ព័ត៌មានអន្តរជាតិ

រុស្ស៉ី ថានឹងបង្កើនការការពារនៅព្រំដែន ចំពេលមានការវាយលុយពីអ៊ុយក្រែន

Liny Chan August 16, 2024 16/08/2024

(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានប្រកាសថានឹងបង្កើនការការពារនៅព្រំដែន តាមការរយៈការធ្វើឱ្យប្រសើរឡើងនូវរបៀបបញ្ជា និងគ្រប់គ្រង ហើយដាក់ពង្រាយកងកម្លាំងបន្ថែមទៀត ខណៈដែលការវាយលុកឆ្លងព្រំដែនពីអ៊ុយក្រែន ធ្វើឡើងប្រហែល ១០ថ្ងៃមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov និយាយថា បុគ្គលិកយោធាបាននិងកំពុងរៀបចំវិធានការជាបន្តបន្ទាប់ ដើម្បីការពារតំបន់ព្រំដែនដូចជានៅ Kursk, Bryansk និង Belgorod ដែល ៣ទីតាំងនេះមានផ្ទៃដីប្រហាក់ប្រហែល នឹងប្រទេសព័រទុយហ្គាល់។ លោក Belousov បានប្រាប់ក្រុមឧត្តមសេនីយ៍ និងមន្រ្តី ដូច្នេះថា «ដំបូង យើងនិយាយពីការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ ដោយសហការជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត»។ រុស្ស៉ី ក៏កំពុងបែងចែកកម្លាំង មូលនិធិបន្ថែម ដើម្បីការពារបូរណភាពទឹកដី និងធានាបានថាមិនអាចមានការដណ្តើមយកទឹកដី។ គួរបញ្ជាក់ថា អ៊ុយក្រែន បានបើកកាវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៦ ខែសីហា ដោយទាហានរាប់ពាន់នាក់ បានវាយលុកឆ្លងកាត់ព្រំដែនភាគខាងលិចរបស់រុស្ស៉ី។ មានតែការអះអាងអ៊ុយក្រែន ជុំវិញការកាន់កាប់ទីតាំងមួយចំនួននៅតំបន់ Kursk ប៉ុន្តែយោធារុស្ស៉ីមិន​ទាន់​ធ្វើការពន្យល់​ជា​សាធារណៈនៅឡើយទេ អំ​ពី​របៀប​ដែល​កងកម្លាំង​អ៊ុយក្រែន​អាច​ទម្លុះការការពាររបស់រុស្ស៉ី នៅព្រំដែនបាន៕ […]

គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារកោះតៃវ៉ាន់

Liny Chan August 16, 2024 16/08/2024

(តៃប៉ិ)៖ អាជ្ញាធរឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Hualien ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ គ្រោះរញ្ជួយដីខាងលើក៏បានបង្ករំញ័រដល់អគារក្នុងរដ្ឋធានីតៃប៉ិ ផងដែរ។ គ្រោះរញ្ជួយដីនេះមានជម្រៅទៅក្នុងដី ៩.៧គីឡូម៉ែត្រ ហើយបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ គ្រោះរញ្ជួយដីទាំង២ លើកនេះដែរ កើតឡើង ខណៈអាជ្ញាធរតៃវ៉ាន់បានព្រមានពីហានិភ័យនៃគ្រោះរអិលបាក់ដីនៅតាមតំបន់ភ្នំ បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ។ គួរបញ្ជាក់ថា កាលពីខែមេសា គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារលើទីក្រុង Hualien ដោយបានសម្លាប់មនុស្ស៩នាក់ និងច្រើនជាង ៩០០នាក់ បានរងរបួស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្យុះទីហ្វុង Ampil រំកិលឆ្ពោះទៅទីក្រុងតូក្យូ ប្រទេសជប៉ុន រំខានដល់ចរាចរណ៍ធ្វើដំណើរនៅថ្ងៃឈប់សម្រាក

Liny Chan August 15, 2024 15/08/2024

(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ព្យុះទីហ្វុង Ampil បាននិងកំពុងរំកិលឆ្ពោះទៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន នាំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវលុបចោលជើងហោះហើរ និងការផ្អាកសេវាកម្មផ្លូវរថភ្លើង ដើម្បីកាត់បន្ថយការធ្វើដំណើរ នៅក្នុងរដូវកាលឈប់សម្រាក នារដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Ampil ដែលត្រូវបានចាត់ថ្នាក់ជាព្យុះមានឥទ្ធិពលខ្លាំង ដោយទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ស្ថិតនៅចម្ងាយប្រហែល ៦៩០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុន កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) កំពុងឆ្ពោះមក ទីក្រុងតូក្យូ និងតំបន់ជុំវិញ។ មន្រ្តី JMA បានប្រាប់សន្និសីទសារព័ត៌មានថា «ខណៈព្យុះនេះកាន់តែខិតជិតមកដល់ យើងសូមអំពាវនាវដល់សាធារណៈជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ពីរលកសមុទ្រខ្ពស់ៗ និងភ្លៀងធ្លាក់ខ្លាំង»។ ក្រុមហ៊ុនអាកាសចរណ៍នានាដូចជា Japan Airlines គ្រោងលុបចោលជើងហោះហើរក្នុងស្រុកចំនួន ១៩១ និងអន្តរជាតិចំនួន ២៦ ដែលភាគច្រើនចាកចេញ និងមកដល់អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះ។ ANA ឯណោះវិញប្រកាសថា នឹងលុបចោលជើងហោះហើរក្នុងស្រុក ចំនួន ២៨០ ដែលគ្រោងទុកសម្រាប់ថ្ងៃសុក្រ ប៉ះពាល់ដល់ អ្នកដំណើរជាង […]

ចិនគ្រោងដាក់ចេញច្បាប់ ដើម្បីឱ្យការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍កាន់តែងាយស្រួល និងពិបាកលែងលះ

Liny Chan August 15, 2024 15/08/2024

(ប៉េកាំង)៖ ប្រទេសចិន បាននិងកំពុងរៀបចំដាក់បញ្ចូលគ្នា នូវសេចក្តីព្រាងច្បាប់ដែលបានកែប្រែរួច ដើម្បីធ្វើឱ្យកាន់តែមាន ភាពងាយស្រួល សម្រាប់គូស្នេហ៍ក្នុងការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍ ជាមួយនិងការលំបាកក្នុងការដាក់ពាក្យសុំលែងលះ ខណៈដែលផែនការនេះ បានរងនូវការិះគន់ពីក្រុមអ្នកលេងបណ្តាញសង្គម ហើយក្លាយទៅជាប្រធានបទល្បីលើអ៉ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។ សេចក្តីព្រាងច្បាប់នោះ មានគោលបំណងកសាង «សង្គមគ្រួសាររីករាយ» និងត្រូវបានចេញដោយក្រសួងកិច្ចការស៉ីវិលចិន ក្នុងសប្តាហ៍នេះ សម្រាប់ស្ទង់មតិសាធារណៈ ហើយពលរដ្ឋ​អាច​ដាក់មតិយោបល់​ទៅ​ក្រសួង ​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា។ ច្បាប់ដែលបានស្នើឡើងថ្មីនេះ នឹងដកចេញការរឹតត្បិតមួយចំនួនពីច្បាប់ចាស់ ដែលតម្រូវឱ្យការចុះអាពាហ៍ពិពាហ៍ ចាំបាច់ត្រូវតែ​ធ្វើឡើងនៅកន្លែងចុះបញ្ជីស្នាក់នៅរបស់គូស្នេហ៍។ ដោយឡែក ការលែងលះ នឹងត្រូវដាក់ឱ្យស្ថិតក្រោមរយៈពេលអន្តរកាល ៣០ថ្ងៃ ដែលអំឡុងពេលនោះ បើភាគីណាមួយមិនព្រមលែងលះ ពួកគេអាចដកពាក្យវិញ រួចឈានដល់បញ្ចប់ការសុំលែងលះតែម្តង។ គួរបញ្ជាក់ថា វិធានការថ្មីនេះ ធ្វើឡើងខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយចិន ព្យាយាមជំរុញឱ្យគូស្នេហ៍វ័យក្មេងៗ រៀបអាពាហ៍ពិពាហ៍ និងមានកូន បន្ទាប់ពីចំនួនប្រជាជនចិន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិក៖ បុរសវ័យ ៧១ឆ្នាំម្នាក់ ទទួលបានសំណង៧លានដុល្លារ ក្រោយត្រូវជាប់ពន្ធនាគារទាំងគ្មានកំហុសជិត៥០ឆ្នាំ

Liny Chan August 15, 2024 15/08/2024

(វ៉ាស៉ីនតោន)៖ បុរសម្នាក់នៅសហរដ្ឋអាមេរិក ដែលបានចំណាយពេលជិត៥ទសវត្សរ៍ ក្នុងពន្ធនាគារសម្រាប់អំពើឃាតកម្ម ដែលខ្លួន​មិនបានប្រព្រឹត្ត នឹងត្រូវទទួលបានប្រាក់សំណង ចំនួន៧.១៥លានដុល្លារ ពីទីក្រុងដែលបានផ្តន្ទាទោសខុសលើរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នាថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៤។ បុរសខាងលើមានឈ្មោះថា Glynn Simmons គឺជាជនជាតិអាមេរិកស្បែកខ្មៅ ដែលសព្វថ្ងៃមានអាយុ៧១ឆ្នាំ។ លោកត្រូវបាន​ដោះលែងចេញពីពន្ធនាគារវិញ កាលពីឆ្នាំ២០២៣ ក្រោយជាប់អស់រយៈពេលសរុប៤៨ឆ្នាំ ១ខែ និង១៨ថ្ងៃ។ លោក Simmons និងបុរសម្នាក់ទៀតឈ្មោះ Don Roberts ត្រូវបានផ្តន្ទាទោសប្រហារជីវិត ក្នុងទីក្រុង Oklahoma នៅឆ្នាំ១៩៧៥ សម្រាប់ករណីឃាតកម្មកាលពី១ឆ្នាំ​មុននោះ លើបុគ្គលិកហាងលក់គ្រឿងស្រវឹងម្នាក់ អំឡុងករណីចោរកម្មមួយ នៅក្រុង Edmond នៃរដ្ឋ Oklahoma។ ទោសប្រហារជីវិតរបស់អ្នកទាំងពីរ ក្រោយមកត្រូវបានបន្ធូរបន្ថយមកត្រឹម ទោសជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្តន្ទាទោស លោក Simmons និង Roberts គឺផ្អែកលើមូលដ្ឋាន នៃការផ្តល់សក្ខីកម្មតែមួយគត់ ពីសំណាក់អតិថិជនជាក្មេងស្រីជំទង់​ម្នាក់ ដែលត្រូវបានបាញ់ចំក្បាល អំឡុងករណីចារកម្មពេលនោះ ប៉ុន្តែបានរួចរស់ជីវិត។ យ៉ាងណាមិញ […]

រុស្ស៉ី កំពុងជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ Kursk ដែលរងការវាយប្រហារពីអ៊ុយក្រែន

Liny Chan August 15, 2024 15/08/2024

(មូស្គូ)៖ អភិបាលស្តីទីនៃតំបន់ Kursk លោក Alexei Smirnov បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អាជ្ញាធរក្នុងប្រទេសរុស្ស៉ីសម្រេចជម្លៀសប្រជាជនចេញពីស្រុក Glushkov ក្នុងតំបន់ Kursk ចំពេលមានការបន្តវាយលុកឆ្លងព្រំដែនពីសំណាក់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។ ស្រុក Glushkov ដែលនៅជាប់នឹងព្រំដែនជាមួយអ៊ុយក្រែនតែម្តង មានប្រជាជនរស់នៅជាង ២០,០០០នាក់ ហើយបើតាម លោក Smirnov ប៉ូលិស និងស្ថាប័នរដ្ឋផ្សេងទៀតរបស់រុស្ស៉ី នឹងសហការគ្នាក្នុងដំណើរការជម្លៀសពួកគេ។ ក្រុមមន្រ្តីនិយាយថា មនុស្សជិត ២០,០០០នាក់ កំពុងត្រូវបានជម្លៀសដោយសារតែការវាយប្រហារ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែននិយាយថា ការវាយលុយឆ្លងព្រំដែនបានចូលក្នុងតំបន់ Kursk ជម្រៅពីមួយទៅពីរគីឡូម៉ែត្រហើយ ខណៈកងទ័ពរបស់ខ្លួនបានបញ្ចប់ការបោសសំអាតទីក្រុងព្រំដែន Sudzha របស់រុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យន្ដហោះចម្បាំង ២គ្រឿង បុកគ្នាលើអាកាស បណ្ដាលឱ្យពីឡុតបារាំង ២នាក់បានបង់ជីវិត

