ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បណ្ដាលឱ្យមនុស្សយ៉ាងហោច ៧នាក់ នៅអាហ្វហ្កានីស្ថានបាត់បង់ជីវិត

Liny Chan November 3, 2025 03/11/2025

(កាប៊ុល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅក្បែរទីក្រុង Mazar-e Sharif ស្ថិតនៅភាគខាងជើងនៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដោយសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និង១៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី​២៨គីឡូម៉ែត្រ និងស្ថិតនៅក្បែរទីក្រុង Mazar-e Sharif ដែលមានប្រជាជនរស់នៅជាង ៥២៣ ០០០នាក់។ គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន ជារឿយៗតែងតែរងគ្រោះដោយសារគ្រោះរញ្ជួយដី ដោយសារតែប្រទេសនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរចំណុចប្រសព្វនៃទ្វីបអឺរ៉ាស៊ី និងស្រទាប់ឧបទ្វីបឥណ្ឌា ដែលងាយ ប្រឈមនឹងការរញ្ជួយដី។ កាលពីឆ្នាំ២០១៥ គ្រោះរញ្ជួយដីមួយបានវាយប្រហារលើភាគឦសានអាហ្វហ្កានីស្ថាន បានសម្លាប់មនុស្សជាច្រើនរយនាក់នៅអាហ្វហ្កានីស្ថាន និងនៅក្បែរភាគខាងជើងនៃប្រទេស ប៉ាគីស្ថាន។ កាលពីឆ្នាំ២០២៣វិញ មនុស្សយ៉ាងហោច ១០០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដី នៅអាហ្វហ្កានីស្ថាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្សបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅវៀតណាម បន្តកើនដល់៣៥នាក់

Nisaiy KP November 2, 2025 02/11/2025

(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នាថ្ងៃអាទិត្យនេះ បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតំបន់ភាគកណ្តាលប្រទេសក្នុងសប្តាហ៍នេះ បានបន្តកើនដល់៣៥នាក់ ខណៈ៥នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ អាជ្ញាធរវៀតណាម បាននិយាយថា ករណីអ្នកស្លាប់ទាំងនោះ គឺរួមមាននៅទីក្រុង Hue និង Danang ព្រមទាំងនៅខេត្ត Lam Dong និង Quang Tri។ ទីក្រុង Hue និង Hoi An បានទទួលរងការជន់លិចខ្លាំងជាងគេ ដល់ថ្នាក់បង្ខំឱ្យប្រជាជនដែលរស់នៅទីនោះ ត្រូវធ្វើដំណើរដោយប្រើប្រាស់ទូក។ ជាមួយគ្នានេះ លំនៅដ្ឋានខ្ទង់សែនខ្នង ក៏បានរងការជន់លិច សត្វចិញ្ចឹមរាប់ម៉ឺនក្បាលត្រូវទឹក​ហូរនាំយកទឹក ហើយផលដំណាំរាប់ពាន់ហិកតា ត្រូវបានបំផ្លិចបំផ្លាញ។ គួរបញ្ជាក់ថា វៀតណាម ជាប្រទេសមួយងាយរងគ្រោះ ពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្ក​ការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កូរ៉េខាងត្បូងទទូចឱ្យលោក ស៉ី ជីនពីង ជួយទីក្រុងសេអ៊ូល បន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង

Nisaiy KP November 2, 2025 02/11/2025

(សេអ៊ូល)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានទទូចឱ្យប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជួយទីក្រុងសេអ៊ូលបន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ខណៈមេដឹកនាំទាំងពីរ បើកកិច្ចប្រជុំកំពូលជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង អំឡុងកិច្ចប្រជុំខាងលើ លោក Lee បានប្រាប់លោក ស៉ី យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា កូរ៉េខាងត្បូងនិងចិន នឹងពង្រឹងការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្ត ហើយ​ធ្វើការរួមគ្នាដើម្បីស្តារកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង»។ ដោយសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ស្ថិរភាពក្នុងតំបន់ លោក Lee បានកត់សម្គាល់អំពីការធ្វើប្រាស្រ័យទាក់ទងកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងចិននិងកូរ៉េខាងជើង ដោយលោកចង់សំដៅលើវត្តមាន​របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពិធីព្យុហយាត្រាយោធាដ៏ឱឡារិកនៅទីក្រុងប៉េកាំង កាលពីខែកញ្ញា។ លោក Lee បាននិយាយថា ជំនួបទាំងនោះ កំពុងជួយបង្កើនលក្ខខណ្ឌ សម្រាប់ការធ្វើទំនាក់ទំនងជាថ្មីជាមួយទីក្រុងព្យុងយ៉ាង។ គួរបញ្ជាក់ថា ជាយូរមកហើយ ទីក្រុងសេអ៊ូល បានព្យាយាមស្វែងរកតុល្យភាពក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយចិនដែលជាដៃគូពាណិជ្ជកម្មកំពូល ហើយនិងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តចម្បងផ្នែកការពារជាតិ៕ ផ្ដល់សិទ្ធិដោយ៖ […]

នាយករដ្ឋមន្រ្តីកាណាដា ថាបានសុំទោសលោក ត្រាំ ដោយផ្ទាល់ បន្ទាប់ពីធ្វើឱ្យលោកប្រធានាធិបតីអាមេរិកខឹង

Nisaiy KP November 2, 2025 02/11/2025

(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានប្រាប់ថា រូបលោកបានសុំទោសលោក ដូណាល់ ត្រាំ ដោយផ្ទាល់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក មានការមិនពេញចិត្តជាខ្លាំង ជុំវិញការផ្សាយពាណិជ្ជកម្មនយោបាយ ធ្វើឡើងដោយខេត្ត Ontario របស់កាណាដា ដែលមានខ្លឹមសាររិះគន់ចំណាត់ការពន្ធគយ​របស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង លោក Carney បាននិយាយថា រូបលោកបានសុំទោសលោក ត្រាំ ដោយផ្ទាល់ នៅពេលអ្នកទាំងពីរ ចូលរួមពិធីជប់លៀងទទួលទានអាហារពេលល្ងាច រៀបចំដោយ​ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្តាហ៍នេះ។ កន្លងមកនេះ ខេត្ត Ontario បានចេញផ្សាយពាណិជ្ជកម្មមួយ ដែលបានដកស្រង់សម្តីអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និយាយថា ពន្ធគយបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មនិងមហន្តរាយសេដ្ឋកិច្ច។ ជាការឆ្លើយតប លោក ត្រាំ បានប្រកាសថា រូបលោកនឹងដំឡើងពន្ធបន្ថែមទៀតប្រឆាំងទំនិញនាំចូលពីកាណាដា និងផ្អាកកិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា។ […]

ប្រធានាធិបតីកូរ៉េខាងត្បូង ជូនអំណោយក្តារអុកធ្វេីពីឈេីដ៏មានតម្លៃដល់​ លោក ស៉ី ជីនពីង និងជូនអំណោយមកុដចម្លងធ្វេីពីមាសដល់​ លោក ដូណាល់ ត្រាំ ក្នុងឱកាសរៀបចំ APEC

Nisaiy KP November 2, 2025 02/11/2025

(GYEONGJU, កូរ៉េខាងត្បូង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជូនអំណោយក្តារអុកធ្វេីពីបន្ទះឈើដ៏ មានតម្លៃដល់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំឡុងពេលនៃទស្សនកិច្ចផ្លូវរដ្ឋនាថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកានេះ​ និងប៉ុន្មានថ្ងៃបន្ទាប់ពី បានជូនអំណោយមកុដមាសដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងជំនួបមួយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមការិយាល័យរបស់ Lee ក្តារអុកនេះត្រូវបានផលិតចេញពីឈើដ៏មានតម្លៃ Torreya nucifera ដែលជាដើមឈើមានដើមកំណើតនៅកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង។ តាមហាងធំៗមួយចំនួនក្តារអុកដែលផលិតពីឈើដូចគ្នាត្រូវបានដាក់លក់តាមអនឡាញក្នុងតម្លៃជិត ៥លានវ៉ុន ឬ ៣ ៥១៧ដុល្លារអាមេរិក។ ការិយាល័យរបស់លោក Lee បានឱ្យដឹងថា ជាការទទួលស្គាល់តួនាទីរបស់លោក ត្រាំ ក្នុងនាមជាអ្នកបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ លោកសាកសមទទួលបានអំណោយមកុដចម្លងមួយដែលមានដាំជារាងទង និងស្លឹកធ្វេីពីមាស។ មកុដដើមត្រូវបានរកឃើញនៅក្នុងផ្នូរមួយនៃទីក្រុង Gyeongju រដ្ឋធានីនៃនគរ Silla បុរាណ ដែលគ្រប់គ្រងប្រហែលមួយភាគបីនៃឧបទ្វីបកូរ៉េរហូតដល់សតវត្សទី ៩។ គួរបញ្ជាក់ថា អំណោយសម្រាប់មេដឹកនាំដែលមកស្សនកិច្ច គឺរឿងដ៏សំខាន់នៃទំនាក់ទំនងការទូតអន្តរជាតិ ប៉ុន្តែពោរពេញដោយការលំបាក ជាពិសេសនៅពេលដែលអាចមានការប្រៀបធៀបគ្នា៕ […]

ការបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ទទួលបានជោគជ័យដោយគាប់ប្រសើរ

Nisaiy KP November 2, 2025 02/11/2025

(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិនបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៤៤នាទី យប់ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Long March-F ២១ ដែលបានផ្ទុកយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ត្រូវបានបាញ់បង្ហោះនៅទីលានបាញ់បង្ហោះយានអវកាសដែលស្ថិតនៅក្រុង Jiuquan ប្រហែល១០នាទីក្រោយមក យានអវកាស បានបំបែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ ហើយបានហោះចូលគន្លងតារាវិថីតាមការគ្រោងទុក ក្រុមអវកាសយានិកមានសភាពល្អប្រសើរ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។ បន្ទាប់ពីយានអវកាសចូលគន្លងតារាវិថី យានអវកាសផ្ទុកមនុស្សបានតភ្ជាប់ជាមួយស្ថានីយអវកាសដោយស្វ័យប្រវតិ្តនិងឆាប់រហ័ស។ នៅវេលាម៉ោង៤និង៥៨នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២០ ដែលកំពុងបំពេញបេសកកម្មនៅតាមគន្លងតារាវិថី បានបើក“ទ្វារ”ដោយរលូន ដើម្បីស្វាគមន៍ក្រុមអវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-២១ ចូលប្រចាំការនៅស្ថានីយអវកាសនេះជាលើកទី៧ ហើយដែលក្រុមអវកាសយានិកពីរក្រុមជួបជុំគ្នានៅអវកាសក្នុងប្រវត្តិសាស្ត្រអវកាសចិន។ បន្ទាប់មក ក្រុមអវកាសយានិកពីរក្រុមនេះ នឹងផ្លាស់វេនតាមគន្លងតារាវិថីក្នុងស្ថានីយអវកាស៕ (វិទ្យុមិត្តភាពកម្ពុជាចិន)។ ផ្ដល់សិទ្ធិដោយ៖ Freshnews

មេដឹកនាំតៃវ៉ាន់៖ តៃវ៉ាន់មិនទទួលយកគំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ចិនឡើយ

Naren October 31, 2025 31/10/2025

(តៃប៉ិ)៖ នាថ្ងៃសុក្រនេះ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា កោះតៃវ៉ាន់មិនចង់បាន គំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ចិនឡើយ ហើយនឹងប្រឹងប្រែងថែរក្សាសេរីភាព ក៏ដូចជាលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ព្រមទាំងប្តេជ្ញាការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។ ក្នុងសប្តាហ៍នេះ ចិនបាននិយាយថា ខ្លួនដាច់ខាតនឹងមិនបោះបង់ចោល ជម្រើសនៃការប្រើប្រាស់កម្លាំងជុំវិញបញ្ហាតៃវ៉ាន់ទេ ខណៈវាគឺជាការបង្កើនវោហារសាស្រ្តរឹងមាំមួយ ក្រោយមួយរយៈមកនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយអត្ថបទជាបន្តបន្ទាប់សន្យាថា ប្រសិនបើតៃវ៉ាន់យល់ព្រមទទួលយកការអះអាងអធិបតេយ្យរបស់ចិន ទីក្រុងប៉េកាំង នឹងអនុញ្ញាតឱ្យអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលខ្លួនប្រើសម្រាប់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។ លោក Lai ដែលត្រូវចិនចាត់ទុកជាបុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ បានថ្លែងប្រាប់ទាហានតៃវ៉ាន់ នៅមូលដ្ឋានយោធាមួយកន្លែងថា មានតែភាពរឹងមាំប៉ុណ្ណោះ ដែលអាចនាំមក នូវសន្តិភាពពិតប្រាកដ។ មេដឹកនាំតៃវ៉ាន់រូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា «យើងច្រានចោល នូវគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ដោយសារតែពួកយើងនឹងបន្ត​ថែរក្សាការពារសិទ្ធិសេរីភាព និងប្រព័ន្ធរដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យរបស់យើង»។ នៅតៃវ៉ាន់ ពុំមានគណបក្សនយោបាយធំៗណាមួយ ដែលគាំទ្រគំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ឡើយ។ លោក Lai បាននិយាយថា […]

ទឹកជំនន់ធ្ងន់ធ្ងរនៅវៀតណាម បន្តសម្លាប់មនុស្សកើនដល់១៣នាក់ និង១១នាក់បាត់ខ្លួន

Naren October 31, 2025 31/10/2025

(ហាណូយ)៖ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានវាយប្រហារតំបន់ភាគកណ្តាលប្រទេស បានកើនដល់យ៉ាងហោច១៣នាក់ ហើយមនុស្ស១១នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។ ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបំបែកកំណត់ត្រា បានជន់លិចមួយផ្នែកធំនៃតំបន់ភាគកណ្តាលប្រទេសវៀតណាមអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ខណៈទីក្រុង Hue និង Hoi An រងគ្រោះធ្ងន់ជាងគេ។ មកទល់ពេលនេះ ភាគច្រើននៃទីក្រុងទាំងពីរ បន្តស្ថិតនៅក្រោមផ្ទៃទឹកនៅឡើយ ដោយមានលំនៅដ្ឋានមួយចំនួន ត្រូវទឹកជន់លិចខ្ពស់ផុតដំបូល។ ក្រៅពីឆក់យកជីវិតមនុស្ស ទឹកជំនន់ដ៏អាក្រក់នេះ បានជន់លិចផ្ទះសម្បែងសរុបច្រើនជាង១១៦ ០០០ខ្នង និងផ្ទៃដីដំណាំខ្ទង់ ៥០០០ហិកតា បំផ្លិចបំផ្លាញផ្លូវថ្នល់ និងផ្លូវដែកជាច្រើនខ្សែ ព្រមទាំងកាត់ផ្តាច់ចរាចរណ៍ និងការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន។ គួរបញ្ជាក់ថា វៀតណាម ជាប្រទេសមួយងាយរងគ្រោះ ពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្ក​ការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ។ បើតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមវៀតណាម ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅលើតំបន់ភាគកណ្តាលប្រទេស យ៉ាងហោចរហូតដល់​ចុងសប្តាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អង់គ្លេស និងវៀតណាម សម្រេចបានកិច្ចព្រមព្រៀងរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់

Naren October 30, 2025 30/10/2025

(ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស បានអះអាងពីការសម្រេចព្រមព្រៀងជាមួយវៀតណាម លើការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយពិពណ៌នាថា វាជាកិច្ចព្រមព្រៀងធំមួយដែលទីក្រុងហាណូយ មិនធ្លាប់ធ្វើជាមួយប្រទេសផ្សេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥។ នាយករដ្ឋមន្ត្រីអងគ្លេស លោក Keir Starmer ដែលស្ថិតក្រោមសម្ពាធ ឱ្យកាត់បន្ថយចំនួនជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ បានចុះកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីវៀតណាម លោក To Lam នៅក្នុងទីក្រុងឡុងដ៍។ លោក Starmer បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ចំនួនអ្នកមកដល់ដោយខុសច្បាប់ពីវៀតណាម ត្រូវបានកាត់បន្ថយហើយ ហើយកិច្ចព្រមព្រៀងថ្ងៃនេះ សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនគ្រាន់តែជាការចង់បានតែម្ខាងនោះទេ»។ ជនជាតិវៀតណាម មានចំនួនច្រើនជាងគេក្នុងចំណោមជនអន្តោប្រវេសន៍បរទេស ដែលទៅដល់ចក្រភពអង់គ្លេស ដោយជិះទូកតូចៗមកពីអឺរ៉ុប។ តាមរដ្ឋាភិបាលអង់គ្លេស កិច្ចព្រមព្រៀងដែលសម្រេចបានដោយ លោក Starmer និងលោក Lam មានបំណងកាត់បន្ថយបែបបទការងារ ធ្វើឱ្យកាន់តែលឿន និងមានភាពងាយស្រួលសម្រាប់ការនិរទេស អ្នកដែលគ្មានសិទ្ធិស្នាក់នៅក្នុងចក្រភពអង់គ្លេស ឱ្យត្រឡប់ទៅវៀតណាមវិញ៕​ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន មិនទទួលយកសំណើអាមេរិក ដែលចង់ឱ្យផ្អាកការនាំចូលឧស្ម័នរុស្ស៉ី

Naren October 30, 2025 30/10/2025

(តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រាប់ Reuters នៅថ្ងៃពុធ ទី២៩ ខែតុលាថា អំឡុងជំនួបក្នុងទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi បានប្រាប់លោកប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ ថាការហាមប្រាមនាំចូលឧស្ម័នធម្មជាតិរាវ (LNG) មកពីរុស្ស៉ី នឹងបង្កផលវិបាក។ មន្រ្តីខាងលើបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា បញ្ហា​ឧស្ម័ន LNG របស់​រុស្ស៉ី ត្រូវ​បាន​លើកឡើង​​អំឡុង​ជំនួប​ទ្វេភាគីកាលពីថ្ងៃអង្គារ ​ហើយលោកស្រី Takaichi បាន​សុំ​ការយោគយល់​ពី​លោក ត្រាំ ជុំវិញតម្រូវការផ្នែក​ថាមពល​របស់​ជប៉ុន។ រុស្ស៉ី ជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ជិត ៩ភាគរយឱ្យជប៉ុន ហើយក្រុមហ៊ុនជប៉ុន Mitsui និងក្រុមហ៊ុន Mitsubishi ក៏មានភាគហ៊ុនក្នុងគម្រោង Sakhalin-2 LNG នៅឯតំំបន់ចុងបូព៌ារបស់រុស្ស៉ីផងដែរ។ គួរបញ្ជាក់ថា មុន​ដំណើរ​ទស្សនកិច្ច​មកកាន់​អាស៉ី ​លោក ត្រាំ ក្នុង​សប្តាហ៍​នេះ បាន​ជំរុញ​ឱ្យ​អ្នកទិញ​ថាមពល​របស់​រុស្ស៉ី រួមទាំង​ជប៉ុន​ផងដែរ បញ្ឈប់​ការនាំចូលរបស់ខ្លួន ដើម្បី​ដាក់សម្ពាធ​លើ​មូស្គូបញ្ចប់​សង្គ្រាមនៅ​អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News