ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ!

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។ ដើម្បីឆ្លើយតបនឹងផ្សព្វផ្សាយបែបនេះ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញនូវប្រភេទព័ត៌មានដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះ ដែលធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។ ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសនិងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងគឺ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្មនិងយ៉ាងសមស្របនិងទាន់ពេលវេលា ដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានសូមបងប្អូនកត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលនិងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងបន្តធ្វើគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសូមជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាពនិងបូរណភាពទឹកដី។ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ៕ […]

ក្រសួងការងារ គ្រោងរៀបចំពិព័រណ៍ការងារនៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង ៨ម៉ឺនកន្លែងជូនដល់ពលករទើបត្រឡប់មកពីប្រទេសថៃ

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។ ពិព័រណ៍នេះ គ្រោងរៀបចំនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា, នៅខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា, នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។ ឱកាសការងារសរុបចំនួន ៨៤ ៧៦៧កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម នឹងត្រូវផ្ដល់ជូនបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ក៏ដូចជាយុវជនកំពុងស្វែងរកការងារធ្វើ ដោយពួកគាត់អាចដាក់ពាក្យ និងអាចសម្ភាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនពលករខ្មែរ និងយុវជន អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខទូរស័ព្ទ Hotline ១២៩៧៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទឹកជំនន់ភ្លាមៗ បណ្ដាលឱ្យជីវិតមនុស្ស ៩នាក់បាត់បង់ជីវិតក្នុងតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែន

Liny Chan October 2, 2025 02/10/2025

(កៀវ)៖ ទឹកជំនន់ក្នុងតំបន់ Odesa ប្រទេសអ៊ុយក្រែន បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៩នាក់ រួមទាំងមួយគ្រួសារដែលមានសមាជិក ៥នាក់ ជាប់គាំងនៅក្នុងផ្ទះដែលត្រូវទឹកជន់លិច ខណៈភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវការសង្គ្រោះ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥។ សេវាសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃពុធថា ក្រុមរបស់ខ្លួនកំពុងធ្វើការទាំងយប់ ដើម្បីជួយសង្រ្គោះមនុស្ស ៣៦២នាក់ និងរំដោះទឹកចេញពីអគារនានា។ អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា តំបន់បានទទួលរងនូវជំនន់ទឹកភ្លៀង រយៈពេលពីរថ្ងៃមកហើយ ដោយជន់លិចផ្លូវថ្នល់ កាត់ផ្តាច់ចរន្តអគ្គិសនី ខូចខាតទ្រព្យសម្បត្តិ និងបានរលំដើមឈើ។ ក្រុមការងារជាង ៥០០នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រឹងប្រែង​​សង្គ្រោះ ដោយបន្ថែមថា មនុស្ស ៤២ ០០០នាក់នៅក្នុងភូមិចំនួន ៣២ និងទីប្រជុំជនក្នុងតំបន់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រីម្នាក់ ចុះត្រួតពិនិត្យប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរងគ្រោះនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ៖ មធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ត្រូវបានលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន

Liny Chan October 2, 2025 02/10/2025

(ភ្នំពេញ)៖ បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូន នៅកម្ពុជាមានជាអាទិ៍៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។ ពន្ធលើមធ្យោបាយដឹកជញ្ជូន ក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ដូចខាងក្រោម៖ ១៖ រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។២៖ យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់ គោលដៅនៃការការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។៣៖ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។៤៖ ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។៥៖ រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។ គួរបញ្ជាក់ផងដែរថា មធ្យោបាយដឹកជញ្ជូនទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ ចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្ត ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូ និងមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូឆ្នាំតែមួយ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។ ម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន ដែលមានកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ […]

UPDATE: អ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនដល់ ៧២នាក់

Liny Chan October 2, 2025 02/10/2025

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ថាចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រដែលបានវាយប្រហារលើភាគកណ្ដាលនៃប្រទេស កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បានកើនដល់ ៧២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន បានបញ្ជាក់ទៀតថាមនុស្ស២៩៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ តួលេខអ្នកស្លាប់ចុងក្រោយបំផុតនេះបានកើនឡើងបន្ទាប់ពីមនុស្ស៣នាក់ទៀត បានស្លាប់ ហើយអ្នកស្លាប់ទាំងអស់ត្រូវបានរាយការណ៍ក្នុងតំបន់ Visayas ភាគកណ្ដាលនៃប្រទេស។ គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារទីក្រុង Cebu កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតដល់បណ្ដាញផ្គត់ផ្គង់អគ្គិសនី ស្ពាន និងអគារជាច្រើនក្នុងនោះរួមមានទាំងព្រះវិហារគ្រឹស្តមួយមានអាយុកាលជាង១០០ឆ្នាំ។ គ្រោះរញ្ជួយដីនៅទីក្រុង Cebu គឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយនៅហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៣មក ជាពេលដែលគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើកោះ Bohol ដោយសម្លាប់មនុស្ស ២២២នាក់។ ហ្វីលីពីនជាប្រទេសមួយមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងតែងជួបប្រទះការរញ្ជួយដីយ៉ាងហោច ៨០០លើកក្នុងមួយឆ្នាំៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិក នឹងកាត់បន្ថយបេសកកម្មនៅអ៉ីរ៉ាក់ ហើយទៅផ្តោតលើក្រុម ISIS នៅស៉ីរី

Liny Chan October 1, 2025 01/10/2025

(បាដាដ)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ពីការកាត់បន្ថយបេសកកម្មយោធារបស់ខ្លួន នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាដំណើរការមួយដែលមន្ត្រីអាមេរិកម្នាក់និយាយថា គេនឹងបានឃើញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Baghdad ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់នៃក្រុម ISIS ដោយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ ២០២៥។ មន្រ្តីរូបនេះបាននិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា នៅក្រោមបេសកកម្ម សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត នឹងផ្តោតលើការប្រយុទ្ធប្រឆាំងក្រុម ISIS ដែលមានសេសសល់នៅស៉ីរី ហើយប្តូរបុគ្គលិកយោធាទៅកាន់តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ ដើម្បីបំពេញបេសកកម្មនោះ។ ចំណែកកងទ័ពអាមេរិក នៅសល់ក្នុងទីក្រុង Baghdad នឹង​ផ្តោត​លើកិច្ចសហប្រតិបត្តិការ​សន្តិសុខ​ទ្វេភាគី​ទូទៅ មិនមែន​ជាការប្រយុទ្ធ​ប្រឆាំងនឹងក្រុម ISIS នោះទេ។ គួរបញ្ជាក់ថា នៅដើមឆ្នាំ ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពប្រហែល ២ ៥០០នាក់ក្នុងប្រទេសអ៉ីរ៉ាក់ និងច្រើនជាង ៩០០នាក់នៅស៉ីរី ដែលជាប្រទេសជិតខាងគ្នា និងជាផ្នែកមួយនៃក្រុមចម្រុះដែលបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ថានទូតអាមេរិកនៅកម្ពុជាប្រកាសថា គណនី Facebook របស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់នោះទេ ដោយសារបញ្ហាថវិកា

Liny Chan October 1, 2025 01/10/2025

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតនឹងមិនធ្វើបច្ចុប្បន្នភាព ជាទៀងទាត់នោះទេ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមិនមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនេះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច ស្ថានទូតអាមេរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន»។ មិនមែនតែនៅកម្ពុជាទេ សូម្បីតែស្ថានទូតអាមេរិកនៅថៃ និងឡាវ ក៏ប្រកាសពីដំណឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់ លើគណនីបណ្តាញសង្គមហ្វេសប៊ុកដូចគ្នាដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្ស៩១នាក់ នៅបន្តជាប់ក្រោមអគារសាលារៀន ដែលបាក់ស្រុតក្នុងប្រទេសឥណ្ឌូណេស៉ី

Liny Chan October 1, 2025 01/10/2025

(ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សចំនួន៩១នាក់ ត្រូវជឿថានៅបន្តជាប់ក្រោមគំនរបាក់បែក នៃអគារសាលារៀនមួយខ្នង ដែលបានបាក់ស្រុតនៅកោះជ្វា កាលពី២ថ្ងៃមុន ខណៈក្រុមសង្រ្គោះកំពុងខិតខំរុករកនិងជួយអ្នកនៅរស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូណេស៉ី បានរាយការណ៍ថា អគារសាលារៀនអ៉ីស្លាមខាងលើ ដែលមានច្រើនជាន់ និងស្ថិតក្នុងក្រុង Sidoarjo ស្រាប់តែបានបាក់ស្រុតភ្លាមៗកាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទសប្តាហ៍នេះ ចំពេលដែលសិស្សជាច្រើននាក់ ជួបជុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា ការវាយតម្លៃចុងក្រោយ គឺមនុស្ស៩១នាក់ ត្រូវបានសង្ស័យថា ជាប់នៅក្រោមគំនរបាក់បែក ខណៈកាលពីថ្ងៃអង្គារ ទីភ្នាក់ងារដដែល បានប្រាប់ថា មនុស្ស៣នាក់ត្រូវបញ្ជាក់ថាបានស្លាប់ និង៣៨នាក់ បាត់ខ្លួន។ គួរបញ្ជាក់ថា នាពេលនេះ ក្រុមសង្រ្គោះកំពុងផ្តោតលើការផ្តល់អុកស៉ីហ្សែនដល់អ្នកនៅរស់ ដែលជាប់ក្រោមគំនរអគារ ហើយឃើញតំបន់ចំនួន៧ ដែលមានសញ្ញាអ្នកអាចនៅមានជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញពោតក្រហមស្ងួត ស្រូវស្រងែថ្មី និងស្រូវសែនក្រអូប សរុប ៧៥០តោន ពីសហគមន៍កសិករ ក្នុងខេត្តត្បូងឃ្មុំ

Liny Chan October 1, 2025 01/10/2025

(ត្បូងឃ្មុំ)៖ ពោតក្រហមស្ងួត ស្រូវស្រង៉ែថ្មី និងស្រូវសែនក្រអូប សរុប៧៥០តោន ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បានចុះកិច្ចសន្យាទិញលក់ពីប្រជាកសិករ សហគមន៍កសិកម្មជីរោទិ៍រុងរឿង ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក ទទួលទិញពោតក្រហម ចំនួន ២៥០តោន និងក្រុមហ៊ុនអ៊ិលប៊ីអិន អង្គរ (កម្ពុជា) ទទួលទិញស្រូវស្រង៉ែថ្មីចំនួន ១០០តោន និងស្រូវសែនក្រអូបចំនួន ៤០០តោន។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ភី អេន ធី ផាលេស ត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយការចុះកិច្ចសន្យានេះនឹងធ្វើឱ្យបងប្អូនប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានសាទរចំពោះកិច្ចសហការរវាងមន្ទីរកសិកម្មខេត្ត ជាមួយស្ថាប័នឯកជន ដែលបានរៀបចំឱ្យមានការចុះកិច្ចសន្យាទិញលក់ផលិតផលកសិកម្ម។ នេះជាការលើកកម្ពស់វិស័យកសិកម្មឱ្យរីកចម្រើន និងជួយដល់កសិករក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនដែលធ្វើការដាំដុះបាន។ គណៈអធិបតីភាពទាំង០២រូប ក៏បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីកសិកម្មឃុំ […]

លោក ដូណាល់ ត្រាំ ថាវាជាការប្រមាថដល់សហរដ្ឋអាមេរិក បើរូបលោកមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព

Liny Chan October 1, 2025 01/10/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ​ ទី៣០ ខែកញ្ញា បាននិយាយថាវានឹងក្លាយជាការប្រមាថមួយចំពោះសហរដ្ឋអាមេរិក ប្រសិនបើរូបលោកមិនជាប់ជាជ័យលាភី ពានរង្វាន់ណូបែលសន្តិភាពទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បានអះអាងថារូបលោកបានជួយបញ្ចប់សង្រ្គាមជាច្រើនចាប់តាំងពីរូបលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២មក។ នៅចំពោះមុខមន្ត្រីយោធាជាន់ខ្ពស់អាមេរិករាប់រយនាក់ លោក ត្រាំ បានលើកឡើងថា «វានឹងក្លាយជាការប្រមាថដល់ប្រទេសរបស់យើង…ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនចង់បានពានរង្វាន់ណូបែលសន្តិភាពអ្វីទេ តែខ្ញុំចង់ឱ្យប្រទេសរបស់ទទួលបានពានរង្វាន់នេះ»។ គួរបញ្ជាក់ថា លោក ត្រាំ កន្លងមកបានអះអាងថារូបលោកបានបញ្ចប់សង្រ្គាមចំនួន៧ ដោយប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះចាប់តាំងពីរូបលោកត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិទី២ កាលពីខែមករាមក។ លោកក៏ធ្លាប់បានបង្ហាញការខកចិត្ត និងខឹងសម្បារផងដែរដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មកពីគណបក្សប្រជាធិតេយ្យទទួលបានពានរង្វាន់ ណូបែលសន្តិភាពក្នុងឆ្នាំ២០០៩។ ការប្រកាសពីជ័យលាភីពានរង្វាន់ណូបែលសន្តិភាពគ្រោងនឹងធ្វើឡើងដោយគណៈកម្មាធិការណូបែល ក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស នៅថ្ងៃទី១០ ខែតុលានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News