ព័ត៌មានអន្តរជាតិ

លោក ពូទីន ព្រមានសងសឹក បើណាតូ ដាក់ពង្រាយកងទ័ព និងសព្វាវុធលើទឹកដីហ្វាំងឡង់ និងស៊ុយអែត

Khmerpress June 30, 2022 30/06/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះបានព្រមានថារុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាងសមាមាត្រ ប្រសិនបើ ណាតូ (NATO) ដាក់ពង្រាយកងទ័ព និងសព្វាវុធ ឬក៏ហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីប្រទេសទាំង២ ត្រូវបានអនុញ្ញាតឱ្យចូលបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។ លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ី ក្រោយកិច្ចពិភាក្សាជាមួយមេដឹកនាំនៃអតីតរដ្ឋសហភាពសូវៀត ក្នុងប្រទេស តួកម៉េនីស្ថាន។ លោក ពូទីនបានគូសបញ្ជាក់ដូច្នេះថា «ជាមួយស៊ុយអែត និងហ្វាំងឡង់ យើងមិនមានបញ្ហាជាមួយពួកគេដូចដែលយើងមាន បញ្ហាជាមួយអ៊ុយក្រែននោះទេ។ ពួកគេចង់ចូលណាតូ អូខេ ចូលចុះ។ ក៏ប៉ុន្តែ ពួកគេត្រូវយល់ថាប្រសិនបើកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធ យោធាត្រូវបានដាក់ពង្រាយនៅទីនោះ នោះយើងនឹងធ្វើការឆ្លើយតបយ៉ាងសមាមាត្រ»។ គួរបញ្ជាក់ថា ការព្រមានខាងលើរបស់លោក ពូទីន ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសតួកគីដែលជាសមាជិកណាតូ បានសម្រេចចិត្ត លុបចោលការវេតូរបស់ខ្លួន មិនឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលណាតូ ក្រោយប្រទេសទាំង៣ យល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក៕ ផ្តល់សិទ្ធិដោយ៖ […]

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ទទូចជាថ្មីឱ្យបណ្ដេញរុស្ស៉ីចេញពី UN

Khmerpress June 29, 2022 29/06/2022

(យូអិន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះបានទទូចជាថ្មីឱ្យបណ្ដេញ រុស្ស៉ីចេញពីអង្គការសហប្រជាជាតិ និងបង្កើតតុលាការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតពីសកម្មភាពសង្រ្គាមរបស់រុស្ស៉ីនៅលើទឹកដីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងចាំចាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីធ្វើអ្វីៗគ្រប់យ៉ាងឱ្យរុស្ស៉ីបញ្ឈប់សម្លាប់ជាបន្តបន្ទាប់… បើពុំដូច្នោះទេ សកម្មភាពភេរវកម្មរបស់រុស្ស៉ីអាចនឹងរាលដាលដល់បណ្ដាប្រទេសអឺរ៉ុបដទៃ និងអាស៊ី ព្រមទាំងរដ្ឋក្នុងតំបន់បាល់ទិក ប៉ូឡូញ ម៉ុលដាវី និងកាហ្សាក់ស្ថាន»។ គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី រុស្ស៉ីគួតែត្រូវបានបណ្ដេញពីអង្គការសហប្រជាជាតិ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃ បានបង្ហាញយ៉ាងច្បាស់ ថារុស្ស៉ីបានបំពានធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប៉ុន្តែ ក្រុមអ្នកជំនាញភាគច្រើនយល់ថាការចង់បណ្ដេញរុស្ស៉ីចេញពីស្ថាប័នអន្តរជាតិកំពូលមួយ ជារឿងមិនអាចទៅរួច៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៉ី អះអាងថាមិនបានវាយប្រហារលើផ្សារទំនើប ក្នុងទីក្រុង Kremenchuk របស់អ៊ុយក្រែន ទេ

Khmerpress June 29, 2022 29/06/2022

(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ី ប្រចាំអង្គការសហប្រជាជាតិ លោក ឌីមីទ្រី ប៉ុលយ៉ាន់ស្គី (Dmitry Polyansky) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថារុស្ស៉ីមិនបានបើកការវាយប្រហារលើផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុង ក្រេមិនឈុក (Kremenchuk) ភាគកណ្ដាលអ៊ុយក្រែនដែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ និង៥៩នាក់រងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។ លោក Polyansky បាននិយាយថា រុស្ស៉ីបានវាយប្រហារទៅលើឃ្លាំងទុកយន្តហោះរបស់អ៊ុយក្រែន នៅទីក្រុង Kremenchuk ហើយថាផ្សារទំនើបខាងលើ នៅឆ្ងាយពីឃ្លាំងអាវុធនេះ ប៉ុន្តែការបំផ្ទុះគ្រាប់រំសេវ «បានបង្កឲ្យមានភ្លើងឆេះរាលដាលដល់ផ្សារទំនើបនេះ»។ បន្ថែមពីលើនេះ ក្រុមមន្ត្រីនៃវិមានក្រឹមឡាំង ក៏បានអះអាងដែរថាទាហានអ៊ុយក្រែនគឺជាអ្នកបាញ់ដោយខ្លួនឯង។ គួរបញ្ជាក់ថា អ៊ុយក្រែនបានស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការកើនឡើងនៃការវាយប្រហារនាពេលថ្មីៗនេះរបស់រុស្ស៉ី រួមទាំងការវាយប្រហារតាម អាកាសកាលពីចន្ទដើមសប្ដាហ៍នេះផងដែរ ទៅលើផ្សារទំនើបដែលមានហ្វូងមនុស្សច្រើន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបញ្ជាក់ប្រាប់ក្រុមប្រឹក្សានេះថា «មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន» ហើយបំណែករាងកាយត្រូវបានរកឃើញ រួមទាំងដៃ និងជើង ដោយបន្ថែមថាជាអកុសល ប្រហែលជាមានជនរងគ្រោះកាន់តែច្រើនជាងនេះទៅទៀត៕ […]

ស្រីលង្កាដំឡើងថ្លៃប្រេងឥន្ធនៈ ខណៈពេលដែលស្តុកប្រេងមានតែសម្រាប់រយៈពេល ២ថ្ងៃ

Khmerpress June 29, 2022 29/06/2022

(កូឡុំបូ)៖ ប្រទេសស្រីលង្កាបានឡើងថ្លៃប្រេងឥន្ធនៈកាលពីថ្ងៃអាទិត្យ ដែលបង្កើតផលលំបាកបន្ថែមទៀតដល់ប្រជាជនរបស់ខ្លួន ខណៈដែលក្រុមមន្ត្រីអាមេរិកបានទៅដល់ប្រទេសនេះហើយដើម្បីពិភាក្សាអំពីកាត់បន្ថយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់កោះនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុន Ceylon Petroleum Corporation (CPC) បានដំឡើងថ្លៃប្រេងម៉ាស៊ូត ដែលប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការដឹកជញ្ជូនសាធារណៈចំនួន ១៥ភាគរយដល់ ៤៦០រូពី (១,២៧ដុល្លារអាមេរិក) ក្នុងមួយលីត្រ ខណៈប្រេងសាំងកើនឡើង ២២ភាគរយដល់ ៥៥០រូពី (១,៥២ដុល្លារ)។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពល Kanchana Wijesekera ស្រីលង្កាបាននិយាយថា នឹងមានការពន្យារពេលមិនកំណត់ក្នុងការទទួលបានប្រេងមកថ្មី។ លោក Wijesekera បាននិយាយថា ប្រេងដែលដល់ពេលកំណត់ទៅដល់ស្រីលង្កាកាលពីសប្តាហ៍មុនមិនបានទៅដល់តាមកាលកំណត់ទេ ខណៈដែលកប៉ាល់ដឹកប្រេងដែលគ្រោងនឹងទៅដល់ប្រទេសនេះនៅសប្តាហ៍ក្រោយ ក៏នឹងមិនទៅបានដល់ប្រទេសនេះដែរ ដោយសារបញ្ហាធនាគារ។ លោក Wijesekera បានសុំទោសអ្នកបើកបរជាម្ចាស់យានយន្តទាំងអស់ និងបានជំរុញពួកគេមិនឱ្យចូលរួមតម្រង់ជួរដ៏វែងនៅខាងស្ថានីយ៍ប្រេង។ មនុស្សជាច្រើនបានទុកយានជំនិះរបស់ពួកគេនៅក្នុងជួរដែលរង់ចាំចាក់បំពេញប្រេង ដោយសង្ឃឹមថានឹងទទួលបានប្រេងនៅពេលដែលការនាំចូលប្រេងថ្មីនឹងមកដល់។ ប្រភពផ្លូវការបាននិយាយថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនៅសល់របស់កោះនេះគឺគ្រប់គ្រាន់សម្រាប់រយៈពេលប្រហែលពីរថ្ងៃប៉ុណ្ណោះ តែអាជ្ញាធរកំពុងរក្សាទុកសម្រាប់សេវាកម្មសំខាន់ៗ។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកូឡុំបូ បាននិយាយថា គណៈប្រតិភូមកពីក្រសួងរតនាអាមេរិក និងក្រសួងការបរទេសអាមេរិកបានទៅដល់ស្រីលង្កាហើយសម្រាប់កិច្ចពិភាក្សាដើម្បី «ស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ប្រជាជនស្រីលង្កាដែលត្រូវការជំនួយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Kishida Fumio នឹង​ក្លាយជា​មេដឹកនាំ​ជប៉ុន​ដំបូង​គេ​ ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​

Khmerpress June 29, 2022 29/06/2022

នាយករដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio នឹង​ក្លាយជា​មេដឹកនាំ​ជប៉ុន​ដំបូង​គេ​ ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​ (The North Atlantic Treaty Organization)។ លោក Kishida បានមកដល់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសអាល្លឺម៉ង់។ គាត់ស្ថិតក្នុងចំណោមមេដឹកនាំនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធនៅទីក្រុងម៉ាឌ្រីត។ ពួកគេនឹងចូលរួមជាមួយសមភាគីរបស់ពួកគេ ពីរដ្ឋសមាជិកចំនួន ៣០ របស់សម្ព័ន្ធភាពណាតូ ក៏ដូចជាប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានដាក់ពាក្យចូលជាសមាជិកអង្គការមួយនេះ។ លោក Kishida សង្ឃឹមថា នឹងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយណាតូ ដោយចែករំលែកទស្សនៈថា ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដោយកម្លាំង មិនត្រូវអត់ឱនបានឡើយ នៅគ្រប់ទីកន្លែងក្នុងពិភពលោកនេះ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កកូវីដ១៩ សម្រាប់អ្នកដំណើរអន្តរជាតិ មកនៅត្រឹម ៧ថ្ងៃ

Khmerpress June 29, 2022 29/06/2022

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួនសម្រេចកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរអន្តរជាតិហើយ ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរក ការបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដ៏តឹងរ៉ឹង ដែលបានបន្តអស់រយៈពេលជាង ២ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។ បើតាមគណៈកម្មការសុខភាពជាតិចិន NHC, អ្នកធ្វើដំណើរមកពីក្រៅប្រទេស នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក នៅទីតាំងដែលបានកំណត់ ដូចជាសណ្ឋាគារ រយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ នៅពេលមកដល់ប្រទេសចិន។ ប៉ុន្តែពួកគេ នឹងត្រូវតម្រូវឱ្យចំណាយរយៈពេល ៣ថ្ងៃបន្ថែមទៀត នៅផ្ទះ មុនពេលពួកគេអាចចេញដើរខាងក្រៅបាន។ កាលពីមុន ការមកដល់ប្រទេសចិនរបស់អ្នកដំណើរក្រៅប្រទេស ជាធម្មតាត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កពីរយៈពេល ១៤ថ្ងៃទៅ ២១ថ្ងៃ អាស្រ័យលើទីក្រុង និងគោលដៅនៅក្នុងប្រទេស។ NHC បានបន្ថែមថា នៅក្នុងប្រទេសចិន អ្នកដែលបានធ្វើប្រាស្រ័យទាក់ជិតស្និទ្ធជាមួយករណីឆ្លងជំងឺ COVID-19 ក៏ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កតែរយៈពេល ៧ថ្ងៃដូចគ្នា និងបន្តត្រួតពិនិត្យសុខភាពរយៈពេល ៣ថ្ងៃបន្ថែមទៀតនៅផ្ទះ ខណៈកាលពីមុន ពួកគេត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករហូតដល់រយៈពេល ១៤ថ្ងៃ។ គួរបញ្ជាក់ថា ប្រទេសចិន បានចាប់ផ្តើមរឹតបន្តឹងព្រំដែនរបស់ខ្លួន កាលពីចុងខែមីនា […]

G7 ប្តេជ្ញាផ្តល់ថវិកាចំនួន ៥ពាន់លានដុល្លារ ដើម្បីស្រាយបញ្ហាអសន្តិសុខស្បៀងសកល, នេះបើតាមមន្រ្តីអាមេរិក

Khmerpress June 29, 2022 29/06/2022

(បែរឡាំង)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីរ ឬ G7 ប្តេជ្ញាថានឹងផ្តល់ថវិកាចំនួន ៥ពាន់លានដុល្លារ ដើម្បីបង្កើនសន្តិសុខស្បៀងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹង ក្តីបារម្ភរបស់ប្រទេសកំពុងអភិវឌ្ឍន៍អំពីភាពអត់ឃ្លាន ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។ នៅថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងក្នុងប្រទេសអាល្លឺម៉ង់, មន្រ្តីអាមេរិករូបនោះបាននិយាយថា សហរដ្ឋអាមេរិកនឹងរ៉ាប់រងជាងពាក់កណ្តាល នៃចំនួនសរុបខាងលើ ដើម្បីជួយប្រយុទ្ធប្រឆាំងភាពអត់ឃ្លាន ក្នុងប្រទេសចំនួន៤៧ ក៏ដូចជាសម្រាប់ផ្តល់ឱ្យអង្គការផ្សេងៗនៅតាមតំបន់ផងដែរ។ មន្រ្តីអាមេរិកដដែល បានគូសបញ្ជាក់ថា «សកម្មភាពរបស់រុស្ស៉ី គឺជាមូលហេតុស្នូល ដែលយើងអាចទាញភ្ជាប់ដោយផ្ទាល់ទៅកាន់ គ្រប់បញ្ហាទាំងអស់ ដែលយើងកំពុងមើលឃើញនៅជុំវិញពិភពលោក ពាក់ព័ន្ធនឹងសន្តិសុខស្បៀង។ ទង្វើរបស់លោក ពូទីន បានបង្កភាពរាំងស្ទះជាខ្លាំង ដល់ការផលិតស្បៀងអាហារ និងវិស័យកសិកម្ម ហើយលោកបានប្រើប្រាស់ស្បៀងអាហារជាអាវុធ តាមរយៈការបំផ្លាញឃ្លាំងស្តុកផលិតផលកសិកម្ម ព្រមទាំងបិទខ្ទប់កំពង់ផែនានារបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ»។ គួរបញ្ជាក់ថា G7 កំពុងព្យាយាមប្រមូលផ្តុំប្រទេសរីកចម្រើនផ្សេងទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី ដើម្បីប្រឆាំងនឹងអ្វីដែលលោកខាងលិច ហៅថាជាការឈ្លានពាន របស់ទីក្រុងមូស្គូ ហើយកិច្ចប្រជុំនាឆ្នាំនេះ ក៏បានអញ្ជើញប្រទេសប្រជាធិបតេយ្យ ដែលមានចំណូលមធ្យម […]

មកស្គាល់ពូជស្វាយ ១ប្រភេទរបស់ជប៉ុន ត្រឹមតែ ២ផ្លែ ដាក់ដេញថ្លៃលក់ក្នុងតម្លៃជិត ៤ពាន់ដុល្លារ

Khmerpress June 28, 2022 28/06/2022

ប្រទេសជប៉ុន គឺជាប្រទេសមួយដែលតែងតែដាក់ដេញថ្លៃផលិតផល ដែលល្អ និងកម្របំផុតក្នុងតម្លៃរាប់ពាន់ដុល្លារ ខណៈផលិតផលខ្លះមានតម្លៃដល់ទៅរាប់ម៉ឺន រាប់សែនដុល្លារឯណោះ។​ ជាក់ស្ដែង នាពេលកន្លងមកជប៉ុនបានដាក់ដេញថ្លៃ ផ្លែឪឡឹក ត្រីធូណា និងស្រា ជាដើម ហើយកាលពីខែមេសា ឆ្នាំ២០២២ នេះ ជប៉ុនក៏បានដាក់ដេញថ្លៃផ្លែស្វាយ ១ប្រភេទ ចំនួន ២ផ្លែ ក្នុងតម្លៃជិត ៤ពាន់ដុល្លារ។ ផ្លែស្វាយដែលមានតម្លៃដ៏ថ្លៃនេះ ត្រូវបានគេចាត់ថ្នាក់ជាពូជពិសេសម្យ៉ាងឈ្មោះថា “Taiyo no Tamago” ឬ (ស៊ុតព្រះអាទិត្យ) មកពីខេត្ត Miyazaki ដោយដាក់ដេញថ្លៃក្នុងតម្លៃ ៥០០,០០០ យ៉េន (ប្រហែល ៣,៩៩០ ដុល្លារ) នៅក្នុងការដេញថ្លៃលើកដំបូងក្នុងឆ្នាំ២០២២​ នេះ នៅឯផ្សារលក់ដុំមួយនៅទីក្រុង Miyazaki ភាគនិរតីនៃប្រទេសជប៉ុន។ ចំពោះលក្ខណៈពិសេស ដែលធ្វើឱ្យផ្លែស្វាយ ១ប្រភេទនេះ អាចលក់បានថ្លៃក្នុងតម្លៃកប់ពពក គឺផ្លែស្វាយនេះ ត្រូវមានទម្ងន់យ៉ាងតិច ៣៥០ ក្រាម និងមានកម្រិតជាតិស្ករ ១៥% ឬខ្ពស់ជាងនេះ។ មិនតែប៉ុណ្ណោះ​ស្វាយនេះ ចាប់​ផ្ដើមប្រមូលផលខ្លាំង​នៅ​ចុង​ខែ​មេសា ហើយ​ឈាន​ដល់​កម្រិត​កំពូល​នៅ​ចុង​ខែ​ឧសភា​ដល់​ខែ​មិថុនា។ […]

រដ្ឋមន្ដ្រីសុខាភិបាលថៃ Anutin Charnveerakul បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ ខណៈទើបតែចាក់វ៉ាក់សាំងដូសទី៦ បានជិតពីរសប្ដាហ៍

Khmerpress June 28, 2022 28/06/2022

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីសុខាភិបាលថៃ គឺលោក Anutin Charnvirakul បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 បន្ទាប់ពីគាត់ត្រឡប់មកពីកិច្ចប្រជុំ UNAIDS នៅទីក្រុងហ្សឺណែវ របស់ប្រទេសស្វីស។ លោករដ្ឋមន្ត្រី​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​រោគ​សញ្ញា​ស្រាលៗ​​ប៉ុណ្ណោះ ខណៈ​​លោក​ទើបតែចាក់វ៉ាក់សាំងបង្ការដូសទី៦​ កាលពីពាក់កណ្ដាលខែនេះ។ មុននេះលោក Autin និងអាជ្ញាធរផ្សេងទៀត ដែលមកពីក្រសួងសុខាភិបាលសាធារណ, ក្រសួងកិច្ចការបរទេ, ការិយាល័យសន្និបាត និងពិព័រណ៍ថៃ និងអភិបាលខេត្តភូកេត ក៏ទើបតែចូលរួមមហាសន្និបាត BIE 170 នៅទីក្រុងប៉ារីស ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា។ ក្រុមដដែលនេះ បានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ដើម្បីចូលរួមកិច្ចប្រជុំជាមួយរបស់អង្គការសហប្រជាជាតិ (UN) ស្តីអំពីមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីពិភាក្សាអំពីពិព័រណ៌ពិសេសឆ្នាំ២០២៨ ដែលក្នុងនោះភូកេត នឹងធ្វើជាម្ចាស់ផ្ទះនៅចន្លោះថ្ងៃទី ២១-២៤ ខែមិថុនា ក្នុងឆ្នាំនោះ។ លោក Anutin បានមកដល់ប្រទេសថៃវិញ កាលពីថ្ងៃទី២៦ ខែមិថុនា ដោយមានការឈឺចាប់សាច់ដុំ និងឈឺបំពង់ក ហើយក្រោយមកបានរកឃើញថា គាត់វិជ្ជមានជាមួយជំងឺ COVID-19។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោករដ្ឋមន្ត្រីនឹងដាក់ឱ្យនៅដាច់ពីគេយ៉ាងហោចណាស់ ១សប្តាហ៍ ឬរហូតដល់តេស្ដអវិជ្ជមាន៕ […]

ស្រីលង្កាសម្រេចផ្អាកផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងវិស័យជាច្រើននិងប្រាប់ឲ្យពលរដ្ឋត្រូវសម្ងំនៅផ្ទះក្នុងដំណាក់កាលដ៏លំបាកនេះ

Khmerpress June 28, 2022 28/06/2022

ស្រីលង្កា៖ ការសែត Straits Times នៅព្រឹកថ្ងៃអង្គារ ទី២៨​ ខែមិថុនានេះបានរាយការណ៍ថា ប្រទេសស្រីលង្កាហាក់ដូចកំពុងបិទខ្ទប់ប្រទេសខ្លួនអីចឹង ក្រោយរដ្ឋាភិបាលនៃប្រទេសដែលបានប្រកាសក្ស័យធនមួយនេះបានម្រេចផ្អាកផ្គត់ផ្គង់ប្រេងឥន្ទនៈក្នុងវិស័យជាច្រើននៅទូទាំងប្រទេស។ យោងតាមសេចក្តីថ្លែងការរបស់លោក Bandula Gunawardena អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កាបានបញ្ជាក់ថា នៅចំពោះស្ថានភាពដែលប្រទេសកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងខ្វះខាតប្រេងឥន្ទនៈយ៉ាងច្រើននេះ រដ្ឋាភិបាលបានសម្រេចដាក់កម្រិតចំពោះការប្រើប្រាស់ប្រេងឥន្ទនៈយ៉ាងតឹងរឹងបំផុតចាប់ពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែកក្កដា ឬរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។ នៅក្នុងដំណាក់កាលដ៏លំបាកនេះអាជ្ញាធរនឹងផ្អាកការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់រថយន្តឯកជន ការធ្វើដំណើរនៅក្នុងវិស័យមិនសូវចាំបាច់មួយចំនួន ហើយមធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងខេត្តមួយចំនួនក៏អាចនឹងត្រូវផ្អាកផងដែរ។ យ៉ាងណាក្តី មានវិស័យចំបាច់មួយចំនួនដែលត្រូវបានផ្តល់អទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ទនៈមានដូចជា កំពង់ផែ សេវាសុខាភិបាល និងវិស័យដឹកជញ្ជូនចំណីរអាហារជាដើម។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋទូទៅត្រូវបានណែនាំឲ្យនាំគ្នានៅផ្ទះបើគ្មានភារកិច្ចចាំបាច់ត្រូវធ្វើដំណើរចេញក្រៅផ្ទះ ក្រុមកូនសិស្សនិងមន្ត្រីរាជការមួយផ្នែកធំត្រូវតម្រូវឲ្យរៀននិងធ្វើការនៅតាមផ្ទះ​ ខណៈរដ្ឋាភិបាលនឹងបន្ថែមការផ្គត់ផ្គង់លើសេវាអ៊ីនធឺណិតដើម្បីបំពេញនូវការប្រើប្រាស់ក្នុងអំឡុងពេលដ៏លំបាកនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត