(កោះកុង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន២ខ្សែ ប្រវែង៣២,១០គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដ៏មានសារៈសំខាន់នៅក្នុងខេត្តកោះកុង។ ពោលគឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ដែលនឹងផ្តល់តម្លៃបន្ថែម ព្រមទាំងអត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលមានជាអាទិ៍ ការសម្រួលដល់ការធ្វើដំណើរ ការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត ការបង្កើនការទាក់ទាញវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាពិសេស ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តំបន់ឆ្នេរ។ ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពី លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង, តំណាងធនាគារពិភពលោក, លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុនទទួលការសាងសង់ផ្លូវ និងប្រជាពលរដ្ឋសរុបប្រមាណ […]