ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ប្តេជ្ញាបំពាក់បរិក្ខារយុទ្ធសាស្រ្តថ្មីៗ ដល់កងទ័ពអាកាសកូរ៉េខាងជើង

Nisaiy KP November 30, 2025 30/11/2025

(ព្យុងយ៉ាង)៖ នាថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានប្រកាសថា កងទ័ពអាកាសនៃប្រទេសកូរ៉េខាងជើង នឹងត្រូវបំពាក់ដោយបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក គីម បានធ្វើសេចក្តីប្រកាសដូចខាងលើ អំឡុងពិធីអបអរខួបទី៨០ របស់កងទ័ពអាកាសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ អមដោយវត្តមានកូនស្រីលោកគឺ Ju Ae ដែលត្រូវគេមើលឃើញ​ថា អាចនឹងក្លាយជាអ្នកបន្តវេនស្នងតំណែងជាមេដឹកនាំ នៅថ្ងៃអនាគត។ តាម KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «កងទ័ពអាកាស នឹងត្រូវផ្តល់នូវបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ ព្រមទាំងភារកិច្ចសំខាន់ថ្មីមួយ»។ យ៉ាងណាមិញ លោក គីម ជុងអ៊ុន មិនបានបកស្រាយលម្អិតជាងនេះទៀតឡើយ។ គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនោះទេ ចំពោះសំណើរបស់កូរ៉េខាងត្បូង ដែលចង់ឱ្យបើកកិច្ចពិភាក្សា ដើម្បីបញ្ចៀស​ការប៉ះទង្គិចគ្នាផ្នែកយោធាដោយចៃដន្យ នៅតាមបណ្តោយព្រំប្រទល់ប្រទេសទាំងពីរ។ ក្នុងខែនេះ ទីក្រុងសេអ៊ូល បានស្នើឡើងថា ភាគីទាំងពីរគួររៀបចំកិច្ចពិភាក្សាយោធា ដើម្បីជជែកអំពីខ្សែបន្ទាត់ព្រំដែនគោក […]

ចិនបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យទូទាំងប្រទេស ក្រោយករណីឆេះអគារខ្ពស់ដ៏ប្រល័យនៅហុងកុង

Nisaiy KP November 30, 2025 30/11/2025

(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចិនបានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពអគ្គិភ័យ នៅតាមអគារខ្ពស់ៗទូទាំងប្រទេស បន្ទាប់ពីគ្រោះអគ្គិភ័យដ៏ប្រល័យបំផុតមួយ នៅទីក្រុងហុងកុង បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១២៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បាននិយាយថា ការយកចិត្តទុកដាក់ជាពិសេស នឹងត្រូវផ្តោតទៅលើអគារទាំងឡាយណា ដែលកំពុងស្ថិតក្រោមការជួសជុលកែលម្អ ទាំងផ្នែកខាងក្រៅនិងខាងក្នុង។ យុទ្ធនាការនេះបានដាក់ចេញចំណុចត្រូវត្រួតពិនិត្យសំខាន់ៗ​ចំនួន៤ រួមមានការប្រើប្រាស់វត្ថុងាយឆាបឆេះ ក្នុងប្រព័ន្ធទ្រនាប់កម្តៅនៃជញ្ជាំងខាងក្រៅ, បរិក្ខារសំណង់ដែលត្រូវបានហាមឃាត់ ដូចជារន្ទាឫស្សី, សម្ភារសុវត្ថិភាពអគ្គិភ័យ និងច្រកសម្រាប់ជម្លៀសមនុស្សក្នុងករណីអាសន្ន។ គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនៅទីក្រុងហុងកុង ដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ បានឆាបឆេះអគារស្នាក់នៅកម្ពស់​៣២ជាន់ចំនួន៧ខ្នង ក្នុងចំណោមអគារទាំង៨ខ្នង នៅតំបន់អគារអាផាតធឺមិនមួយកន្លែង ដែលស្ថិតក្រោមការជួសជុលកែលម្អ ដោយមានប្រើប្រាស់រន្ទាឫស្សី និងស្នោតទ្រនាប់កម្តៅនៅជញ្ជាំងផ្នែកខាងក្រៅ។ មនុស្ស៣នាក់ ត្រូវបានចាប់ខ្លួនជុំវិញករណីនោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គ្រោះទឹកជំនន់នៅឥណ្ឌូណេស៉ី បណ្តាលឱ្យអ្នកបាត់បង់ជីវិតកេីនដល់ ៣០៣នាក់

Nisaiy KP November 30, 2025 30/11/2025

(ហ្សាការតា)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌណេស៉ី បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងព្យុះស៉ីក្លូននៅកោះស៊ូម៉ាត្រា បានកើនឡេីងដល់ ៣០៣នាក់ហើយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យ៉ាងហោចណាស់មនុស្ស ២៧៩នាក់នៅតែបាត់ខ្លួន ហើយរាប់រយនាក់បន្តជាប់គាំងនៅក្នុងខេត្តចំនួន ៣នៅទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី ។ កម្លាំងជួយសង្គ្រោះកំពុងព្យាយាមទម្លុះឧបសគ្គរារាំងផ្លូវ ដែលបណ្តាលមកពីការបាក់ដី ហើយនៅមានមនុស្សបានជាប់គាំង ត្រូវការការផ្គត់ផ្គង់។ នៅថ្ងៃអាទិត្យ យោធានឹងត្រូវបានដាក់ពង្រាយ​ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

តុលាការ ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

Liny Chan November 29, 2025 29/11/2025

(ឡាអេ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចនៅថ្ងៃសុក្រនេះថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) វ័យ ៨០ឆ្នាំ ត្រូវតែបន្តស្ថិតក្រោមការឃុំខ្លួន បើទោះបីជាមានការប្តឹងឧទ្ធរណ៍ពីក្រុមមេធាវីសុំឱ្យដោះលែង ដោយសំអាងលើវ័យចាស់ជរា និងបញ្ហាសុខភាពក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ឌូទើតេ ដែលបានកាន់តំណែងពីឆ្នាំ២០១៦ ដល់ ២០២២ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទីក្រុងឡាអេ កាលពីខែមីនា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឃាតកម្មក្នុងអំឡុងពេល «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏បង្ហូរឈាមរបស់លោក ដែលបានសម្លាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាប់ពាន់នាក់។ ចៅក្រមសាលាឧទ្ធរណ៍បានបដិសេធសំណើសុំដោះលែងបណ្តោះអាសន្ន ដែលមានន័យថាលោកត្រូវបន្តស្នាក់នៅក្នុងមន្ទីរឃុំឃាំងដើម្បីរង់ចាំការកាត់ក្តី។ ទោះជាយ៉ាងណា ក្រុមមេធាវីរបស់លោកកំពុងព្យាយាមទម្លាក់ចោលសំណុំរឿងនេះទាំងមូល ដោយអះអាងថាការចាប់ខ្លួនលោកគឺខុសច្បាប់ ហើយ ICC គ្មានយុត្តាធិការលើហ្វីលីពីនទេ ព្រោះប្រទេសនេះបានដកខ្លួនចេញពីតុលាការតាំងពីឆ្នាំ២០១៩ មកម្ល៉េះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ករណីឆេះអគារស្នាក់នៅក្នុងទីក្រុងហុងកុង៖ មនុស្សបាត់បង់ជីវិតកើនដល់ ១២៨នាក់ ហើយ ២០០នាក់ នៅបន្តបាត់ខ្លួន

Liny Chan November 28, 2025 28/11/2025

(ហុងកុង)៖ ប្រមុខកិច្ចការសន្តិសុខរបស់ទីក្រុងហុងកុងនៃប្រទេសចិន នារសៀលថ្ងៃសុក្រនេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់ ក្នុងសោកនាដកម្មអគ្គិភ័យដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលជិត ៨០ឆ្នាំ បានបន្តកើនដល់១២៨នាក់ ហើយមនុស្សប្រមាណ ២០០នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ គ្រោះអគ្គិភ័យខាងលើបានកើតឡើង នៅតំបន់អគារអាផាតធឺមិន Wang Fuk Court ដែលមានអគារកម្ពស់៣២ជាន់សរុប៨ខ្នង ស្ថិតក្នុងខណ្ឌ Tai Po ភាគខាងជើងក្រុងហុងកុង កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Chris Tang ប្រមុខកិច្ចការសន្តិសុខរបស់ហុងកុង បាននិយាយដូច្នេះថា «យើងមិនច្រានចោលលទ្ធភាព ដែលថាសាកសពបន្ថែមទៀត អាចនឹងត្រូវរកឃើញ នៅពេលប៉ូលិសចូលទៅខាងក្នុងអគារ ដើម្បីធ្វើការស៉ើបអង្កេតលម្អិតនោះទេ»។ មកទល់ពេលនេះ កិច្ចប្រឹងប្រែងជួយសង្រ្គោះនិងពន្លត់អគ្គិភ័យ បានបិទបញ្ចប់ ដោយមនុស្សយ៉ាងហោច៧៩នាក់ រួមមានភ្នាក់ងារពន្លត់អគ្គិភ័យ១២នាក់ បានរងរបួស។ គ្រោះអគ្គិភ័យ banកើតឡើងចំពេលអគារទាំងនោះ ដែលជាទីជម្រករបស់​មនុស្សសរុបជាង៤៦០០នាក់ ត្រូវបានហ៊ុមព័ទ្ធដោយរន្ទាឫស្សី និងសំណាញ់បៃតង សម្រាប់ការងារកែលម្អ។ គួរបញ្ជាក់ថា បើតាមលោក Tang ប្រព័ន្ធកណ្តឹងប្រកាសអាសន្នអគ្គិភ័យ […]

រដ្ឋាភិបាលថៃ ប្រកាសថា គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេស ផ្តាច់ជីវិតមនុស្សកើនដល់ ១៤៥នាក់

Liny Chan November 28, 2025 28/11/2025

(បាងកក)៖ នារសៀលថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានប្រកាសថា ចំនួនមនុស្សបាត់បង់ជីវិត នៅទូទាំងតំបន់ភាគខាងត្បូងប្រទេស ដោយសារគ្រោះទឹកជំនន់ បានកើនដល់យ៉ាងហោច១៤៥នាក់ ដោយក្នុងនោះជាង១០០នាក់ បានស្លាប់នៅខេត្ត Songkhla ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «តួលេខមនុស្សស្លាប់​សរុបទាំងអស់ គិតត្រឹមពេលនេះ នៅទូទាំងបណ្តាខេត្តភាគខាងត្បូង គឺ១៤៥នាក់»។ រយៈពេលប្រមាណជា ១សប្តាហ៍មកនេះ មហន្តរាយទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន បានវាយប្រហារលើខេត្តប្រហែល ១០នៅភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់មនុស្សសរុបជិត​ ៣លាននាក់។ កន្លែងដែលត្រូវគេមើលឃើញ ទទួលរងការជន់លិចខ្លាំងក្លាធ្ងន់ធ្ងរបំផុតនោះ គឺទីក្រុង Hat Yai នៃខេត្ត Songkhla។ ឥឡូវទឹកហាក់បានចាប់ផ្តើមស្រកចុះទៅវិញហើយ។ គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួនបានព្យួរតំណែងអភិបាលស្រុក Hat Yai ជុំវិញការចោទប្រកាន់ថា បរាជ័យក្នុងការឆ្លើយតបចំពោះវិបត្តិទឹកជំនន់។ ដោយឡែក ក្រៅពីប្រទេសថៃ ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ដូចជាម៉ាឡេស៉ី និង​ឥណ្ឌូណេស៉ី ក៏កំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់ខ្លាំងផងដែរ […]

អ្នកបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូណេស៊ី កើនដល់ ៦១នាក់

Liny Chan November 28, 2025 28/11/2025

(ហ្សាការតា)៖ អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា (Sumatra) បានកើនដល់យ៉ាងហោច ៦១នាក់ និងបារម្ភថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយមនុស្ស១០០នាក់បន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្ដល់ជំនួយ និងជួយសង្រ្គោះនៅផ្នែកខាងជើងនៃកោះស៊ូម៉ាត្រ (Sumatra) ដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេដោយផ្លូវជាច្រើនត្រូវបានកាត់ផ្ដាច់ រីឯប្រព័ន្ធទូរគមនាគមន៍មួយចំនួនត្រូវបានបំផ្លាញដោយបំណាក់ដី។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Ferry Walintukan បានឱ្យដឹងថា មនុស្ស៤៣នាក់បានស្លាប់នៅខេត្តស៊ូម៉ាត្រខាងជើង។ ចំណែក មនុស្ស៩នាក់ទៀតស្លាប់នៅខេត្តស៊ូម៉ាត្រខាងលិច និង៩នាក់ផ្សេងទៀតស្លាប់ក្នុងខេត្ត Aceh។ គួរបញ្ជាក់ថា ព្យុះស៉ីក្លូនដ៏កម្រ បានបោកបក់ទូទាំងកោះ Sumatra រួមទាំងនៅជិតច្រកសមុទ្រ Malacca ហើយបង្កជាទឹកជំនន់ និងបំណាក់ដី ចំពេលដែលប្រទេសអាស៊ានដទៃដូចជាថៃ និងម៉ាឡេស៊ី ក៏កំពុង​ប្រឈម​នឹងគ្រោះ​ទឹកជំនន់​ដ៏​សាហាវផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកបាត់បង់ជីវិតកើនដល់ ៥៥នាក់ ក្នុងករណីឆេះអគារនៅទីក្រុងហុងកុង

Liny Chan November 27, 2025 27/11/2025

(ហុងកុង)៖ អាជ្ញាធរពន្លត់អគ្គិភ័យនៅទីក្រុងហុងកុងនៃប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារ​គ្រោះអគ្គិភ័យដ៏ធំសម្បើម នៅតំបន់អគារអាផាតធឺមិនមួយកន្លែង បានកើនដល់៥៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អាជ្ញាធរពន្លត់អគ្គិភ័យក្រុងហុងកុង បាននិយាយថា មនុស្ស៥១នាក់បានស្លាប់ នៅកន្លែងកើតហេតុផ្ទាល់ ខណៈ៤នាក់បានស្លាប់ នៅឯមន្ទីរពេទ្យ ហើយក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មានម្នាក់ជាភ្នាក់ងារពន្លត់អគ្គិភ័យ។ ក្រៅពីអ្នកស្លាប់ មនុស្សរាប់សិបកំពុងស្ថិតក្នុងមន្ទីរពេទ្យជាមួយស្ថានភាពធ្ងន់ធ្ងរ ហើយគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មនុស្សចំនួន ២៧៩នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ដោយមិនអាចទាក់ទងបាន។ តំបន់អគារអាផាតធឺមិនខាងលើ ហៅថា Wang Fuk Court ស្ថិតក្នុងខណ្ឌ Tai Po នៅភាគខាងជើងទីក្រុងហុងកុង។ នៅទីនោះ មានអគារស្នាក់នៅកម្ពស់ខ្ពស់សរុប៨ខ្នង គិតជាបន្ទប់២០០០បន្ទប់ និងជាជម្រករបស់មនុស្សជាង ៤៦០០នាក់។ អាជ្ញាធរពន្លត់អគ្គិភ័យហុងកុង បានឱ្យដឹងថា មកទល់ឥឡូវ ភ្លើងឆាបឆេះនៅអគារ៤ខ្នង ត្រូវបានពន្លត់ទាំងស្រុង ខណៈភ្លើងឆេះ​នៅអគារ៣ទៀត ត្រូវគ្រប់គ្រងបាន ហើយអគារមួយខ្នង មិនបានរងការប៉ះពាល់។ អគ្គិភ័យបានចាប់ផ្តើមកើតឡើង កាលពីរសៀលថ្ងៃពុធ។ គួរបញ្ជាក់ថា នាពេលនេះ […]

