ព័ត៌មានអន្តរជាតិ

លោក Wang Yi ជួបសន្ទនាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា

Nisaiy KP August 17, 2025 17/08/2025

(ប៉េកាំង)៖ ថ្ងៃទី ១៤ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០ នៃយន្តការសហប្រតិបតិ្តការឡាន ឆាង-មេគង្គ នៅក្រុង អាននីង ខេត្តយូណាន ប្រទេសចិន។ ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ចិននិងកម្ពុជាជាមិត្តដែកថែប ហើយក៏ជាសហគមន៍រួមវាសនាគ្រប់រដូវកាល ដែលបានផ្តល់ការគាំទ្រនិងជួយយកអាសាគ្នាទៅវិញទៅមកជាប់រហូត ។ ប្រទេសចិនគាំទ្រកម្ពុជាក្នុងការគាំពារស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ហើយរីករាយរួមសហការជាមួយកម្ពុជា ដើម្បីជំរុញឱ្យគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជាដើរតួនាទីកាន់តែសកម្ម ធ្វើឱ្យក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រមានភាពកាន់តែសម្បូរបែប និងជំរុញឱ្យច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងត្រីនិងអង្ករទទួលបានសមិទ្ធផលកាន់តែច្រើន ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជានាំមក នូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ផងដែរ ។ ជាការឆ្លើយតប លោក ប្រាក់ សុខុនបានថ្លែងថា កម្ពុជានិងចិនជាសហគមន៍រួមវាសនាគ្រប់រដូវកាល កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះ ទំនាក់ទំនងជាមួយចិន និងសូមថ្លែងអំណរគុណដល់មិត្តចិនដែលបានផ្តល់ការគាំទ្រកម្ពុជា ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន កម្ពុជារំពឹងទុកលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីទទួលបានសមិទ្ធផលនៃកិច្ចសហប្រតិបតិ្តការកាន់តែច្រើន ។ […]

អាល្លឺម៉ង់ស្នើឱ្យកិច្ចប្រជុំកំពូល ត្រាំ-ពូទីន-ហ្សេលេនស្គី រៀបចំឡើងនៅលើទឹកដីអឺរ៉ុប

Nisaiy KP August 17, 2025 17/08/2025

(បែរឡាំង)៖ កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា មេដឹកនាំអាល្លឺម៉ង់បានស្នើឡើងថា កិច្ចប្រជុំត្រីភាគីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់់បើកធ្វើជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចប្រព្រឹត្តទៅនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ជំនួបកំពូលត្រីភាគីបែបនោះ នឹងកើតមានឡើង។ កាលបរិច្ឆេទនិងទីតាំង គឺមិនទាន់សម្រេចជ្រើសរើសនៅឡើយទេ ហើយយើងបានស្នើថា កន្លែងរៀបចំវាគឺអាចនៅទីតាំងណាមួយលើទឹកដីអឺរ៉ុប»។ គួរបញ្ជាក់ថា មុនជំនួបកំពូលទ្វេភាគីរបស់លោក ជាមួយលោក ពូទីន នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជជែកអំពី​សង្រ្គាមនៅអ៊ុយក្រែន លោក ត្រាំ បានប្រាប់ឱ្យដឹងថា រូបលោកនិងក្រុមមេដឹកនាំអឺរ៉ុប ចង់ឃើញមានកិច្ចប្រជុំកំពូលមួយផ្សេងទៀត​កើតឡើង ដែលនឹងមានការចូលរួមពីលោក ហ្សេលេនស្គី ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ភ្លៀងធ្លាក់ខ្លាំងបង្កជាបំណាក់ដីនិងទឹកជំនន់ សម្លាប់មនុស្សយ៉ាងហោច៣០នាក់ នៅប្រទេសប៉ាគីស្ថាន

Naren August 15, 2025 15/08/2025

(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃសុក្រ ទី១៥ ខែសីហា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថាន បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងរដូវមូសុង បានបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ភ្លាមៗ នៅពាសពេញតំបន់ភាគខាងជើងប្រទេស ជាហេតុនាំឱ្យមនុស្សយ៉ាងហោច៣០នាក់ បាត់បង់ជីវិត និងជាច្រើននាក់ទៀត ជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មនុស្សយ៉ាងហោច២៣នាក់បានស្លាប់ ខេត្ត Khyber Pakhtunkhwa ដែលសម្បូរតំបន់ភ្នំ ខណៈ៧នាក់ផ្សេងទៀត បានស្លាប់នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយប៉ាគីស្ថាន។ ជាមួយគ្នានេះ មនុស្សជាង២០នាក់ បានជាប់ខ្លួន បន្ទាប់ពីលំនៅដ្ឋានប៉ុន្មានខ្នង បានរងការវាយប្រហារពីបំណាក់ដីនិងទឹកជំនន់ នៅស្រុក Bajaur។ គួរបញ្ជាក់ថា រដូវមូសុងប្រចាំឆ្នាំតែងនាំមកនូវភ្លៀងធ្លាក់ចន្លោះ៧០-៨០ភាគរយ នៃទឹកភ្លៀងសរុបដែលធ្លាក់លើប្រទេសអាស៉ីខាងត្បូងមួយនេះ ហើយវាមានសារសំខាន់សម្រាប់វិស័យកសិកម្ម និងសន្តិសុខស្បៀងរបស់ប៉ាគីស្ថាន ប៉ុន្តែទន្ទឹមគ្នា វាក៏នាំមកនូវការបំផ្លិចបំផ្លាញខ្លាំងផងដែរ។ តួយ៉ាងកាលពីឆ្នាំ២០២២ ទឹកជំនន់រដូវមូសុងបានជន់លិចមួយភាគបីផ្ទៃប្រទេស និងផ្តាច់ជីវិតមនុស្សសរុបប្រមាណ ១៧០០នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំម៉ាឡេស៊ី ជំរុញឱ្យថៃ គោរពតាមបទឈប់បាញ់ជាមួយកម្ពុជា

Liny Chan August 13, 2025 13/08/2025

(គូឡាឡំាពួ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី លោក Edgard D. Kagan បានអំពាវនាវឱ្យថៃ និងកម្ពុជា ចៀសវាងពីការធ្វើសកម្មភាពបង្ករឿង ឬការធ្វើសេចក្ដីថ្លែងការណ៍ដែលអាចបំផ្លាញ ដល់បទឈប់បាញ់រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ការអំពាវនាវរបស់លោក Edgard D. Kagan ធ្វើឡើងកាលពីថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទាហានថៃម្នាក់បានជាន់មីននៅក្បែរព្រំដែនកម្ពុជា។ ថៃបានចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់ពង្រាយគ្រាប់មីន តែកម្ពុជាបានទាត់ចោលការចោទប្រកាន់នេះ។ លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរ ពីសារៈសំខាន់ដែលប្រទេសទាំង២ ត្រូវចាត់វិធានាការសមស្រប ដើម្បីធានាឱ្យបាននូវការគោរព និងអនុវត្តតាមបទឈប់បាញ់។ «ខ្ញុំមិនចង់និយាយថា នរណាជាអ្នកទទួលខុសត្រូវនោះទេ។ ប៉ុន្តែយើងអំពាវនាវឱ្យប្រទេសទាំង២ ចាត់រាល់វិធានការសមស្របដើម្បីធានាឱ្យបានថា យោធា និងបុគ្គលស៊ីវិលរបស់ពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីអនុវត្តបទឈប់បាញ់»។នេះជាការគូសបញ្ជាក់របស់លោក Edgard D. Kagan ក្នុងពិធីមួយនៅឯសណ្ឋាគារ ក្នុងទីក្រុងគូឡាឡាំពួ។ គួរបញ្ជាក់ថា បើតាមលោក Edgard D. Kagan វាជារឿងចាំបាច់ដែលកម្ពុជា និងថៃ ត្រូវអនុវត្តយ៉ាងពេញលេញតាមបទឈប់បាញ់ ហើយការបង្កើតទម្រង់ណាមួយនៃការតាមដានអាចជួយរក្សាទំនុកចិត្ត រវាងប្រទេសទាំង២ នៅចំពោះមុខភាពតានតឹង៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

លោក ដូណាល់ ត្រាំ ពន្យារពេលបទឈប់បាញ់៩០ថ្ងៃបន្ថែមទៀត ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន

Liny Chan August 12, 2025 12/08/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១១ ខែសីហា បានចេញបញ្ជាឱ្យពន្យារពេល ៩០ថ្ងៃបន្ថែមទៀត នៅក្នុងការអនុវត្តការយកពន្ធគយកម្រិតខ្ពស់លើ ទំនិញនាំចូលពីចិន តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងបទឈប់បាញ់មួយក្នុងសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវផុតសុពលភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីពន្យារពេលការយកពន្ធគយកម្រិតខ្ពស់លើទំនិញនាំចូលពីចិន រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ខណៈបទឈប់បាញ់ក្នុងសង្រ្គាម ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន គ្រោងនឹងផុតសុពលភាពនៅម៉ោង ១២៖០១នាទីយប់ឈានចូលថ្ងៃអង្គារ ទី១២ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន)។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលនឹងពន្យារពេលបន្ថែមលើ ការផ្អាកការយកពន្ធគយ (កម្រិតខ្ពស់) លើចិន សម្រាប់រយៈពេល៩០ថ្ងៃបន្ថែមទៀត»។ គួរបញ្ជាក់ថា ការពន្យារពេលបន្ថែមនេះ បានផ្អាកការដំឡើងពន្ធគយសងសឹកដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងចិន ដោយកន្លងមក ភាគីអាមេរិកបានគំរាមយកពន្ធគយ ១៤៥ភាគរយ លើទំនិញនាំចូលពីចិន រីឯចិនគំរាមយកពន្ធគយ ១២៥ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ ខាងភាគីចិនឯណោះវិញក៏បានប្រកាសពីការផ្អាកការយកពន្ធគយ កម្រិតខ្ពស់លើទំនិញនាំចូលពីសហរដ្ឋអាមេរិករយៈពេល៩០ថ្ងៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន ទទូចឱ្យមនុស្សរាប់លាននាក់ជម្លៀសទៅរកទីសុវត្ថិភាព បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមានអ្នកបាត់ខ្លួន

Liny Chan August 11, 2025 11/08/2025

(តូក្យូ)៖ នៅថ្ងៃចន្ទ ទី១១ ខែសីហា អាជ្ញាធរជប៉ុនបានណែនាំឱ្យមនុស្សសរុបខ្ទង់រាប់លាននាក់ នាំគ្នាជម្លៀសខ្លួនចេញពីលំនៅដ្ឋាន បន្ទាប់ពីការធ្លាក់ភ្លៀងខ្លាំងបានបង្កជាទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតំបន់ភាគនិរតីនៃផ្ទៃប្រទេស ហើយធ្វើឱ្យអ្នកស្រុកមួយចំនួនបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសជប៉ុន បានចេញសារព្រមាននិងណែនាំឱ្យជម្លៀសខ្លួន សម្រាប់អ្នកស្រុកចំនួនជាង ៣លាននាក់ ដែលរស់នៅក្នុងតំបន់ភាគនិរតី។ អ្នកស្រុកប្រមាណ៣៨៤ ០០០នាក់ ភាគច្រើននៅខេត្ត Kumamoto ត្រូវប្រឈម​សារព្រមានជម្លៀសខ្លួនធ្ងន់ធ្ងរជាងគេ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ក្នុងរយៈពេលត្រឹម៦ម៉ោង នាថ្ងៃចន្ទនេះ កម្រិតទឹកភ្លៀងលើសពី​៣៧សង់ទីម៉ែត្រ បានធ្លាក់លើទីក្រុង Tamana នៃខេត្ត Kumamoto ដែលជាកំណត់ត្រាថ្មីមួយ សម្រាប់តំបន់នោះ។ គួរបញ្ជាក់ថា រូបភាពនិងវីដេអូបានបង្ហាញឱ្យឃើញ ផ្ទះសម្បែង ហាងលក់ដូរ និងយានយន្ត នៅតាមសហគមន៍ជាច្រើនក្នុងខេត្ត Kumamoto រងការជន់លិចក្រោមទឹក ជម្រៅប្រហែល១ម៉ែត្រ។ រីឯទឹកទន្លេដែលច្រាលឡើងហួសផុតពីមាត់ច្រាំង ​បានហូរនាំ​យានជំនិះនិងបង្កការខូចខាតចំពោះផ្លូវថ្នល់។ ដោយឡែក តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK មនុស្សយ៉ាងហោច២នាក់ នៅទីក្រុង Fukuoka ត្រូវបានទឹកជន់ហូរកួចយកទឹក និងបន្តបាត់ខ្លួនមកទល់ពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

NBC News ៖ សេតវិមានពិចារណាអញ្ជើញលោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Alaska

Liny Chan August 10, 2025 10/08/2025

(វ៉ាស៊ីនតោន)៖ សារព័ត៌មាន NBC News បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ថាសេតវិមានកំពុងពិចារណាអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Alaska ជាទីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងជួបប្រធានាធិបតីរុស្ស៉ី លោក​ វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សារព័ត៌មាន NBC News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀតដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថាគម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម កិច្ចពិភាក្សា។ គួរបញ្ជាក់ថា តាម NBC News គម្រោងនៃដំណើរទស្សនកិច្ចខាងលើរបស់លោក ហ្សេលេនស្គី មិនទាន់ត្រូវបានសម្រេចនោះទេ ហើយវាក៏មិនច្បាស់ថាតើរូបលោក អាចនឹងមានវត្តមានក្នុងរដ្ឋ Alaska ដែរឬក៏យ៉ាងណានោះដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង ចាប់ផ្ដើមដកឧបករណ៍បំពងសំឡេងមួយចំនួនចេញពីព្រំដែន

Liny Chan August 10, 2025 10/08/2025

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៩ ខែសីហា បានឱ្យដឹងថាយោធាកូរ៉េខាងជើងបានដកឧបករណ៍បំពងសំឡេងមួយចំនួនដែលតម្រង់ទៅរកកូរ៉េខាងត្បូង ចេញពីផ្នែកខ្លះនៃតំបន់ព្រំដែន បន្ទាប់ពី កូរ៉េខាងត្បូងបានធ្វើដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំពងសំឡេងចេញនោះទេ ហើយក៏មិនទាន់ច្បាស់នោះដែរ ថាតើទីក្រុងព្យុងយ៉ាងនឹងដកឧបករណ៍បំពងសំឡេងទាំងអស់ចេញពីព្រំដែនឬក៏យ៉ាងណានោះដែរ? គួរបញ្ជាក់ថា ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូងរបស់លោក Lee Jae Myung បានបិទឧបករណ៍បំពងសំឡេងដែលត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយព្រំដែន ដើម្បី រិះគន់កូរ៉េខាងជើង ភ្លាមៗក្រោយរូបលោកឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង។ រហូតដល់ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្ដើមដកឧបករណ៍បំពងសំឡេងចេញពីព្រំដែន ខណៈ លោក Lee កំពុងព្យាយាមស្ដារកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ថានឹងជួបលោក ពូទីន នៅរដ្ឋ Alaska របស់សហរដ្ឋអាមេរិក នាថ្ងៃសុក្រសប្តាហ៍ក្រោយ

Liny Chan August 9, 2025 09/08/2025

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី៨ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងជួបជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ បានប្រកាសអំពីដំណឹងខាងលើតាមរយៈបណ្តាញសង្គម Truth Social។ លោកប្រធានាធិបតីអាមេរិក បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ជំនួបដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាងខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៃប្រទេសរុស្ស៉ី នឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍ក្រោយ គឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្នុងរដ្ឋ Alaska»។ គួរបញ្ជាក់ថា ចាប់តាំងពីវិលត្រឡប់មកកាន់អំណាចសាជាថ្មីនៅសេតវិមាន លោក ដូណាល់ ត្រាំ មិនទាន់បានជួបមុខលោក ពូទីន ដោយផ្ទាល់នៅឡើយទេ ខណៈជំនួបតទល់ដែលនឹងកើតមានឡើងនេះ គឺស្របពេលដែលលោក ត្រាំ កំពុងបន្តសង្ឃឹមថានឹងអាច​ជួយសម្របសម្រួលរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយតាំងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

រថភ្លើងមួយខ្សែក្រឡាច់ធ្លាក់ចេញពីផ្លូវនៅប្រទេសថៃ បង្កឱ្យអ្នកដំណើរមួយចំនួនរងរបួស

Liny Chan August 9, 2025 09/08/2025

(បាងកក)៖ នាថ្ងៃសៅរ៍ ទី៩ ខែសីហានេះ រថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានក្រឡាច់ធ្លាក់ចេញពីផ្លូវនៅស្រុក Kui Buri ខេត្ត Prachuap Khiri Khan ក្នុងប្រទេសថៃ ជាហេតុនាំឱ្យមនុស្សមួយចំនួនរងរបួស។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីខ្ទង់ម៉ោង៥ព្រឹក ក្បែរស្ថានីយ Kui Buri។ រថភ្លើងមួយខ្សែនោះ មានគោលដៅឆ្ពោះទៅ​ទីក្រុងបាងកក។ ទូរថភ្លើង៣កំណត់បានធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យអ្នកដំណើរជិះក្នុងនោះភ័យស្លន់ស្លោ។ ការពិនិត្យជាបឋមរបស់អាជ្ញាធរ រកឃើញថា មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងផងដែរ។ គួរបញ្ជាក់ថា សម្រាប់មូលហេតុដែលបណ្តាលឱ្យមានការក្រឡាច់ធ្លាក់ចេញពីផ្លូវបែបនេះ ក៏មិនទាន់អាចកំណត់បាននៅឡើយដូចគ្នា ដោយក្រុមអ្នកជំនាញនៅកន្លែងកើតហេតុផ្ទាល់ កំពុងធ្វើការស៉ើបអង្កេតលម្អិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News