(ភ្នំពេញ)៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសមាគមគីវានីសកម្ពុជា-តៃវ៉ាន់ សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ២៦៣កញ្ចប់ សម្រាប់កុមារា-កុមារីសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់មួយចំនួនជូនលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា គោកមន ស្ថិតក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះជាលើកទី៥ហើយ ដែលកម្មវិធី «បណ្ណាល័យខ្ញុំ» បានជួយឧបត្ថម្ភដល់សិស្សក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានសម្ភារៈសិក្សាបន្ថែម និងលទ្ធភាពក្នុងការអានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង។ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណង ដើម្បីលើកទឹកចិត្តសិស្សឱ្យមានចំណង់រៀនសូត្របន្ថែម ការចុះសួរសុខទុក្ខក្នុងដំណើរការអប់រំនៅកម្រិតបឋមសិក្សាផងដែរ។ លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានមានប្រសាសន៍ថា អំណោយទាំងនេះ បានមកពីការចូលរួមរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា, សមាគមគីវ៉ានីស៍ និងសប្បុរសជននានារួមគ្នា ជួយដល់វិស័យអបរំនៅកម្ពុជា តាមរយៈការចែករំលែកពីអ្នកមានលទ្ធភាពជួយដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្សក្នុងសង្គមបានរីកចំរើនទៅ ព្រមៗគ្នាក្នុងបំណងរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យបានរីកចម្រើន។ ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យបណ្ឌិត ក៏បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ កុំបោះបង់ការសិក្សា ត្រូវព្យាយាមតស៊ូរៀនឲ្យបានចប់ថ្នាក់ឧត្តមសិក្សា […]