ព័ត៌មានអន្តរជាតិ

BREAKING: ទាហានម៉ារីនថៃ ៣៣នាក់ បាត់ខ្លួន ក្នុងហេតុការណ៍លិចនាវាចម្បាំងមួយគ្រឿង

Khmerpress December 19, 2022 19/12/2022

(បាងកក)៖ យោធាថៃ នៅថ្ងៃចន្ទនេះបានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីតាមស្វែងរកទាហានម៉ារីន ៣៣នាក់ដែលបានបាត់ខ្លួន ក្រោយ នាវាចម្បាំងមួយគ្រឿងលិចនៅតំបន់ឈូងសមុទ្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។ នាវាចម្បាំង៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត ប្រជួបគីរីខន្ធ​ (Prachuap Khiri Khan) ស្ថិតនៅភាគខាងត្បូង ទីក្រុងបាងកក ក្រោយនាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) មានបញ្ហាគ្រឿងម៉ាស៊ីន និងគាំងដំណើរការតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពាក់កណ្ដាលយប់ឈានចូលថ្ងៃចន្ទនេះ នៅចម្ងាយប្រហែល ៣៧គីឡូម៉ែត្រពីតំបន់ឆ្នេរ។ ក្រុមអ្នកជួយសង្រ្គោះបានចាប់ផ្ដើមធ្វើប្រតិបត្តិការទាំងយប់ដែរ នៅក្រោមអាកាសធាតុអាក្រក់ និងជួយសង្រ្គោះមនុស្ស៧៣នាក់ ក្នុងចំណោម១០៦នាក់ ដែលនៅលើ នាវចម្បាំងខាងលើ ខណៈ៣៣នាក់ទៀតបាត់ខ្លួន។ គួរបញ្ជាក់ថា នាវាចម្បាំង អេចធីអឹមអេស សុខោទ័យ (HTMS Sukhothai) ជាប្រភេទនាវាចម្បាំងផលិតដោយសហរដ្ឋអាមេរិក ហើយថៃបានប្រើនាវាចម្បាំងនេះ តាំងតែពីឆ្នាំ១៩៨៧មក ហើយបើតាមអ្នកទាំងកងទ័ពជើងទឹកថៃ នាវាចម្បាំងនេះត្រូវបានរលកសមុទ្រធំៗវាយប្រហារយ៉ាងខ្លាំងរហូតដល់លិចតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

KCNA: កូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ដំណាក់កាលចុងក្រោយ

Khmerpress December 19, 2022 19/12/2022

(សេអ៊ូល)៖ កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដដំណាក់កាលចុងក្រោយ និងដ៏មានសារៈសំខាន់ នៅក្នុងការអភិវឌ្ឍផ្កាយរណបស៊ើបការណ៍ផ្នែកយោធា ដែលទីក្រុងព្យុងយ៉ាងមានផែនការបញ្ចប់ទាំងស្រុងនៅខែមេសា ឆ្នាំ២០២៣។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋបាលអភិវឌ្ឍទីអវកាសជាតិរបស់កូរ៉េខាងជើង បានដឹកនាំការធ្វើតេស្ដខាងលើ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅឯស្ថានីយបាញ់បង្ហោះផ្កាយរណប សូហេ (Sohae) ស្ថិតនៅក្នុងតំបន់ឆុលសាន (Cholsan) នៃខេត្តព្យុងហ្កាន់ ខាងជើង (North Pyongan)។ KCNA បន្ថែមទៀតថារ៉ុក្កែតមួយគ្រាប់បានពាំផ្កាយរណបសាកល្បងមួយ ក្នុងនោះរួមមានបញ្ចូលទាំងកាម៉េរ៉ាជាច្រើនគ្រាប់ ឧបករណ៍បញ្ជូន និងទទួលរូបភាព ឧបករណ៍គ្រប់គ្រង និងស្ដុកថ្ម ជាមួយការបាញ់បង្ហោះក្នុងរយៈកម្ពស់៥០០គីឡូម៉ែត្រ។ ការធ្វើតេស្ដនេះទៀតសោត ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យលើសមត្ថភាព ផ្តិតយករូបភាពរបស់ផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងនៅលើដី ហើយជាមួយគ្នានោះដែរ KCNA ក៏បានបញ្ចេញរូបភាពទីក្រុងសេអ៊ូល និងទីក្រុង អ៉ីនឆ័នរបស់កូរ៉េខាងត្បូងដែលថតដោយផ្កាយរណបនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អស់រយៈពេល៣៦ឆ្នាំ! ទីបំផុត អាហ្សង់ទីន លើកពាន WORLD CUP 2022

Khmerpress December 19, 2022 19/12/2022

(កាតា)៖ ការប្រកួតរវាងអាហ្សង់ទីន និងបារាំង នាយប់ថ្ងៃទី១៨ ខែធ្នូ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដែលមិនអាចបំភ្លេចបាន។ ដោយ អាហ្សង់ទីន បានស្មើ ៣-៣ ជាមួយ បារាំង បន្ទាប់ពី១២០នាទី បន្ទាប់ក៏ឈានដល់វគ្គ បាល់កាត់សេចក្តី។ ហើយ អាហ្សង់ទីន បានយកឈ្នះក្នុងលទ្ធផល ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទី និងឈ្នះពាន World Cup បន្ទាប់ពីរង់ចាំអស់រយៈពេល ៣៦ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ Messi កំពូល​តារា​ឆ្នើម​បំផុត​នៃ​ពិភព​បាល់ទាត់​​បាន​សម្រេច​ក្តី​សុបិន​ដ៏​ធំ​បំផុត​ក្នុង​អាជីព​របស់​គាត់ ដោយបានលើកពាន World Cup ក្រោយពីបានបរាជ័យជាច្រើនដងមក។ ក្រោយពីបញ្ចប់ការប្រកួតនឹងរកឃើញប្រទេសដែលលើកពាននោះ យើងក៏មកដឹងពីពានរង្វាន់បុគ្គលក្នុងព្រឹត្តិការណ៍ World Cup 2022 នៅកាតា ដោយLionel Messi ឈ្នះពានកីឡាករល្អជាងគេ (best player) , Kylian Mbappé អ្នកស៊ុតបញ្ជូលទីច្រើនជាងគេ (Golden Boot), Emiliano Martíne អ្នកចាំទីល្អជាងគេ (Golden […]

អាងចិញ្ចឹមត្រីដ៏ធំរបស់សណ្ឋាគារប៊ែរឡាំងបានផ្ទុះ ដោយត្រីនៅខាងក្នុងចំនួន ១,៥០០ក្បាលងាប់ទាំងអស់

Khmerpress December 17, 2022 17/12/2022

(ប៊ែរឡាំង)៖ អាងចិញ្ចឹមត្រីកម្ពស់១៤ម៉ែតដែលត្រូវបានពិពណ៌ថា ជាអាងចិញ្ចឹមដ៏ធំបំផុតនៅលើពិភពលោក បានផ្ទុះឡើងនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងប៊ែកឡាំងកាលពីព្រឹកថ្ងៃសុក្រ ដោយបានបញ្ជូនទឹកសមុទ្រជិត ២៦៤,០០០លីត្រ និងត្រីត្រូពិចចំនួន ១,៥០០ក្បាលមកកាត់តាមកន្លែងទទួលភ្ញៀវ និងបាចកំទេចកំទីទៅតាមផ្លូវក្បែរនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែឆ្នូ ឆ្នាំ២០២២។ ប៉ូលីសបាននិយាយថា វាមិនច្បាស់ពីអ្វីដែលបណ្តាលឱ្យអាងចិញ្ចឹមត្រីដ៏ធំមួយដែលមានរាងស៊ីឡាំងកម្ពស់ ១៤ម៉ែត្រផ្ទុះ នៅម៉ោងប្រហែល ៥៖០០ព្រឹក (ម៉ោងក្នុងតំបន់) នោះទេ។ ភ្ញៀវនៅសណ្ឋាគារ Radisson Blu បានរាយការណ៍ថា ពេលភ្ញាក់ពីគេងបានលឺសំឡេងផ្ទុះខ្លាំង និងមានអារម្មណ៍ដូចជារញ្ជួយដីតូចមួយ មុនពេលឃើញអាងចិញ្ចឹមត្រីដែលត្រូវបានបំផ្លាញ និងកន្លែងទទួលភ្ញៀវសណ្ឋាគាររងការខូចខាត។ មនុស្សពីរនាក់បានរងរបួសស្រាល ដោយសារបែកកញ្ចក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រីទាំងអស់បានងាប់។ អភិបាលក្រុងប៊ែរឡាំង លោកស្រី Franziska Giffey បាននិយាយថា «វាជារលកយក្សស៊ូណាមិ» ដោយបន្ថែមថា វាជាសំណាងល្អដែលឧបទ្ទវហេតុបានកើតឡើងនៅព្រឹកព្រលឹម នៅពេលដែលមានមនុស្សតិចណាស់នៅជុំវិញនោះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

NATO៖ រុស្ស៊ីតៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើសង្គ្រាមរយៈពេលវែងនៅអ៊ុយក្រែ​ន ដូចនេះពិភពលោកត្រូវបន្តជួយអ៊ុយក្រែនរហូតដល់ពេលដែលលោក ពូទីន អស់ចិត្តថាគាត់មិនអាចយកឈ្នះលើសង្គ្រាមនេះបានទេ

Khmerpress December 17, 2022 17/12/2022

បែលហ្សិក៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO (The North Atlantic Treaty Organization) បានអះអាងថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើសង្គ្រាមរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូនេះ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក Jens Stoltenberg ដែលជានាយកប្រតិបត្តិនៃអង្គការ NATO ខណៈដែលរូបបានធ្វើកិច្ចសម្ភាសន៍មួយជាមួយនឹងការសែត AFP កាលពីថ្ងៃសុក្រម្សិលមិញនេះ។ លោក Jens Stoltenberg នាយកប្រតិបត្តិនៃអង្គការ NATO នៅក្នុងកិច្ចសម្ភាសន៍ពិសេសនោះ លោក Jens Stoltenberg បានពន្យល់ថា គិតត្រឹមពេលនេះគេនៅមិនទាន់បានមើលឃើញពីសញ្ញា ឬតម្រុយណាមួយអាច​បង្ហាញពីការបិទបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេ បើទោះជាសង្គ្រាមបានអូសបន្លាយជិតដល់រយៈពេលជិត ១០ខែហើយក៏ដោយ។ ទន្ទឹមគ្នានេះគេបានមើលឃើញទៀតថា​ ភាគីខាងរុស្ស៊ីហាក់មិនបន្ថយការវាយប្រហារទាល់តែសោះ ខណៈរុស្ស៊ីនៅតែអាចបង្ហាញសមត្ថភាពក្នុងការបន្តធ្វើសង្គ្រាមក្នុងរយៈពេលយូរអង្វែងទៀតផង។ នាយកប្រតិបត្តិអង្គការ NATO រូបនេះបានបន្តទៀតថា នៅចំពោះមុនស្ថានៅភាពបែបននេះប្រទេសដែលជាអ្នកគាំទ្រ NATO ទាំងអស់ត្រូវជួយផ្តល់អាវុធនិងជំនួយទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត និងបន្តជួយផ្តល់រហូតដល់លោក  វ៉្លាឌីមៀ ពូទីន អស់ចិត្តថា រុស្ស៊ីមិនអាចយកឈ្នះលើសង្គ្រាមនេះបានទេ ហើយមានតែការចរចារប៉ុណ្ណោះទើបអាចបិទបញ្ចប់សង្គ្រាមបាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO ប្រកាសអាសន្នពីការខ្វះខាតវ៉ាក់សាំងប្រឆាំងជំងឺអាសន្នរោគ

Khmerpress December 17, 2022 17/12/2022

(ហ្សឺណែវ)៖ មន្ត្រីមួយរូបមកពីអង្គការសុខភាពពិភពលោក WHO បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺអាសន្នរោគ ស្ទើរតែជិតអស់ពីស្ដុកទៅហើយ ខណៈ ការឆ្លងរាលដាលនៃជំងឺមួយនេះកំពុងកើនឡើងជាលំដាប់ នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។ បើតាមអង្គការ WHO អត្រាអ្នកស្លាប់ដោយសារជំងឺអាសន្នរោគ បាន និងកំពុងកើនឡើងក្នុងកម្រិតមួយដ៏ខ្ពស់ ដោយប្រទេសចំនួន៣០ នៅជុំវិញពិភពលោក បានរាយការណ៍ពីករណីឆ្លងរាលដាល នៅក្នុងឆ្នាំ២០២២នេះ។ ជុំវិញបញ្ហាខ្វះខាតវ៉ាក់សាំងនេះដែរ លោក ហ្វីលីព បាបូហ្សា (Philippe Barboza) ជាប្រធានក្រុមការងារ WHO ទទួលបន្ទុកប្រយុទ្ធប្រឆាំងជំងឺអាសន្នរោគ បានគូសបញ្ជាក់ក្នុងសន្និសីទមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះដូច្នេះថា «យើងមិនមាន វ៉ាក់សាំងបន្ថែមនោះទេ ហើយប្រទេសជាច្រើនកំពុងបន្តស្នើវ៉ាក់សាំង ដែលនេះកំពុងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយ»។ គួរបញ្ជាក់ថា ជាធម្មតា វ៉ាក់សាំងប្រឆាំងជំងឺអាសន្នរោគ ៣៦លានដូស មាននៅក្នុងស្ដុកក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែ ការខ្វះខាតវ៉ាក់សាំងនៅក្នុងឆ្នាំ២០២២ នេះ ក៏បានបង្ខំឱ្យ WHO ផ្អាកជាបណ្ដោះអាសន្នផងដែរនូវយុទ្ធសាស្ត្រស្ដង់ដារចាក់វ៉ាក់សាំងបង្ការចំនួន ២ដូស កាលពីខែតុលាកន្លងទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សេដ្ឋកិច្ចរបស់ស្រីលង្កាធ្លាក់ចុះ ១១,៨ភាគរយនៅត្រីមាសទី៣ ឆ្នាំនេះ

Khmerpress December 17, 2022 17/12/2022

(កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ១១,៨ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំត្រីមាសខ្លាំងបំផុតទីពីរមិនធ្លាប់មានសម្រាប់ប្រទេសដែលឆ្លងកាត់វិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រទេសស្រីលង្កាខ្វះខាតប្រាក់ដុល្លារសម្រាប់ការនាំចូលទំនិញសំខាន់ៗ ដូចជាម្ហូបអាហារ ប្រេងឥន្ធនៈ ជី និងថ្នាំពេទ្យជាដើម។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលបានចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិស្រីលង្កានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វិស័យកសិកម្មបានធ្លាក់ចុះ ៨,៧ភាគរយនៅក្នុងត្រីមាសទី៣ ហើយឧស្សាហកម្មធ្លាក់ចុះ ២១,២ភាគរយ ខណៈដែលសេវាកម្មបានធ្លាក់ចុះ ២,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Dimantha Mathew ប្រធានផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុន First Capital បានប្រាប់រ៉យទ័រថា៖ «នេះគឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតទីពីរដែលស្រីលង្កាបានជួបប្រទះបន្ទាប់ពីធ្លាក់ចុះ ១៦,៤ភាគរយនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២០»។ លោកមានប្រសាសន៍ថា៖ «ការព្យាកររបស់យើងគឺថា វានឹងកាន់តែអាក្រក់ ប្រហែលជាការធ្លាក់ចុះប្រហែល ២០ភាគរយ ប៉ុន្តែឥឡូវនេះការធ្លាក់សរុបសម្រាប់ឆ្នាំនេះអាចមានប្រហែល ៩ ភាគរយ»។ ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចអាចធ្លាក់ចុះប្រហែល ៨ ភាគរយនៅឆ្នាំ២០២២នេះ។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងថា កត្តាជាច្រើនរួមមានអតិផរណាខ្ពស់ ការដាច់ចរន្តអគ្គិសនី អត្រាការប្រាក់ខ្ពស់ កង្វះការនាំចូល និងកង្វះប្រេងឥន្ធនៈ និងជីបានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងត្រីមាសចុងក្រោយ។ រដ្ឋាភិបាលបានឱ្យដឹងថា៖ «ការថយចុះតម្រូវការទំនិញ និងសេវាកម្មសំខាន់ៗ […]

​ថៃព្រមានពលរដ្ឋមិនឱ្យពិសា​គ្រឿង​ស្រវឹង ដើម្បី​រក្សា​កម្តៅក្នុង​ខ្លួនក្នុងរដូវរងានោះឡើយ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិត

Khmerpress December 16, 2022 16/12/2022

ក្រសួង​សុខាភិបាល​ថៃបាន​ព្រមាន​ប្រជាពលរដ្ឋរបស់ខ្លួន មេត្តា​កុំ​ពិសា​គ្រឿង​ស្រវឹង ដើម្បី​រក្សា​កម្តៅក្នុង​ខ្លួននៅ​រដូវ​រងាឱ្យសោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ លោកវេជ្ជបណ្ឌិត Manus Potaporn អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រជាជននៅភាគខាងជើង និងភាគឦសាន ជារឿយៗមានការយល់ខុសថា ការផឹកស្រាធ្វើឱ្យរាងកាយមានភាពកក់ក្តៅក្នុងរដូវរងា។ តាមពិតទៅ ការផឹកស្រាធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែករីកធំ ហើយធ្វើឱ្យរាងកាយមានអារម្មណ៍ក្តៅ ប៉ុន្តែនឹងត្រឡប់មកជាត្រជាក់វិញយ៉ាងលឿនបំផុត ដែលបណ្តាលឱ្យរាងកាយទៅជាខ្វះកម្តៅ (hypothermia) ដែលអាចនាំឱ្យខូចសរីរាង្គ និងស្លាប់»។ លោកបណ្ឌិត Manus Potaporn បានបន្ថែមថា ជាតិអាល់កុលក៏ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយផងដែរ ដោយបង្កើនហានិភ័យ ឆាប់ងងុយដេក ឬឆាប់ដេកលក់ក្នុងអាកាសធាតុត្រជាក់ ដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅ។ លោកក៏បានកត់សម្គាល់ផងដែរ ពីផលប៉ះពាល់អវិជ្ជមាននៃគ្រឿងស្រវឹងលើគ្រួសារ និងសហគមន៍ ជាពិសេសការផឹកស្រា និងការបើកបរ ដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Sarayuth Boonchaipanitwattana នាយកវិទ្យាស្ថាន Princess Mother National Treatment on Drug Abuse ក៏បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគួរតែថែរក្សាខ្លួនក្នុងរដូវរងា ដោយស្លៀកពាក់ឱ្យកក់ក្តៅ បរិភោគអាហារដែលមានសុខភាពល្អ ជាពិសេសបន្លែ និងផ្លែឈើ […]

លោក Elon Musk បានលក់ភាគហ៊ុន Tesla មួយចំនួនរបស់គាត់ នៅក្នុងតម្លៃជិត ៣.៦ ពាន់លានដុល្លារ ក្រោយខាតបង់ខ្លាំងជាមួយនឹង Twitter

Khmerpress December 16, 2022 16/12/2022

មហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុន Tesla មួយចំនួន នៅក្នុងតម្លៃ ៣.៥៨ ពាន់លានដុល្លារក្នុងសប្តាហ៍នេះ។ ឯកសារមួយនៅគណៈកម្មការមូលបត្រអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា នាយកប្រតិបត្តិ Tesla រូបនេះ បានលក់ភាគហ៊ុនចំនួន ២២ លាន ភាគហ៊ុន ដែលគាត់មានជាមួយក្រុមហ៊ុនរថយន្តអគ្គីសនីមួយនេះ នៅចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ។ លោក Musk ទទួលបានប្រាក់កម្ចីចំនួន ១៣ ពាន់លានដុល្លារពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់កញ្ចប់លុយ ៤៤ ពាន់លានដុល្លារ ដែលបានចំណាយដើម្បីទិញក្រុមហ៊ុន Twitter នៅក្នុងខែតុលា។ ជាក់ស្តែងម្ចាស់ថ្មីរបស់ Twitter រូបនេះ ត្រូវការបង់ការប្រាក់ ច្រើនជាងមួយពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកប៉ាន់ស្មានថា លោក Musk ទំនងជានឹងប្រើប្រាស់ប្រាក់ចំណេញលើការលក់ភាគហ៊ុន ដើម្បីគ្របដណ្តប់លើការចំណាយនានា ខណៈដែល Twitter បានមើលឃើញការធ្លាក់ចុះនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក Donald Trump ដាក់លក់កាត NFT ដែលមានរូបប្លែកៗរបស់គាត់ក្នុងម្លៃ ៩៩ដុល្លារ ដើម្បីឲ្យពលរដ្ឋទិញជាកាដូក្នុងឱកាសបុណ្យណូអែល

Khmerpress December 16, 2022 16/12/2022

អាមេរិក៖ សម្រាប់ពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នឹងទទួលបានជម្រើសថ្មីមួយក្នុងទិញកាដូជូនគ្នានៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ក្រោយអតីតប្រធានាធិបតីទើបផុតអាណត្តិរូបនេះបានដាក់លក់នូវកាត់ពិសេសម្យ៉ាងដែលមានរូបភាពប្លែកៗរបស់គាត់ជាច្រើននៅលើកាតនោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះបានបញ្ជាក់ថា កាតពិសេសនោះគឺជាកាតប្រភេទ NFT (non-fungible token) ដែលប្រមូលផ្តុំដោយរូបភាពប្លែកៗជាច្រើនរបស់លោក Donald Trump ដោយក្នុងនោះមានទាំងរូបលោក Donald Trump តែងខ្លួនជា Super Hero របស់អាមេរិកទៀតផង។ ប្រភពខាងលើបានបន្តថា កាត NFT របស់លោក Donald Trump នោះត្រូវបានដាក់លក់ក្នុងតម្លៃ ៩៩ដុល្លារសម្រាប់កាតមួយសន្លឹក ខណៈគេរំពឹងថាកាតនោះនឹងលក់ដាច់បំផុតក្នុងចំណោមពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នៅក្នុងឱកាសបុណ្យណូអែល ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី ២៥ ខែធ្នូខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា លោក  Donald Trump បានកំពុងតែព្យាយាមទាញការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋអាមេរិកយ៉ាងខ្លាំង ដ្បិតរូបលោកមានគម្រោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត