ក្រុមហ៊ុនផលិតមីកញ្ចប់ធំចំនួន ៥ នៅក្នុងប្រទេសថៃ កំពុងអង្វររដ្ឋាភិបាលឱ្យអនុញ្ញាតឱ្យពួកគេដំឡើងតម្លៃដល់ ៨បាត (០.២២ដុល្លារ) ក្នុងមួយកញ្ចប់ ខណៈដែលពួកគេបាននិងកំពុងជួបបញ្ហាពាក់ព័ន្ធនឹងការចំណាយច្រើន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនចំនួនប្រាំគឺ Thai Preserved Food, Nissin Foods, Thai President Foods, Wan Thai Foods Industry និង Chokchaipibul Co Ltd – កាលពីថ្ងៃចន្ទបានរួមគ្នាស្នើឱ្យរដ្ឋាភិបាលពិចារណាអនុញ្ញាតឱ្យមានការកែសម្រួលតម្លៃសម្រាប់មីកញ្ចប់ ដែលជាអាហារពេញនិយមសម្រាប់ប្រជាជនដែលមានចំណូលទាប។ លោក Weera Naphaphreugchart នាយករងគ្រប់គ្រងនៃ Thai Preserved Food ដែលជាក្រុមហ៊ុនផលិតគុយទាវ “Wai Wai” បាននិយាយថា ក្រុមហ៊ុនបានប្រឈមមុខនឹងអតិផរណា និងថ្លៃដឹកជញ្ជូនកើនឡើងនៅក្នុងឆ្នាំមុន ដែលបណ្តាលឱ្យផលិតផលមួយចំនួនរបស់ខ្លួនខាតបង់។ លោកបន្តថា៖ “យើងមិនបានកែសម្រួលតម្លៃគុយទាវរបស់យើងរយៈពេល ១៤ ឆ្នាំមកហើយ ដោយសារគោលនយោបាយកំណត់តម្លៃ ដែលដាក់ដោយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង។ ដូច្នេះវាជាពេលវេលាមួយ ដើម្បីពិនិត្យតម្លៃឡើងវិញ និងដើម្បីឆ្លុះបញ្ចាំងពីការចំណាយជាក់ស្តែង”។ ជាមួយគ្នានេះ លោក Kittiphos Charnphaworakit […]