ព័ត៌មានអន្តរជាតិ

ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ ផ្តា-ច់ជីវិតមនុស្ស ៩នាក់ និង ២នាក់របួសធ្ងន់

Liny Chan July 30, 2025 30/07/2025

(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា នៅថ្ងៃពុធ ទី៣០ ខែកក្កដានេះ មានករណីផ្ទុះរោងចក្រផលិតកាំជ្រួចនៅភាគកណ្តាលប្រទេស បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ Khaosod។ ហេតុការណ៍ផ្ទុះរោងចក្រខាងលើ បានកើតមានឡើង កាលពីខ្ទង់វេលាម៉ោង១១ព្រឹកថ្ងៃពុធនេះ នៅស្រុក Mueang នៃខេត្ត Suphan Buri ភាគខាងជើងទីក្រុងបាងកក។ អាជ្ញាធរខេត្ត Suphan Buri បានឱ្យដឹងនៅលើបណ្តាញសង្គមថា មនុស្ស៩នាក់បានស្លាប់ និង២នាក់ទៀតបានទទួលរងរបួសធ្ងន់ធ្ងរ ខណៈក្រុមអ្នកស៉ើបអង្កេត កំពុងព្យាយាមកំណត់មូលហេតុ ដែលនាំឱ្យមានការផ្ទុះ។ គួរបញ្ជាក់ថា ហេតុការណ៍ឆាបឆេះឬផ្ទុះរោងចក្រ គឺជារឿងកើតមានឡើងញឹកញាប់នៅក្នុងប្រទេសថៃ។ តួយ៉ាង កាលពីឆ្នាំ២០២៤ ករណីផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយផ្សេងទៀត ក្នុងខេត្តដូចគ្នាខាងលើ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៣នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អេក្វាទ័រ ណែនាំឱ្យធ្វើការជម្លៀសទុកមុន ក្រោយការរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រនៅឆ្នេរភាគខាងកើតរុស្ស៉ី

Liny Chan July 30, 2025 30/07/2025

(គីតូ)៖ ប្រទេសអេក្វាទ័រ បានដាក់បទបញ្ជាឱ្យមានការជម្លៀសទុកជាមុន ចេញពីឆ្នេរសមុទ្រ កំពង់ផែ និងតំបន់ទំនាប នៅក្នុងប្រជុំកោះ Galapagos បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានAFP នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ ២០២៥។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន​ អង្គភាពទទួលបន្ទុកតាមដានហានិភ័យរបស់ប្រទេសអេក្វាទ័រ បានឱ្យដឹងថា «ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានដាក់សម្រាប់តំបន់ Insular (ប្រជុំកោះ Galapagos) ដោយតម្រូវឱ្យផ្អាកសកម្មភាពដែនសមុទ្រជាបន្ទាន់ ក៏ដូចជាធ្វើការជម្លៀសទុកជាមុនចេញពីឆ្នេរ កំពង់ផែ និងតំបន់ទំនាប»។ គួរបញ្ជាក់ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីក្នុងតំបន់របស់រុស្ស៉ី បាននិយាយថា ការរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ គឺជាកម្រិតខ្លាំងក្លាបំផុតមួយ គិតចាប់តាំងពីឆ្នាំ ១៩៥២។ ការរញ្ជួយដីនេះបានជំរុញឱ្យប្រទេសមួយចំនួន ចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដូចជាជប៉ុន ហ្វីលីពីន ឥណ្ឌូណេស៉ី និងប៉េរូ។ រីឯ ម៉ិកស៉ិកបានណែនាំឱ្យពលរដ្ឋ ចៀសវាងការធ្វើដំណើរទៅកាន់ឆ្នេរប៉ាស៉ីហ្វិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទឹកទន្លេហក់ឡេីង​ជន់លិចសហគមន៍ប្រជាជន នៅខេត្តឈាងរ៉ៃ ប្រទេសថៃ

Liny Chan July 28, 2025 28/07/2025

(CHIANG RAI)៖​ ទឹកទន្លេ Sai បានហក់ឡើងនៅព្រឹកថ្ងៃចន្ទ ទី២៨​ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយបានជន់លិចសហគមន៍ក្នុងស្រុក ព្រំដែនស្រុក​Mae Sai នៃខេត្តឈាងរ៉ៃ​ប្រទេសថៃ​នាំឱ្យមានការបញ្ជាឱ្យជម្លៀសចេញសម្រាប់តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ផ្សេងទៀត ចំពោះមុខការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត​។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត​Bangkok Post។ ទឹកទន្លេបានហូរជន់លិចផ្សារ Sai Lom Joy យ៉ាងរហ័ស ដែលប៉ះពាល់ដល់អាជីវករ និងអ្នកស្រុក។ ប្រជាពលរដ្ឋបាននាំគ្នារបស់របរដាក់ថង់ធំៗ ដើម្បីទប់ទឹកមិនឱ្យហូរចូលផ្ទះរបស់ពួកគេ ខណៈអាជ្ញាធរជួយជម្លៀសមនុស្សចាស់ និងអ្នកជំងឺ។ នាយកដ្ឋានឧតុនិយមភាគខាងជេីងថៃ​បាននិយាយថា ភាគខាងជើងខាងលើត្រូវបានគេរំពឹងថា នឹងរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ជាពិសេសនៅខេត្ត​Chiang Rai, Phayao and Nan ដែលកំពុងរងគ្រោះស្រាប់ដោយទឹកជំនន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកស្រុកភាគខាងជេីងប្រទេសថៃ​ និយាយថាទឹកជំនន់ឆ្នាំនេះអាក្រក់បំផុតមិ​នធ្លាប់មាន

Liny Chan July 28, 2025 28/07/2025

(Nan)៖​ ស្ថានភាពទឹកជំនន់នៅភាគខាងជើងប្រទេសថៃក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានបង្កការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះ Wipha។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត​ Bangkok Post​ នៅថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​ ២០២៥។ ទឹកជំនន់នេះបានកេីតឡេីងនៅឯស្រុកភាគខាងជើងបំផុតនៃខេត្ត Nan កាលពីសប្តាហ៍មុន​ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបណ្តាលមកពីសំណល់នៃព្យុះ Wipha។ អ្នក​ស្រុក​បាននិយាយ​ថា វា​ជា​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ដែល​ពួក​គេ​មិន​ធ្លាប់​ជួប។ សំណល់នៃព្យុះរួមផ្សំនឹងខ្យល់មូសុងនិរតី​ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងពាសពេញខេត្តនានា រួមមាន Nan, Chiang Rai, Phayao, Lampang, Chiang Mai, Mae Hong Son, Phrae និង Loei។ តាមទីភ្នាក់ងារការពារ និងកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ថៃ ទឹកជំនន់ និងការបាក់ដីចាប់តាំងពីថ្ងៃទី២១ ខែកក្កដា បានប៉ះពាល់ដល់មនុស្សចំនួន ៣៣​ ៩០០គ្រួសារ​នៅទូទាំង ៥០ស្រុក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីស្ដីទីថៃ ទទូចចង់ចរចាទ្វេភាគីជាមួយកម្ពុជា តែមិនចង់ឃើញអន្តរាគមន៍ពីប្រទេសទី៣

Nisaiy KP July 27, 2025 27/07/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា បាននិយាយថាថៃចង់ជួបពិភាក្សាទ្វេភាគី ជាមួយកម្ពុជា និងមិនចង់ឱ្យមានអន្តរាគមន៍ពីប្រទេសទី៣នោះទេ ក្នុងការដោះស្រាយជម្លោះនៅព្រំដែនដែលកំពុងផ្ទុះឡើងរវាងប្រទេសទាំង២។ នេះបើតាមកាសែតថៃ The Nation ចេញផ្សាយនៅរសៀលថ្ងៃនេះ។ លោក Phumtham ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងក្រោយរូបលោកអះអាងថា ថៃយល់ព្រមជាគោលការណ៍ លើបទឈប់បាញ់ស្នើឡើងដោយលោក ត្រាំ។ ថ្លែងនៅឯស្ថានីយវិទ្យុ និងទូរទស្សន៍កងទ័ពថៃ លោក Phumtham បានពន្យល់ថាលោក ត្រាំ បានស្នើឱ្យមានបទឈប់បាញ់បន្ទាន់មួយរវាងកម្ពុជា និងថៃ ជាមួយការបន្ថែមថា សហរដ្ឋអាមេរិកនឹងដំណើរការកិច្ចចរចាពាណិជ្ជកម្មនោះទេ ប្រសិនបើការវាយប្រយុទ្ធមិនបញ្ឈប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

នាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham គាំទ្រជាគោលការណ៍លើបទឈប់បា.ញ់របស់ប្រធានាធិបតីអាមេរិក ប៉ុន្តែកងទ័ពថៃនៅបន្តបា.ញ់ប្រហារមកលើកងទ័ពកម្ពុជា

Nisaiy KP July 27, 2025 27/07/2025

(បាងកក)៖ កាសែតថៃ The Nation បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីស្ដីទី លោក Phumtham Wechayachai គាំទ្រជាគោលការណ៍លើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក តែចង់ឃើញការប្ដេជ្ញាចិត្តពិតប្រាកដពីកម្ពុជា។ ការលើកឡើងបែបនេះរបស់លោក Phumtham ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានបទឈប់បាញ់បន្ទាន់មួយ អំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំនៃប្រទេសទាំង២។ ប៉ុន្តែខណៈថៃនៅតែបន្តព្យាយាមចោទប្រកាន់កម្ពុជា និងបង្ហាញពីសញ្ញាមិនទាន់ឆ្អែតក្នុងការឈ្លានពានទឹកដីកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីឆន្ទៈក្នុងការទទួលយកបទឈប់បាញ់ស្នើឡើងដោយលោក ដូណាល់ ត្រាំ ជាមួយការចាត់តាំងឱ្យ ប្រមុខការទូតកម្ពុជាបើកកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ អ្នករាយការណ៍ជាន់ខ្ពស់ Fresh News កំពុងស្ថិតនៅសមរភូមិ នៅសមរភូមិចាក់ច្រែង តាសឹម ភ្នំទ្រព្យ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៖ មកដល់ម៉ោង៩៖៥០នាទីព្រឹកនេះ គ្រាប់កាំភ្លើងនៅតែបន្តលាន់លឺកងរំពងចេញពីសមរភូមិថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា

Nisaiy KP July 27, 2025 27/07/2025

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែ ខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយ ឯកឧត្តមប្រធានាធិបតី Donald Trump ថា កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី២៤ កក្កដា […]

ថៃ ​ព្រមានពីរលកយក្សស៊ូណាមិ​នៅភាគខាងត្បូង​និងភាគខាងកេីតប្រទេស

Liny Chan July 26, 2025 26/07/2025

(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ​បានព្រមានពីហានិភ័យដែលអាចកើតមានរលកយក្សស៊ូណាមិកេីតចេញពីការរញ្ជួយដីដ៏ធំមួយ​នៅប្រទេសហ្វីលីពីន​ ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃតាមឈូងសមុទ្រថៃ។​នេះបេីយោងតាមការចេញផ្សាយដោយការសែត​ The Nation។ ស្ថិតនៅភាគខាងលិចនៃប្រទេសហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង ខ្សែបន្ទាត់ Fault Manila អាចនាំរលកយក្សស៊ូណាមិឆ្ពោះទៅភាគខាងត្បូងឆ្ពោះទៅហ្វីលីពីន និងចុះខ្សោយកម្លាំងមុនពេលមកដល់ថៃ ដោយអាចចូលទៅក្នុងឈូងសមុទ្រថៃ។ ចម្ងាយទៅឈូងសមុទ្រថៃ គឺប្រហែល ១​ ៣០០-១​ ៥០០គីឡូម៉ែត្រ ហើយពេលវេលាមកដល់នៃរលកយក្សស៊ូណាមិក្នុងប្រទេសថៃ អាចស្ថិតនៅចន្លោះពី ១ម៉ោងកន្លះទៅ ២ម៉ោង។​ តំបន់ឆ្នេរថៃ​ ដែលអាចរងផលប៉ះពាល់រួមមាន ខេត្តឈុនបុរី សាមុតប្រាកាន ត្រាត និងរ៉ាយ៉ង៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News