ព័ត៌មានអន្តរជាតិ

ទឹកជំនន់ធ្ងន់ធ្ងរនៅវៀតណាម បន្តសម្លាប់មនុស្សកើនដល់១៣នាក់ និង១១នាក់បាត់ខ្លួន

Naren October 31, 2025 31/10/2025

(ហាណូយ)៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានវាយប្រហារតំបន់ភាគកណ្តាលប្រទេស បានកើនដល់យ៉ាងហោច១៣នាក់ ហើយមនុស្ស១១នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។ ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបំបែកកំណត់ត្រា បានជន់លិចមួយផ្នែកធំនៃតំបន់ភាគកណ្តាលប្រទេសវៀតណាមអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ខណៈទីក្រុង Hue និង Hoi An រងគ្រោះធ្ងន់ជាងគេ។ មកទល់ពេលនេះ ភាគច្រើននៃទីក្រុងទាំងពីរ បន្តស្ថិតនៅក្រោមផ្ទៃទឹកនៅឡើយ ដោយមានលំនៅដ្ឋានមួយចំនួន ត្រូវទឹកជន់លិចខ្ពស់ផុតដំបូល។ ក្រៅពីឆក់យកជីវិតមនុស្ស ទឹកជំនន់ដ៏អាក្រក់នេះ បានជន់លិចផ្ទះសម្បែងសរុបច្រើនជាង១១៦ ០០០ខ្នង និងផ្ទៃដីដំណាំខ្ទង់ ៥០០០ហិកតា បំផ្លិចបំផ្លាញផ្លូវថ្នល់ និងផ្លូវដែកជាច្រើនខ្សែ ព្រមទាំងកាត់ផ្តាច់ចរាចរណ៍ និងការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន។ គួរបញ្ជាក់ថា វៀតណាម ជាប្រទេសមួយងាយរងគ្រោះ ពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្ក​ការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ។ បើតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមវៀតណាម ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅលើតំបន់ភាគកណ្តាលប្រទេស យ៉ាងហោចរហូតដល់​ចុងសប្តាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អង់គ្លេស និងវៀតណាម សម្រេចបានកិច្ចព្រមព្រៀងរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់

Naren October 30, 2025 30/10/2025

(ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស បានអះអាងពីការសម្រេចព្រមព្រៀងជាមួយវៀតណាម លើការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយពិពណ៌នាថា វាជាកិច្ចព្រមព្រៀងធំមួយដែលទីក្រុងហាណូយ មិនធ្លាប់ធ្វើជាមួយប្រទេសផ្សេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥។ នាយករដ្ឋមន្ត្រីអងគ្លេស លោក Keir Starmer ដែលស្ថិតក្រោមសម្ពាធ ឱ្យកាត់បន្ថយចំនួនជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ បានចុះកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីវៀតណាម លោក To Lam នៅក្នុងទីក្រុងឡុងដ៍។ លោក Starmer បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ចំនួនអ្នកមកដល់ដោយខុសច្បាប់ពីវៀតណាម ត្រូវបានកាត់បន្ថយហើយ ហើយកិច្ចព្រមព្រៀងថ្ងៃនេះ សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនគ្រាន់តែជាការចង់បានតែម្ខាងនោះទេ»។ ជនជាតិវៀតណាម មានចំនួនច្រើនជាងគេក្នុងចំណោមជនអន្តោប្រវេសន៍បរទេស ដែលទៅដល់ចក្រភពអង់គ្លេស ដោយជិះទូកតូចៗមកពីអឺរ៉ុប។ តាមរដ្ឋាភិបាលអង់គ្លេស កិច្ចព្រមព្រៀងដែលសម្រេចបានដោយ លោក Starmer និងលោក Lam មានបំណងកាត់បន្ថយបែបបទការងារ ធ្វើឱ្យកាន់តែលឿន និងមានភាពងាយស្រួលសម្រាប់ការនិរទេស អ្នកដែលគ្មានសិទ្ធិស្នាក់នៅក្នុងចក្រភពអង់គ្លេស ឱ្យត្រឡប់ទៅវៀតណាមវិញ៕​ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន មិនទទួលយកសំណើអាមេរិក ដែលចង់ឱ្យផ្អាកការនាំចូលឧស្ម័នរុស្ស៉ី

Naren October 30, 2025 30/10/2025

(តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រាប់ Reuters នៅថ្ងៃពុធ ទី២៩ ខែតុលាថា អំឡុងជំនួបក្នុងទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi បានប្រាប់លោកប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ ថាការហាមប្រាមនាំចូលឧស្ម័នធម្មជាតិរាវ (LNG) មកពីរុស្ស៉ី នឹងបង្កផលវិបាក។ មន្រ្តីខាងលើបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា បញ្ហា​ឧស្ម័ន LNG របស់​រុស្ស៉ី ត្រូវ​បាន​លើកឡើង​​អំឡុង​ជំនួប​ទ្វេភាគីកាលពីថ្ងៃអង្គារ ​ហើយលោកស្រី Takaichi បាន​សុំ​ការយោគយល់​ពី​លោក ត្រាំ ជុំវិញតម្រូវការផ្នែក​ថាមពល​របស់​ជប៉ុន។ រុស្ស៉ី ជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ជិត ៩ភាគរយឱ្យជប៉ុន ហើយក្រុមហ៊ុនជប៉ុន Mitsui និងក្រុមហ៊ុន Mitsubishi ក៏មានភាគហ៊ុនក្នុងគម្រោង Sakhalin-2 LNG នៅឯតំំបន់ចុងបូព៌ារបស់រុស្ស៉ីផងដែរ។ គួរបញ្ជាក់ថា មុន​ដំណើរ​ទស្សនកិច្ច​មកកាន់​អាស៉ី ​លោក ត្រាំ ក្នុង​សប្តាហ៍​នេះ បាន​ជំរុញ​ឱ្យ​អ្នកទិញ​ថាមពល​របស់​រុស្ស៉ី រួមទាំង​ជប៉ុន​ផងដែរ បញ្ឈប់​ការនាំចូលរបស់ខ្លួន ដើម្បី​ដាក់សម្ពាធ​លើ​មូស្គូបញ្ចប់​សង្គ្រាមនៅ​អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់អាមេរិក ឡើងវិញជាបន្ទាន់

Naren October 30, 2025 30/10/2025

(វ៉ាស៉ីនតោន)៖ មុនជំនួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកបានប្រាប់ឱ្យក្រសួងការពារជាតិអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។ លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ដោយសារកម្មវិធីធ្វើតេស្តរបស់ប្រទេសដទៃទៀត ខ្ញុំបានចេញបញ្ជាឱ្យមន្ទីរបញ្ចកោណ ចាប់ផ្តើមធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ដោយឈរលើគោលការណ៍ស្មើភាពគ្នា ហើយដំណើរការនេះនឹងចាប់ផ្តើមជាបន្ទាន់»។ លោក ត្រាំ បានកត់សម្គាល់បន្ថែមថា «រុស្ស៉ីកំពុងស្ថិតនៅលំដាប់ថ្នាក់លេខទី២ ខណៈចិនស្ថិតនៅលេខ៣ឆ្ងាយ ប៉ុន្តែនឹងតាមទាន់ប្រហាក់ប្រហែលរុស្ស៉ី ក្នុងរយៈពេល៥ឆ្នាំទៀត»។ ការបង្ហោះសាររបស់លោក ត្រាំ គឺធ្វើឡើង បន្ទាប់ពីក្នុងថ្ងៃដដែល ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រុស្ស៉ីទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលរត់ក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហៅថា Poseidon ដែលបើតាមការវិភាគរបស់អ្នកជំនាញ គឺមានសមត្ថភាពបង្កការវិនាសហិនហោចធ្ងន់ធ្ងរ ចំពោះតំបន់ដែលស្ថិតនៅជាប់មាត់ឆ្នេរ តាមរយៈការបង្កជារលកយក្សធំៗ ពោរពេញដោយសារធាតុវិទ្យុសកម្ម។ […]

សហរដ្ឋអាមេរិក កាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួន នៅរ៉ូម៉ានីដែលជាព្រំដែនប៉ែកខាងកើត NATO

Naren October 30, 2025 30/10/2025

(ប៊ុយដាផេស)៖ ក្រសួងការពារជាតិនៃប្រទេសរូម៉ានី បានឱ្យដឹងថា សហរដ្ឋអាមេរិក មានគម្រោងកាត់បន្ថយចំនួនកងទ័ព ដែលកំពុងឈរជើងនៅប៉ែកខាងកើតទ្វីបអឺរ៉ុប រួមទាំងទាហានប្រចាំនៅមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu របស់រូម៉ានី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥។ ក្រសួងការពារជាតិរូម៉ានី បានឱ្យដឹងទៀតថា គម្រោងកាត់បន្ថយនេះអាចរួច ​ដោយសារតែការផ្លាស់ប្តូរទិសអាទិភាពមួយចំនួនរបស់ទីក្រុង​វ៉ាស៉ីនតោន។ ទាហាន​អាមេរិក​ប្រហែល ១ ០០០នាក់​​នឹងបន្ត​ឈរ​ជើង​នៅ​​រ៉ូម៉ានី។ ប៉ុន្តែទាហាន​អាមេរិក​ចន្លោះ​ពី ១ ០០០នាក់ទៅ ១ ២០០នាក់ ​ដែលត្រូវ​បាន​ប្តូរ​វេន​ចេញ​កាល​ពី​មួយ​ខែ​មុន មិនមានការដាក់ជំនួសមកវិញ​​ឡើយ។ ក្រសួងគូសបញ្ជាក់ថា «ការសម្រេចចិត្ត​បញ្ចប់​កងពលតូច​ប្តូរវេន​នៅ​អឺរ៉ុប ជាសញ្ញាខ្លះៗសម្រាប់ប្រទេសសមាជិកណាតូ»។ យោធាអាមេរិកនិយាយថា ការសម្រេចមិនដាក់ជំនួសកងទ័ពអាមេរិក ដែលដល់ពេលប្តូរវេនចេញពីរ៉ូម៉ានី មិនមែនជា ការដកទ័ពរបស់អាមេរិកចេញពីអឺរ៉ុប ឬជាសញ្ញាថយចុះនៃការប្តេជ្ញាចិត្តចំពោះណាតូទេ។ សកម្មភាពបែបនេះ ត្រូវបានគេមើលឃើញថាជារឿងដ៏កម្រមួយ ហើយសមាជិកសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋ នៅក្នុងគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ក៏បានរិះគន់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតី ដូណាល់ ត្រាំ ទៅដល់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំ APEC និងបើកជំនួបកំពូលជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង 

Liny Chan October 29, 2025 29/10/2025

(ប៉េកាំង)៖ ក្រោយចាកចេញពីប្រទេសជប៉ុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នាថ្ងៃពុធនេះ ដែលជាជើងចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចប៉ុន្មានថ្ងៃមកនេះ របស់លោកនៅក្នុងតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ លោក ត្រាំ នឹងត្រូវចូលរួមកិច្ចវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) ព្រមទាំងបើកជំនួបកំពូល ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្រៅព្រឹត្តិការណ៍នោះ ដើម្បីពិភាក្សាគ្នា អំពីបញ្ហាវិវាទពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ លោកប្រធានាធិបតីអាមេរិក ត្រូវបានរំពឹងថា នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងថ្ងៃពុធនេះ មុនកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីចិន នាថ្ងៃព្រហស្បតិ៍ស្អែក។ គួរបញ្ជាក់ថា ជំនួបកំពូលត្រាំ-ស៉ី នៅកូរ៉េខាងត្បូង គឺជាលើកដំបូងបំផុត គិតចាប់តាំងពីលោក ត្រាំ បានត្រឡប់មកសេតវិមានជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ថាគួរឱ្យស្តាយដែលច្បាប់អាមេរិក មិនអនុញ្ញាតឱ្យលោកបន្តឈរឈ្មោះសម្រាប់អាណត្តិទី៣ 

Liny Chan October 29, 2025 29/10/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បានបិទបញ្ចប់នូវការសង្ស័យថា រូបលោកអាចនឹងស្វែងរក​ការបន្តដឹកនាំប្រទេសសម្រាប់អាណត្តិទី៣ ក្រោយទទួលស្គាល់ថា រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហាមឃាត់មិនឱ្យរូបលោក​បន្តឈរឈ្មោះជាប្រធានាធិបតីទៀតឡើយ ក្រោយចប់អាណត្តិទី២នេះ នៅខែមករា ឆ្នាំ២០២៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ ថ្លែងនៅលើយន្តហោះ Air Force One មុនពេលទៅដល់កូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ប្រសិនបើអ្នកបានអាន​រដ្ឋធម្មនុញ្ញ គឺវាច្បាស់ណាស់ថា ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបន្តទៀតទេ… គួរឱ្យសោកស្តាយ»។ ការអត្ថាធិប្បាយបែបនេះ គឺជាសញ្ញាមួយផ្ទុយពីការអត្ថាធិប្បាយពីមុនៗមក ដែលលោកបានបដិសេធច្រានចោលឱ្យច្បាស់ៗ នូវការប៉ុនប៉ងបន្តឈរឈ្មោះសម្រាប់​ឆ្នាំ២០២៨។ វិសោធនកម្មទី២២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រារាំងមិនឱ្យបុគ្គលណាម្នាក់ អាចឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី សម្រាប់អាណត្តិទី៣ឡើយ ប៉ុន្តែលោក ត្រាំ បានលេងសើចជាមួយគំនិតបែបនេះ ចាប់តាំងតែពីរូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីកាន់អំណាចសម្រាប់អាណត្តិទី២។ លោក ត្រាំ បានធ្វើជាប្រធានាធិបតីអាមេរិកលើកដំបូង កាលពីចន្លោះឆ្នាំ២០១៧-២០២១។ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson […]

ផ្ទុះគ្រាប់បែកក្បែរផ្លូវដែកនៅខេត្ត Narathiwat ប្រទេសថៃ បណ្តាលឱ្យទាហាន ២នាក់របួស

Liny Chan October 27, 2025 27/10/2025

(បាងកក)៖ នាថ្ងៃចន្ទនេះ ហេតុការណ៍ផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរផ្លូវដែកមួយខ្សែ ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។ ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក អំឡុងពេលដែលអាជ្ញាធរនិងទាហានថៃ កំពុងដើរល្បាតដើម្បីពិនិត្យ​​មើលសុវត្ថិភាព តាមបណ្តោយផ្លូវដែកមួយខ្សែខាងលើ។ អ្នកដែលរងរបួសទាំង២នាក់ គឺជាទាហានថៃ ហើយក្រោយកើតហេតុភ្លាមៗ ពួកគេត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ គួរបញ្ជាក់ថា ករណីនេះត្រូវបានសង្ស័យជាស្នាដៃវាយប្រហារ ធ្វើឡើងដោយក្រុមចលនាបះបោរ នៅតំបន់ភាគខាងត្បូងប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញពីម៉ាឡេស៉ី និងបន្តដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសជប៉ុន

Naren October 27, 2025 27/10/2025

(គូឡាឡាំពួរ)៖ នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសម៉ាឡេស៉ីហើយ​ ដើម្បីបន្តដំណើរទៅកាន់ប្រទេសជប៉ុន ជាផ្នែកនៃដំណើរទស្សកិច្ចមកកាន់តំបន់អាស៉ីរបស់លោក។ នេះបើតាមការសេចក្តីប្រកាសរបស់សេតវិមាន។ លោក ដូណាល់ ត្រាំ គូសបញ្ជាក់ថា «ខ្ញុំកំពុងចាកចេញពីម៉ាឡេស៉ី ប្រទេសដ៏អស្ចារ្យ និងរស់រវើកមួយ។ មានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចព្រមព្រៀងរ៉ែកម្រ ហើយរឹតតែសំខាន់ កាលពីម្សិលមិញ នោះគឺកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ គ្មានសង្រ្គាម ជួយសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់។ ពិតជាមានកិត្តិយសណាស់ ដែលធ្វើរឿងនេះបានសម្រេច។ ឥឡូវនេះ ខ្ញុំចេញទៅជប៉ុន»។ នេះបើយោងតាមសបណ្តាញសង្គម Truth Social។ គួរបញ្ជាក់ថា លោក ត្រាំ បានមកកាន់ប្រទេសម៉ាឡេស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ ហើយបានធ្វើជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim កាលពីថ្ងៃអាទិត្យ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ នឹងជួបលោក ស៊ី ជីនពីង ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣០ ខែតុលា

Liny Chan October 24, 2025 24/10/2025

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលាបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះជាការទទួលស្គាល់ថាជំនួបដែលត្រូវបានរំពឹងទុកជាយូរមកហើយនឹងប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមហាយក្សសេដ្ឋកិច្ចពិភពលោកទាំង២ កំពុងមានភាពតានតឹងពាណិជ្ជកម្មនឹងគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាលោក ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ហើយក្រោយមកទើបបន្តដំណើរឆ្ពោះទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង។ តាមសេតវិមាន លោក ត្រាំ នឹងត្រូវជួបលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ បន្ទាប់ពី ថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលកម្រិត CEO នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងប៊ូសាន។ លោកស្រី Karoline Leavitt បានគូសបញ្ជាក់ថា «នៅព្រឹកថ្ងៃព្រហស្បតិ៍ (សប្ដាហ៍ក្រោយ ម៉ោងក្នុងតំបន់) លោកប្រធានាធិបតី ត្រាំ នឹងត្រូវចូលរួមក្នុងជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មុនត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ»។ […]