(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា សូមកុំមានភ័ន្ដច្រឡំឲ្យសោះថា រាជរដ្ឋាភិបាលកាត់ដី ដើម្បីដោះដូរជាមួយសន្ដិភាព។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ប្រសិនបើជ្រុលជាកាត់ដីដោះដូរសន្ដិភាពជាមួយគេ ម្លេះយើងមិនចាំបាច់ច្បាំងគ្នាក្នុងគ្រាប៉ុន្មានថ្ងៃនោះទេ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចតេជោអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆការ ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំសូមជូនសារដល់អ្នកដទៃទៀត និងចង់សួរថា តើចង់ឲ្យមានសង្គ្រាមទៀត ឬចង់មានសន្ដិភាព? អ្នកខ្លះគេថា កាត់ដីដោះដូរជាមួយសន្ដិភាព កន្លងមកនាយករដ្ឋមន្រ្ដីបានចេញបំភ្លឺហើយ គ្មានកិច្ចព្រមព្រៀងណាមួយនិយាយពីរឿងបាត់បង់ដីធ្លីនោះទេ មិនមាននោះទេ»។ សម្ដេចតេជោបានថ្លែងបន្ដថា បទឈប់បាញ់ តើអ្វីជាគន្លឹះនៃបទឈប់បាញ់? បទឈប់បាញ់គឺមិនចល័តទ័ព មិនបន្ថែមកងទ័ព។ ចំណែកកិច្ចព្រមព្រៀងសន្ដិភាព គឺកាត់បន្ថយអាវុធធុនធ្ងន់, ដោះមីន, បង្ក្រាបបទល្មើសតាមអនឡាញជាដើម។ និយាយចំពោះការដោះមីន គឺត្រូវធ្វើការរួមគ្នាមិនមែនជាការដើរដោះមីន តែភាគីម្ខាងនោះទេ ហើយមិនអាចដោះមីនរួចរាល់ ហើយរាយបន្លាលួសឡើយ គឺមិនមានន័យដូច្នេះទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិយាយគ្នារួចរាល់អំពីកិច្ចព្រមព្រៀងរវាងគ្នា […]