ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងបិទដែនអាកាសរបស់ខ្លួន ចំពោះជើងហោះហើររុស្ស៉ី

Khmerpress March 2, 2022 02/03/2022

(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាល និងមន្រ្តីអាកាសចរណ៍នៅសហរដ្ឋអាមេរិក បានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលអាមេរិកកំពុងត្រៀមប្រកាសពី ការចេញបម្រាមមិនឱ្យជើងហោះហើររុស្ស៉ី ធ្វើប្រតិបត្តិការឆ្លងកាត់ដែនអាកាសអាមេរិកបានទៀតឡើយ ដែលជាចំណាត់ការស្រដៀងគ្នានឹងសហភាពអឺរ៉ុប ក៏ដូចជាកាណាដាដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។ ប្រភពដដែលបានបន្តថា ពេលវេលាជាក់លាក់នៃការប្រកាសពីបម្រាមខាងលើ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាអាចនឹងកើតឡើង ក្នុងរយៈពេល២៤ម៉ោងខាងមុខ គឺអាចកំលុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន)។ មកទល់នឹងពេលឥឡូវ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក បាននាំគ្នាផ្អាកជាបណ្តោះអាសន្ន នូវការហោះហើរលើដែនអាកាសរុស្ស៉ី ជាការឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន។ គួរបញ្ជាក់ថា ជុំវិញការបើកប្រតិបត្តិការយោធារបស់រុស្ស៉ីលើអ៊ុយក្រែន សហភាពអឺរ៉ុបនិងកាណាដា បានប្រកាសបិទដែនអាកាសពួកគេជាបន្តបន្ទាប់ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ខណៈទីក្រុងម៉ូស្គូ ក៏បានដាក់ចេញចំណាត់ការស្រដៀងគ្នា ដើម្បីសងសឹកវិញផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប៉មស្ថាននីយ៍ទូរទស្សន៍ក្រុងកៀវ ត្រូវបានវាយប្រហារតាមផ្លូវអាកាស ក្រោយរុស្ស៊ីប្រកាសឲ្យប្រជាជនជម្លៀសចេញ

Khmerpress March 2, 2022 02/03/2022

(កៀវ)៖ ស្ថាននីយ៍ទូរទស្សន៍ក្រុងកៀវ ត្រូវបានវាយប្រហារតាមផ្លូវអាកាស ក្រោយរុស្ស៊ីព្រមានឲ្យប្រជាជនជម្លៀសចេញពីនោះ ខណៈប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងអ៊ុយក្រែនកំពុងជួបបញ្ហា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួននឹងបើកការវាយប្រហារលើ «មជ្ឈមណ្ឌលប្រតិបត្តិការព័ត៌មាន» នៅក្នុងរដ្ឋធានីអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារប្រព័ន្ធផ្សព្វផ្សាយលើស្ថាប័នរដ្ឋផ្សេងៗ ព្រមទាំងពលរដ្ឋរុស្ស៊ីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ៊ុយក្រែន លើកលែង «ទិដ្ឋាការ» ចំពោះអ្នកដែលចង់ចូលមកជួយ ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី

Khmerpress March 1, 2022 01/03/2022

(កៀវ)៖ ជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្ត ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីកាន់កាំភ្លើងជួយប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នឹងទទួលបានការលើកលែងទិដ្ឋាការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business insider នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។ នៅក្នុងក្រឹតមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទសប្ដាហ៍នេះ, លោកប្រធានាធិបតី ហ្សេឡិនស្គី បានបញ្ជាក់ថាអ៊ុយក្រែននឹងលើកលែង ទិដ្ឋាការជាបណ្ដោះអាសន្ន ចំពោះជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្ត ឬចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ព រុស្ស៊ី។ លោកបន្ថែមថាការសម្រេចចិត្តនេះនឹងត្រូវចូលជាធរមានភ្លាមៗតែម្ដង ប៉ុន្តែការលើកលែងនេះមិនត្រូវបានអនុវត្តឡើយលើពលរដ្ឋ ឬអ្នកមានសញ្ជាតិរុស្ស៊ី ដ្បិតត្រូវបានអ៊ុយក្រែនចាតទុកថាជាពលរដ្ឋនៃប្រទេសឈ្លានពាន។ ការលើកលែងទិដ្ឋាការខាងលើ កើតមានឡើងបន្ទាប់ពីលោក ហ្សេឡិនស្គីប្រកាសបង្កើតកងពលទាហានស្ម័គ្រចិត្តអន្តរជាតិមួយ សម្រាប់ជនបរទេសដែលស្ម័គ្រចិត្តចូលរួមការពារទឹកដីអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិន ចាប់ផ្ដើមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអ៊ុយក្រែន

Khmerpress March 1, 2022 01/03/2022

(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានរាយការណ៍ថាទីក្រុងប៉េកាំងបានចាប់ផ្ដើមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអ៊ុយក្រែន ហើយ ដោយសារបារម្ភពីសុវត្ថិភាព នៅចំពោះមុខការវាយប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងរុស្ស៊ីដែលជាសម្ពន្ធមិត្តរបស់ចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។ បើតាមសារព័ត៌មានរដ្ឋចិន Global Times និស្សិតចិនប្រហែលជា ៦០០នាក់ ត្រូវបានជម្លៀសដោយជោគជ័យ ចេញពីទីក្រុងកៀវ និងទីក្រុង អូដេសា (Odessa) ដោយពួកគេបានធ្វើដំណើរតាមរថយន្ដក្រុង ឆ្ពោះទៅកាន់ប្រទេសម៉ុលដូវ៉ា នៅក្បែរខាងអ៊ុយក្រែន។ ចំណែកឯ ពលរដ្ឋចិន ១,០០០នាក់ផ្សេងទៀត នឹងត្រូវចាកចេញពីអ៊ុយក្រែននៅថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់ប្រទេសប៉ូឡូញ និងស្លូវ៉ាគីដែលប្រទេស ទាំង២នេះជាសមាជិកសហភាពអឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

មេដឹកនាំហុងកុង អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីប្រជាជនសម្រុកទិញទំនិញស្ដុកទុក មុនយុទ្ធនាការធ្វើតេស្ដរកកូវីដ-១៩ ទ្រង់ទ្រាយធំ ចាប់ផ្ដើម

Khmerpress March 1, 2022 01/03/2022

(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីប្រជាជនមួយចំនួនសម្រុកនាំគ្នាទិញទំនិញស្តុកទុកនៅតាមផ្សារទំនើប ខណៈមានពាក្យចចាមអារ៉ាមពីការអនុវត្តវិធានការបិទខ្ទប់ទ្រង់ទ្រាយធំ ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃអង្គារនេះ លោកស្រី Lam បានអំពាវនាវដល់សាធារណជន កុំជឿលើពាក្យចចាមអារ៉ាម និងចៀសវាង ការភ័យខ្លាច ដោយអះអាងថាការផ្គត់ផ្គង់អាហារ និងទំនិញនៅតែមានលក្ខណៈធម្មតា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការធ្វើតេស្តរក COVID-19 ជាកំហិតនឹងចាប់ផ្តើមនៅក្រោយថ្ងៃទី១៧ ខែមីនា តទៅ ដែលនេះបង្កឱ្យ មានការព្រួយបារម្ភថាមនុស្សជាច្រើននឹងត្រូវបង្ខំឱ្យនៅដាច់ដោយឡែក៕ ផ្តល់សិទ្ធិដោយ៖ freshnews

កាន់តែក្ដៅ! រុស្ស៊ីប្រកាសហាមឃាត់ការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ ប្រទេស និងតំបន់ ជាការសងសឹកដែលបិទជើងយន្តហោះហើររបស់ខ្លួន

Khmerpress March 1, 2022 01/03/2022

រុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទ (ទី២៨ ខែកុម្ភៈ) ថា ខ្លួនកំពុងហាមឃាត់ការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍មកពី ៣៦ ប្រទេស រួមទាំងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងបម្រាមមួយចំនួនដែលប្រទេសទាំងនោះដាក់លើយន្តហោះរបស់ខ្លួនជុំវិញការឈ្លានពានអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ទីក្រុងមូស្គូបានធ្វើឡើងនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីឥឡូវនេះ មិនអាចចូលទៅក្នុងដែនអាកាសនៃប្រទេសភាគច្រើននៃទ្វីបអឺរ៉ុបក៏ដូចជាប្រទេសកាណាដា។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ីបាននិយាយថា ខ្លួនដាក់ការរឹតបន្តឹង ដែលជាវិធានការសងសឹកចំពោះការហាមឃាត់ដោយរដ្ឋអឺរ៉ុបលើការហោះហើរដោយអាកាសចរណ៍ស៊ីវិល ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ឬចុះឈ្មោះក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរណ៍ នឹងអាចចូលដែនអាកាសរុស្ស៊ីបានតែជាមួយនឹងការអនុញ្ញាតពិសេស។ គួរបញ្ជាក់ផងដែរថា កាល​ពី​សប្តាហ៍​មុន រុស្ស៊ី​បាន​ហាម​ឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បាន​រារាំង​ក្រុមហ៊ុន Aeroflot ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្បី​របស់​ប្រទេស​នេះ ព្រម​ទាំង​យន្តហោះ​ឯកជន៕ ដោយ៖ ខ្មែរណូត

អូស្ត្រាលី ប្រកាសបញ្ជូនអាវុធ គិតជាទឹកប្រាក់ ៥០លានដុល្លារ ឱ្យអ៊ុយក្រែន

Khmerpress March 1, 2022 01/03/2022

(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃអង្គារនេះបាននិយាយថាប្រទេសរបស់លោកនឹងផ្ដល់ជំនួយយោធាជាអាវុធ គិតជាទឹកប្រាក់ជាង ៥០លានដុល្លារឱ្យអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំងនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។ បើតាមលោក Scott Morrison ជំនួយយោធាខាងលើរបស់អូស្ត្រាលី ក្នុងនោះរួមមានទាំងអាវុធប្រយុទ្ធ និងបរិក្ខាយោធាធម្មតា។ លោកបានបញ្ជាក់ ដូច្នេះថា «យើងកំពុងជជែកពីមីស៊ីល និងសម្ភារសង្រ្គាម ហើយយើងក៏កំពុងជជែកពីការគាំទ្រដល់ពួកគេ (អ៊ុយក្រែន) នៅក្នុងកិច្ចការពារទឹកដីរបស់ ពួកគេផងដែរ»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក Morrison មិនបានបញ្ជាក់លម្អិតអ្វីលើសពីនេះទេ ដោយគ្រាន់តែបង្ហើបថារដ្ឋាភិបាលរបស់លោកក៏នឹងផ្ដល់ជំនួយ មនុស្សធម៌ជាទឹកប្រាក់ ៣៥លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ២៥លានដុល្លារអាមេរិកឱ្យអ៊ុយក្រែនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មន្ត្រីទូតកំពូលរុស្ស៊ីប្រចាំ UN ព្រមានថាវត្តមានកងទ័ព NATO នៅអ៊ុយក្រែន នឹងរុញឱ្យប្លុកមួយនេះ ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាមួយរុស្ស៊ី

Khmerpress March 1, 2022 01/03/2022

(ម៉ូស្គូ)៖ តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី នេបិនហ្ស៊ីយ៉ា (Vasily Nebenzia) បាននិយាយថាវត្តមានកងទ័ព NATO នៅក្នុងប្រទេសអ៊ុយក្រែន នឹងរុញឱ្យបក្សសម្ព័ន្ធយោធាមួយនេះធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។ លោក វ៉ាស៊ីលី នេបិនហ្ស៊ីយ៉ា ធ្វើការកត់សម្គាល់ខាងលើនៅក្រោយចូលរួមកិច្ចប្រជុំបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។ តំណាងអចិន្ត្រៃយ៍រុស្ស៊ីរូបនេះបានបញ្ជាក់ទៀតថាអឆន្ទៈរបស់អ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាស្ដីពីតំបន់ដុនបាស (Donbass) បានជំរុញឱ្យរុស្ស៊ីយល់ថាអ៊ុយក្រែនគ្មានសិទ្ធិ និងមិនអាចឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះរងការឈឺចាប់តទៅទៀតជាដាច់ខាត៕ ផ្តល់សិទ្ធិដោយ៖ freshnews

ន័រវែស បញ្ជូនអាវុធប្រឆាំងរថក្រោះ ២,០០០ដើម ឱ្យអ៊ុយក្រែន

Khmerpress March 1, 2022 01/03/2022

(អូស្លូ)៖ រដ្ឋាភិបាលនៃប្រទេសន័រវែស នឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដែលនេះជាប្រទេសអឺរ៉ុបចុងក្រោយបំផុតបានសម្រេចចិត្តធ្វើដូច្នេះ ចាប់តាំងពីការបើកប្រតិបត្តិការយោធារបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ន័រវែសនឹងបញ្ជូនអាវុធប្រឆាំងរថក្រោះ M72 ចំនួន ២,០០០ដើម ឱ្យអ៊ុយក្រែន ហើយតាមរយៈការសម្រេចចិត្តនេះដែរ ន័រវែសបានផ្លាស់ប្ដូរគោលនយោបាយមិនធ្លាប់មានចាប់តាំងពីទសវត្សរឆ្នាំ១៩៥០មក នោះគឺមិនបញ្ជូន អាវុធឱ្យបណ្ដាប្រទេសដែលមិនមែនជាសមាជិក NATO ដែលកំពុងស្ថិតក្នុងសង្រ្គាម ឬជម្លោះប្រដាប់អាវុធនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Zelenskyy ថាអ៊ុយក្រែននឹងសម្រេចចិត្ត ជុំវិញកិច្ចចរចាជុំទី២ ជាមួយរុស្ស៊ី ក្រោយពិនិត្យលទ្ធផលនៃកិច្ចចរចាជុំទី១

Khmerpress March 1, 2022 01/03/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយថាទីក្រុងកៀវ នឹងធ្វើការសម្រេចចិត្តថា តើត្រូវចូលរួមក្នុងកិច្ចចរចាជុំទី២ ជាមួយរុស្ស៊ី ឬក៏យ៉ាងណា បន្ទាប់ពីការវិភាគលើលទ្ធផលនៃកិច្ចចរចាជុំទី១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសុន្ទរកថាវីដេអូមួយ លោក ហ្សេឡិនស្គី បានបញ្ជាក់បន្ថែមដូច្នេះថា «មកទល់នឹងពេលនេះ, យើងមិនទាន់មានលទ្ធផលដែល យើងអាចសម្រេចបាននៅឡើយទេ»។ ផ្តល់សិទ្ធិដោយ៖ freshnews