អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ គិតត្រឹមព្រឹកនេះនៅតាមបន្ទាត់ព្រំដែនទិសព្រះវិហារ និងឧត្តរមានជ័យមានភាពស្ងប់ស្ងាត់, កងកម្លាំងកម្ពុជារក្សាជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល អនុវត្តបទឈប់បាញ់
Liny Chan
August 5, 2025
05/08/2025
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ។ តាមរយៈការសង្ខេបបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «សភាពការណ៍ជួរមុខចាប់តាំងពីវេលាម៉ោង១២៖០០រំលងអធ្រាត្រ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ម៉ោង៦៖១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ»។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធដែលយើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្ម័គ្រត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត។ សូមមរំលឹកថា តាមព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ទទួលបានឲ្យដឹងថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ […]