ព័ត៌មានអន្តរជាតិ

ថៃ៖ ម្តាយយំអួលដើមករ ក្រោយកូនស្រី Surprise ទិញដីដែលម្តាយបានលក់ដើម្បីដោះបំណុលកាលពី២០ឆ្នាំមុន ត្រឡប់មកវិញជូន

Khmerpress June 4, 2022 04/06/2022

ថៃ៖ ក្លាយ​ជា​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ជុំវិញ​ពិភពលោក​តាម​អ៊ីនធឺណិត បន្ទាប់ពីអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ @pennapa444 បានបង្ហោះឃ្លីប ជាមួយនឹងសារថា «លក់២០ឆ្នាំព្រោះជំពាក់លុយ ថ្ងៃនេះខ្ញុំយកវាមកជូនម្តាយខ្ញុំវិញ ដោយក្តីស្រលាញ់ និងការតាំងចិត្ត #ជីវិតពិតប្រសើរជាងប្រឌិត #មើលប៉ុន្មានដងក៏សប្បាយចិត្ត។ ដោយវីដេអូឃ្លីបបង្ហាញពីហេតុការណ៍ដែលកូនស្រីនាំម្តាយទៅចម្ការដំឡូងមី ព្រមទាំងសរសេរចំណងជើងថា៖ ” ដី​នេះ​កាលពី​២០​ឆ្នាំមុន​ ធ្លាប់​ជា​របស់​ម្តាយ​នាង​ ប៉ុន្តែត្រូវលក់វាទៅឱ្យអ្នកផ្សេង ដោយសារតែមានបំណុលដែលត្រូវសង។ ថ្ងៃ​នេះ​បាន​នាំ​ម្ដាយ​ទៅ​ឈរ​នៅ​លើ​ដី​ដដែលនោះ ព្រម​ទាំង​ជូន​ប័ណ្ណ​កម្ម​សិទ្ធិ និង​កម្រង​ផ្កា និង​ផ្កា​ជូន​ម្តាយ ដំបូង​ឡើយ ម្ដាយ​ខ្ញុំ​ឆ្ងល់​ថា​ជា​អ្វី នៅ​ទី​បំផុត​កូន​ស្រី​ឆ្លើយ​ថា នេះជាប័ណ្ណ​កម្ម​សិទ្ធិ​​ដី​នេះ វាជាអ្វីដែលម្តាយរបស់ខ្ញុំចង់បាន ហើយ​កូន​ម្នាក់នេះ យកត្រឡប់អោយម្តាយវិញបានហើយ។ ធ្វើអោយម្តាយនាងទន់ជង្គង់ ដោយសេចក្តីត្រេកអរ ព្រមទាំងយំអោយគ្នា ២នាក់ម្តាយនិងកូន “៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

លោក ម៉ាក្រុង អះអាងថា លោកចំណាយពេលនិយាយទូរស័ព្ទ យ៉ាងតិច ១០០ម៉ោង ជាមួយលោក ពូទីន ក្នុងពេល៦ខែមកនេះ

Khmerpress June 4, 2022 04/06/2022

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះថា លោកបានចំណាយពេលយ៉ាងហោចណាស់ ១០០ម៉ោង ដើម្បីពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ក្នុងរយៈពេល ៦ខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។ លោក Macron បានគូសបញ្ជាក់ថា «ស្ថានការណ៍នៅអ៊ុយក្រែនពិតជាមានភាពស្មុគស្មាញ និងពិបាកដោះស្រាយណាស់ ដូច្នេះខ្ញុំបានលះបង់ពេលវេលា និងថាមពលយ៉ាងច្រើនសម្រាប់វា។ វាពិបាកក្នុងការរាប់ចំនួន នៃការសន្ទនារបស់ខ្ញុំជាមួយលោក Putin ណាស់ ដែលវាបានចាប់ផ្ដើមតាំងពីខែធ្នូមកម្ល៉េះ»។ លោក Macron បានលើកបង្ហាញថា «យើងបានចំណោយពេលយ៉ាងហោចណាស់ ១០០ម៉ោង»។ លោក Macron បានបន្ថែមថា លោកមិនបានលាក់បាំងអំពីកិច្ចសន្ទនាទាំងនេះទេ ហើយលោកបានធ្វើឡើង តាមការស្នើសុំរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Vladimir […]

សហរដ្ឋអាមេរិក​កំណត់​គោលដៅ​លើ​ទូក​ទំនើបៗ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក វ្ល៉ាឌីមៀ ពូទីន

Khmerpress June 4, 2022 04/06/2022

អាជ្ញាធរអាមេរិកបានរារាំងការប្រើប្រាស់ទូកទេសចរណ៍ប្រណីតៗ ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលជាផ្នែកមួយនៃទណ្ឌកម្មបន្ថែមទៀត ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកប្រណីតម៉ូដែល Graceful និង Cayman Islands-Olympia ត្រូវបានគេកំណត់ថា ជាទ្រព្យសម្បត្តិដែលត្រូវបានហាមឃាត់។ ប្រភពបាននិយាយថា លោក ពូទីន ចូលចិត្តទូកទាំង ២ ម៉ូដែលនេះណាស់ ហើយថា គាត់បានធ្វើដំណើរដោយប្រើទូកប្រភេទទាំងនេះជាច្រើនដង។ មួយក្នុងចំណោមការធ្វើដំណើរទាំងនោះ គឺនៅសមុទ្រខ្មៅកាលពីឆ្នាំមុន ហើយក៏មានការចូលរួមពីប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ផងដែរ។ ជាមួយគ្នានេះដែរ នាយកដ្ឋានរតនាគារក៏បានរាយបញ្ជីទូកប្រណីតចំនួន ២ ផ្សេងទៀត ចូលជាទ្រព្យសម្បត្តិដែលត្រូវបានរារាំង ដែលទូកទាំងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរុស្ស៊ី និងមានទំនាក់ទំនងជាមួយលោក ពូទីន ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមប្រទេសផលិតប្រេង OPEC+ យល់ព្រមដំឡើងផលិតកម្មប្រេងឆៅ

Khmerpress June 4, 2022 04/06/2022

(រីយ៉ាដ)៖ ក្រុមប្រទេសផលិតប្រេងឆៅ OPEC+ នឹងបង្កើនទំហំនៃការបន្ថែមការផ្គត់ផ្គង់ប្រេងរបស់ខ្លួនប្រហែល ៥០% ក្រោយរកសម្ពាធជាច្រើនខែពីប្រទេសប្រើប្រាស់ប្រេងធំៗ រួមទាំងសហរដ្ឋអាមេរិក ដើម្បីជួយសម្រាលការរងគ្រោះដោយសារតម្លៃថាមពលខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ គណៈប្រតិភូមួយក្រុមដែលបានស្នើសុំមិនបញ្ចេញឈ្មោះនិងបានដឹងពីការពិភាក្សាជាលក្ខណៈឯកជននេះបានប្រាប់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរដ្ឋមន្ត្រីក្រសួងថាមពលមកពីក្រុមប្រទេស OPEC+ បានព្រមព្រៀងគ្នាថា OPEC+ គួរតែបន្ថែមទិន្នផលប្រេង ៦៤៨ ០០០បារ៉ែលក្នុងមួយថ្ងៃទៅក្នុងទីផ្សារសម្រាប់ខែកក្កដា និងសីហា ពោលគឺកើនឡើងពី ៤៣២ ០០០បារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ ក្រុមគណៈប្រតិភូទាំងនេះបាននិយាយថា ការបង្កើនបរិមាណប្រេងឆៅនេះនឹងត្រូវបានបែងចែកតាមសមាមាត្ររវាងសមាជិកតាមរបៀបធម្មតា។ ប្រទេសដែលមិនមានលទ្ធភាពបង្កើនផលិតកម្ម ដូចជា អង់ហ្គោឡា នីហ្សេរីយ៉ា និងរុស្ស៊ីថ្មីៗនេះ នឹងនៅតែត្រូវបានបែងចែកកូតាដដែលសម្រាប់ការដំឡើងនេះ។ នោះអាចមានន័យថា ការបង្កើនការផ្គត់ផ្គង់ជាក់ស្តែងនឹងមានបរិមានតូចជាងតួលេខផ្លូវការ ដូចដែលតែងតែកើតមានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការបង្កើនការផ្គត់ផ្គង់បន្ថែមពីក្រុមប្រទេស OPEC+ នឹងប្រហែលមកពីប្រទេសមួយចំនួន។ មានតែប្រទេសអារ៉ាប៊ីសាអូឌីត និងអាមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះដែលមានសមត្ថភាពបម្រុងសម្រាប់ការបង្កើនទិន្នផលប្រេង ដែលអាចកើនឡើងយ៉ាងឆាប់រហ័ស។ សមាជិកជាច្រើនផ្សេងទៀតកំពុងត្រដាបត្រដួសក្នុងការសម្រេចគោលដៅទិន្នផលរបស់ពួកគេអស់ជាច្រើនខែមកហើយ។ ផលិតកម្មប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការលុកលុយលើអ៊ុយក្រែនដោយសារការរួមគ្នាដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ការលំបាកក្នុងការដឹកជញ្ជូន និងការបដិសេធមិនទិញដោយអតិថិជនប្រចាំមួយចំនួនរបស់ខ្លួន។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ទិន្នផលប្រេងរបស់រុស្ស៊ីគឺ ១,៣លានបារ៉ែលក្នុងមួយថ្ងៃដែលស្ថិតក្រោមគោលដៅរបស់ក្រុមប្រទេស OPEC+ ក្នុងខែមេសា។ OPEC+ គឺជាក្រុមប្រទេសផលិតប្រេងចំនួន២៤ ដែលបង្កើតឡើងដោយសមាជិកទាំង១៣ របស់អង្គការ […]

ស្រ្តីឥណ្ឌាម្នាក់សម្រេចចិត្តរៀបការជាមួយខ្លួនឯងតាមប្រពៃណីត្រឹមត្រូវព្រោះមូលហេតុដ៏កម្រមួយនេះ,ក្រោយរៀបការ គាត់បានរៀបចំដំណើរកំសាន្តក្រេបទឹកឃ្មុំនៅលើកោះ រយៈពេល ២សប្តាហ៍ទៀត

Khmerpress June 4, 2022 04/06/2022

ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Today បានឲ្យដឹងថា មានស្រ្តីជនជាតិឥណ្ឌាម្នាក់សម្រេចរៀបការជាមួយនិងខ្លួនឯង ហើយពិធីរៀបការរបស់គាត់នោះត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីត្រឹមត្រូវនិងមានការអនុញ្ញាតពីម្តាយឪពុករបស់គាត់ទៀតផង។ ស្ត្រីដែលបានសម្រេចរៀបការជាមួយខ្លួនឯងឬរៀបការតែម្នាក់ឯងនេះមានឈ្មោះថា Kshama Bindu អាយុ ២៤ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ហើយពិធីរៀបការរបស់គាត់នឹងត្រូវរៀបចំឡើងនៅឯព្រះវិហារ Gotri ក្នុងថ្ងៃទី ១១ ខែមិថុនាខាងមុខនេះហើយ។ ពិធីរៀបការដែលមានកូនកំលោះនិងកូនក្រមុំជាមនុស្សតែម្នាក់នេះត្រូវបានគេមើលឃើញថា ជាពិធីមង្គលការដែលប្លែកគេនិងដំបូងគេបង្អស់ផងដែរសម្រាប់នៅក្នុងប្រទេសឥណ្ឌា។ អ្នកនាង Kshama Bindu បានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់ការសម្រេចចិត្តរៀបការជាមួយខ្លួនឯងផ្ទាល់នេះគឺដើម្បីសម្រេចក្តីស្រមៃក្លាយជាកូនក្រមុំម្នាក់ដូចស្រ្តីទូទៅ តែរូបគាត់មិនចង់រៀបការជាមួយបុរសណាម្នាក់ទាល់តែសោះ។ ស្ត្រីដែលមានគំនិតប្លែកគេរូបនេះបានបន្តថា ស្រ្តីទូទៅបានសម្រេចចិត្តរៀបការមួយបុរសដែលពួកគាត់ស្រលាញ់បំផុត តែសម្រាប់រូបគាត់ផ្ទាល់គឺគាត់បានស្រលាញ់ខ្លួនឯងជាងបុរសណាទាំងអស់ ដូចនេះការសម្រេចចិត្តរៀបការនេះក៏អាចបង្ហាញថាគាត់បានរៀបការជាមួយមនុស្សដែលគាត់ស្រលាញ់បំផុតផងដែរ។ តាមគម្រោងក្រោយពេលរៀបការជាមួយខ្លួនឯងរួចអ្នកនាង Kshama Bindu នឹងរៀបចំដំណើរកំសាន្តក្រេបទឹកឃ្មុំនៅលើកោះ Goa ក្នុងរយៈពេល ២សប្តាហ៍ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តួកគីផ្លាស់ប្តូរឈ្មោះជាផ្លូវការនៅ UN ពី «Turkey» ទៅជា «Turkiye»

Khmerpress June 3, 2022 03/06/2022

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា តួកគីបានជូនដំណឹងមកកាន់ UN ថា ចាប់ពីពេលនេះទៅ ខ្លួនមានបំណង់ចង់ឱ្យអន្តរជាតិហៅប្រទេសតួកគី (Turkey) ថាជា តួកកៀ (Turkiye) វិញ នៅក្នុងគ្រប់ភាសាទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។ លោក ស្ទេហ្វាន ឌូចារីគ (Stephane Dujarric) អ្នកនាំពាក្យរបស់ប្រមុខដឹកនាំ UN បាននិយាយថា ទីស្នាក់ការកណ្តាលរបស់ UN នៅញូយ៉ក បានទទួលលិខិតផ្លូវការស្តីពីសំណើផ្លាស់ប្តូរឈ្មោះ ពីសំណាក់រដ្ឋាភិបាលទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើតាមលោក Dujarric ការកែប្រែឈ្មោះរបស់តួកគី គឺមានសុពលភាពភ្លាមៗតែម្តង។ គួរបញ្ជាក់ថា កិច្ចខិតខំផ្លាស់ប្តូរឈ្មោះខាងលើ ត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់។ ពាក្យ Turkiye នេះ តាមពិតទៅ គឺមានសូរសព្ទដូចទៅនឹងឈ្មោះរបស់ប្រទេសតួកគី ដែលគេហៅជាភាសាតួកគីផ្ទាល់។ យ៉ាងណាក្តី ចំណុចគួរឱ្យកត់សម្គាល់មួយ នៅពីក្រោយការប្តូរឈ្មោះនេះ […]

CEO ក្រុមហ៊ុន Tesla លោក Elon Musk ផ្ដល់ជម្រើសពីរដល់បុគ្គលិក «ធ្វើការ ៤០ម៉ោងក្នុងមួយសប្ដាហ៍ ឬលាឈប់ពីការងារ»

Khmerpress June 3, 2022 03/06/2022

(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk បានស្នើឱ្យបុគ្គលិកទាំងអស់ត្រឡប់មកធ្វើការនៅការិយាល័យផ្ទាល់វិញ ខណៈលោកសង្កត់ធ្ងន់ទៅកាន់បុគ្គលិកថា «ចង់មកធ្វើការដោយផ្ទាល់ ឬក៏ចង់ចាកចេញពីក្រុមហ៊ុន»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។ តាមប្រភពពី Electrek បានឱ្យដឹងថា Musk បានផ្ញើ Email ទៅកាន់បុគ្គលិកទាំងអស់ដោយតម្រូវឱ្យពួកគេមកធ្វើការនៅក្នុងការិយាល័យដ៏ធំរបស់ Tesla យ៉ាងហោចណាស់ ៤០ម៉ោងក្នុងមួយសប្តាហ៍ ដោយលោកថែមទាំងបញ្ជាក់ទៀតថា «ប្រសិនបើអ្នកមិនមកបង្ហាញខ្លួននៅការិយាល័យទេ យើងនឹងសន្មត់ថាអ្នកបានលាឈប់ពីការងារ»តែម្តង។ ក្នុងនោះ Musk ក៏បានផ្ញើ Email ចំនួន ២ដងទៅកាន់បុគ្គលិកដោយ Email ដំបូងបានលើកឡើងថា «អ្នកណាក៏ដោយដែលចង់ធ្វើការពីចម្ងាយ គឺគួរតែត្រូវចំណាយពេលនៅក្នុងការិយាល័យជាអប្បបរមា ខ្ញុំមានន័យថា«អប្បបរមា» គឺប្រហែល ៤០ម៉ោងក្នុងមួយសប្តាហ៍ ឬក៏អាចនឹងចាកចេញពី Tesla» តែម្តង។ ដោយលោកសង្កត់ធ្ងន់ថា «នេះតិចជាងយើងស្នើសុំកម្មកររោងចក្រទៅទៀត»។ ចំណែកឯ Email ទី២លោកបានបន្ថែមថា «វាជារឿងសំខាន់សម្រាប់បុគ្គលិកជាន់ខ្ពស់ក្នុងការបង្ហាញវត្តមានរបស់ពួកគេ ប្រសិនបើនៅតែបន្តធ្វើការតាមរយៈអនឡាញតើពេលណាទើបពួកយើងបាននាំចេញផលិតផលថ្មីដ៏អស្ចារ្យទៅកាន់ពិភពលោក? ដែលនោះហើយជាមូលហេតុដែលខ្ញុំចំណាយពេលវេលារបស់ខ្ញុំ «រស់នៅក្នុងរោងចក្រ» […]

មេធំ Facebook បាត់បង់បុគ្គលិកដៃស្ដាំ និងជាបុគ្គលិកឆ្នើមរកចំណូលឱ្យក្រុមហ៊ុនបានច្រើនបំផុត

Khmerpress June 3, 2022 03/06/2022

មហាសេដ្ឋី Mark Zuckerberg ត្រូវបាត់បង់បុគ្គលិកដៃស្ដាំ ហើយក៏ជាបុគ្គលិកស្រីឆ្នើម និងជួយរកចំណូលឱ្យក្រុមហ៊ុនបានច្រើនបំផុត។ លោកស្រី Sheryl Sandberg កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook ក្រោយធ្វើការជាមួយក្រុមហ៊ុននេះអស់ប្រមាណ ១៤ឆ្នាំ។ នាយកប្រតិបត្តិវ័យ ៥២ឆ្នាំរូបនេះ បានធ្វើការជាមួយក្រុមហ៊ុន Facebook តាំងពីឆ្នាំ២០០៨ ហើយគាត់បានមើលការខុសត្រូវលើការងាររបស់ខ្លួន និងជួយក្រុមហ៊ុនជាច្រើនរាប់ចាប់ពី ការបោះផ្សាយមូលបត្រជាសាធារណៈជាលើកដំបូង (IPO) ក្នុងឆ្នាំ២០១២ រហូតឡើងដល់តម្លៃ ១ទ្រីលានដុល្លារកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ពេលកំពុងបម្រើការជាស្ត្រីដៃស្តាំរបស់ Mark Zuckerberg លោកស្រី Sandberg បានជួយប្រែក្លាយ Facebook ឱ្យទៅជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងវិស័យបច្ចេកវិទ្យា។ រហូតមកដល់ពេលថ្មីៗនេះ Facebook មានតម្លៃជាង ១ទ្រីលានដុល្លារ បើទោះបីជាការវាយតម្លៃនេះត្រូវបានកាត់បន្ថយជិតពាក់កណ្តាល ចំពេលមានកំណើនប្រាក់ចំណូលយឺត និងការបាត់បង់អ្នកប្រើប្រាស់លើកដំបូងរបស់ខ្លួនក៏ដោយ។ មិនតែប៉ុណ្ណោះនាងបាននៅខាងលោក Zuckerberg សម្រាប់ការទិញយក Instagram និង WhatsApp ដ៏ល្បីរបស់ Facebook ដែលបានជួយឱ្យវាពង្រឹងជំហររបស់ខ្លួនជាបណ្តាញសង្គមដ៏លេចធ្លោរបស់ពិភពលោក […]

ប្រមុខ NATO ប្រាប់ឱ្យលោកខាងលិចត្រៀមខ្លួន សម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅអ៊ុយក្រែន

Khmerpress June 3, 2022 03/06/2022

(វ៉ាស៊ីនតោន)៖ ប្រមុខអង្គការ NATO លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) ព្រមានថាបណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រៀមខ្លួន សម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចបញ្ជូនមីស៊ីលចម្ងាយឆ្ងាយឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។ លោក ស្ដូលធិនប៊ឺគ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្រោយជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប្រមុខ NATO រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែង ពីព្រោះថាអ្វីដែលយើងកំពុងឃើញសព្វថ្ងៃ នោះគឺសង្រ្គាមនេះបាននិងកំពុងក្លាយជាសង្គ្រាមរ៉ាំរ៉ៃ»។ ដោយឡែក នៅពេលអះអាងពីគោលជំហររបស់ NATO ដែលមិនចង់ផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី លោក ស្ដូលធិនប៊ឺគ បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះក៏មានទំនួលខុសត្រូវមួយដែរគឺ គាំទ្រអ៊ុយក្រែន។ គួរបញ្ជាក់ថា បើតាមលោក ស្ដូលធិនប៊ឺគ អ៊ុយក្រែនកំពុងលះបង់តម្លៃដ៏ធំដើម្បីការពារប្រទេសរបស់ខ្លួន តែរុស្ស៉ីខ្លួនឯងក៏កំពុងប្រឈមមុខនឹងការខាតបង់ ធ្ងន់ធ្ងរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ហាងលក់ និងបញ្ចូលហ្គាសមួយនៅថៃ សម្រេចឱ្យអតិថិជនបង់រំលោះហ្គាសយកទៅប្រើ ដើម្បីជួយសម្រាលការលំបាកខណៈតម្លៃហ្គាសកើនឡើងខ្លាំង

Khmerpress June 3, 2022 03/06/2022

តម្លៃហ្គាសចម្អិនអាហារនៅក្នុងប្រទេសថៃ បានកើនឡើងបន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពលបានអនុម័ត ការដំឡើងថ្លៃឧស្ម័នបន្តិចម្ដងៗស្របតាមតម្លៃនៅលើពិភពលោក។ ដោយសារមូលហេតុនេះហើយ ហាងលក់ និងបញ្ចូលហ្គាសចម្អិនម្ហូបមួយកន្លែងនៅទីក្រុង​ឈៀងម៉ៃ កំពុង​អនុញ្ញាត​ឱ្យ​អតិថិជន​ខ្លះ​បង់​រំលោះហ្គាស ​បន្ទាប់​ពី​តម្លៃ​បាន​ឡើង​ថ្លៃ​មួយ​បាត​ក្នុង​មួយ​គីឡូក្រាម ​កាល​ពី​ថ្ងៃ​ពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ។ លោកស្រី Kanya Choothong ម្ចាស់ហាងលក់ហ្គាសចម្អិនអាហារនៅស្រុក Muang បានទទួលស្គាល់ថា តម្លៃហ្គាសចម្អិនអាហារបច្ចុប្បន្ន គឺឡើងខ្ពស់មិនធ្លាប់មាន។ អ្នក​ស្រី​បាន​ពន្យល់​ថា​៖ “តម្លៃ​ធុងហ្គាស​ចម្អិន​អាហារទម្ងន់ ១៥ គីឡូក្រាម​បាន​ឡើង​ដល់ ៣៦៣បាត​ក្នុង​មួយ​ធុង​ ពី ៣៤៨ បាត​ក្នុង​ខែ​ឧសភា។ អ្នកស្រីបានបន្តថា ទោះតម្លៃឡើងថ្លៃក៏ដោយ ក៏មាន​អតិថិជន​ជា​ច្រើន​មក​កុម្ម៉ង់​ហ្គាស​ដូច​ធម្មតា។ ជាមួយគ្នានេះ អតិថិជន​ភាគ​ច្រើន​នៅ​ហាង​របស់​គាត់ ​គឺ​ជា​អ្នក​ធម្មតា​ដែល​យល់​ពី​មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ។ អ្នកស្រីបានបន្ថែមថា អតិថិជនមួយចំនួនក៏បានអះអាងដែរថា ការលក់របស់ពួកគេមានកម្រិតទាប ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងការកើនឡើងតម្លៃនៃការរស់នៅ។ ដូច្នេះហើយ ហើយ​ទើប​ហាង​របស់ អនុញ្ញាត​ឲ្យ​អតិថិជន​ខ្លះ​បង់​ថ្លៃ​ហ្គាស​ក្នុង​ការ​បង់រំលស់​ ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​របស់​ពួកគេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត