ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីថ្លែងថា ដំណើរការកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ត្រូវតែបន្ត ហើយម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានានូវការអនុវត្តបន្ត

Liny Chan November 11, 2025 11/11/2025

(គូឡាឡាំពួ)៖ ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី លោក Mohamad Nizam Jaffar នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បាននិយាយថា ម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានានូវការបន្តអនុវត្តតាម កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ តាមលោក Nizam Jaffar ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសជិតខាងគ្នាទាំង២ ម៉ាឡេស៊ីរក្សាគោលជំហររបស់ខ្លួនក្នុងការត្រួតពិនិត្យដំណើរការសន្តិភាព និងបទឈប់បាញ់ ឆ្ពោះទៅមុខតាមការគ្រោងទុក។ «គោលដៅចម្បង គឺដើម្បីធានាថាកិច្ចព្រមព្រៀងសន្តិភាព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃអាចត្រូវបានសម្រេចបាន។ នេះជាការទទួលខុសត្រូវរបស់យើងជាផ្នែកមួយ នៃអាស៊ានដើម្បីជួយ និងធានាថាសន្តិភាពត្រូវបានថែរក្សា»។ នេះជាការគូសបញ្ជាក់របស់លោក Nizam Jaffar។ លោកបន្ថែមថា គោលជំហររបស់ម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពនឹងបន្តដំណើរការទៅមុខដោយមិនមានការរំខាន ជាមួយការសង្កត់ធ្ងន់ថា ការរំខានណាមួយអាចនឹងបង្កហានិភ័យនៃការវិលត្រឡប់ទៅរក ភាពតានតឹងជាថ្មីរវាងប្រទេសទាំង២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា

Liny Chan November 11, 2025 11/11/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បាននិយាយថាសហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងមួយជាមួយឥណ្ឌា ដែលនឹងពង្រីក ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំង២ ក៏ដូចជាជំរុញការនាំចេញថាមពលអាមេរិក និងលើកកម្ពស់ការវិនិយោគក្នុងវិស័យសំខាន់ៗរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន ក្នុងពិធីស្បថចូលកាន់តំណែងនៃបេសកជនពិសេសរបស់លោកប្រចាំប្រទេសឥណ្ឌា លោក Sergio Gor លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ។ យើងកំពុងធ្វើកិច្ចព្រមព្រៀងជាមួយឥណ្ឌា ដែលខុសប្លែកពីកិច្ចព្រមព្រៀងដែលយើង បានធ្វើនាពេលកន្លងមក»។ លោក ត្រាំ បានបន្ថែមជាមួយសុទិដ្ឋិនិយមថា «យើងជិតឈានដល់កិច្ចព្រមព្រៀង»។ គួរបញ្ជាក់ថា លោក ត្រាំ បានបង្កើនការដាក់សម្ពាធលើឥណ្ឌា ដើម្បីបង្ខំឱ្យទីក្រុងញូវដែលីឈប់ទិញប្រេងពីរុស្ស៉ី ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាបានចូលរួមចំណែកផ្ដល់ហិរញ្ញវត្ថុ ដល់រុស្ស៉ីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្ស ២នាក់បាត់បង់ជីវិត និង ១លាននាក់ត្រូវបានជម្លៀស ដោយសារព្យុះ Fung-wong នៅហ្វីលីពីន

Liny Chan November 10, 2025 10/11/2025

(Reuters)៖ ព្យុះ Fung-wong បានបង្កការបំផ្លិចបំផ្លាញ និងវាយប្រហារលើភាគខាងជើងនៃប្រទេសហ្វីលីពីនពេញមួយយប់ថ្ងៃអាទិត្យម្សិលមិញ និងបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ ខណៈ អ្នកស្រុកជាច្រើនចាប់ផ្ដើមវាយតម្លៃពីការខូចខាត នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បន្ទាប់ពីមិនបានដេកពេញមួយយប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មនុស្សជាង ១លាននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅមុនការមកដល់នៃព្យុះ Fung-wong ដែលបានកើនឥទ្ធិពលទៅជាព្យុះស៊ុបភើទីហ្វុង វាយប្រហារលើទីក្រុង Dinalungan នៃខេត្ត Aurora កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ព្យុះនេះបានវាយប្រហារលើផ្នែកជាច្រើននៃកោះ Luzon ជាមួយខ្យល់បក់យ៉ាងសាហាវ និងភ្លៀងធ្លាក់ខ្លាំងអស់ពេញមួយយប់។ Fung-wong ដែលហ្វីលីពីនហៅថា Uwan ក៏បានបង្កការខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នងនៅទីក្រុង Santiago ខេត្ត Isabela ផងដែរ ហើយក្រៅតែពីអ្នកស្លាប់ ២នាក់ មនុស្ស២នាក់ផ្សេងទៀតបានរងរបួស ខណៈជើងហោះហើរជាង ៤០០ត្រូវបានលុបចោល។ គួរបញ្ជាក់ថា Fung-wong ជាព្យុះទី២១ ដែលបានវាយប្រហារលើហ្វីលីពីន នៅក្នុងឆ្នាំ២០២៥នេះ និងភ្លាមៗបន្ទាប់ពីរងការវាយប្រហារពីព្យុះទីហ្វុង Kalmaegi កាលពីសប្ដាហ៍មុនដែលបានសម្លាប់ មនុស្ស ២២៤នាក់។ Kalmaegi ក៏បានសម្លាប់ ៥នាក់ដែរនៅវៀតណាមដែរ៕ ផ្ដល់សិទ្ធិដោយ៖ […]

ជប៉ុនព្រមានពីរលកស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ

Liny Chan November 10, 2025 10/11/2025

(តូក្យូ)៖ ជប៉ុន នៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានចេញសេចក្ដីណែនាំព្រមានពីរលកស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រវាយប្រហារលើភាគខាងជើងនៃតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៥៖០៣នាទីល្ងាច ថ្ងៃអាទិត្យ (ម៉ោងនៅជប៉ុន) នៅក្នុងដែនទឹកនៃខេត្ត Iwate ដោយជំរុញឱ្យអាជ្ញាធរចេញសេចក្ដីណែនាំព្រមាន ពីរលកស៊ូណាមិអាចមានកម្ពស់ ១ម៉ែត្រ។ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានរាយការណ៍ណ៍ថាគ្រោះរញ្ជួយដីខាងលើមានកម្រិត ៦.៨រ៉ិចទ័រ។ «ការណែនាំព្រមានពីរលកស៊ូណាមិ ត្រូវបានដាក់ចេញសម្រាប់តំបន់ឆ្នេរនៃខេត្ត Iwate»។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារឧតុនិយមជប៉ុន។ គួរបញ្ជាក់ថា ជាមួយការព្រមានពីរលកស៊ូណាមិ អាជ្ញាធរជប៉ុនក៏បានណែនាំប្រជាជនកុំឱ្យចូលទៅក្បែរតំបន់ឆ្នេរផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បាត់បង់ជីវិតម្នាក់ ១០នាក់ត្រូវបានជួយសង្រ្គោះ ក្នុងហេតុការណ៍លិចទូកដឹកជនភៀសខ្លួន នៅព្រំដែនម៉ាឡេស៊ី-ថៃ

Nisaiy KP November 9, 2025 09/11/2025

(គូឡាឡាំពួ)៖ អាជ្ញាធរដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ថាមនុស្សរាប់រយនាក់បានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចនៅក្បែរព្រំដែនថៃ-ម៉ាឡេស៊ី ខណៈមនុស្ស១០នាក់នៅរស់រានមានជីវិត និងម្នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមអាជា្ញធរដែនសមុទ្រប្រចាំរដ្ឋ Kedah និង Perlis នៃភាគខាងជើងម៉ាឡេស៊ី ជនរងគ្រោះជាច្រើននាក់ទៀតទំនងជានឹងត្រូវបានរកឃើញនៅឯសមុទ្រ ៣ថ្ងៃបន្ទាប់ពីទូកខាងលើបានលិច។ ទូកនេះបានចាកចេញដំណើរពីទីក្រុង Buthidaung ប្រទេសមីយ៉ាន់ម៉ាដោយមានផ្ទុកមនុស្សជាង៩០នាក់។ នៅក្នុងចំណោមអ្នកនៅរស់រានមានជីវិតដែលត្រូវបានជួយសង្រ្គោះនៅឯដែនទឹក នៃទីប្រជុំកោះ Langkawi គឺជាបុរសជនជាតិមីយ៉ាន់ម៉ា៣នាក់ បុរសជាជនជាតិរ៉ូហ៊ីងយ៉ា ២នាក់ និងបុរសបង់ក្លាដែសម្នាក់ ហើយសាកសពមនុស្សម្នាក់ដែលត្រូវបានស្រង់ចេញពីសមុទ្រ ជាស្ត្រីរ៉ូហ៊ីងយ៉ាម្នាក់។ គួរបញ្ជាក់ថា ដំបូងឡើយក្រុមមនុស្សដែលមានបំណងធ្វើដំណើរចូលទៅក្នុងប្រទេសម៉ាឡេស៊ី បានជិះនៅលើនាវាធំមួយ តែនៅពេលធ្វើដំណើរជិតដល់ព្រំដែន ពួកគេត្រូវបានប្រាប់ឱ្យចង់ទៅជិះ លើទូកតូចៗចំនួន៣គ្រឿងវិញ ដែលទូកមួយគ្រឿងផ្ទុកមនុស្សជាង១០០នាក់ដើម្បីគេចពីអាជ្ញាធរ។ ចំណែក ទូក២គ្រឿងផ្សេងទៀតដែលមានផ្ទុកមនុស្សប្រហាក់ហែលគ្នានឹងទូកខាងលើដែរ បានបាត់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ហ្វីលីពីន ជម្លៀសប្រជាជន ១០០ ០០០នាក់ ខណៈព្យុះ Fung-wong កើនឥទ្ធិពលទៅជាព្យុះស៊ុបភើទីហ្វុង

Nisaiy KP November 9, 2025 09/11/2025

(Reuters)៖ អាជ្ញាធរហ្វីលីពីនបានជម្លៀសប្រជាជនជាង ១០០ ០០០នាក់ នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើងនៃប្រទេស ខណៈព្យុះ Fung-wong នៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានបង្កើនឥទ្ធិពលក្លាយទៅជាព្យុះស៊ុបភើទីហ្វុងដែលត្រូវបានព្យាករថានឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏កំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសអាសន្នត្រូវបានធ្វើឡើងនៅតាមផ្នែកជាច្រើននៃប្រទេសហ្វីលីពីន ជាមួយការប្រកាសអាសន្នកម្រិតទី៥ ជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតត្រូវបានដាក់ចេញ នៅកោះ Luzon ក្នុងនោះរួមមានទាំងទីក្រុង Catanduanes ក៏ដូចជានៅតាមបណ្ដោយឆ្នេរនៃទីក្រុង Camarines Norte និងទីក្រុង Camarines Sur ខណៈតំបន់រដ្ឋធានីម៉ានីល និងតំបន់នៅជុំវិញត្រូវបានប្រកាសអាសន្នកម្រិតទី៣។ ព្យុះ Fung-wong ត្រូវបានព្យាករថាអាចនឹងបក់បោកក្នុងល្បឿនខ្យល់អតិបរមាដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងបក់បោកដល់លើដីគោកនៃខេត្ត Aurora នៃកោះ Luzon នៅយប់ថ្ងៃអាទិត្យនេះ ស្របពេលផ្នែកជាច្រើននៃតំបន់ Eastern Visayas បានប្រឈមនឹងការដាច់ចរន្តអគ្គិសនីរួចទៅហើយ។ បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន ជើងហោះហើរនៅក្នុងស្រុក និងអន្តរជាតិចំនួន ៣០០ក៏ត្រូវបានលុបចោលផងដែរ។ គួរបញ្ជាក់ថា Fung-wong បានបក់បោកសំដៅទៅរកហ្វីលីពីន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះរងការវាយប្រហារពីព្យុះ Kalmaegi ដែលបានសម្លាប់មនុស្ស ២០៤នាក់ និងបន្សល់ទុកការបំផ្លិចបំផ្លាញនៅវៀតណាមជាទីដែលមនុស្ស ៥នាក់បានស្លាប់។ […]

ហ្វីលីពីន ប្រឈមមុខនឹងព្យុះទីហ្វុងថ្មីមួយទៀត ខណៈអាជ្ញាធរណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដល់បាត់បង់ជីវិត

Nisaiy KP November 9, 2025 09/11/2025

(ម៉ានីល)៖ ទីភ្នាក់ងារឧតុនិយម​ បានព្រមានអំពីគ្រោះថ្នាក់ដល់អាយុជីវិត​នៅពេលដែលព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ​ Fung-wong ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន ជាមួយនិងកម្លាងខ្លាំងបំផុត​នាយប់ថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នៅក្នុងសន្និសីទសារព័ត៌មាន​ មន្រ្តីឧតុនិយម លោក Benison Estareja បាននិយាយថា ចរន្តខ្យល់កម្លាំងខ្លាំងនៃព្យុះទីហ្វុង​ Fung-wong ដែលលាតសន្ធឹងចម្ងាយ ១ ៥០០គីឡូម៉ែត្រកំពុងបោកបក់ផ្នែកខ្លះនៃភាគខាងកើតប្រទេសហ្វីលីពីន ដោយនាំ​មកនូវភ្លៀង និងខ្យល់បក់ខ្លាំង។ បច្ចុប្បន្នព្យុះមានកម្លាំងអតិបរមា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់ខ្លាំងរហូតដល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចឡើងដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលធ្លាក់ចុះដល់ដី។ វាមានកម្លាំងគ្រប់គ្រាន់ក្នុងការបំផ្លាញផ្ទះ ដើមឈើ និងសំណង់នានា។ ភ្លៀងកម្រិត ២០០មីលីម៉ែត្រ ត្រូវបានព្យាករណ៍នៅក្នុងខេត្តភាគខាងកើតហ្វីលីពីន ជាពិសេសតំបន់ Bicol ក៏ដូចជាផ្នែកខ្លះនៃទីក្រុង Samar ដែលបង្កើនហានិភ័យនៃទឹកជំនន់ និងបំណាក់ដី ខណៈភាគខាងជើង និងភាគកណ្តាលនៃទីក្រុង Luzon អាចមានភ្លៀងធ្លាក់កម្រិតពី ១០០មីលីម៉ែត្រ ទៅ ២០០មីលីម៉ែត្រអំឡុងពេលដែលព្យុះនេះឆ្លងកាត់។ ទីភ្នាក់ងារឧតុនិយម ណែនាំឱ្យអ្នកស្រុកនៅតំបន់ទំនាប និងតំបន់ឆ្នេរ ជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ ហេីយបញ្ឈប់សកម្មភាពតាមផ្លូវសមុទ្រទាំងអស់។ […]

រដ្ឋាភិបាលតាលីប​ង់អាហ្វហ្កានីស្ថាន ថាកិច្ចចរចាសន្តិភាពជាមួយប៉ាគីស្ថាន នៅតែបន្ត

Nisaiy KP November 9, 2025 09/11/2025

(កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកានេះថា បទឈប់បាញ់របស់ខ្លួនជាមួយប៉ាគីស្ថាននឹងនៅតែមាន ទោះបីជាកិច្ចចរចាសន្តិភាពលេីកចុងក្រោយទទួលបរាជ័យក៏ដោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយថា អំឡុងពេលនៃកិច្ចចរចាសន្តិភាព ភាគីប៉ាគីស្ថានបានព្យាយាមទម្លាក់ការទទួលខុសត្រូវទាំងអស់សម្រាប់ផ្នែកសន្តិសុខរបស់ខ្លួន មកលេីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈបង្ហាញឆន្ទៈមិនទទួលខុសត្រូវចំពោះសន្តិសុខអាហ្វហ្គានីស្ថានផ្ទាល់នោះទេ។ យ៉ាងនេះក្តីលោកគូសបញ្ជាក់ថា «គ្មានបញ្ហាអ្វីដល់បទ ឈប់បាញ់ដែលបានព្រមព្រៀងគ្នា ជាមួយប៉ាគីស្ថាននោះទេ វាត្រូវរក្សាទុកដដែល»។ គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រទេសតួគីយ៉េ សម្រេចលេីបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កាលថ្ងៃទី១៩ ខែតុលា នៅឯកាតា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។ ភាគីទាំងសងខាងនៅតែតឹងរ៉ឹងដាក់គ្នាលើខ្លឹមសារនៃកិច្ចចរចា ដែលសំដៅដោះស្រាយបញ្ហាសន្តិសុខជាយូរមកហេីយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ចិនហាមឃាត់ការនាំចូលទឹកស៊ីរូប៍ និងម្សៅធ្វើពីសារធាតុស្ករពីប្រទេសថៃ ធ្វើឲ្យខាតបង់រាប់ពាន់លានបាត

Liny Chan November 7, 2025 07/11/2025

(បាងកក)៖ ចិនបានពង្រីកការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ បន្ទាប់ពីការធ្វើអធិការកិច្ចសុវត្ថិភាពចំណីអាហាររកឃើញថា មិនមានរោងកចក្រណាមួយក្នុងចំណោមរោងចក្រចំនួន១០របស់ថៃបំពេញតាមស្ដង់ដារដែលចិនចង់បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Thai enquirer នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ បម្រាមរបស់ចិនខាងលើដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបង្កការខូចខាតរាប់ពាន់លានបាត ហើយអាចឱ្យរោងចក្រជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិនប្រឈមនឹងការបិទទ្វារ។ ចិនបានដាក់បញ្ចូលផលិតផល៤បន្ថែមទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ ក្នុងនោះរួមមាន ម្សៅធ្វើពីសារធាតុស្ករ និងទឹកស៊ីរ៉ូប៍ ព្រមទាំងហាមឃាត់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃទៀតផង។ លោក Todsaporn Ruangpattananont ជាប្រធានសមាគមអ្នកផលិតស្កររបស់ថៃ បាននិយាយថាអគ្គរដ្ឋបាលគយចិនបានចុះត្រួតពិនិត្យរោងចក្រថៃចំនួន១០ កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែបានរកឃើញថាគ្មានរោងចក្រថៃណាមួយក្នុងចំណោមរោងចក្រទាំង១០នេះអាចបំពេញតាមតម្រូវការស្ដង់ដារអនាម័យ និងគុណភាពដែល ចិនចង់បាននោះទេ។ ជាលទ្ធផល រោងចក្រថៃជាច្រើនមិនអាចនាំចេញទឹកស៊ីរ៉ូប៍ ឬម្សៅផលិតពីសារធាតុស្ករទៅកាន់ប្រទេសចិនទៀតឡើយ ហើយមានតែបរិមាណស្ករសុទ្ធ មួយចំនួនប៉ុណ្ណោះត្រូវបានអនុញ្ញាឱ្យនាំចេញទៅកាន់ចិន ក្រោមកូតាដែលបានកំណត់។ លោក Todsaporn ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើសកម្មភាព និងត្រួតពិនិត្យឡើងវិញចំពោះការនាំចេញផងដែរ។ គួរបញ្ជាក់ថា កាលពីខែឆ្នូ ឆ្នាំ២០២៤ ចិនក៏បានដាក់បម្រាមលើការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅផលិតពីសារធាតុស្ករពីថៃផងដែរ ដែលនៅពេលនោះការខាតបង់ត្រូវបានវាយតម្លៃ ថាមានប្រហែល ៥០ពាន់លានបាត និងជំរុញឱ្យតម្លៃស្ករធ្លាក់ចុះ៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

ព្យុះ Kalmaegi បង្កការបំផ្លិចបំផ្លាញនៅវៀតណាម ខណៈអ្នកបាត់បង់ជីវិតនៅហ្វីលីពីនកើនដល់ជិត ២០០នាក់

Liny Chan November 7, 2025 07/11/2025

(ហាណូយ)៖ អាជ្ញាធរនៅតាមតំបន់ឆ្នេរនៅក្នុងប្រទេសវៀតណាម កំពុងវាយតម្លៃពីការខូចខាតបង្កឡើងដោយព្យុះទីហ្វុង Kalmaegi នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បន្ទាប់ពីព្យុះដ៏កំណាច មួយនេះវាយប្រហារលើហ្វីលីពីនសម្លាប់មនុស្សយ៉ាងហោច ១៨៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះ Kalmaegi បានបក់បោកលើវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យដើមឈើជាច្រើនដើមរលំ ផ្ទះមួយចំនួនរងការខូចខាត និងបង្កឱ្យដាច់ចរន្តអគ្គិសនី មុននឹងព្យុះនេះថមថយចុះ ឥទ្ធិពល។ អាជ្ញាធរវៀតណាមបានព្រមានថាភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងដែលអាចធ្វើ​ឱ្យកម្ពស់ទឹកហក់ឡើង ២០០មីលីម៉ែត្រ តាមបណ្ដាខេត្តសិ្ថតនៅភាគកណ្ដាលនៃប្រទេសរាប់ចាប់ពី ខេត្ត Thanh Hoa រហូតដល់ខេត្ត Quang Tri។ គួរបញ្ជាក់ថា ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះ Kalmaegi នៅហ្វីលីពីនកើនឡើង ក្រុមមន្ត្រីហ្វីលីពីនក៏បានឱ្យដឹងដែរថាមនុស្ស១៣៥នាក់បានបាត់ខ្លួន និង៩៦នាក់រងរបួស។ ចំណែក នៅវៀតណាមវិញ អាជ្ញាធរមិនទាន់បញ្ជាក់ពីតួលេខអ្នកស្លាប់ ឬរបួសជាផ្លូវការនៅឡើយទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ នៅក្នុងខេត្ត Dak Lak ដោយសារផ្ទះបាក់រលំ ហើយរដ្ឋាភិបាលទីក្រុងហាណូយបានដាក់ពង្រាយទាហាន ២៦៨ ០០០នាក់ ឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ក៏ដូចជាព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News