លោក ដូណាល់ ត្រាំ ជំរុញនាយករដ្ឋមន្ត្រីជប៉ុនចៀសវាងបង្កើនជម្លោះជាមួយចិន 

Liny Chan November 27, 2025 27/11/2025

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចៀសវាងការបង្កជម្លោះថែមទៀតជាមួយចិនអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា។ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន២រូបដែលបានដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះរវាងលោក ត្រាំ និងលោកស្រី Takaichi បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកប្រធានាធិបតីអាមេរិកបានបង្ហាញពីសេចក្ដីប្រាថ្នាចង់ឱ្យលោកស្រី Takaichi ចៀសវាងការបង្កើនជម្លោះដែលអាចធ្វើឱ្យចិនកាន់តែខឹងសម្បា។ តែលោក ត្រាំ ដែលកំពុងព្យាយាមបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយជាមួយចិន មិនបានស្នើសុំជាពិសេសអ្វីពីលោកស្រី Takaichi នោះទេជុំវិញជម្លោះជាមួយចិន។ លោកស្រី Takaichi បានបង្កឱ្យមានជម្លោះការទូតជាមួយចិន នៅពេលលោកស្រីប្រាប់សមាជិករដ្ឋសភាជប៉ុនថាការវាយប្រហារណាមួយរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់ អាចនឹងជំរុញឱ្យជប៉ុន ធ្វើការឆ្លើយតបដោយយោធា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គិភ័យលេបត្របាក់តំបន់អនាធិបតេយ្យនៅបង់ក្លាដែស, បំផ្លាញផ្ទះ ១,៥០០ខ្នង និងមនុស្សរាប់ពាន់នាក់គ្មានទីជម្រក

Liny Chan November 27, 2025 27/11/2025

(ដាកា)៖ អាជ្ញាធរបង់ក្លាដែស បានប្រកាសនៅថ្ងៃពុធនេះថា អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានបំផ្លាញផ្ទះសម្បែងប្រមាណ ១,៥០០ខ្នង នៅក្នុងតំបន់អនាធិបតេយ្យដ៏កកកុញមួយក្នុងរដ្ឋធានីដាកា ដោយបន្សល់ទុកមនុស្សរាប់ពាន់នាក់ឱ្យគ្មានទីជម្រក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅល្ងាចថ្ងៃអង្គារ នៅតំបន់អនាធិបតេយ្យ Korail និងត្រូវបានពន្លត់ទាំងស្រុងនៅថ្ងៃពុធ បន្ទាប់ពីឆេះអស់រយៈពេល ១៦ម៉ោង។ មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសនោះទេ។ លោកវរសេនីយ៍ទោ ម៉ូហាម៉ាត់ តាជុល អ៊ីស្លាម ជូធូរី (Mohammad Tajul Islam Chowdhury) នាយកសេវាកម្មពន្លត់អគ្គិភ័យ បានឱ្យដឹងថា ផ្ទះប្រមាណ ១,៥០០ខ្នងត្រូវបានឆេះបំផ្លាញ ឬខូចខាត។ ក្រុមពន្លត់អគ្គិភ័យបានជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅដល់កន្លែងកើតហេតុ ដោយសារផ្លូវតូចចង្អៀត។ យោងតាមទិន្នន័យផ្លូវការ គ្រួសារប្រហែល ៦០,០០០គ្រួសារ ដែលភាគច្រើនជា «ជនភៀសខ្លួនអាកាសធាតុ» រស់នៅក្នុងតំបន់អនាធិបតេយ្យនេះ។ នៅថ្ងៃពុធ ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងបាននាំគ្នារុករកទ្រព្យសម្បត្តិដែលនៅសេសសល់ក្នុងគំនរបាក់បែកយ៉ាងអស់សង្ឃឹម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News