ព័ត៌មានអន្តរជាតិ

Amazon នឹងបញ្ឈប់បុគ្គលិកជាច្រើននាក់ទៀតនៅក្នុងផ្នែកឧបករណ៍ និងសេវាកម្ម

Liny Chan May 15, 2025 15/05/2025

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ១០០នាក់បន្ថែមទៀតនៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងផ្នែកឧបករណ៍ និង អង្គភាពសេវាកម្មរបស់ខ្លួន ដែលគ្រប់គ្រងផលិតផលដូចជា Kindle, Echo speaker, Alexa voice assistant និង Zoox self-driving car ដែលជាផ្នែកមួយនៃការត្រួតពិនិត្យអាជីវកម្មជាប្រចាំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ អ្នកនាំពាក្យ Amazon មួយរូបបាននិយាយថា «ការបញ្ឈប់បុគ្គលិកនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធ យើងធ្វើបែបនេះដើម្បីឱ្យក្រុម និងកម្មវិធីរបស់យើងដំណើរការកាន់តែមានប្រសិទ្ធភាព ហើយយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការលុបបំបាត់តួនាទីមួយចំនួន»។ យ៉ាងណាមិញ ជុំវិញការកាត់បន្ថយការងារនេះធ្វើឡើងបន្ទាប់ពីការបញ្ឈប់ការងារតិចជាងមុននៅក្នុងផ្នែក​ដែល​ទាក់​ទង​រួម​ទាំង Alexa និង​ផ្នែក​ផ្សេង​ទៀត​ដូច​ជា Wondery podcasts ហាង និងផ្នែកទំនាក់ទំនង។ បើទោះបីជាមានការកាត់បន្ថយទាំងនេះក៏ដោយ Amazon ត្រូវបានគេមើលឃើញថានៅតែបន្តជួលបុគ្គលិកបន្ថែមទៀតប្រហែល ៤,០០០នាក់ នៅចន្លោះចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤។ គួរជម្រាបថា នាយកប្រតិបត្តិ (CEO) លោក Andy Jassy កំពុងព្យាយាមកាត់បន្ថយអ្វីដែលគាត់បានពិពណ៌នាថាជាការិយាធិបតេយ្យហួសហេតុនៅក្នុងក្រុមហ៊ុន រួមទាំងផែនការកាត់បន្ថយចំនួនអ្នកគ្រប់គ្រងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ […]

ថៃបិទបញ្ចប់ប្រតិបត្តិការរុករក នៅកន្លែងដួលរលំអគារក្នុងទីក្រុងបាងកក អំឡុងគ្រោះរញ្ជួយដីកាលពីខែមីនា

Liny Chan May 14, 2025 14/05/2025

(បាងកក)៖ កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា អភិបាលទីក្រុងបាងកកនៃប្រទេសថៃ បានប្រកាសអំពីការបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងដួលរលំអគារខ្ពស់១ខ្នង ដែលស្ថិតក្រោមដំណើរការសាងសង់ កាលពីអំឡុងគ្រោះរញ្ជួយដីថ្ងៃទី២៨ ខែមីនា ហើយបានសម្លាប់ពលករសំណង់សរុបជិត១០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អគារកម្ពស់៣០ជាន់ខាងលើ ដែលមានគោលដៅបម្រើជាការិយាល័យសវនកម្មជាតិ (SAO) គឺជាអគារតែមួយគត់នៅរាជធានីរបស់ថៃ ដែលបានបាក់ស្រុត ដោយសាររំញ័រកើតចេញមកពី គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំ​ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅចម្ងាយប្រហែលជាង១០០០គីឡូម៉ែត្រឯណោះ។ គួរបញ្ជាក់ថា ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ ដើម្បីកំណត់មូលហេតុថា តើហេតុអ្វីបានជាអគារនោះដួលរលំងាយៗបែបនេះ ខណៈអគារខ្ពស់ដែលស្ថិតក្រោមការសាងសង់ដទៃទៀត ក្នុងក្រុងបាងកក នៅឈររឹងមាំដដែល។ ក្រោយប្រតិបត្តិការរុករករយៈពេល​៦សប្តាហ៍ អាជ្ញាធរថៃយកបានសាកសពពលករចំនួន៨៩នាក់ ខណៈ៧នាក់ទៀត នៅបាត់ខ្លួន។ នៅមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីនោះ បានផ្តាច់ជីវិតមនុស្សសរុបច្រើនជាង៣៧០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រកឃើញពលករខ្មែរ ២នាក់ទៀតបានបាត់បង់ជីវិត ដោយគ្រោះរញ្ជួយដីនៅប្រទេសថៃ ជនរងគ្រោះមានឈ្មោះ សាន់ សឿន និង សុខ គិមសី

Liny Chan May 14, 2025 14/05/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពី មរណភាពនៃពលករខ្មែរដែលបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្ដាញសារព័ត៌មាន Fresh news ទទួលបាន។ ក្រសួងបានបញ្ជាក់ថា យោងតាមលទ្ធផលនៃ ការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា សពពិតជាឈ្មោះ លោក សាន់ សឿន អាយុ ៣៨ឆ្នាំ និងឈ្មោះ លោកស្រី សុខ គឹមសី អាយុ ៣១ឆ្នាំ បានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រាកដមែន។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុង សម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ […]

លោក Macron៖ អ៊ុយក្រែនដឹងខ្លួនឯងយ៉ាងច្បាស់ថាមិនអាចយកមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៉ី​ដណ្ដើមយកទៅនោះទេ

Liny Chan May 14, 2025 14/05/2025

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា បាននិយាយថាអ៊ុយក្រែនបានទទួលស្គាល់ថាខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីអ៊ុយក្រែនដែលរុស្ស៉ី បានដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ ហើយបញ្ជាក់ឡើងវិញដែរថាលោកខាងលិចមិនចង់ឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើងឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការលើកឡើងបែបនេះរបស់លោក Macron ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1។ លោក Macron បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែជួយអ៊ុយក្រែនឱ្យមានសមត្ថភាពការពារខ្លួនឯង ប៉ុន្តែយើងក៏មិនចង់ឱ្យសង្រ្គាមលោកលើកទី៣ផ្ទុះឡើងនោះដែរ។ សង្រ្គាមត្រូវតែបញ្ចប់ ហើយអ៊ុយក្រែនត្រូវតែស្ថិតនៅលើគោលជំហរមួយដ៏ល្អប្រសើរនៅឯតុចរចា»។ លោក Macron បានបន្ថែមទៀតថាអ៊ុយក្រែនបានយល់ពីស្ថានការណ៍យ៉ាងច្បាស់ ដោយពួកគេបានទទួលស្គាល់ថាខ្លួនមិនមានសមត្ថភាពដើម្បីដណ្ដើមយកមកវិញនូវអ្វីៗគ្រប់យ៉ាងដែលខ្លួនបានបាត់បង់ ចាប់តាំងពីឆ្នាំ២០១៤មកនោះទេ។ អ្វីដែលលោកប្រធានាធិបតីបារាំង Macron បានលើកឡើងនេះគឺលោកចង់សំដៅទៅលើតំបន់គ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ថាអាចនឹងទៅចូលរួមកិច្ចចរចារុស្ស៉ី-អ៊ុយក្រែនដែលអាចនឹងកើតឡើង នៅតួកគីយ៉េ

Naren May 13, 2025 13/05/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា បាននិយាយថារូបលោកអាចនឹងទៅចូលរួមក្នុងកិច្ចចរចាសន្តិភាពដែលអាចនឹងកើតឡើងរវាងរុស្ស៉ី និងអ៊ុយក្រែន នៅប្រទេសតួកគីយ៉េ នៅក្នុងសប្ដាហ៍នេះ ខណៈបណ្ដាប្រទេសអឺរ៉ុបកំពុងដាក់សម្ពាធជាមួយការគំរាមដាក់ទណ្ឌកម្មថ្មីដើម្បីឱ្យរុស្ស៉ីទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃ របស់ពួកគេនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកអាចនឹងធ្វើដំណើរទៅកាន់ ទីក្រុងអ៉ីស្តង់ប៊ូល ជាទីដែលលោកនិយាយថានឹងរង់ចាំជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំបាននិយាយថាកិច្ចចរចា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូលអាចនឹងក្លាយជាក្ដីសង្ឃឹម ហើយរូបលោកអាចនឹងចូលរួមជាមួយរុស្ស៉ី និងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា អំឡុងរូបលោកបំពេញទស្សនកិច្ចទៅកាន់ តំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតានៅក្នុងសប្ដាហ៍នេះ។ គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារ លោក ហ្សេលេនស្គី បាននិយាយថាការវាយប្រហាររបស់រុស្ស៉ីនៅតែបន្តកើតមាននៅតំបន់សមរភូមិមុខ ហើយទីក្រុងមូស្គូនៅតែមិនទាន់ផ្ដល់ ចម្លើយតបទៅនឹងសំណើរបស់លោកដើម្បីជួបលោក ពូទីន នៅក្នុងប្រទេសតួកគីយ៉េនៅសប្ដាហ៍នេះនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោក ហ្សេលេនស្គី បបួលលោក ពូទីន ជួបគ្នាចរចាដោយផ្ទាល់ នៅតួកគីយ៉េ ក្រោយការអន្តរាគមន៍ពីលោក ត្រាំ

