(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី ដែលតា ផ្លឹស (Delta Plus) ០២ករណីដំបូងបំផុត ខណៈប្រទេស អាស៊ីខាងកើតមួយនេះកំពុងតស៊ូប្រយុទ្ធជាមួយរលកទី៤ ដែលកំពុងឆ្លងរាតត្បាតទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។ វីរុស COVID-19 បំប្លែងថ្មី Delta Plus ដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍ក្នុងចំនួនតិចតួចនៅឡើយ នៅតាមប្រទេសមួយចំនួនដូចជា អង់គ្លេស, ព័រទុយហ្កាល់ និងឥណ្ឌា។ បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ករណីឆ្លងវីរុសបំប្លែងថ្មី Delta Plus ដំបូងត្រូវបានរកឃើញលើបុរសម្នាក់មានអាយុ ៤០ឆ្នាំ ដែលមិនធ្លាប់មានប្រវតិ្តធ្វើដំណើរទៅបរទេសកាលពីពេលថ្មីៗនេះទេ ហើយករណីឆ្លងវីរុសបំប្លែងថ្មីនេះទី ២ រកឃើញលើអ្នកដំណើរម្នាក់មកពីបរទេស។ គួរបញ្ជាក់ថា កូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ១,២០២នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២០២,២០៣នាក់ ក្នុងនោះស្លាប់ ២,១០៤នាក់ និងជាសះស្បើយ ១៧៧,៩០៩នាក់។ […]