ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចម៉ារ៉ុក៖ ប្រជាជនម៉ារ៉ុក កាន់តែច្រើនឡើងមានបំណងទៅទស្សនា និងស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា

Liny Chan November 11, 2025 11/11/2025

(អារ៉ាប់ប៊ីសាអ៊ូឌីត)៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោកស្រី Fatim-Zahra Ammor រដ្ឋមន្រ្តីទេសចរណ៍ សិប្បកម្ម និងសាមគ្គីភាពសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រម៉ារ៉ុក និងសហការី លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ភាគីទាំងពីរ បានឯកភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលខាងមុខ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការបង្កើតផែនការសកម្មភាពអនុវត្តជាក់ស្តែង ការបង្កើតក្រុមការងារបច្ចេកទេស រួមទាំងការបង្កើនសកម្មភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសទាំងពីរ ការជំរុញបង្កើតជើងហោះហើរត្រង់ ដើម្បីទាក់ទាញការធ្វើដំណើរ និងទេសចរនៃប្រជាជនប្រទេសទាំងពីរ ជាពិសេស គឺក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រម៉ារ៉ុកក៏ជាសមាជិកអង្គការពិភពលោកនេះដែរ។ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទៅកាន់តំបន់មជ្ឈិមបូព៌ា ពង្រីក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែម ព្រមទាំងកាលានុវត្តភាពវិនិយោញទេសចរណ៍ ទៅកាន់ទីផ្សារដ៏ធំមួយទៀតនៅតំបន់ Maghreb (ភាគខាងជើងនៃទ្វីបអាហ្រ្វិក) ដែលមានប្រជាជនជាង៤០លាននាក់ ឈរលេខរៀងទី៤១ លើពិភពលោក […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យប្រយ័ត្នលើការទទួលព័ត៌មានស្ថានការណ៍ព្រំដែន ព្រោះមានជនមួយចំនួនបង្កើត​ព័ត៌មានក្លែងក្លាយ ដើម្បីបានចំនួន likes, shares, views

Liny Chan November 11, 2025 11/11/2025

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកថា អំឡុងពេលនេះ មានជនមួយចំនួនបង្កើតព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បី​បានចំនួន likes, shares, views ដូច្នេះសូមសាធារណជនប្រុងប្រយ័ត្ន និងសូម​ទទួល​ព័ត៌មានតែពីប្រភពផ្លូវការ។ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ រួមមាន​ដំណឹង​ក្លែងក្លាយ ព័ត៌មានមិនពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌​មាន​មិន​ពិតទាក់ទងនឹងជម្លោះព្រំដែនចំនួន ២,៨១០ករណី ក្នុងនោះការបំភ្លៃខុស​ពីការ​ពិត ការប្រឌិតព័ត៌មានទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនចំនួន ២,១២២​ករណី។ ក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ, គណៈកម្ម​ការ​ប្រឆាំងនឹងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មានបាន​ដាក់ចុះនូវ​វិធានការ​ជាច្រើនដោយអនុវត្តអភិក្រម «ពន្លត់ភ្លើង មិនអង្គុយបកផ្សែង» ដោយ៖ ទី១៖ ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានទី២៖ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយដាក់ឱ្យគោរព និងអនុវត្ត​ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានទី៣៖ បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមាន​ឥទ្ធិពល​នៅ​លើ​បណ្តាញសង្គមទី៤៖ ការផ្តល់នូវចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានទី៥៖ ការពង្រឹង និងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍​សម្រាប់​សង្គមទី៦៖ ការធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេស និងការកសាង​យន្តការពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយទី៧៖ បានចលនាបណ្តាប្រទេសផ្សេងៗក្នុងតំបន់ក្នុងការរៀប​ចំយន្តការ​ថ្នាក់តំបន់​ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយក្រោមការជំរុញការងារ «ការទូតព័ត៌មាន»ទី៨៖ បង្កើនប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពីប្រភពផ្លូវការ និងយន្តការ​បញ្ចេញព័ត៌​មាន និងការឆ្លើយតបទី៩៖ ការសិក្សាស្រាវជ្រាវដើម្បីឈានទៅរៀបចំច្បាប់ស្តីពីការ​ប្រឆាំងព័ត៌មាន​ក្លែង​ក្លាយ និងការងារជាច្រើនទៀតដែលក្រសួងព័ត៌មានបានធ្វើ និងកំពុងធ្វើ ដើម្បី​ពន្លត់​ភ្លើង។ […]

ជនបរទេសម្នាក់ មកកម្ពុជាដោយក្ដីអស់សង្ឃឹម និងដើម្បីបញ្ចប់ជីវិតខ្លួនឯងចោល ប៉ុន្ដែពេលបានមករស់នៅកម្ពុជា ធ្វើឱ្យជីវិតស្ងប់សុខ បង្កើតបានជីវិតស្រស់បំពងថ្មីលើទឹកដីកម្ពុជា

Liny Chan November 11, 2025 11/11/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចែករំលែករឿងរ៉ាវជីវិតរបស់ជនបរទេសម្នាក់ ឈ្មោះ Bong Ah Run ដែលបានមករស់នៅកម្ពុជា។ បើតាមលោករដ្ឋមន្ត្រី, ជនបរទេសម្នាក់នេះ បានមកប្រទេសកម្ពុជាដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។ លោករដ្ឋមន្ត្រីទេសចរណ៍ បានដកស្រង់សំដីផ្ទាល់របស់ Bong Ah Run ដែលនិយាយថា «ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះដើម្បីបញ្ចប់ជីវិត។ ប៉ុន្ដែកន្លែងនេះ មិនព្រមឱ្យខ្ញុំធ្លាក់ខ្លួនក្នុងសភាពនោះទេ អំពើល្អរបស់ប្រជាជនកម្ពុជា ជាសន្ដិភាពស្ងប់សុខរបស់ខ្ញុំនៅទីនេះ ធ្វើឱ្យខ្ញុំជាប់ចិត្ត ហើយបានព្យាបាល និងកសាងខ្ញុំឡើងវិញនៅផ្ទះ (ស្រុកកំណើត) ប្រកបដោយសុវត្ថិភាព គឺត្រឹមជាក្ដីសុបិនប៉ុណ្ណោះ។ ប៉ុន្តែនៅទីនេះ (កម្ពុជា) វាជាការពិត វាជាស្នាមញញឹម ចង្វាក់បេះដូង ភាពលំឱន កម្ពុជាមិនត្រឹមតែបានផ្ដល់ជីវិតមកខ្ញុំម្ដងទៀតនោះទេ កម្ពុជាផ្ដល់ផ្ទះមកខ្ញុំ»។ ចំពោះករណីជនបរទេសរូបនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា «នេះបានបញ្ជាក់ឱ្យឃើញពីឥទ្ធិពលនៃភាពវិជ្ជមានរបស់ប្រទេសកម្ពុជា យើងមានសន្ដិភាព […]

ក្រសួងការពារជាតិកម្ពុជា សម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីន ដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា

Liny Chan November 11, 2025 11/11/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីន ដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។ ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។ សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា […]

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំនេះអាចសម្រេចបានក្នុងរង្វង់៥.២% ខណៈឆ្នាំ២០២៦ រំពឹងមានកំណើន ៥%

Liny Chan November 10, 2025 10/11/2025

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ អាចនឹងសម្រេចបានក្នុងរង្វង់៥.២% ខណៈឆ្នាំ២០២៦ ត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន៥%។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់ អំពីការកសាងក្របខណ្ឌ នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ, ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័ស នៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរ ទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈគោលនយោបាយ ពន្ធគយបដិការ, ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ -ល-។ […]

សត្វឪម៉ាល់ទិចសិស្សឲ្យរងរបួស១៨នាក់ នៅសាលាបឋមសិក្សា ម៉ឹង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង

Liny Chan November 10, 2025 10/11/2025

(ស្វាយរៀង)៖ យ៉ាងហោចណាស់សិស្សានុសិស្សចំនួន១៨នាក់ និងសត្វឆ្កែ បានរងរបួសដោយសារសត្វឪម៉ាល់ទិច ខណៈកំពុងរៀន ត្រូវបានលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។ ករណីសត្វឪម៉ាល់ទិចសិស្សនេះបានកើតឡើងកាលពីវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាបឋមសិក្សា ម៉ឺង សំផន ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អ្នកគ្រូអាំ ស៊ីណា នាយិកាសាលាបឋមសិក្សា ម៉ឹង សំផន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ថា នៅមុនពេលកើតហេតុការណ៍នេះឡើង មានសំបុកឪម៉ាល់ ឬសំបុកស្រាំងនៅលើដំបូលជាន់ទី២ នៃអាគារសាលា ខណៈនោះក៏មានសិស្សានុសិស្សមួយចំនួន បានយកដុំថ្មគប់ទៅលើសំបុកឪម៉ាល់នោះ បណ្ដាលឱ្យធ្លាក់មកដី ហើយផ្អើលដេញទិញសិស្សតែម្ដង។ អ្នកគ្រូនាយិកា បានបន្តថា ក្រោយពីមានករណីសត្វឪម៉ាល់ដេញទិចសិស្សបណ្ដាលឲ្យរងរបួសយ៉ាងដូច្នេះ លោកគ្រូ អ្នកគ្រូ ក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនសិស្សដែលត្រូវឪម៉ាល់ទិចទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបភ្លាមៗ ដើម្បីធ្វើការសង្គ្រោះផងដែរ។ អ្នកគ្រូនាយិកា បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ សិស្សានុសិស្សដែលត្រូវឱម៉ាល់ទិចកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែលមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមាតាបិតាសិស្សមកមើលថែរផងដែរ។ អ្នកគ្រូ បានបញ្ជាក់ថា សិស្សានុសិស្សដែលរងរបួសទាំង១៨នាក់ អ្នកខ្លះត្រូវឪម៉ាល់ទិច១ទ្រនិចអ្នកខ្លះទៀត២ និង៣ទ្រនិច ហើយក្រុមការងារ […]

៣ថ្ងៃទៀត! ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ដែលមិនធ្លាប់មានពីមុនមក នឹងលេចរូបរាងឡើងជាមួយកសិផលយុទ្ធសាស្រ្ត ៩មុខ

Liny Chan November 10, 2025 10/11/2025

(ភ្នំពេញ)៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៥ និងមិនធ្លាប់មានពីមុនមកនោះទេ។ ពិព័រណ៍នេះ ជាគំនិតផ្ដួចផ្ដើមរបស់ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងសំខាន់គឺបើកឱកាសដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ជួបជជែកគ្នាពីបញ្ហាប្រឈម ឈានទៅរកដំណោះស្រាយដ៏ល្អប្រសើរមួយ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ ស្ដង់ប្រមាណជា ៤០០ នឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ ដូចជាអង្ករ, ស្វាយចន្ទី, ម្រេច, បន្លែ, ត្រី, ដំឡូងមី, កៅស៊ូ, ឈើ និងស្វាយ ដោយបង្ហាញនូវផលិតផលសម្រេចជាច្រើនប្រភេទចេញពីកសិផលទាំងនេះ។ បន្ថែមពីនេះ ពុកម៉ែបងប្អូន ក៏អាចសាកល្បងនូវសម្ភារបរិក្ខារកសិកម្មជាច្រើនផ្សេងទៀត ដូចជាត្រាក់ទ័រ ដ្រូនកសិកម្មជាអាទិ៍ នៅទីតាំងកម្មវិធីផ្ទាល់ផងដែរ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វេទិកា និងពិព័រណ៍នេះ ផ្ដល់ឱកាសឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយតួអង្គពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃផងដែរ។ ពិធីនេះ គ្រោងនឹងអញ្ជើញកសិករប្រមាណជាង […]

ការនាំចូលទំនិញពីថៃមកកម្ពុជា ក្នុងខែតុលាមានតម្លៃជាង ២៣៩លានដុល្លារ ថយចុះជិត ២០% 

Liny Chan November 10, 2025 10/11/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៥នេះ ការនាំចូលទំនិញពីថៃមកកាន់កម្ពុជា មានតម្លៃជាង ២៣៩លានដុល្លារ ថយចុះ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ២៩៨លានដុល្លារ។ តែយ៉ាងណាមិញ បើធៀបការនាំចូលទំនិញពីថៃមកកម្ពុជា រវាងខែកញ្ញា និងខែតុលា ឆ្នាំ២០២៥នេះ មានការកើនឡើងបន្តិច ក្នុងរង្វង់ជាង ៣០លានដុល្លារ ពោលគឺក្នុងកញ្ញា ឆ្នាំ២០២៥ ការនាំចូលមានតម្លៃជាង២០៧ លានដុល្លារ ខណៈក្នុងខែតុលា មានតម្លៃជាង២៣៩លានដុល្លារ។ នេះបើយើងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល។ ទិន្នន័យបានឱ្យដឹងដែរថា ចំណែកនាំចេញពីកម្ពុជាទៅកាន់ថៃ មានតម្លៃ ៥៩លានដុល្លារ ថយចុះ៧.៥% បើធៀបនឹងកាលពីខែតុលា ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៦២លានដុល្លារ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣.២ពាន់លានដុល្លារ ថយចុះ៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជាង៣.៥ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងតម្លៃ ៦៣៥លានដុល្លារ ថយចុះ១១.៥% ស្របពេលថៃនាំចូលកម្ពុជាវិញមាន ២.៥ពាន់លានដុល្លារ ថយចុះ៨.៨%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News