Liny Chan May 12, 2025 12/05/2025

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់រូបលោកជាសាធារណៈឱ្យទទួលយកសំណើចរចាដោយផ្ទាល់របស់លោក ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃទី១៥ ខែឧសភា។ ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក ពូទីន ចង់មានន័យថារូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ? លោក ពូទីន និងលោក ហ្សេលេនស្គីមិនធ្លាប់បានជួបគ្នាឡើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក។ កាលពីថ្ងៃអាទិត្យនោះដែរ លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខ្ញុំនឹងរង់ចាំលោក ពូទីន ក្នុងប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ (សប្ដាហ៍នេះ)។ ជួបមុខគ្នាដោយផ្ទាល់ ហើយខ្ញុំសង្ឃឹមថាពេលវេលានេះ រុស្ស៉ីនឹងមិនមានលេសអ្វីទៀតនោះទេ»។ គួរបញ្ជាក់ថា សំណើចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនរបស់លោក […]

កងទ័ពអាកាសឥណ្ឌាថា ពីឡុតរបស់ខ្លួនទាំងអស់វិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ទោះ «ការបាត់បង់ជាផ្នែកមួយនៃការប្រយុទ្ធ» ក៏ដោយ

Liny Chan May 12, 2025 12/05/2025

(ញូវដេលី)៖ កងទ័ពអាកាសឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា «ការបាត់បង់គឺជាផ្នែកមួយនៃការប្រយុទ្ធ» ប៉ុន្តែបានអះអាងថា អ្នកបើកយន្តហោះរបស់ខ្លួនទាំងអស់បានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព បន្ទាប់ពីការប្រយុទ្ធជាមួយប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ ការថ្លែងនេះ ធ្វើឡើងចំពេលមានរបាយការណ៍ផ្សេងៗគ្នាអំពីការខាតបង់យន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។ កាលពីថ្ងៃពុធ សប្តាហ៍មុន អ្នកនាំពាក្យយោធាប៉ាគីស្ថានបានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះឥណ្ឌាចំនួន ៥គ្រឿងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប៉ាគីស្ថាន។ ទោះជាយ៉ាងណា ការអះអាងនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការដោយភាគីឥណ្ឌានោះទេ។ ក្នុងថ្ងៃពុធដដែលនោះដែរ ប្រភពរដ្ឋាភិបាលចំនួនបួននៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា បានប្រាប់ទីភ្នាក់ងារ Reuters ថា យន្តហោះចម្បាំងឥណ្ឌាចំនួន ៣គ្រឿងបានធ្លាក់នៅក្នុងទឹកដីឥណ្ឌា ប៉ុន្មានម៉ោងបន្ទាប់ពីឥណ្ឌាបានប្រកាសថា ខ្លួនបានវាយប្រហារទីតាំង «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» ចំនួនប្រាំបួនកន្លែងឆ្លងព្រំដែនចូលទៅក្នុងប្រទេសប៉ាគីស្ថាន។ ការប្រឈមមុខដាក់គ្នាទាំងនេះ បានកើតឡើងបន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារតាមអាកាសក្នុងទឹកដីប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងការវាយប្រហារនៅតំបន់កាស្មៀរដែលឥណ្ឌាចោទថាជាស្នាដៃរបស់ក្រុមមានមូលដ្ឋាននៅប៉ាគីស្ថាន ដែលបានសម្លាប់អ្នកទេសចរណ៍ហិណ្ឌូជាច្រើននាក់កាលពីខែមុន។ គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសឥណ្ឌា ដែលថាអ្នកបើកយន្តហោះទាំងអស់បានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពនេះ អាចមិនផ្ទុយទាំងស្រុងពីរបាយការណ៍យន្តហោះធ្លាក់ក្នុងទឹកដីខ្លួន ប្រសិនបើពីឡុតទាំងនោះបានលោតឆ័ត្រយោងដោយសុវត្ថិភាព។ ទោះយ៉ាងណា ភាពមិនច្បាស់លាស់ជុំវិញការខាតបង់ពិតប្រាកដ នៅតែបន្តកើតមានចំពេលភាពតានតឹងខ្ពស់រវាងប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ សាទរការចាប់ផ្ដើមឡើងវិញទាំងស្រុង ក្នុងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន​

Nisaiy KP May 11, 2025 11/05/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរនូវអ្វីដែលលោកហៅថា «ការចាប់ផ្ដើមឡើងវិញទាំងស្រុង» នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន មុនថ្ងៃទី២ នៃកិច្ចចរចា នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា រវាងក្រុមមន្ត្រីកំពូលៗមកពីទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សំដៅបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដែលកើតឡើង ដោយសារគោលនយោបាយពន្ធគយរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅព្រឹកថ្ងៃអាទិត្យនេះ លោក ត្រាំ បានកោតសរសើរពីកិច្ចពិភាក្សាដ៏ល្អប្រសើរ និងប្រកបដោយលក្ខណៈស្ថាបនា។លោក ត្រាំ បានបន្ថែមថា «យើងចង់ឃើញភាពល្អប្រសើរសម្រាប់ចិន និងសហរដ្ឋអាមេរិក ព្រមទាំងការបើកចំហទីផ្សារចិនសម្រាប់បណ្ដាក្រុមហ៊ុនអាមេរិក។ ភាពរីកចម្រើនកំពុងកើនឡើង»។ ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ថាតើអ្វីទៅជាភាពរីកចម្រើនដែលលោកបានលើកឡើងនោះទេ។ គួរបញ្ជាក់ថា កិច្ចចរចាបិទទ្វាររវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ ដែលនេះជាកិច្ចពិភាក្សាទល់មុខជាលើកដំបូងបំផុតរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ ចាប់តាំងពីលោក ត្រំា បានដំឡើង ការយកពន្ធគយកម្រិតខ្ពស់លើទំនិញនាំចូលពីចិន កាលពីខែមេសាមក។ […]

ទីបំផុតចិន និងអាមេរិក អង្គុយចរចាគ្នារឿងបញ្ហាពាណិជ្ជកម្ម ក្រោយធ្វើសង្រ្គាមពន្ធយ៉ាងកក្រើក

Nisaiy KP May 11, 2025 11/05/2025

(ហ្សឺណែវ)៖ ចិននិងសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ទី១០ ខែឧសភា បានចាប់ផ្តើមហើយនូវជំនួបកម្រិតខ្ពស់ស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។ ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើង កាលពីខែមេសាកន្លងទៅ។ កិច្ចចរចាពាណិជ្ជកម្មចិន-អាមេរិកខាងលើ នឹងប្រព្រឹត្តទៅពេញមួយចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំ២០២៥ នេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធសរុប ១៤៥ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ខណៈបើបូករួមជាមួយពន្ធមានស្រាប់ពីមុនមក ទំនិញចិនមួយចំនួន ត្រូវប្រឈមការយកពន្ធរហូតដល់ ២៤៥ភាគរយ។ ជាការឆ្លើយតប ចិនបានដំឡើងពន្ធ ១២៥ភាគរយវិញ លើទំនិញរបស់អាមេរិក។ ពាក់ព័ន្ធនឹងកិច្ចចរចាខាងលើ ភាគីទាំងពីរកន្លងមកសុទ្ធតែបានអះអាងដូចគ្នាថា ភាគីម្ខាងទៀតគឺជាអ្នកទាក់ទងមកខ្លួនមុន ដើម្បីសុំចរចាគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

 លោក ត្រាំ ថាឥណ្ឌា និងប៉ាគីស្ថាន ឈានដល់បទឈប់បាញ់

Nisaiy KP May 11, 2025 11/05/2025

(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមលើបទឈប់បាញ់ពេញលេញ និងអនុវត្តភ្លាមៗ​ បន្ទាប់ពីថ្ងៃទី​៤ នៃការវាយប្រហារសងសឹកគ្នាទៅវិញទៅមក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់តាម Truth Social ដូច្នេះថា «បន្ទាប់ពីចរចាអស់មួយយប់ សម្រុះសម្រួលដោយសហរដ្ឋអាមេរិក ខ្ញុំសូមប្រកាស ថាឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមចំពោះបទឈប់បាញ់ពេញលេញ និងជាបន្ទាន់។ សូមសរសេីរប្រទេសទាំងពីរ ដែលធ្វេីការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ»។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសទាំងពីរ យល់ព្រមអនុវត្តបទឈប់ បាញ់នេះឱ្យមានប្រសិទ្ធភាពភ្លាមៗ។ រីឯរដ្ឋមន្រ្តីការបរទេសឥណ្ឌា​ ក៏បានទទួលស្គាល់បទឈប់បាញ់ជាមួយប៉ាគីស្ថានផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews