ព័ត៌មានអន្តរជាតិ

BREAKING: ទីបំផុតសហភាពអឺរ៉ុប (EU) ព្រមផ្តល់យន្តហោះចម្បាំង ដល់អ៊ុយក្រែនហើយ!

Khmerpress February 28, 2022 28/02/2022

(អឺរ៉ុប)៖ ការអំពាវនាវសុំយន្តហោះចម្បាំង ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា បានទទួលជោគជ័យហើយ បន្ទាប់ពីប្រធានគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុប (EU) លោក ចូសិព បូរ៉ែល (Josep Borrel) បានប្រកាសថា ប្លុកនេះនឹងផ្តល់យន្តហោះចម្បាំងដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ លោក Josep Borrel បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងផ្តល់ឲ្យ (អ៊ុយក្រែន) សូម្បីតែយន្តហោះចម្បាំង។ យើងមិនមែននិយាយ តែពីគ្រាប់កាំភ្លើងនោះទេ, តែយើងកំពុងផ្តល់អាវុធដ៏សំខាន់ជាងនេះ ទៅកាន់សង្គ្រាមមួយ»។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) ធ្លាប់បានស្នើសុំ «ប្រភេទយន្តហោះចម្បាំង ដែលកងទ័ពអ៊ុយក្រែន អាចធ្វើប្រតិបត្តិការបាន» ដោយអះអាងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន មានយន្តហោះដែលអ៊ុយក្រែនត្រូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីអ៊ុយក្រែន ទទូចឱ្យ EU ទទួលអ៊ុយក្រែនជាសមាជិកភ្លាមៗតែម្តង ក្រោយប្រមុខ EU បង្ហាញឆន្ទៈចង់ឱ្យចូល

Khmerpress February 28, 2022 28/02/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីឡិនស្គី (Volodymyr Zelensky) កាលពីព្រឹកថ្ងៃចន្ទនេះ បានចេញមុខអំពាវនាវសារជាថ្មី ដល់សហភាពអឺរ៉ុប (EU) ដើម្បីឱ្យទទួលប្រទេសលោក ជាសមាជិកក្នុងពេលភ្លាមៗជាបន្ទាន់តែម្តង នៅក្រោមនីតិវិធីថ្មីពិសេសមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ការអំពាវនាវជាថ្មីម្តងទៀតខាងលើនេះ កើតមានឡើង បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា ហ្វុន ឌែរ លេយិន (Ursula von der Leyen) បានបង្ហាញពីការគាំទ្ររួមជាមួយឆន្ទៈស្វាគមន៍ចង់ឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Zelensky ក៏បានបង្ហោះសារអំពាវនាវស្រដៀងគ្នាផងដែរ គឺលោកបានស្នើឱ្យមានការសម្រេចជាបន្ទាន់ ស្តីពីសមាជិកភាព EU សម្រាប់អ៊ុយក្រែន ដោយសង្កត់ថា ពេលវេលាសំខាន់បំផុតបានមកដល់ហើយ។ គួរបញ្ជាក់ថា អ៊ុយក្រែន ដែលជារដ្ឋប្រជាធិបតេយ្យមួយមានប្រជាជនជាង ៤៤លាននាក់ បានទទួលឯករាជ្យពីរុស្ស៊ីកាលពីឆ្នាំ១៩៩១ ក្រោយការ ដួលរលំរលាយនៃអតីតសហភាពសូវៀត។ អ៊ុយក្រែន បានប្រើពេលអស់ជាច្រើនឆ្នាំមកហើយ ដើម្បីរង់ចាំអនុញ្ញាតឱ្យចូលជាសមាជិក […]

សភាប្រទេសឡាតវីបោះឆ្នោតជាឯកច្ឆន្ទ អនុញ្ញាតឲ្យប្រជាជនស្ម័គ្រចិត្ត អាចទៅចូលរួមជួយអ៊ុយក្រែន

Khmerpress February 28, 2022 28/02/2022

(ឡាតវី)៖ សភានៃប្រទេសឡាតវីបាន បោះឆ្នោតជាឯកច្ឆ័ន្ទហើយ ដើម្បីអនុញ្ញាតឲ្យ ជនជាតិខ្លួនដែលស្ម័គ្រចិត្ត អាចទៅចូលរួម ប្រយុទ្ធនៅអ៊ុយក្រែន ប្រសិនបើពួកគេចង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ជួរីស រ៉េនខេនីស (Juris Rancanis) ប្រធានគណៈកម្មការការពារជាតិនៃសភាឡាតវី បានថ្លែងថា «ប្រជាពលរដ្ឋរបស់យើងដែលចង់គាំទ្រអ៊ុយក្រែន និងស្ម័គ្រចិត្តទៅកាន់ទីនោះ ដើម្បីការពារឯករាជ្យភាពរបស់អ៊ុយក្រែន និងសន្តិសុខរួមរបស់យើង, ពួកគេពិតជាអាចធ្វើបាន»។ គួរបញ្ជាក់ថា ឡាតវីរួមជាមួយនឹងប្រទេសជិតខាង នៃតំបន់បាល់ទិកជាមួយគ្នាដូចជា អេស្តូនី និងលីទុយអានី សុទ្ធតែធ្លាប់ត្រូវបានគ្រប់គ្រងដោយទីក្រុងម៉ូស្គូ។ ប្រទេសទាំងបីនេះបានមើលឃើញថា រុស្ស៊ីជាប្រទេសដែលគំរាមកំហែងពួកគេ ជាយូរណាស់មកហើយ។ មិនដូចប្រទេសអ៊ុយក្រែននោះទេ, ប្រទេសបាល់ទិចទាំង ៣ នេះបានចូលរួមជាមួយ សហភាពអឺរ៉ុប និងអង្គការ NATO ទើបសន្តិសុខរបស់ពួកគេត្រូវបានធានា៕ ផ្តល់សិទ្ធិដោយ៖ freshnews

មហាសេដ្ឋីជប៉ុន ១រូប បរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួនប្រមាណ ៨.៧លានដុល្លារ ជួយដល់រដ្ឋាភិបាលអ៊ុយក្រែន

Khmerpress February 28, 2022 28/02/2022

មហាសេដ្ឋីជប៉ុន Hiroshi “Mickey” Mikitani បាននិយាយកាលពីថ្ងៃអាទិត្យថា​ លោកនឹងបរិច្ចាគប្រាក់ចំនួន ១ ពាន់លានយ៉េន (ប្រមាណ ៨.៧ លានដុល្លារ) ដល់រដ្ឋាភិបាលអ៊ុយក្រែន ដោយហៅការឈ្លានពានរបស់រុស្ស៊ីថា ជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន japantimes។ ស្ថាបនិកក្រុមហ៊ុន e-commerce យក្ស Rakuten Group Inc. បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាការបរិច្ចាគចំនួន ១ពាន់លានយ៉េន (៨.៧លានដុល្លារ) នឹងឆ្ពោះទៅរក “សកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាជនក្នុងប្រទេសអ៊ុយក្រែនដែលជាជនរងគ្រោះដោយអំពើហិង្សា”។ លោក Mikitani បាននិយាយនៅក្នុងសំបុត្ររបស់គាត់ថា “ចិត្តរបស់ខ្ញុំគឺនៅជាមួយអ្នក និងប្រជាជនអ៊ុយក្រែន។ ខ្ញុំជឿថា ការជាន់ឈ្លីសន្តិភាព និងប្រជាធិបតេយ្យ អ៊ុយក្រែនដោយកម្លាំងមិនសមហេតុផល គឺជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសង្ឃឹមដោយស្មោះថារុស្ស៊ី និងអ៊ុយក្រែន អាចដោះស្រាយបញ្ហានេះដោយសន្តិវិធី ហើយប្រជាជនអ៊ុយក្រែនអាចមានសន្តិភាពម្តងទៀតបានឆាប់តាមដែលអាចធ្វើទៅបាន”។ គួរបញ្ជាក់ផងដែរថា ការឈ្លានពានរបស់រុស្ស៊ីបានជំរុញឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងទូលំទូលាយពីប្រទេសប្រជាធិបតេយ្យធំៗ ខណៈដែលបុគ្គល និងអង្គការនានាជុំវិញពិភពលោកបានស្នើសុំការបរិច្ចាគដើម្បីជួយអ៊ុយក្រែន។ ក្នុងនោះរដ្ឋាភិបាលជប៉ុនក៏បានប្រកាសដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការនាំចេញសំខាន់ៗដូចជា គ្រឿងអេឡិចត្រូនិក ទៅកាន់អង្គការពាក់ព័ន្ធនឹងយោធារុស្ស៊ីផងដែរ៕ ដោយ៖ ខ្មែរណូត

BREAKING: ក្រសួងការពារជាតិរុស្ស៊ីថា កងទ័ពអាកាសរបស់ខ្លួន ត្រួតត្រាដែនអាកាសទាំងស្រុងលើទឹកដីអ៊ុយក្រែន

Khmerpress February 28, 2022 28/02/2022

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពអាកាសរបស់ខ្លួន បានត្រួតត្រាដែនអាកាសទាំងស្រុង នៅក្នុងទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការយោធារបស់លោក ពូទីន ឈានចូលថ្ងៃទី៥ ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមក្រសួងការពារជាតិរុស្ស៊ី, កងទ័ពអាកាសរុស្ស៊ីបានបង្កើតការត្រួតត្រាដែនអាកាសទាំងអស់ នៅលើទឹកដីអ៊ុយក្រែន រួមទាំងដណ្ដើមបាន ទីតាំងជាច្រើនកន្លែង នៅក្នុងទីក្រុង Berdyansk និងទីក្រុង Enerhodar ព្រមទាំងដែនដីនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរមួយ ក្នុងទីក្រុង Zaporizhiya ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: អង់គ្លេស នឹងដាក់ទណ្ឌកម្មបន្ថែម ដោយមានគោលដៅលើធនាគារកណ្ដាលរុស្ស៊ី

Khmerpress February 28, 2022 28/02/2022

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាខ្លួននឹងចាត់វិធានការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការ យោធាលើអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន, រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ដូច្នេះថា «ចក្រភពអង់គ្លេសនឹងចាត់វិធានការឆ្លើយតបចាំបាច់នានា ជាបន្ទាន់ ដើម្បីរឹតត្បិតកុំឱ្យរូបវន្តបុគ្គល ឬនិតីបុគ្គលអង់គ្លេស រកស៊ី ឬចុះកិច្ចកិច្ចព្រមព្រៀងជាមួយធនាគារកណ្ដាលរុស្ស៊ី, មូលិនិធិទ្រពសម្បត្តិជាតិរុស្ស៊ី និងក្រសួងហិរញ្ញវត្ថុនៃសហព័ន្ធរុស្ស៊ី»៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: អ៊ុយក្រែន អះអាងថា កងទ័ពរុស្ស៊ីបន្ថយល្បឿនវាយលុក ខណៈកិច្ចចរចាត្រៀមចាប់ផ្ដើម

Khmerpress February 28, 2022 28/02/2022

(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពរុស្ស៊ី បានបន្ថយល្បឿននៃការវាយលុក ខណៈប្រតិបត្តិការយោធារបស់រុស្ស៊ី ឈ្លានចូលដល់ថ្ងៃទី៥ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គនាយសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៊ីបានបន្ធូរបន្ថយការវាយលុករបស់ ខ្លួន ប៉ុន្តែនៅតែបន្តព្យាយាមបើកការវាយប្រហាររុលទៅមកក្នុងតំបន់មួយចំនួនរបស់អ៊ុយក្រែន»។ ការអះអាងបែបនេះរបស់យោធាអ៊ុយក្រែន ធ្វើឡើង ខណៈក្រុមមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នឹងជួបចរចាគ្នានៅឯព្រំដែនបេឡារុស នៅថ្ងៃចន្ទនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: បេឡារុស អនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួន

Khmerpress February 28, 2022 28/02/2022

(មីនស្កិ៍)៖ ប្រជាជនបេឡារុស បានបោះឆ្នោតអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន។ នេះបើតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ការបោះឆ្នោតប្រជាមតិ បានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពេលប្រទេសក្បែរខាងបេឡារុស គឺអ៊ុយក្រែន កំពុងរងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី ហើយក្រុមប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងជួបចរចាគ្នានៅតំបន់ព្រំដែនបេឡារុស នៅថ្ងៃចន្ទនេះ។ ប្រធានគណៈកម្មការបោះឆ្នោតកណ្ដាលបេឡារុស លោក អ៉ីហ្គ័រ កាប៉ិនកូ (Igor Karpenko) បានឱ្យដឹងថាប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិ, មាន ៦៥.១៦ភាគរយបានបោះឆ្នោតគាំទ្រ និង ១០.០៧ បោះឆ្នោតជំទាស់ទៅនឹងការអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើង ជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស។ គួរបញ្ជាក់ថា បើតាមលោក Karpenko អត្រាអ្នកចូលរួមបោះឆ្នោតប្រជាមតិនេះមាន ៧៨.៦៣ភាគរយ។ ការបោះឆ្នោតប្រជាមតិនេះ គឺជាផ្នែក មួយនៃការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយនឹងជួយពង្រឹងអំណាច និងការដឹកនាំរបស់លោកប្រធានាធិបតី អាឡិចហ្សាន់ឌ័ លូកាសឈិនកូ (Alexander Lukashenko) ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហភាពអឺរ៉ុបព្រមានពីវិបត្តិមនុស្សធម៌ធំបំផុតមិនធ្លាប់មាន ខណៈពលរដ្ឋអ៊ុយក្រែនរាប់លាននាក់នឹងធ្វើការផ្លាស់ប្តូរទីលំនៅព្រោះតែសង្គ្រាម

Khmerpress February 28, 2022 28/02/2022

សហភាព​អឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈនេះថា អឺរ៉ុបនឹងជួបប្រទះវិបត្តិមនុស្សធម៌ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដោយវិបត្តិនេះបានកើតឡើងដោយសាតែកងកម្លាំងរុស្ស៊ីបើកការឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ បើតាមលោក Janez Lenarcic ដែលជាស្នងការអឺរ៉ុបសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងវិបត្តិបានបញ្ជាក់ថា ចំនួនពលរដ្ឋអ៊ុយក្រែនដែលបានធ្វើការផ្លាស់ប្តូរទៅលំនៅព្រោះតែភ្លើងសង្គ្រាមអាចមានច្រើនជាង ​៧លាននាក់ ខណៈតួលេខដ៏ច្រើននេះនឹងបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតមិនធ្លាប់មានទាល់តែសោះនៅលើទ្វីបអឺរ៉ុប។ បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនប្រមាណជា ១៨លាននាក់នឹងរងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី។ របាយការណ៍ដដែលនេះបានបន្តថា គិតត្រឹមពេលនេះមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៤លាននាក់បានមករស់នៅជុំគ្នាក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសអ៊ុយក្រែន ពលរដ្ឋប្រមាណជា ៧លាននាក់បានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស និងជាច្រើនសែននាក់ផ្សេងទៀតបានភៀសខ្លួនចេញក្រៅប្រទេស។ គួរបញ្ជាក់ជូនផងដែរថា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ពលរដ្ឋអ៊ុយក្រែនដែលមានលិខិតឆ្លងដែនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលមកក្នុងសហភាពអឺរ៉ុបដោយមិនចាំបាច់មានទិដ្ឋាការនោះទេនិងអាចស្នាក់នៅរហូតដល់ ៣ខែ៕ ដោយ៖ ខ្មែរណូត

នាយករដ្ឋមន្រ្តីដាណឺម៉ាក ប្រកាសអនុញ្ញាតឱ្យប្រជាជនដែលស្ម័គ្រចិត្ត អាចចូលរួមជួយអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៉ីបាន

Khmerpress February 28, 2022 28/02/2022

(កូប៉ិនហាក)៖ នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី មេទី ហ្រ្វេដឺរីគសិន (Mette Frederiksen) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានប្រកាសថា ប្រទេសដាណឺម៉ាក នឹងអនុញ្ញាតឱ្យពលរដ្ឋខ្លួនទាំងឡាយណាដែលស្ម័គ្រ អាចចូលរួមជួយអ៊ុយក្រែន ប្រយុទ្ធតទល់នឹងកងទ័ពរុស្ស៉ីបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ លោកស្រីនាយករដ្ឋមន្រ្តីដាណឺម៉ាក បានថ្លែងយ៉ាងដូច្នេះថា «វាគឺជាជម្រើសដែលគ្រប់គ្នាអាចជ្រើសរើសបាន គឺទាំងសម្រាប់ពលរដ្ឋអ៊ុយក្រែនទាំងអស់ ដែលស្ថិតនៅទីនោះ ក៏ដូចជាសម្រាប់អ្នកដទៃទៀត ដែលគិតថាពួកគេអាចចូលរួមចំណែកជួយដោយផ្ទាល់ ក្នុងសង្រ្គាមនៅទីនោះ»។ លោកស្រី Frederiksen បានបន្តថា ពុំមានការរារាំងប្រជាជនដាណឺម៉ាកណាម្នាក់ មិនឱ្យទៅកាន់អ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធនោះឡើយ។ គួរបញ្ជាក់ថា មុនមានការប្រកាសយ៉ាងដូច្នោះពីសំណាក់នាយករដ្ឋមន្រ្តីដាណឺម៉ាក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីឡិនស្គី (Volodymyr Zelensky) ក្នុងថ្ងៃដដែល បានអំពាវនាវឱ្យជនបរទេសនានា ទាក់ទងទៅកាន់ស្ថានទូតអ៊ុយក្រែននៅជុំវិញពិភពលោក ហើយចុះឈ្មោះចូលរួមក្នុងកងកម្លាំងស្ម័គ្រចិត្តអន្តរជាតិ ដើម្បីចូលរួមជួយប្រទេសលោក ប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews