កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានចេញមកអះអាងនៅថ្ងៃចន្ទ ទី១៨ ខែកក្កដានេះថា ប្រទេសខ្លួនជិតបានយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរលកទី១ ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋកូរ៉េខាងជើងរហូតដល់ ៩៩,៩៨%នៅក្នុងចំណោមពលរដ្ឋដែលមានរោគសញ្ញាក្តៅខ្លួនទាំងបានជាសះស្បើយជាធម្មតាវិញអស់ហើយ ខណៈអាជ្ញាធរក៏អាចគ្រប់គ្រងចំពោះការរាតត្បាតបន្ថែមទៀតបានផងដែរ។ គួររម្លឹកជូនថា គិតចាប់តាំងពីខែមេសាមកប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនសរុបជាង ៤,៧៧លាននាក់ ខណៈដែលប្រទេសមួយនេះមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ និងមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋខ្លួនទាល់តែសោះ។ សូមបញ្ជាក់ថា ពាក្យ “រោគសញ្ញាក្តៅខ្លួន” ដែលអាជ្ញាធរកូរ៉េខាងជើងបានប្រើប្រាស់ចំពោះពលរដ្ឋខ្លួននោះត្រូវបានគេមើលឃើញថា ការពិតជារោគសញ្ញានៃការកើតមានជំងឺកូវីដ-១៩ គ្រាន់តែកូរ៉េខាងជើងមិនប្រើឈ្មោះជំងឺមួយនេះឲ្យចំតែម្តងនោះទេ។ គួរបញ្ជាក់ជូនផងដែរថា ការប្រកាសយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩របស់អាជ្ញាធរកូរ៉េខាងជើងនៅពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងដូចជា កូរ៉េខាងត្បូងនិងជប៉ុនបានហក់ខ្ពស់ឡើងវិញគួរកត់សម្គាល់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត