរត្រង់ជប៉ុន-កម្ពុជា

Nisaiy KP September 28, 2025 28/09/2025

(ជប៉ុន)៖ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នាថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២៥ នៅពន្លាទេ​សចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។ ​រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះដែលបានហោះហើរចំនួន ២២០គោលដៅនៅប្រទេស ចំនួន៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់ Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ខ្លួន។ រដ្ឋមន្រ្តី ហួត ហាក់ ក៏បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យលទ្ធភាពហោះហើរផ្ទាល់ និងត្រង់មកកម្ពុជាតែម្តង ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងអប់រំ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ដើម្បីបំប៉នសមត្ថភាពសិស្សលើមុខវិជ្ជាវិទ្យាសាស្រ្ត សម្រាប់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ

Nisaiy KP September 28, 2025 28/09/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ (LIVE) ចាប់ពីថ្ងៃទី២៩ ខែញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដោយឥតគិតថ្លៃ លើមុខវិជ្ជាចំនួន៤ រួមមាន៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា សម្រាប់សិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលដៅនៃកម្មវិធីបង្រៀននេះ គឺដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។ ជារៀងរាល់ឆ្នាំមានបេក្ខជនប្រមាណ ៤ ០០០នាក់ បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយជិត ៤០០០នាក់ទៀត ក៏ត្រូវដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រៅពីនេះដេប៉ាតឺម៉ង់គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជន ដាក់ពាក្យប្រឡងចូលរៀនច្រើន។ អាស្រ័យហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ ដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរ […]

ទេសរដ្ឋមន្រ្តី លី ធុជ៖ ការរីកចម្រើនរបស់វិស័យដឹកជញ្ជូននិងឡូជីស្ទីក នាពេលនេះ ដោយសារកម្ពុជាទទួលបានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ

Nisaiy KP September 28, 2025 28/09/2025

(ភ្នំពេញ)៖ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបលើកទី៧ រវាងម្ចាស់អាជីវកម្ម សហគ្រាស នាំចេញ នាំចូល ឡូជីស្ទីក និងដឹកជញ្ជូន របស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល។ ក្នុងជំនួបលើកទី៧នោះ លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ ផ្អែកលើសន្តិភាព និងស្ថិរភាព ទទួលបាន រាជរដ្ឋាភិបាល ពីមួយជំនាន់ទៅមួយជំនាន់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំ នូវគោលនយោបាយវិស័យដឹកជញ្ជូននិងឡូជីស្ទីក ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងនោះរួមទាំងការជួយសម្រួលដល់ដំណើរការបំពេញបែបបទ និងនីតិវិធីពាក់ព័ន្ធផ្សេងៗទៀតផង។ លោកបណ្ឌិត លី ធុជ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមពាណិជ្ជករដឹកជញ្ជូន […]

ក្រសួងព័ត៌មាន៖ ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬពលរដ្ឋខ្មែរដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមលើកឡើងនោះទេ

Nisaiy KP September 28, 2025 28/09/2025

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ក្រសួងព័ត៌មានសូមប្រកាសបដិសេធ ព័ត៌មានបែបនេះ និងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។ ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។ សូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ និងសូមចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស

Nisaiy KP September 28, 2025 28/09/2025

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស ដើម្បីលើកកម្ពស់ការចុះបញ្ជីម៉ាក ឱ្យមានប្រសិទ្ធភាព និងឱ្យកាន់តែមានភាពងាយស្រួល ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ការដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) នឹងផ្តើមចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ ប្រព័ន្ធនេះ នឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយ រាល់ឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម ជូនម្ចាស់ម៉ាក ឬភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថល៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ផ្ដល់ជំនួយ ១០ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តព្រះវិហារ ជួយដល់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ

Naren September 27, 2025 27/09/2025

(ភ្នំពេញ)៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកជំនួយជាថវិកាចំនួន ១០ម៉ឺនដុល្លារ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក វ៉ាង វិនប៊ីន បានបង្ហោះរូបភាព និងខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនថា «ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែន កម្ពុជា-ថៃ»។ បន្ថែមពីនោះទៀត លោកសង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែន នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណងនេះ៕ ផ្ដល់សិទ្ធិដោ៖ Fresh News

អ្នកនាំពាក្យក្រសួងសាធារណការ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅកំណាត់ផ្លូវជាតិលេខ៧៦(លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកហើយ

Naren September 27, 2025 27/09/2025

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ ៧៦(លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយនៅសល់តែជាង ១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ។ លោក ផន រឹម បានបន្ថែមទៀត ថា ជាមួយនឹងទឹកជំនន់នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយបានបន្តផ្អាកជាបណ្តោះអាសន្នរថយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ ដើម្បីការពារតួផ្លូវ ស្ពាន និងអនុញ្ញាតឱ្យឆ្លងកាត់សម្រាប់តែរថយន្តធុនតូចលក្ខណៈគ្រួសារ និងមធ្យោបាយធុនស្រាលដទៃទៀតប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោ៖ Fresh News

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បង្ហាញពីមហិច្ឆិតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ ជាអតិបរិមាក្នុងស្ថាប័នរដ្ឋ ដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ

Naren September 27, 2025 27/09/2025

(ភ្នំពេញ)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថល ចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានលើកអំពីកិច្ចការងារធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថល ដែលនឹងចូលរួមដ៏សកម្មក្នុងការប្រែក្លាយ របៀបរបបការងារពីបែបប្រពៃណីទៅជាការធ្វើការងារតាមបែបទំនើប កាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ដោយសារការរីកចម្រើននេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមហិច្ឆិតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ ជាអតិបរិមាក្នុងស្ថាប័នរដ្ឋ ដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ។ បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ ទៅលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយរាប់បញ្ចូលទាំងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសិស្ស-និស្សិត សំដៅកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា។ លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការទាំងអស់ ជាពិសេសជំនាញឌីជីថល និងលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹង ដែលបានទទួលពីការបណ្តុះបណ្តាលនាពេលនេះ ទៅប្រើប្រាស់ជាប្រយោជន៍ក្នុងស្ថាប័នរបស់ខ្លួន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕ ផ្ដល់សិទ្ធិដោ៖ Fresh News

អាម៉េរិកផ្តួចផ្តើមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងឆ្ពោះទៅប្រក្រតីភាពឡើងវិញរវាងកម្ពុជា-ថៃ

Naren September 27, 2025 27/09/2025

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ ដែលមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ក្រសួងការបទេសកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំ ១+៣នេះ ជាការផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕ ផ្ដល់សិទ្ធិដោ៖ Fresh News

ប្រមុខការទូតកម្ពុជា ប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង

Naren September 27, 2025 27/09/2025

(អាមេរិក)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ នៅក្នុងជំនួប ឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕ ផ្ដល់សិទ្ធិដោ៖ Fresh News