ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនលក់ដី លក់ប្រាសាទឡើយ, សូមពលរដ្ឋជឿចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

Liny Chan June 18, 2025 18/06/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា បញ្ហាព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយដោយភាពអត់ធ្មត់ និងច្បាស់លាស់ ហើយរាជរដ្ឋាភិបាល មិនបានលក់ទឹកដី ឬលក់ប្រាសាទខ្មែរឲ្យបរទេសណាមួយឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដអំពាវនាវឲ្យមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវបន្ដជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ សម្ដេចមហាបវរធីបតី នាយករដ្ឋមន្ដ្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យកអស់ស្មារតីទទួលខុសត្រូវលើបញ្ហាប្រទេសជាតិ ដើម្បីរក្សាបូរណភាពទឹកដី តម្កល់ឧត្តមប្រយោជន៍ និងប្រជាជន ព្រមទាំងធានាខុសត្រូវចំពោះកិត្តិយសជាតិ និងប្រជាជនលើឆាកអន្ដរជាតិ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាមិនបានលក់ដី លក់ប្រាសាទឲ្យអ្នកណាទេ នៅពេលរាជរដ្ឋាភិបាល និងសម្ដេចតេជោ ហ៊ុន សែន មិនទាន់ឆ្លើយតប (បញ្ហាព្រំដែនជាមួយថៃ) គេនាំគ្នាចោទថា ត្រកូល ហ៊ុន ទាំងឪទាំងកូនលក់ដីឲ្យគេហើយ។ ការធ្វើសកម្មភាពនយោបាយមិនចាំបាច់លោតច្រឡោតនោះទេ […]

ឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថារាល់ការបង្ហាញ​សារ​លើហ្វេសប៊ុក មិនមែនជារឿងអត់ Professional នោះទេ បច្ចុប្បន្នមេដឹកនាំលើពិភពលោកសុទ្ធតែផ្តល់សារទៅ​ពលរដ្ឋតាមបណ្តាញសង្គម

Liny Chan June 18, 2025 18/06/2025

(ភ្នំពេញ)៖ ឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃ ដែលថានាយករដ្ឋមន្ត្រីកម្ពុជា តែងតែបញ្ចេញសារតាមបណ្តាញសង្គម Facebook ជាការធ្វើនយោបាយអត់ Professional, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាល់ការបង្ហាញសារលើហ្វេសប៊ុក មិនមែនជារឿងអត់ Professional នោះទេ ខណៈបច្ចុប្បន្នមេដឹកនាំនៅលើពិភពលោក​សុទ្ធតែផ្តល់សារទៅប្រជាពលរដ្ឋ​តាមរយៈបណ្តាញ​សង្គម។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញ​កាយរឹទិ្ធជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កន្លងទៅខ្ញុំបានបញ្ចេញសារតាម Facebook សម្តេចតេជោក៏បានបញ្ចេញ ពេលខ្លះក្រសួងការបរទេសក៏បានបញ្ចេញ ប៉ុន្តែការបញ្ចេញសារនេះ​ វាអត់ដូច​និយាយ​លើមេក្រូបកស្រាយបានច្បាស់នោះទេ[..] រឿងនេះដើម្បីឱ្យបងប្អូនបានច្បាស់ ហើយខ្ញុំជឿថា ភាគីម្ខាងទៀត ការសែតម្ចាងទៀត ក៏ចាំមើល ចាំយកដែរ, ម្សិលមិញខ្ញុំឃើញអ្នកនយោបាយថៃមួយចំ​នួនចោទអ្នកដឹកនាំកម្ពុជា ចោទសម្តេចតេជោ ចោទខ្ញុំ ថាធ្វើនយោបាយអត់ Professional គេថាធ្វើនយោបាយតាម Facebook»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជា «ផ្លូវថ្មើរជើងចតុមុខ»

Liny Chan June 17, 2025 17/06/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជា «ផ្លូវថ្មើរជើងចតុមុខ» នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមុខផ្សាររាត្រីនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដើម្បីឱ្យពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធនាមផ្លូវថ្មើរជើងចតុមុខខាងលើប្រព្រឹត្តទៅ ដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ននៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី និងតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងដើរលេងកម្សាន្ត នៅផ្លូវថ្មើរជើងតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ អាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ […]

ក្រសួងកសិកម្ម អះអាងពីការធានានូវតម្រូវការសន្តិសុខស្បៀង ទោះបីកម្ពុជាបិទការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃក៏ដោយ

Liny Chan June 17, 2025 17/06/2025

(ភ្នំពេញ)៖ លោក​​ ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់បណ្ដាញព័ត៌មាន Fresh Newsថា ទោះបីមានការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្មសូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។ គួរជម្រាបថា បន្ទាប់ពីទុកឱសានវាទរយៈពេល២៤ម៉ោង ឱ្យភាគីថៃបើកច្រកព្រំដែនឱ្យមានភាពប្រកតីវិញ តែភាគីថៃមិនអនុវត្តន៍នោះ, នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ មកម្ពុជាបានសម្រេចបិទច្រកព្រំដែន ហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែនទាំងអស់។ ទោះបីយ៉ាងនេះក្ដី ក្រសួងកសិកម្ម ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលបានបញ្ជាក់និងអះអាងថា ស្ថានភាពនេះមិនបង្កជាផលរំខានធ្ងន់ធ្ងរ មកលើសន្តិសុខស្បៀងប្រទេសកម្ពុជាឡើយ ដ្បិតកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានានូវស្ថេរភាពស្បៀងអាហារសម្រាប់ប្រជាជន។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា «ជាក់ស្ដែងនៅពេលដែលមានការប្រែប្រួលណាមួយ វាប្រាកដជាមានការរអាក់រអួលខាងផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះហើយ ទំរាំទីផ្សារអាចធ្វើការសម្របខ្លួនឡើងវិញ ប៉ុន្តែវាក៏ជាឱកាសក្នុងការដែលយើងត្រូវពង្រឹងសមត្ថភាពផលិតកម្ម នៅក្នុងស្រុករបស់យើង ចំពោះទំនិញមួយចំនួន ដែលយើងធ្លាប់តែពឹងផ្អែកពីការនាំចូលពីប្រទេសថៃផងដែរ»។ ក្នុងនាមក្រសួងកសិកម្ម, លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ក្នុងស្រុករបស់យើង […]

នាយឧត្តមសេនីយ៍ អ៊ី ឈាន ចុះពិនិត្យមើលទីតាំង និងបំពាក់សម្ភារបន្ថែមដល់កងកម្លាំងជួរមុខព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

Liny Chan June 17, 2025 17/06/2025

(ប៉ៃលិន)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងពិនិត្យមើលទីតាំង ព្រមទាំងបំពាក់សម្ភារបន្ថែម ដល់កងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ នាយឧត្តមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេចទាំងបី មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៏សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់ យើងជានិច្ច។ នាយឧត្តមសេនីយ៍ បានលើកឡើងថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ របស់យើងនៅទីនោះ គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា […]

រដ្ឋមន្ត្រី កែវ រតនៈ៖ ខេត្តកោះកុង និងកន្លែងដទៃទៀត ដែលជាប់ព្រំប្រទល់នឹងប្រទេសថៃទាំងអស់ គឺប្រើប្រាស់អគ្គិសនីដែលចេញពីបណ្តាញជាតិរបស់កម្ពុជា

Liny Chan June 17, 2025 17/06/2025

(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង ដែលជាខេត្តជាប់នឹងប្រទល់ប្រទេសថៃ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ អះអាងជាថ្មីថា មកដល់ពេលនេះ ទាំងខេត្តកោះកុង និងកន្លែងដទៃទៀត ដែលជាប់ព្រំប្រទល់នឹងប្រទេសថៃទាំងអស់ គឺប្រើប្រាស់អគ្គិសនីដែលចេញពីបណ្តាញជាតិរបស់កម្ពុជា។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី ការពង្រឹងឯករាជ្យភាពនៃថាមពលជាកត្តាសំខាន់ ហើយកត្តាគន្លឹះនេះក៏ស្ថិតនៅជាសរសេរស្តម្ភសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យអគ្គសិនីក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកម្ពុជាយើងអាចឈរជើងដោយខ្លួនឯង ដោយអាចទ្រទ្រង់ក្នុងផ្គត់ផ្គង់អគ្គិសនី ដល់បណ្តាខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃ ១០០ភាគរយ ហើយថាមពលស្អាត ៦២ភាគរយកំពុងចែកចាយទូទាំងប្រទេស។ សូមជម្រាបថា ឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់អគ្គីសនីកម្ពុជានោះ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឈប់ទិញអគ្គិសនីពីប្រទេសថៃ ដោយកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនឥណ្ឌាចំនួន ២១ កំពុងពិនិត្យលទ្ធភាពលើការបោះទុនវិនិយោគនៅកម្ពុជា

Naren June 17, 2025 17/06/2025

(ភ្នំពេញ)៖ វិនិយោគិនឥណ្ឌា មកពី២១ក្រុមហ៊ុនធំៗ បានកំពុងសម្លឹងឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យអប់រំ និងបច្ចេកវិទ្យា។ តាមរយៈវេទិកាធុរកិច្ចដែលរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, លោក ទិត រិទ្ធិពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ, លោក Rajeev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា, លោក Babulal Parihar ប្រធានសភាពាណិជ្ជកម្មឥណ្ឌា និងលោក Sandeep Majumdar។ វាគ្មិនទាំងអស់ បានលើកឡើងសក្ដានុពលរបស់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗខាងលើ ដែលសុទ្ធសឹងតែជាសសរស្ដម្ភ សម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា ក្រុមហ៊ុនឥណ្ឌាដែលមានបំណងចង់មកវិនិយោគនៅកម្ពុជារួមមាន៖ *ក្រុមហ៊ុន Shubham Foods Pvt Ltd […]

ខ្មែរក្រោម នាំស្បៀង និងសម្ភារប្រើប្រាស់ជូន​កងទ័ពនៅ​ព្រំដែន​ខ្មែរ-ថៃ បង្ហាញឱ្យឃើញ​ស្មារតីរួបរួមក្នុងកិច្ចការពារទឹកដី

Naren June 17, 2025 17/06/2025

(ព្រះវិហារ)៖ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងគង់ និង​រស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកំពុងគង់ និងរស់នៅ​កម្ពុជា​​ក្រោម បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងក្លាយចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា និងកងទ័ព ដែលកំពុងរួមគ្នាយ៉ាងអង់អាច និង​​មុះមុតក្នុងកិច្ចការពារទឹកដីពីការឈ្លានរបស់កងទ័ពថៃ។ ការប្រឈមមុខដោះស្រាយជាមួយការឈ្លានពានរបស់ទ័ពថៃនាពេល​នេះ នឹងត្រូវប្រើពេលវេលាវែងឆ្ងាយ ដែលទាមទារឱ្យខ្មែរ​គ្រប់​​ទីកន្លែងត្រូវប្តេជ្ញាពួតដៃគ្នាតស៊ូជាកម្លាំង ដើម្បីតតាំងជា​មួយសត្រូវឈ្លានពាន។ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិន​ត្រឹម​គាំ​ទ្រ​ផ្នែកស្មារតីប៉ុណ្ណោះទេ តែក៏បានបង្កើតជាមូលនិធិរៃអង្គាស​ថវិកា ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗយក​ទៅ​ជូនដល់​កងទ័ពដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាច​ក្លាហាននៅទល់ដែនកម្ពុជា-ថៃផងដែរ។ តាមរយៈមូលធិនីកើតចេញពីស្មារតី និងមនសិការដ៏ខ្ពង់ខ្ពស់​ចំពោះ​​ជាតិ​មាតុភូមិនេះ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា បាន​ចូល​​រួមថវិកាទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ជាច្រើន​យក​​ទៅចែកជូនកងទ័ព។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃ​អង្គការសមាគមខ្មែរ​កម្ពុជា​ក្រោម​នៅកម្ពុជា​ ដឹក​នាំ​ដោយ​ លោក ​សឺន ​យឿង​ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដេីម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​ និង​ជា​ប្រធានលេខា​ធិការ​ដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅកម្ពុជា​ ក្រោម​ការ​សម្រប​សម្រួល​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពីលោក​ សាន​ សាង​ ទីប្រឹក្សា​សម្ដេច​តេជោ​ ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​នាំយក​អំណោយទាំងនេះជូនដល់កងទ័ពជើងនៅជួរមុខ។ ដំណើរនាំយកស្បៀង និងសម្ភារប្រើប្រាស់ជូនដល់កងទ័ពនេះ ក៏មានអញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំ និងសមា​ជិកមិត្ត​សមាគម​ខ្មែរ​​កម្ពុជា​ក្រោម​ សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ដេីម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ វត្ត​សាមគ្គី​​រង្សី​ ​ហៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​ គណៈកម្មា​ធិការ​​​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម​ សម្ព័ន្ធ​សមណនិស្សិត​-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ និងសមាគម​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅកម្ពុជា​។ នៅចំពោះមុខនាយទាហាន […]

BREAKING: យោធាថៃ ពង្រឹងវិធានការបន្ថែមបិទខ្ទប់ពលរដ្ឋខ្លួនមិនឲ្យចូលមកកម្ពុជា នៅច្រកប៉ោយប៉ែត

Naren June 17, 2025 17/06/2025

(បន្ទាយមានជ័យ)៖ ក្រុមយោធាថៃ បានដាក់ចេញវិធានការពង្រឹងបន្ថែមទៅលើពលរដ្ឋរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យចូលមកបម្រើការងារប្រចាំថ្ងៃ នៅកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតនោះឡើយ ចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា យោធាថៃបានរឹតបន្តឹងលើប្រជាពលរដ្ឋខ្លួន ចំពោះអ្នកមានហាងលក់ដូរ និងមានលិខិតបញ្ជាក់ច្បាស់លាស់នៅកម្ពុជាគេឲ្យចូល (ព្រឹកនេះថៃចូលបានចំនួន៣៩នាក់) ប៉ុន្តែចំពោះអ្នកចូលមកធ្វើការគេហាមឃាត់មិនឲ្យចូលនោះទេ។ យោងតាមប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មេយោធាថៃ បានត្រួត​ពិនិត្យ​ព្រំដែន​កម្រិត​ខ្ពស់​ ចំពោះនៅ​ខេត្ត​ស្រះកែវ ដូចជា ហាម​ជនជាតិ​ថៃ​គ្រប់​ប្រភេទ ​ដែល​ជា​បុគ្គលិក​បើក​ល្បែងស៊ីសង កាស៊ីណូ ឬ​កន្លែង​កម្សាន្ត​ក្នុង​ក្រុង​ប៉ោយប៉ែត មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ស្ថាប័នគយកម្ពុជា៖ ហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃ ចំណែកទំនិញផ្សេងទៀតនៅដំណើរការធម្មតា

Naren June 17, 2025 17/06/2025

(ភ្នំពេញ)៖ ស្ថាប័នគយ និងរដ្ឋាករកម្ពុជា បានចេញមកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រាល់គ្រប់បន្លែ និងផ្លែឈើទាំងអស់របស់ថៃ ត្រូវបានបិទខ្ទប់ចោលទាំងស្រុងនៅតំបន់ព្រំដែន មិនឲ្យនាំចូលប្រទេសកម្ពុជាទៀតនោះឡើយ ចំណែកទំនិញផ្សេងទៀតនៅដំណើរការនាំចូលធម្មតា។ ស្ថាប័នគយកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «មានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃ ដោយឡែកទំនិញផ្សេងទៀតគឺនៅធម្មតា»។ ការប្រកាសបិទបន្លែ ផ្លែឈើទាំងអស់ គឺដើម្បីជាការឆ្លើយតប និងអនុវត្តនូវបទបញ្ជាម៉ឺងមាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែន។ សូមជម្រាបថា តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់អំពីវិធានការឆ្លើយតបរបស់កម្ពុជា ដោយកំណត់ពេលត្រឹម២៤ម៉ោង បើសិនក្រុមយោធាថៃ មិនព្រមបើកច្រកទ្វារព្រំដែនឲ្យដំណើរការ ប្រក្រតីទេនោះ កម្ពុជានឹងហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទរបស់ថៃតែម្ដង។ ឱសានវាទ២៤ម៉ោងដល់ពេលកំណត់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News