ព័ត៌មានអន្តរជាតិ

ប្រធាន WHO ប្រចាំអឺរ៉ុប៖ «ការចាក់វ៉ាក់សាំងដូសជំរុញ អាចជួយបង្កើនការការពារប្រឆាំងកូវីដ១៩ ជាពិសេសសម្រាប់ជនងាយរងហានិភ័យ»

Khmerpress August 31, 2021 31/08/2021

(អឺរ៉ុប)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប លោក ហាន គ្លូ (Hans Kluge) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ការចាក់វ៉ាក់សាំងដូសជំរុញ គឺជាមធ្យោបាយប្រសើរមួយ ដើម្បីជួយបង្កើនការការពារដល់ ក្រុមបុគ្គលងាយរងហានិភ័យ ប្រឆាំងទប់ទល់ជាមួយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។ បើតាមលោក Kluge ការសិក្សាកាន់តែច្រើនឡើងបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញ ពិតជាអាចជួយបង្កើនការការពារប្រឆាំងនឹង COVID-19 ជាពិសេសសម្រាប់ ក្រុមអ្នកដែលងាយរងហានិភ័យ ហើយវាគឺជាមធ្យោបាយប្រសើរមួយ ដើម្បីជួយការពារអាយុជីវិតពួកគេ និងមិនមែនជាការប្លន់វ៉ាក់សាំង ពីអ្នកដែលមិនទាន់បានចាក់សូម្បីតែមួយដូសនោះឡើយ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសជាបន្តបន្ទាប់នៅជុំវិញពិភពលោក បានសម្រេចចិត្តផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ឲ្យប្រជាជនពួកគេ ស្របពេលដែលវីរុសបំប្លែងថ្មីរបស់ COVID-19 គឺ Delta កំពុងរាតត្បាតយ៉ាងខ្លាំងក្លា។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន អ៉ីស្រាអែលទើបតែ បានពង្រីកការចាក់វ៉ាក់សាំងដូសជំរុញរបស់ខ្លួនបន្ថែមទៀត គឺឥឡូវក្មេងៗអាយុត្រឹម១២ឆ្នាំ ក៏អាចទទួលការចាក់ដូសជំរុញបានដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសជប៉ុនរកឃើញការបំប្លែងខ្លួនថ្មីមួយទៀតហៅថា «N501S» ដែលមានប្រភពចេញពីអ្នកជំងឺកូវីដ១៩ វ៉ារ្យង់ Delta

Khmerpress August 31, 2021 31/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនមួយក្រុម ដែលដឹកនាំដោយសាស្ត្រាចារ្យរងលោក Takeuchi Hiroaki នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងទន្ត​ពេទ្យទីក្រុងតូក្យូ (Tokyo Medical and Dental University Hospital) បានប្រកាសកាលពីថ្ងៃច័ន្ទថា ក្រុមស្រាវជ្រាវបានរកឃើញការបំប្លែងខ្លួនថ្មីមួយទៀត ចេញពីអ្នកជំងឺ COVID-19 វ៉ារ្យ៉ង់ Delta ដែលបានទៅវិទ្យាស្ថានកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១ ហើយក្រុមស្រាវជ្រាវបានហៅការបំប្លែងថ្មីនោះថា «N501S» ។ ក្រុមស្រាវជ្រាវបាននិយាយថា ក្រៅពីការឆ្លងនៅក្នុងប្រទេសជប៉ុននេះ ករណីដែលទាក់ទងនឹង N501S មានទាំងអស់ ៨ ករណី ដែលត្រូវបានរាយការណ៍។ ការបំប្លែងរបស់ N501S ដែលចេញពីវ៉ារ្យ៉ង់ Delta គឺប្រហាក់ប្រហែលនឹងការបំប្លែងខ្លួនរបស់ N501Y នៃវ៉ារ្យ៉ង់ Alpha ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេសផងដែរ។ ប៉ុន្តែយ៉ាងណាក្រុមនេះបាននិយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើ N501S នឹងមានផលប៉ះពាល់អ្វីខ្លះដល់សមត្ថភាពចម្លងវីរុសរបស់វា ហើយពួកគេនឹងសិក្សាបន្ថែមលើការបំប្លែងខ្លួននេះ។ ចំណែកឯសាស្ត្រាចារ្យរងលោក Takeuchi Hiroaki ដែលបានដឹកនាំនៅក្នុងការស្រាវជ្រាវនេះ បាននិយាយដែរថា កិច្ចខិតខំប្រឹងប្រែងពេញលេញគួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់បំផុត ដើម្បីទប់ទល់នឹងជំងឺឆ្លងថ្មីៗ។ […]

អាហ្រ្វិកខាងត្បូងបានរកឃើញជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីហៅថា C.1.2 ខណៈការស្រាវជ្រាវបន្ថែមកំពុងត្រូវបានធ្វើឡើង

Khmerpress August 31, 2021 31/08/2021

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសអាហ្រ្វិកខាងត្បូង បានរកឃើញវ៉ារ្យ៉ង់ថ្មីនៃជំងឺ COVID-19 ដែលមានការបំប្លែងខ្លួនច្រើន (mutations) ប៉ុន្តែពួកគេនៅមិនទាន់អាចកំណត់ថា តើវាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ឬចម្លងបានលឿនប៉ុនណានោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ វ៉ារ្យ៉ង់ថ្មីដែលត្រូវបានគេស្គាល់ថា C.1.2 ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងខែឧសភា ហើយឥឡូវនេះវាបានរីករាលដាលដល់ខេត្តភាគច្រើនរបស់ប្រទេសនេះ ហើយក៏បានចម្លងទៅកាន់ប្រទេសចំនួន ៧ ផ្សេងទៀត នៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអូសេអានី។ វាផ្ទុកនូវការបំប្លែងជាច្រើនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងវ៉ារ្យ៉ង់ផ្សេងៗទៀត ជាមួយនឹងការកើនឡើងនៃការចម្លង និងការឆ្លើយតបអង្គបដិប្រាណប្រឆាំងនឹងជំងឺ COVID-19 ប៉ុន្តែវាកើតឡើងក្នុងភាពច្របូកច្របល់ ហើយអ្នកវិទ្យាសាស្ត្រមិនទាន់ច្បាស់ថា វាប៉ះពាល់ដល់ឥរិយាបថរបស់ជំងឺដើមយ៉ាងដូចម្តេចឡើយ។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ក៏កំពុងដំណើរការផងដែរ ដើម្បីកំណត់ថា វ៉ារ្យ៉ង់ត្រូវបានបន្សាបដោយអង្គបដិប្រាណបានប៉ុនណា។ គួរឱ្យដឹងដែរថា ប្រទេសអាហ្វ្រិកខាងត្បូងគឺជាប្រទេសដំបូងគេ ដែលរកឃើញវ៉ារ្យ៉ង់ Beta ហើយវាគឺជាវ៉ារ្យ៉ង់ ១ ក្នុងចំណោម ៤ ដែលអង្គការសុខភាពពិភពលោក (WHO) ហៅវាថា «វ៉ារ្យ៉ង់ដែលគួរឱ្យព្រួយបារម្ភ» ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

WHO ទាញសញ្ញាព្រមានជាថ្មីជុំវិញករណីមរណភាពនៅតំបន់អឺរ៉ុបហើយបានព្យាករណ៍ថាកូវីដនឹងឆក់យកជីវិតពលរដ្ឋអឺរ៉ុបជាង ២,៣សែននាក់នៅត្រឹមខែធ្នូខាងមុខនេះ

Khmerpress August 31, 2021 31/08/2021

ការសែត បាងកកប៉ុស្តិ៍ បានឲ្យដឹងថា​ អង្គការសុខភាពពិភពលោក (World Health Organization) កាលពីថ្ងៃចន្ទ ទី៣០ ខែ សីហា ម្សិលមិញនេះបានទាញសញ្ញាព្រមានជាថ្មីជុំវិញករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅតំបន់អឺរ៉ុប ខណៈអង្គការមួយនេះបានព្យាករណ៍ថា កូវីដ-១៩ នឹងឆក់យកជីវិតពលរដ្ឋអឺរ៉ុបប្រមាណជា ២៣៦,០០០ នាក់បន្ថែមទៀត នៅត្រឹមខែធ្នូ ចុងឆ្នាំ ២០២១នេះ។ ប្រភពខាងលើបានបន្តថា ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើង ក្រោយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពបានសិក្សាយ៉ាងល្អិតល្អន់អំពីល្បឿននៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួន Delta នៅក្នុងតំបន់អឺរ៉ុប និងរបៀបនៃការរស់នៅរបស់ពលរដ្ឋអឺរ៉ុបដែលហាក់លែងសូវភ័យខ្លាចចំពោះកូវីដ-១៩ ទៀតហើយ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មកជាសកលមក មានពលរដ្ឋនៅទូទាំងពិភពលោកជាង ៤,៥ លានហើយដែលបានស្លាប់ដោយសារជំងឺកាចសាហាវមួយនេះ ខណៈតួលេខអ្នកឆ្លងវិញមានរហូតដល់ជាង ២១៧លាននាក់។ សម្រាប់អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា ដើម្បីការពារជីវិតពីជំងឺកូវីដ-១៩ ពលរដ្ឋគ្រប់រូបត្រូវចេះបន្តអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនបើទោះជាខ្លួនបានចាក់វ៉ាក់សាំងហើយក៏ដោយ ពោលគឺកុំទាន់មានសន្តិភាពជាមួយនឹងជំងឺរាតត្បាតនេះខ្លាំងពេក ជាពិសេសគឺពលរដ្ឋនៅតំបន់អឺរ៉ុបតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Bangkok Post

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី Ismail Sabri ត្រូវធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩

Khmerpress August 30, 2021 30/08/2021

(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អ៉ីស្មាអ៊ែល សាប៊្រី (Ismail Sabri) កំពុងអនុវត្តវិធានការចត្តាឡីស័ក ក្រោយបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយអ្នកជំងឺ COVID-19 ម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។ ដំណឹងខាងលើ ត្រូវបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ ដោយការិយាល័យរបស់លោក Ismail ប៉ុន្តែនៅក្នុងនោះ មិនបានបញ្ជាក់ច្បាស់ថា លោកនាយករដ្ឋមន្រ្តី នឹងត្រូវធ្វើចត្តាឡីស័ករយៈពេលយូរប៉ុនណា ឬក៏ថាតើរូបលោកបានធ្វើតេស្តរក COVID-19 ដែរឬក៏អត់ឡើយ។ លោក Ismail ទើបតែបានស្បថចូលកាន់តំណែងជា នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៉ី ក្នុងខែសីហានេះ បន្ទាប់ពីលោក Muhyiddin Yassin បានសម្រេចចិត្តលាលែង ក្រោយទទួលស្គាល់ចំពោះ ការបាត់បង់សំឡេងគាំទ្រភាគច្រើនក្នុងសភា។ គួរបញ្ជាក់ថា ការឡើងកាន់តំណែងរបស់លោក Ismail គឺចំពេលដែលសាធារណជនម៉ាឡេស៉ី មានការមិនពេញចិត្តជាខ្លាំង ចំពោះការគ្រប់គ្រងវិបត្តិ COVID-19 ដោយអត្រាឆ្លងរាលដាល បានហក់ឡើងខ្ពស់មិនធ្លាប់មាន បូករួមជាមួយបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយវិធានការរឹតត្បិត៕ ផ្តល់សិទ្ធិដោយ៖ freshnews

តារាសម្ដែងលោក Ed Asner ដែលធ្លាប់ឈ្នះពានរង្វាន់ Emmy ច្រើនជាងគេបំផុត បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ

Khmerpress August 30, 2021 30/08/2021

តារាសម្ដែងលោក Ed Asner ដែលដើរតួជាអ្នកយកព័ត៌មានឈ្មោះថា Lou Grant នៅក្នុងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍ CBS បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់)។ លោកទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការសម្ដែងជាតួអង្គ Lou Grant ហើយលោកថែមទាំងបានទទួលពានរង្វាន់ Emmy ចំនួន ៧ដង នៅក្នុងអាជីពរបស់លោក ដែលជាចំនួនច្រើនបំផុតសម្រាប់តួសម្ដែងប្រុស។ លោកធ្លាប់ជាអ្នកបញ្ចូលសំឡេងឱ្យតួអង្គពោះម៉ាយ Carl Fredricksen នៅក្នុងភាពយន្តគំនូជីវចល «UP» របស់ក្រុមហ៊ុន Pixar ហើយលោកក៏ជាតួអង្គតាណូអែល ក្នុងរឿងកំប្លែង «Elf» ផងដែរ។ លោក Ed Asner បានកើតនៅទីក្រុង Kansas រដ្ឋ Missouri ក្នុងឆ្នាំ១៩២៩ ហើយលោកបានចាប់ផ្តើមការសម្តែងនៅអំឡុងគាត់ជាសិស្សសាលានៅឡើយ។ ក្នុងអាជីពជាអ្នកសម្តែងរបស់គាត់ លោក Asner គឺជាអ្នកគាំទ្រដោយចំហលើបុព្វហេតុមនុស្សធម៌ និងនយោបាយមួយចំនួន រួមទាំងសហជីពពាណិជ្ជកម្ម និងសិទ្ធិសត្វ។ គាត់ធ្លាប់បានបម្រើការជាប្រធានសមាគមអ្នកសម្ដែង Screen Actors Guild […]

ថៃ៖ មនុស្សជិត ១៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥៦នាក់ទៀតបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 30, 2021 30/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,៩៧២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៥,៦៩២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៨០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៥៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៧,២៨១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១៩០,០៦៣ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៣៩៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,០០២,៧៤៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃ កំពុងត្រៀមខ្លួនស្រូបយកភ្ញៀវទេសចរឥណ្ឌាឱ្យចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់ពីការឆ្លងកូវីដនៅឥណ្ឌាធូរស្បើយ

Khmerpress August 30, 2021 30/08/2021

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យលើកឡើងថា ប្រទេសថៃគួរតែផ្ដល់ការអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាចូលមកកម្សាន្ត បន្ទាប់ពីការឆ្លងមេរោគកូវីដនៅឧបទ្វីបនេះមានភាពប្រសើរឡើង ខណៈភ្ញៀវទេសចរឥណ្ឌាកំពុងចាប់ផ្តើមចូលទៅកម្សាន្តនៅប្រទេសផ្សេងទៀត។ លោកស្រី Cholada Siddhivarn ប្រធានការិយាល័យអាជ្ញាធរទេសចរណ៍ថៃនៅទីក្រុង Mumbai បានលើកឡើងថា​ ទីផ្សារឥណ្ឌាគឺជាទីផ្សារធំទី៣ សម្រាប់វិស័យទេសចរណ៍ថៃក្នុងឆ្នាំ២០១៩ ដោយសារវាបានទាក់ទាញភ្ញៀវទេសចរជិត ២ លាននាក់ និងបង្កើនចំណូលចំនួន ៨០ ពាន់លានបាត។ លោកស្រីបានបន្តថា ទីផ្សារឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកទេសចរចំនួន ២១,០០០ នាក់បង្កើតប្រាក់យ៉ាងតិច ៩៣៨ លានបាតនៅត្រីមាសទី៤ ក្រោមសេណារីយ៉ូល្អបំផុត ដែលសន្មត់ថាភ្ញៀវទេសចរឥណ្ឌាអាចចូលប្រទេសថៃក្រោមកម្មវិធី «sandbox» ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ព្រមទាំងជើងហោះហើរពាណិជ្ជកម្មទៅកាន់ទីក្រុងសំខាន់ៗចំនួន ៦ បន្តដំណើរកម្សាន្ត។ លោកស្រី Cholada បានបន្តទៀតថា ប្រទេសថៃធ្លាប់មានជើងហោះហើរជាង ៣០០ ក្នុងមួយសប្តាហ៍ដែលតភ្ជាប់ទីក្រុង Bangkok និង Phuket ជាមួយទីក្រុង New Delhi, Mumbai, Kolkata, Chennai, Hyderabad និង Bangalore។ ប្រសិនបើក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើផ្លូវភូកេត (TAT) ពិតជាអាចបញ្ចុះបញ្ចូលទីផ្សារនេះឱ្យត្រឡប់មកវិញនៅឆ្នាំនេះ។ […]

ប្រទេសវៀតណាមគ្រោងស្នើឱ្យមានការអនុញ្ញាតប្រើប្រាស់ក្នុងគ្រាបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុក Nano Covax

Khmerpress August 30, 2021 30/08/2021

គណៈកម្មាធិការជាតិសម្រាប់ក្រមសីលធម៌ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ក្រោមក្រសួងសុខាភិបាលវៀតណាមនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ បាននិយាយថា អ្នកជំនាញវៀតណាមនឹងពិចារណាលើការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំង Nano Covax ដែលជាវ៉ាកសាំងផលិតក្នុងស្រុករបស់ខ្លួន។ គណៈកម្មាធិការបាននិយាយថា ខ្លួនបានយល់ព្រមឱ្យមានការបញ្ជូនទិន្នន័យនៃការសាកល្បងលើមនុស្សលើកទី៣ ក្រុម A របស់វ៉ាក់សាំង Nano Covax ទៅក្រុមប្រឹក្សាពិគ្រោះយោបល់ជាតិ ដើម្បីពិចារណាការចេញអាជ្ញាប័ណ្ណលើការប្រើប្រាស់មានលក្ខខណ្ឌសម្រាប់វ៉ាក់សាំង Nano Covax ។ គណៈកម្មាធិការក៏បានស្នើសុំក្រុមហ៊ុន Nanogen Biopharmaceuticals និងក្រុមស្រាវជ្រាវ បញ្ចប់របាយការណ៍របស់ពួកគេដោយគិតគូរពីមតិរបស់អ្នកជំនាញ រួមទាំងផ្ដល់ព័ត៌មានបន្ថែម ដើម្បីធានាបាននូវភាពជឿជាក់នៃលទ្ធផលស្រាវជ្រាវ ដូចជាជួរនៃលទ្ធផលតេស្ត និងទំហំសំណាកនៃការធ្វើតេស្តនីមួយៗ។ ពួកគេក៏តម្រូវឱ្យធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការសាកល្បងគ្លីនិក សម្រាប់ទាំងគណៈកម្មាធិការ និងក្រុមប្រឹក្សាដើម្បីការវាយតម្លៃ។ ប្រសិនបើ Nano Covax ត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការប្រើប្រាស់ វាអាចប្រើបានតែជាមួយលក្ខខណ្ឌដែលបានអនុម័តដោយក្រសួងសុខាភិបាលប៉ុណ្ណោះ។ សុវត្ថិភាពរបស់មនុស្សដែលត្រូវបានចាក់វ៉ាក់សាំង ក៏នឹងត្រូវការតាមដានឱ្យបានដិតដល់ ដូចនៅក្នុងដំណាក់កាលសាកល្បងទី៣ ក្រុម B ផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ The Nation Thailand

ជប៉ុនរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំង Moderna ថ្មីបន្ថែមទៀត ខណៈកន្លងមកមានពលរដ្ឋជប៉ុន ២នាក់បានបាត់បង់ជីវិតក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួច

Khmerpress August 30, 2021 30/08/2021

ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២៩ ខែសីហានេះថា ប្រទេសជប៉ុនបានរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Moderna បន្ថែមទៀត ខណៈកាលពីពេលថ្មីៗនេះជប៉ុនធ្លាប់បានជួបករណីដូចគ្នានេះរួចម្តងហើយ។ បញ្ហាថ្មីនេះត្រូវបានអាជ្ញាធរសុខាភិបាលជប៉ុនរកឃើញនៅក្នុងអាណាខេត្ត Okinawa ខណៈវ៉ាក់សាំងដែលមានបញ្ហានេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងផ្សេងមួយទៀតដាច់ដោយឡែកពីកញ្ចប់នៃវ៉ាក់សាំងដែលធ្លាប់កើតមានបញ្ហានាពេលកន្លងមក។ គេនៅចាំបានថាក្រោយរកឃើញករណីមិនប្រក្រតីដូចនេះ អាជ្ញាធរជប៉ុនក៏ធ្លាប់សម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូសម្តងរួចហើយ ព្រោះវ៉ាក់សាំងទាំងជាង ១លានដូសនេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងដែលគេបានរកឃើញមានករណីចម្លងមេរោគ។ គួររមឹ្លកជូនថា មុនពេលសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូសខាងលើនេះ ជប៉ុនក៏ធ្លាប់រកឃើញករណីមានពលរដ្ឋចំនួន ២ នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំង Moderna ដូសទី ២ រួចផងដែរ។ ជនរងគ្រោះដែលបានស្លាប់នោះមានម្នាក់ជាបុរសអាយុ ៣០ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ ៣៨ឆ្នាំ ហើយពួកគាត់បានស្លាប់កាលពីដើមខែសីហានេះ ខណៈរហូតមកទល់នឹងពេលនេះមូលហេតុនៃស្លាប់របស់ពួកគាត់កំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។ សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលជប៉ុនសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋខ្លួនបានជាង ៥៥លាននាក់ហើយ ខណៈជប៉ុនមានពលរដ្ឋសរុបជាង ១២៦លាននាក់ ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