Liny Chan August 15, 2024 15/08/2024

(ប៉ារីស)៖ ពីឡុតបារាំង ២នាក់ បានស្លាប់កាលពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីយន្ដហោះចម្បាំង Rafale របស់ពួកគេបានបុកគ្នានៅលើអាកាស នៅភាគខាងកើត ប្រទេសបារាំង។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «យើងបានទទួលដំណឹងយ៉ាងសោកសៅពីមរណភាពរបស់ កាពីទែន Sébastien Mabire និងអនុសេនីយ៍ Matthis Laurens នៅក្នុងឧបទ្ទវហេតុមួយនៅលើអាកាស អំឡុងបេសកកម្មហ្វឹកហាត់បញ្ជាយន្ដហោះចម្បាំង Rafale»។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បានឱ្យដឹងថាពីឡុតម្នាក់នៅក្នុងហេតុការណ៍យន្ដហោះចម្បាំងបុកគ្នាខាងលើ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។ គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះចម្បាំងទាំង២គ្រឿងបុកគ្នានៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ធនាគារកណ្តាលម៉ាឡេស៊ី ដាក់ពិន័យធនាគារចំនួន៤ ពាក់ព័ន្ធនឹងការអាក់ខានផ្តល់សេវាកម្ម

Liny Chan August 15, 2024 15/08/2024

(គូឡាឡាំពួរ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃពុធថា ខ្លួនបានដាក់ពិន័យលើធនាគារចំនួន៤ គឺធនាគារ CIMB Berhad, ធនាគារ CIMB Islamic Bank Berhad, ធនាគារ Malayan Banking Berhad និងធនាគារ Maybank Islamic Berhad ពាក់ព័ន្ធនឹងការអូសបន្លាយពេល ផ្តល់សេវាធនាគាររបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) ថា ធនាគារកណ្តាលនេះបានដាក់ពិន័យរដ្ឋបាល ជាប្រាក់ចំនួន ៧៦០ ០០០រីងហ្គីត (១៧២ ០០០ដុល្លារ) លើធនាគារ CIMB និងធនាគារ CIMB Islamic ដោយសារការអាក់ខានផ្តល់សេវាកម្មរយៈពេលយូរ ដែលប៉ះពាល់ដល់បណ្តាញធនាគារអេឡិចត្រូនិក របស់ពួកគេកាលពីថ្ងៃទី២៩ ខែកក្កដា។ ធនាគារកណ្តាលបានឱ្យដឹងទៀតថា ការពិន័យជាប្រាក់ចំនួន ៤,៣លានរីងហ្គីត (ប្រហែល ៩៧២ ៨៥០ដុល្លារ) ក៏ត្រូវបានធ្វើឡើងផងដែរទៅលើធនាគារ Malayan និងធនាគារ Maybank Islamic […]

WHO ប្រកាសចាត់ទុកជំងឺ Mpox ​ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២

Liny Chan August 15, 2024 15/08/2024

(Reuters)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃពុធ ទី១៤ ខែសីហា បានប្រកាសចាត់ទុកជំងឺ Mpox ​ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺនេះបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ គណៈកម្មធិការសម្រាប់គ្រាអាសន្នបានជួបប្រជុំគ្នា កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីផ្ដល់យោបល់ឱ្យប្រមុខ WHO លោក Tedros Adhanom Ghebreyesus ថាតើត្រូវប្រកាស ចាត់ទុកជំងឺ Mpox ​ឬអុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកលដែរឬក៏យ៉ាងណា? ភាពអាសន្នសុខាភិបាលសាធារណៈសកល គឺជាកម្រិតអាសន្នខ្ពស់បំផុតរបស់ WHO ដែលមានគោលដៅពន្លឿនការស្រាវជ្រាវ ស្វែងរកមូលនិធិ ដាក់ចេញវិធានការជាលក្ខណៈអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងជំងឺឆ្លង។ តាម WHO​ ជំងឺ Mpox ឬអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានជំងឺ។ ជាធម្មតា ជំងឺនេះមានរោគសញ្ញាស្រាល រីឯ ករណីស្លាប់ គឺកម្រនឹងកើតឡើង ហើយមានរោគសញ្ញាដូចផ្ដាសាយ តែមានឡើងពងបែកនៅស្បែក។ គួរបញ្ជាក់ថា ការផ្ទុះរាលដាលជំងឺ Mpox ឬអុតស្វា ដំបូងឡើយ​ នៅប្រទេសកុងហ្គោបង្កឡើងដោយវីរុសប្រភេទ […]

កូរ៉េខាងជើង នឹងបើកព្រំដែនឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅខែធ្នូ

Liny Chan August 15, 2024 15/08/2024

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅទីក្រុង Samjiyon ភាគឦសាន នៅខែធ្នូ និងអាចនៅតាមតំបន់ផ្សេងទៀតនៃប្រទេស នេះបើយោងតាមក្រុមហ៊ុនទេសចរណ៍ បានឱ្យដឹងនៅថ្ងៃពុធនេះ។ សកម្មភាពនេះជាសញ្ញាមួយបង្ហាញថា ប្រទេសដ៏ឯកោនេះ កំពុងត្រៀមបើកព្រំដែនឡើងវិញដើម្បីទទួលភ្ញៀវទេសចរបរទេសក្រុមធំៗ បន្ទាប់ពីការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងដោយសារជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុន Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «យើងបានទទួលការបញ្ជាក់ពីដៃគូក្នុងស្រុករបស់យើងថា ការទេសចរណ៍ទៅកាន់ទីក្រុង Samjiyon និងប្រហែលជាប្រទេសទាំងមូលនឹងចាប់ផ្តើមឡើងវិញជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២៤»។ ជើងហោះហើរអន្តរជាតិចេញចូលប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមឡើងវិញកាលពីឆ្នាំមុន ហើយក្រុមទេសចររុស្ស៊ីមួយក្រុមតូច បានហោះហើរទៅកាន់កូរ៉េខាងជើងសម្រាប់ដំណើរកម្សាន្តឯកជនកាលពីខែកុម្ភៈ។ មន្ត្រីជាន់ខ្ពស់បរទេស រួមទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែមិថុនា ក៏បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះផងដែរ។ ប៉ុន្តែកូរ៉េខាងជើងមិនទាន់បានបើកទទួលភ្ញៀវទេសចរអន្តរជាតិទាំងស្រុងនៅឡើយទេ ចាប់តាំងពីឆ្នាំ២០២០។ ក្រុមហ៊ុន Koryo Tours បាននិយាយថា «បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ៤ឆ្នាំដើម្បីធ្វើការប្រកាសនេះ ក្រុមហ៊ុន Koryo Tours មានការរំភើបយ៉ាងខ្លាំងចំពោះការបើកទេសចរណ៍កូរ៉េខាងជើងម្តងទៀត» ដោយបានបន្ថែមថា ដៃគូក្នុងស្រុករបស់ខ្លួននឹងបញ្ជាក់ពីផែនការធ្វើដំណើរ និងកាលបរិច្ឆេទនៅក្នុងសប្តាហ៍ខាងមុខ។ គួរបញ្ជាក់ថា កូរ៉េខាងជើងបាន និងកំពុងកសាងអ្វីដែលខ្លួនហៅថា «សង្គមនិយមឋានសួគ៌» នៅទីក្រុង Samjiyon ដែលជាទីក្រុងមួយនៅជិតព្រំដែនចិន និង «ជាគំរូទីក្រុងភ្នំដ៏ស៊ីវិល័យ» ជាមួយនឹងអាគារអាផាតមិន សណ្ឋាគារ រមណីយដ្ឋានជិះស្គី និងកន្លែងពាណិជ្ជកម្ម វប្បធម៌ […]